Paris Peace Accords 23 Oct. 1991

Wednesday, April 2, 2014

អ្នកដំណើរ​ ត្អូញត្អែរ ខណៈ​ក្រុមហ៊ុន​រថយន្តក្រុង​ ដំឡើងថ្លៃ​ ខុសពី​ធម្មតា​​

តំលៃសំបុត្ររថយន្តក្រុងក្រុមហ៊ុនកាពីតូលទេសចរណ៍ មានការឡើងថ្លៃ (រូបថត៖ ណាត សុភាព)

អ្នកដំណើរ​ ត្អូញត្អែរ ខណៈ​ក្រុមហ៊ុន​រថយន្តក្រុង​ ដំឡើងថ្លៃ​ ខុសពី​ធម្មតា​​


ដោយ៖​ ណាត សុភាព​ | ថ្ងៃពុធ ទី2 ខែមេសា ឆ្នាំ2014

ក្រុម​អ្នកដំណើរ នៅ​ថ្ងៃ​ពុធ​នេះ ត្អូញត្អែរ ដោយសារ​ក្រុមហ៊ុន​រថយន្តក្រុង​មួយចំនួន បាន​ដំឡើងថ្លៃ​ខុស​ពី​ថ្ងៃ​ធម្មតា ខណៈ​បុណ្យចូលឆ្នាំ​ប្រពៃណី​​ជាតិ ​ខិត​ជិត​មក​ដល់​នាពេល​ខាងមុខ​នេះ​។​ ការ​ត្អូញត្អែរ​នេះ ធ្វើឡើង​ស្រប​ពេល​ពលរដ្ឋ​ខ្មែរ​ជាប់​ខ្សែ​ចិន​-​វៀតណាម សម្រុក​ទៅ​ស្រុកកំណើត​ដើម្បី​សែន​ផ្នូរ​ ឬ​ហៅ​ថា​ឆេង​ម៉េង​នោះ​។​
លោក ជា ជៀន​សូរិយា ជា​អ្នកដំណើរ​ម្នាក់​ប្រាប់ ​VOD​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា តម្លៃ​សំបុត្រ​ធ្វើដំណើរ ពី​ភ្នំពេញ ទៅ​ខេត្ត​បាត់ដំបង ក្រុមហ៊ុន កា​ពី​តូ​ល លក់​ធម្មតា​ចាប់ពី ២៧.០០០៛ ឬ​២៨.០០០៛ ប៉ុណ្ណោះ តែ​នៅ​ពេល​នេះ បាន​ឡើងថ្លៃ​ដល់​៣.២០០​៛​។ លោក​ត្អូញត្អែរ​ពីការដំឡើងថ្លៃ​នេះ «​គាត់​ឡើងថ្លៃ​អញ្ចិង​ប្រជាជន​គាត់​ធ្វើ​ដំណើរ ទៅ​ណា​មក​ណា ក៏​ពិបាក​ដែល អញ្ចិង​ដូច​ផ្ទះ​ខ្ញុំ​អញ្ចិង សមាជិកគ្រួសារ​ច្រើន​អញ្ចិង បើសិនជា​ចង់​ទៅ​ខេត្ត​អញ្ចិង​ម្តង ទាល់តែ​សំបុត្រ​ឡាន ៦ ឬ ៧ សំបុត្រ​អញ្ចិង ដល់​ពេល​ឡាន​ឡើងថ្លៃ​អញ្ចិង​ត្រូវ​កាត់បន្ថយ​វិញ អ្នក​ខ្លះ​ទៅ អ្នក​ខ្លះ​នៅ​ផ្ទះ ឥត​បាន​ទៅ​ទាំងអស់គ្នា ព្រោះ​តែ​ឥឡូវ​មុន​ចូលឆ្នាំ​១​អាទិត្យ​២​អាទិត្យ​អញ្ចិង ត្រឹម ៣២០០០៛ តែ​បើ​សិន​ជា​ដល់​ថ្ងៃ​ចូលឆ្នាំ ឡើងដល់​៤០០០០​ហើយ​»
លោក វិជ្ជា ធ្វើដំណើរ​ម្នាក់ទៀត ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ដោយ​ជិះ​រថយន្តក្រុង​សូរិយា ស្នើ​ឲ្យ​ក្រុមហ៊ុន​រក្សា​ថ្លៃឈ្នួល​រថយន្ត​ឲ្យ​ដូច​ថ្ងៃ​ធម្មតា ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នកដំណើរ «​ពី​ភ្នំពេញ​ទៅ​កំពង់សោម រាល់​ដង ២០០០០៛ ឥឡូវ ២៤០០០៛ បាទ​សូម​អំពាវនាវ ដល់​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់ កុំឲ្យ​ឡើងថ្លៃ ឡើង​តំលៃ​ថេរ ថោក​សមរម្យ​ទាំងអស់​»
