Paris Peace Accords 23 Oct. 1991

Tuesday, April 8, 2014

លោក ហ៊ុន សែន បង្ហើប​ ពីការ​ចរចា​ តាម​ទូរស័ព្ទ ​ជាមួយ ​លោក សម រង្ស៊ី

លោក ហ៊ុន សែន បង្ហើប​ ពីការ​ចរចា​ តាម​ទូរស័ព្ទ ​ជាមួយ លោក សម រង្ស៊ី

ដោយ ម៉ម មុនីរតន៍​​  /​ អាស៊ីសេរី | ០៧ មេសា ២០១៤


អនុ​ប្រធាន​ គណបក្ស ​ប្រជាជន​កម្ពុជា បាន​ប្រើ​ពាក្យ "ឧបមា" នៅ​ក្នុង​ការ​ថ្លែង​សារ​ នយោបាយ​ របស់​ លោក​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា។ លោក ហ៊ុន សែន ថ្លែង​ថា បើ ​លោក សម រង្ស៊ី មាន​បំណង​ ក្នុង​ការ​ទម្លាយ​ភាព​ជាប់​គាំង ​ផ្នែក​នយោបាយ​ នៅ​ពេល​នេះ អាច​ទូរស័ព្ទ​ មក​រក​បាន​គ្រប់​ពេល។

លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន ប្រាថ្នា​ចង់​ឃើញ​ ប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ លើក​ទូរស័ព្ទ​ទាក់ទង ​មក​លោក​ អំពី​ស្ថានការណ៍​នយោបាយ​ ដែល​កំពុង​ជាប់​គាំង​នៅ​ពេល​នេះ ដោយ​លោក ហ៊ុន សែន បើ​ពាក្យ ឧបមា​ថា ប្រសិន​បើ​ លោក សម រង្ស៊ី ភ្ញាក់​ពី​ដំណេក ហើយ​មាន​អារម្មណ៍​ អាច​ទូរស័ព្ទ​មក ​លោក ដើម្បី​ពិភាក្សា ​អំពី​បញ្ហា​នយោបាយ​ ដែល​កំពុង​មាន​ភាព​តានតឹង ​ដូច​នៅ​ពេល​នេះ។
ការ​ថ្លែង​ដូច​នេះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កើត​ឡើង​នៅ​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​បន្ត​ឡើង​កម្ដៅ ដែល​បាន​អូស​បន្លាយ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ក្រោយ​ការ​បោះឆ្នោត ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ។
លោក ហ៊ុន សែន ឲ្យ​ដឹង​ថា យន្តការ​ដោះស្រាយ​តាម​មធ្យោបាយ​បែប​នេះ លោក​ធ្លាប់​មាន​បទ​ពិសោធន៍​រួច​មក​ហើយ ជា​មួយ​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ អតីត​នាយករដ្ឋមន្ត្រី​១ និង​ជា​អតីត​ប្រធាន​រដ្ឋ​សភា។ លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ថា កាល​ណោះ​ស្ថានការណ៍​នយោបាយ​មាន​ភាព​ស្មុគស្មាញ និង​បើ​ទោះ​ជា​​បង្កើត​គណៈកម្មការ​ចរចា ក៏​នៅ​តែ​មិន​អាច​ទម្លាយ​ភាព​ជាប់​គាំង​បាន។ ក៏ប៉ុន្តែ​នៅ​នាទី​ចុងក្រោយ រឿង​អ្វីៗ​អាច​ដំណើរ​ការ​បាន​យ៉ាង​រលូន បន្ទាប់​ពី​លោក និង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បន្ត​ជួប​ចរចា​តាម​ទូរស័ព្ទ​ម្ដង​ជា​ពីរ​ដង ហើយ​គ្រប់​បញ្ហា​ត្រូវ​ដោះស្រាយ​បាន​ដោយ​ងាយ។ ក្នុង​ន័យ​នេះ​លោក ហ៊ុន សែន ចាត់​ទុក​ថា លោក សម រង្ស៊ី អាច​ទាក់​ទង​លោក​បាន​គ្រប់​ពេល​តាម​ទូរស័ព្ទ បើ​សិន​ជា​មេ​បក្ស​ប្រឆាំង​ចង់​ដោះស្រាយបញ្ហា​នេះ។ បន្ថែម​ពី​លើ​នេះ លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា លោក​ទុក​ពេល​ឲ្យ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ហើយ​មេដឹកនាំបក្ស​ប្រឆាំង បន្ត​លទ្ធភាព​ចរចា​ក្នុង​មួយ​រយៈ​ពេល​ខ្លី​សិន។
លោក ហ៊ុន សែន៖ «ក្រែងលោ​ឯកឧត្ដម សម រង្ស៊ី ទទួល​ទាន​ដំណេក​ទៅ សម្រាក​ទៅ​យល់​សប្ដិ​បែប​ស្រួល។ យី! នឹក​ឃើញ​​ដូច​ចង់​ជួប​សម្ដេច​នាយក​តាម​ទូរស័ព្ទ​បន្តិច ឲ្យ​ពី​ណា​ទាក់ទង​មក អើ!មក​ជួប​គ្នា​តាម​ទូរស័ព្ទ​មាន​អី​ពិបាក។ ឧបមា​ទេ​ណា! ជួប​គ្នា​មើល៍ និយាយ​ពិគ្រោះ​គ្នា​អី​តិចតួច​ទៅ។ឧបមា​ទេ វា​ទាស់​ខុស​អី។ ប៉ុន្តែ​គឺ​ខ្ញុំ​បាន​ឲ្យ​ឯកឧត្ដម សម រង្ស៊ី និង​ឯកឧត្ដម ស ខេង ជួប​គ្នា»
ឆ្លើយ​តប​បញ្ហា​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក​ប្រហែល​ជា​ទាក់ទង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សន្ទនា​ជុំវិញ​ស្ថានការណ៍​នយោបាយ​នៅ​ពេល​នេះ។ ក៏ប៉ុន្តែ​លោក សម រង្ស៊ី ចាត់​ទុក​ថា បើ​លោក ហ៊ុន សែន ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ពិគ្រោះ​យោបល់​ពិត​មែន លោក ហ៊ុន សែន អាច​ទាក់ទង​លោក​បាន​វិញ​ដែរ។
លោក សម រង្ស៊ី៖ «អាច​ខាង​គេ​ខាង​ណោះ គេ​អាច​ហៅ​មក​ខ្ញុំ​បាន​គ្រប់​ពេល​វេលា​ដែរ វា​មាន​ស្មារតី​ដូច​គ្នា។ អ៊ីចឹង យើង​អាច​មាន​លទ្ធភាព​ស្មើ​គ្នា​ទាំង​សង្ខាង»
ចំណែក លោក ហង្ស ពុទ្ធា នាយក​អង្គការ​និចហ្វិក (NICFEC) យល់​ឃើញ​ថា ឥរិយាបថ​របស់​មេ​ដឹកនាំ​កំពូល​​ទាំង​ពីរ​បក្ស​នៅ​ពេល​នេះ ទំនង​ជា​អាច​កើត​មាន​ឡើង។
លោក​ចាត់​ទុក​ថា ព្រោះ​នេះ​ជា​ចរិត​និស្ស័យ​ដែល​កម្ពុជា​តែង​ប្រកាន់​គោលការណ៍​អហិង្សា និង​សីលធម៌​ល្អ ហេតុ​នេះ គេច​មិន​ផុត​ពី​ការ​ចរចា​ដើម្បី​ទម្លាយ​ភាព​គាប់​គាំង​ទេ៖ «ខ្ញុំ​គិត​ថា នេះ​ជា​ចំណុច​វិជ្ជមាន​មួយ ដែល​នឹង​អាច​ឈាន​ទៅ​រក​ចរចា​គ្នា ឬក៏​អាច​ទៅ​រក​ការ​ធ្វើ​កា​ដូរ ឲ្យ​គ្នា​នា​មុន​ពេល​ចូល​ឆ្នាំ»
ប៉ុន្តែ​នៅ​ពេល​អ្នក​ដឹកនាំ​នយោបាយ​នៃ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ទាំង​២ បង្ហើប​ថា អាច​ជួប​ជជែក​គ្នា​តាម​ទូរស័ព្ទ​នេះ មាន​សារ​និង​ញត្តិ​ថ្កោលទោស​គ្នា​ជា​ច្រើន​កំពុង​តែ​ផ្សព្វផ្សាយ​នៅ​តាម​ប្រព័ន្ធ​ឃោសនា និង​មាន​ការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ វាយ​ប្រហារ​គ្នា​មិន​សំចៃ​មាត់​ឡើយ។ គិត​មក​ដល់​ពេល​នេះ ញត្តិ​គាំទ្រ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពី​មន្ទីរ ក្រសួង និង​ស្ថាប័ន​របស់​រដ្ឋ​មួយ​ចំនួន​ទៀត នៅ​បន្ត​កើន​នៅ​ឡើយ ប្រឆាំង​លោក សម រង្ស៊ី៕



No comments:

Post a Comment