បទវិភាគ៖ តើ ហេតុផល អ្វីខ្លះ ដែលមិនអាច បញ្ចប់ជម្លោះ នយោបាយ នៅកម្ពុជា បាន?
ដោយ ទីន ហ្សាការីយ៉ា / RFA | 18 April 2014
ស្ថានភាព ជាប់គាំង ស្ថិតនៅក្នុងភាព ស្រពិចស្រពិល នៅឡើយ ត្បិតតែ មេដឹកនាំ កំពូល គណបក្ស ទាំងពីរ បានទាក់ទងគ្នា តាមទូរស័ព្ទ, ហើយ មានជំនឿ រៀងៗខ្លួន ថា, បញ្ហាជាប់គាំង នយោបាយ អាចដោះស្រាយបាន ឆាប់ៗក្ដី ក៏ប៉ុន្តែ ជម្លោះ នយោបាយនេះ មានសង្ឃឹម តិចតួចណាស់ ដែលថា នឹងអាច ដោះស្រាយ បញ្ចប់ នៅក្រោយពេល ចូលឆ្នាំថ្មី ប្រពៃណីជាតិ។
តើ មានហេតុផល អ្វីខ្លះ ដែលថា បញ្ហាជម្លោះ នយោបាយ មិនអាច ដោះស្រាយបាន បញ្ចប់ ក្នុងពេល ឆាប់ៗនេះ បាននោះ?
ស្ថានភាពនយោបាយជាប់គាំងបានវិវឌ្ឍន៍មួយកម្រិត គឺឈានទៅដល់មេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ បានជួបគ្នាចរចាតាមទូរស័ព្ទ។ បន្ទាប់មក ទាំង លោក ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសំដែងសុទិដ្ឋិនិយមដូចគ្នាថា បញ្ហាជាប់គាំងនយោបាយនេះ នឹងត្រូវដោះស្រាយបញ្ចប់ក្នុងពេលឆាប់ៗ។
ការប្រកាសបែបនេះរបស់មេដឹកនាំគណបក្សទាំងពីរ ជារឿងដែលមិនធ្លាប់មានក្រោយពីការបោះឆ្នោតថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ មក។ ម្យ៉ាងក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ ដែលទន្ទឹងរង់ចាំការបញ្ចប់ជម្លោះនយោបាយ ដែលអូសបន្លាយពេលយូរនេះមកហើយដែរ។
នៅក្នុងកាលៈទេសៈនេះ តាមមើលទៅការបញ្ចប់ជម្លោះនយោបាយលំបាកនឹងឈានទៅដល់ការសម្រេច ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈណាស់ ដោយហេតុថា គណបក្សសង្គ្រោះជាតិ មានក្បាលម៉ាស៊ីនដឹកនាំពីរ ទោះបីជាមេដឹកនាំទាំងពីរមាន លោក សម រង្ស៊ី និងលោក កឹម សុខា ធ្លាប់បានប្រកាសថា អ្នកទាំងពីរដូចជាមនុស្សតែមួយក្ដី ក៏ប៉ុន្តែធាតុពិត មិនដូច្នោះឡើយ។
ជំហរមេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានគេមើលឃើញថា លោក កឹម សុខា ហាក់ដូចជាមានជំហររឹងមាំជាង លោក សម រង្ស៊ី ទោះបីជា លោក សម រង្ស៊ី បានដើរចូលក្នុងឆាកនយោបាយមុនក្ដី។ កត្តានេះហើយ ដែល លោក ហ៊ុន សែន ប្រកាសចង់ទាក់ទងចរចាជាមួយ លោក សម រង្ស៊ី នៅខណៈដែល លោក កឹម សុខា កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។ ទីបំផុត លោក សម រង្ស៊ី និងលោក ហ៊ុន សែន បានទាក់ទងគ្នាចរចាតាមទូរស័ព្ទមែន។