​ប៉ុន្តែ​ប្រធាន​បែងចែក​រថយន្ត​របស់​ក្រុមហ៊ុន​ភ្នំពេញ​-​សូរិយា ដឹកជញ្ជូន​អ្នកដំណើរ លោក វ៉ា ណា​រិន្ទ មានប្រសាសន៍ថា ក្រុមហ៊ុន​ឡើងថ្លៃ​ពី ៣.​០០០៛ ទៅ​៥.០០០៛ មុនឬ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ ដើម្បី​យក​ថ្លៃ​លើស​នេះ​ទូទាត់​ជាមួយនឹង​រថយន្ត​ដែល​ចេញដំណើរ​ត្រឡប់​មក​ភ្នំពេញ​ភាគច្រើន​មិន​មាន​ភ្ញៀវ «​អញ្ចិង​យើង​ទូរទាត់​អាទៅ អា​មក គឺ​យើង​ត្រូវតែ​តម្លើងថ្លៃ បន្តិច​ហើយ ដើម្បី​មាន​តុល្យភាព កុំឲ្យ​ខាត បើ​យើង​យកតំលៃ​ធម្មតា យើង​ទៅ បើ​យើង​មក​ ដឹង​តែ​ខាតតែម្តង ព្រោះ​មកវិញ​គាត់​ឥត​ទាន់​មក​វិញ​»
​ដោយឡែក​នៅ​ពេល សួរថា ជា​រៀងរាល់ឆ្នាំ​សាលា​រាជធានី​តែង​ចេញ​សេចក្តីជូនដំណឹង​ទៅ​ក្រុមហ៊ុន​រថយន្តឈ្នួល​ទាំងអស់​កុំ​ឲ្យ​ឡើង​ថ្លៃនោះ លោក វ៉ា ណា​រិន្ទ មិន​បាន​ឆ្លើយ​នឹង​សំនួរ​នេះ​ទេ​។​
អ្នកសម្របសម្រួល​នៃ​បណ្តាញ​រួបរួម ដើម្បី​គណនេយ្យភាព​សង្គម នៅ​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ សោកស្តាយ​ចំពោះ​វិធានការ​របស់​សាលា​រាជធានី ដែល​មិន​ត្រូវបាន​អនុវត្តន៍​ឲ្យ​សិទ្ធិ​ភាព​។ លោក​យល់ថា ទំនងជា​មាន​អំពើពុករលួយ ទើប​តម្លៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ចេះ​តែ​ឡើងថ្លៃ​ខុស​ពី​ថ្ងៃ​ធម្មតា​បែបនេះ «​វា​អាចពាក់ព័ន្ធ​និង​ការ​សូកប៉ាន់ ជាពិសេស​ទោះ​មិន​មាន​ជា​លុយកាក​ធំដុំ វា​ជា​ប្រភេទសម្ភារ វា​ជា​ប្រភេទ​អំណោយ​ណាមួយ អញ្ចិង​បានធ្វើឲ្យ​វិធានការ​និង ហាក់បីដូចជា​ត្រូវ​បាន​បិទមាត់ ដោយ​អា​ជីករ ឬក៏​ឈ្មួញ​ដែរ ម៉ៅការ​នៅតាម​បេន​ហ្នឹង»​
ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស បានចេញ​សេចក្តីអំពាវនាវ ថ្ងៃទី​២ ខែ​មេសា​នេះ​ថា ដល់​អ្នករត់ម៉ូតូឌុប រត់​រ៉ឺម៉ក​ទេសចរណ៍ ឡាន​ឈ្នួល និង​ឡានក្រុង​ទាំងអស់ កុំ​ដំឡើងថ្លៃ ដឹកជញ្ជូន​អ្នកដំណើរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​យ​ជាតិខ្មែរ នៅ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៤ ដោយសារ​ឱកាស​តែមួយគត់ សម្រាប់​បងប្អូន​ខ្មែរ ជាពិសេស សិស្ស និស្សិត និង​ប្អូន​កម្មករ កម្មការិនី ទៅ​ជួបជុំ​សាច់ញាតិ​នៅ​ស្រុកកំណើត​។​ VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បានទេ នៅ​ថ្ងៃ​ពុធ​នេះ​៕



No comments:

Post a Comment