ការចរចាតាមទូរស័ព្ទកាលពីថ្ងៃទី៩ មេសា នោះ តាមមើលទៅ លោក ហ៊ុន សែន កំពុងលេងល្បែងនយោបាយមួយថ្មីទៀតអូសទាញ លោក សម រង្ស៊ី ដើម្បីឲ្យទទួលស្គាល់រដ្ឋបាលរបស់លោក ដែលកំពុងដឹកនាំដោយឯកបក្ស ឲ្យទៅជារដ្ឋាភិបាល ឬសភាពហុបក្ស ពីព្រោះរូបមន្តនេះ លោកធ្លាប់បានធ្វើជោគជ័យទៅលើសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ម្ដងរួចទៅហើយ កាលពីឆ្នាំ២០០៤ ដែលកាលណោះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានចងសម្ព័ន្ធភាពជាមួយគណបក្ស សម រង្ស៊ី ដ៏រឹងមាំក្រោយបោះឆ្នោតអាណត្តិទី៣ ឈ្មោះថា សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ដែលសម្ព័ន្ធភាពនេះមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះទេ។
នៅទីបំផុត លោក ហ៊ុន សែន បានជោគជ័យទៅលើការបំបែកបំបាក់សម្ព័ន្ធភាពនេះដូចគ្រោងទុកមែន ដោយសម្ដេចក្រុមព្រះ បានបោះបង់ចោល លោក សម រង្ស៊ី។ ជាមួយគ្នានេះដែរ ការចរចារវាង លោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅពេលនេះ មើលទៅមិនខុសពី លោក ហ៊ុន សែន ធ្លាប់ធ្វើជាមួយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នោះទេ។
លោក សម រង្ស៊ី ខ្លួនឯងវិញ ហាក់ដូចជាភ្លេចនូវអតីតកាលរបស់ខ្លួន ដូចជាចង់ដើរលើគន្លងចាស់របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីព្រោះថា លោក សម រង្ស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការគណបក្សសង្រ្គោះ ជាតិ កាលពីថ្ងៃទី១០ មេសា ថា បើកុំតែបញ្ហាបច្ចេកទេស ពោលគឺបើ លោក កឹម សុខា មិនទៅបរទេសទេ ប្រហែលជាមេដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងមេដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ នឹងអាចចូលគាល់ព្រះមហាក្សត្រ នឹងចុះកិច្ចព្រមព្រៀងដំណោះស្រាយនយោបាយរួមមួយនៅមុខព្រះភ័ក្ដ្រ របស់ព្រះអង្គនៅថ្ងៃសុក្រ ទី១១ មេសា កន្លងទៅ៖ «ពីដើមអាចថា មានគម្រោងផង ថាចង់ឲ្យមានជំនួបកំពូលក្នុងព្រះបរមរាជវាំងនៅថ្ងៃសុក្រ ស្អែកទី១១ មេសា ប៉ុន្តែយើងមានបញ្ហាបច្ចេកទេស គឺលោក កឹម សុខា កំពុងស្ថិតនៅសហរដ្ឋអាមេរិក ព្រោះចង់មកស្អែកក៏មកអត់ទាន់ដែរ ព្រោះត្រូវជិះយន្តហោះយ៉ាងតិច ២៤ ទៅ ៣០ម៉ោងដែរ ដូច្នេះទោះបីជាមានហេតុផលតម្រូវឲ្យ លោក កឹម សុខា មកក៏មកអត់ទាន់ដែរ។»
ជាងនេះទៅទៀត អ្វីដែលមិនអាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងគ្នាបាននេះ អាចមកពី លោក កឹម សុខា ជំទាស់។ ម្យ៉ាងគណបក្សសង្គ្រោះជាតិ មានបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន គឺមេបក្សទាំងពីរ ប្រធាន និងអនុប្រធាន មិនអាចសម្រេចដោយម្នាក់ឯងបានទេ រាល់ការចុះហត្ថលេខាសម្រេចលើរឿងអ្វីមួយ ទាល់តែមានការព្រមព្រៀងរវាងប្រធាន និងអនុប្រធាន។
នៅត្រង់ចំណុចនេះហើយដែល លោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា បើការចរចាលើកនេះមិនត្រូវរ៉ូវគ្នា ប្រជាពលរដ្ឋមិនអាចបន្ទោសរូបលោក និងលោក សម រង្ស៊ី បានទេ គឺត្រូវបន្ទោស លោក កឹម សុខា។ ការប្រកាសរបស់ លោក ហ៊ុន សែន នេះ ហាក់ដូចជារូបលោក និងលោក សម រង្ស៊ី បានត្រូវរ៉ូវគ្នាអស់ទៅហើយ តែ លោក កឹម សុខា ជំទាស់។
ទន្ទឹមនឹងនេះ លោក សម រង្ស៊ី បានឲ្យដឹងនៅក្នុងសន្និសីទកាសែតថា គណបក្សសង្គ្រោះជាតិ នឹងសម្រេចជាចុងក្រោយនៅពេល លោក កឹម សុខា បានមកដល់ប្រទេសវិញ។ ម្យ៉ាងវិញទៀត នៅមុនចូលឆ្នាំមួយថ្ងៃ លោក សម រង្ស៊ី ក៏បានចេញទៅសហគមន៍អឺរ៉ុប ដែរ។ ការទៅក្រៅប្រទេសរបស់ លោក សម រង្ស៊ី នេះ ហាក់បីដូចជា លោក សម រង្ស៊ី បានដឹងពីល្បែងបំបែកបំបាក់របស់ដៃគូបដិបក្ខ ហើយគេចវេសពី លោក ហ៊ុន សែន មួយរយៈពេលសិន។
នៅក្រោយ លោក សម រង្ស៊ី និងលោក កឹម សុខា បានវិលមកដល់មាតុប្រទេសវិញ តើការចរចាជាមួយគណបក្សប្រជាជនកម្ពុជា នឹងអាចបញ្ចប់ជម្លោះនយោបាយឬយ៉ាងណា?
ឆ្លើយតបនឹងបញ្ហានេះ តាមមើលទៅ ការបញ្ចប់ជម្លោះនយោបាយហាក់ដូចជាសង្ឃឹមតិចតួចណាស់ ពីព្រោះថា បើមើលពីជំហររបស់ លោក កឹម សុខា ហាក់បីដូចជាមិនទាន់នោះទេ។ លោក កឹម សុខា ហាក់ដឹងអំពីយុទ្ធសាស្ត្របំបែកបំបាក់របស់គណបក្សប្រជាជនកម្ពុជា ពីព្រោះថា ចំណុចមួយចំនួនដែល លោក ហ៊ុន សែន បានព្រមព្រៀងជាមួយ លោក សម រង្ស៊ី រួមមាន ការកែទម្រង់ការបោះឆ្នោត និងផ្ដល់ឲ្យបង្កើតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើម។ ចំណុចដែលមិនត្រូវគ្នា ត្រង់កាលបរិច្ឆេទការបោះឆ្នោតមុនអាណត្តិ។
ក៏ប៉ុន្តែ ការយល់ព្រមរបស់ លោក ហ៊ុន សែន នេះ ហាក់ដូចជាល្បិចនយោបាយរបស់ លោក ហ៊ុន សែន ទៅវិញទេ ពីព្រោះថា ការផ្ដល់ប្រព័ន្ធផ្សព្វផ្សាយដោយគ្រប់គ្រងដោយគណបក្សប្រឆាំងនេះ តាមមើលទៅមិនមែនជាការងាយនោះទេ ពីព្រោះថា លោក ហ៊ុន សែន គិតថា ការផ្ដល់ឲ្យស្ថានីយវិទ្យុ ទូរទស្សន៍ ឲ្យគណបក្សប្រឆាំង ដូចជាឲ្យកាំបិតចាក់លើដំបៅរបស់ខ្លួនឯង ដោយហេតុថា ការដឹកនាំរបស់លោកកន្លងមកមានរឿងរ៉ាវជាច្រើន ដូចជាការបណ្ដេញចេញពីលំនៅឋាន ការប្រព្រឹត្តអំពើពុករលួយ និងការកាប់បំផ្លាញព្រៃឈើ ជាដើម។
ជាក់ស្ដែង ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ បានស្នើសុំហ្រ្វេកង់វិទ្យុបន្ថែមនៅតាមខេត្ត និងសុំស្ថានីយទូរទស្សន៍ជាច្រើនឆ្នាំមកហើយ ដែលគេស្គាល់ថា លោក ម៉ម សូណង់ដូ ជាមនុស្សឯករាជ្យ រដ្ឋាភិបាលមិនផ្ដល់ជូននោះឡើយ ទោះបីជា លោក ម៉ម សូណង់ដូ បានដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មជាច្រើនលើកក៏ដោយ។
នៅត្រង់ចំណុចនេះ នៅក្នុងកិច្ចពិភាក្សាពិសេសរបស់វិទ្យុអាស៊ីសេរី រវាង លោក កឹម សុខា និងលោក ជុន ច័ន្ទបុត្រ កាលពីរាត្រីថ្ងៃទី១៦ មេសា លោក កឹម សុខា បានលើកឡើងថា លោក ហ៊ុន សែន មិនមានឆន្ទៈពិតប្រាកដក្នុងការចរចាទម្លុះភាពជាប់គាំងនយោបាយនោះ ឡើយ លោក ហ៊ុន សែន កំពុងប្រើល្បិចកលរបស់ខ្លួន ដើម្បីផ្ដួលគូប្រកួត៖ «បន្លំ ទាំងអស់ យើងស្ដាប់ទៅដូចជាគ្មានអ្វីដែលយើងស្ដាប់ពីខាងក្រៅ? លោកប្រធាន សម រង្ស៊ី គាត់ស្ដាប់ទៅ គេនិយាយមកដូចជាគេមានចេតនា។ លោក ជុន ច័ន្ទបុត្រ៖ ពេលជជែកគ្នាស្ដាប់ទៅដូចជាមានសុឆន្ទៈ? លោកកឹម សុខា៖ បាទ! ពេលជាក់ស្ដែងចេញកាឡាសា ដូចថា យើងនឹងបោះឆ្នោតឡើងវិញ តែស្រាប់ចេញមក ២០១៨ ដដែល។ អ្វីដែលគេចង់ទី១នោះ ខ្ញុំមិនព្រមដាច់ខាតនោះ គឺប្រកាទី១ គឺគណបក្សទាំងពីរឯកភាពគ្នាចូលសភា ដើម្បីដោះស្រាយបញ្ហាជាប់គាំង ខ្ញុំថាអត់ទេ យើងមិនទាន់អីផង មកចង់ឲ្យចូលសភាម៉េច? គឺត្រូវដាក់ថា គណបក្សទាំងពីរឯកភាពគ្នាដោះស្រាយប្រទេសជាតិជាមួយគ្នាតែមិនមែន មានន័យថា ចូលសភាភ្លាមទេ អាហ្នឹងជាចំណុចដែលគេសរសេរបន្លំៗមក កាលយើងសរសេរទៅមិនមែនចូលសភាទេ។»
ទាក់ទងនឹងបញ្ហានេះ ជម្លោះនយោបាយនឹងមិនអាចដោះស្រាយបានឆាប់ៗនោះឡើយ ពីព្រោះការចរចារវាង លោក សម រង្ស៊ី និងលោក ហ៊ុន សែន នេះ ហាក់បីដូចជាឲ្យគណបក្សសង្គ្រោះជាតិ ដឹងពីយុទ្ធសាស្ត្រពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា ទៅវិញទេ។ បញ្ហានេះ គណបក្សសង្គ្រោះជាតិ នឹងបន្ថែមការប្រុងប្រយ័ត្នចំពោះយុទ្ធសាស្ត្ររបស់ លោក ហ៊ុន សែន ចង់ឲ្យគណបក្សសង្គ្រោះជាតិ ចូលទៅក្នុងសភាដើម្បីឲ្យសភាសព្វថ្ងៃស្របច្បាប់ និងជាយុទ្ធសាស្ត្រដើម្បីចង់ត្រួតត្រាគណបក្សប្រឆាំងបន្ថែមទៀត។
ជាងនេះទៅទៀត លោក កឹម សុខា និងលោក សម រង្ស៊ី បានដឹងខ្លួនច្បាស់ថា បើសិនជាភាគីទាំងពីរ ភាគីណាមួយក្បត់គ្នា គឺភាគីនោះនឹងបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ ដោយគេបានមើលឃើញគណបក្សហ៊្វុនស៊ិនប៉ិច ជាគំរូស្រាប់។ បញ្ហានេះ បញ្ហាជាប់គាំងនយោបាយនឹងអាចអូសបន្លាយពេលយូរតទៅទៀត ដោយហេតុថា គណបក្សសង្គ្រោះជាតិ បានដឹងថា លោក ហ៊ុន សែន បានប្រើគ្រប់វិធីដើម្បីបំបែកបំបាក់គណបក្សសង្គ្រោះជាតិ នោះ៕
No comments:
Post a Comment