Paris Peace Accords 23 Oct. 1991

Wednesday, April 9, 2014

មេដឹកនាំ​ សហជីព​កម្មករ​ ម្នាក់​ ត្រូវ ​តុលាការ​ក្រុង ​ស៊ើប​សួរ​ ពី​បទ​បង្ក ​អំពើ​ហិង្សា ​ក្នុងរោង​ចក្រ

កម្មករ​កាត់ដេរ​ ធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល​នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣។
កម្មករ​កាត់ដេរ​ ធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល​នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣។

មេដឹកនាំ​ សហជីព​កម្មករ​ ម្នាក់​ ត្រូវ តុលាការ​ក្រុង ​ស៊ើប​សួរ​ ពី​បទ​បង្ក​ អំពើ​ហិង្សា ​ក្នុងរោង​ចក្រ

ឃួន ធារ៉ា / វីអូអេ | ០៨ មេសា ២០១៤

ភ្នំពេញ ចៅ​ក្រម ​ស៊ើបសួរ​ នៃ​សាលា​ដំបូង ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ អង្គារ​នេះ​ បាន​ធ្វើ​ការ​ ចោទ​សួរ ​លោក អាត់ ធន់ ប្រធាន ​សហជីព CCAWDU ពី​បទ​បង្ក​ អំពើ​ហិង្សា ​ក្នុង​រោង​ចក្រ​កាត់ដេរ ​SL​កាល​ពី​ចុង​ឆ្នាំ ​២០១៣។

មន្ត្រី​ អង្គការ ​សិទ្ធិ​មនុស្ស​ បាន​ចាត់​ទុក​ ថា, នេះ ជា​ចេតនា​ បំបាក់​ស្មារតី សហជីព​កម្មករ​ ក្នុង​ប្រទេស។

កាល​ពីប្រមាណ​បី​សប្តាហ៍​មុនព្រះ​រាជអាជ្ញា​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​CCAWDU ពី​បទ​ញុះញង់​ឱ្យ​មាន​អំពើហិង្សា​ក្រោយ​ពី​កម្មករ​រោងចក្រ​កាត់ដេរ SLជា​ច្រើន​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​និង​កូដកម្ម​ជា​បន្ត​បន្ទាប់​កាល​ពី​ចុង​ឆ្នាំ​មុន​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ក្នុង​រោងចក្រ។ បាតុកម្ម​បាន​ផ្ទុះ​ទៅ​ជា​អំពើ​ហិង្សា​កាល​ពី​ខែវិច្ឆិកា នៅ​ពេល​ដែល​ក្រុម​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ព្យាយាម​រារាំង​និង​បង្រ្កាប​ដោយ​អាវុធ​លើ​ក្រុម​បាតុករ​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដើម្បី​ស្នើ​សុំ​អន្តរា​គមន៍​ពី​រូប​លោក។


ស្ត្រី​អ្នក​លក់​បាយ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់​បាន​ស្លាប់​និង​មនុស្ស​ប្រាំ​នាក់​រង​របួស​ធ្ងន់ និង​ឃាត់​ខ្លួន​ចំនួន​៣៨​នាក់​ក្នុង​ការ​បាញ់​បង្រ្កាប​នេះ។

លោក អាត់ ធន់ បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​ការ​ចោទសួរ​របស់​ចៅក្រម​ស៊ើប​សួរ​ថា បទ​ចោទ​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។

«យើង​ក៏​បាន​ទៅ​តាម​ការ​អញ្ជើញ​របស់​តុលាការ ហើយ​យើង​បាន​ឆ្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ថា ការ​ចោទ​ប្រកាន់​ទាំង​នោះ​គឺ​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ។ សាកសួរ​ច្រើន​ណាស់ សាកសួរ​ថា ថ្ងៃ៣ ​ខែ​វិច្ឆិកា​ហ្នឹង យើង​នៅ​ទីនោះ​ឬ​អត់។ ខ្ញុំ​ថា អត់​មាន​ទេ។ សូម្បី​តែ​នៅ​ថ្ងៃ​កើត​ហេតុ ខ្ញុំ​ក៏​មិន​បាន​នៅ​ទី​នោះ​ដែរ»។

សហជីព​CCAWDU មាន​សមាជិក​ចំនួន​៦៨ ០០០​នាក់​ក្នុង​រោង​ចក្រចំនួន​៩៦​ក្នុង​ចំណោម​រោង​ចក្រ​សរុប​ចំនួន​ប្រមាណ​៥០០​រោងចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោកអាត់ ធន់ ប្រធាន​សហជីព​នេះ​បាន​បង្ហាញ​មុខ​ជាច្រើន​ក្នុង​ការ​តវ៉ា​របស់​ក្រុម​កម្មករ​រោង​ចក្រ។

ខណៈ​ពេល​ដែល​ចៅក្រម​កំពុង​សួរ​លោក​អាត់ ធន់ ក្នុង​បន្ទប់​សវនាការ មាន​កម្មករ​រោងចក្រ​SL​ប្រមាណ​ជិត​១០០​នាក់​បាន​នាំ​គ្នា​តវ៉ា​ខាង​មុខ​តុលាការ​ដើម្បី​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​លោក អាត់ ធន់ និង​តំណាង​របស់​ខ្លួន​ផ្សេង​ទៀត និង​ទាមទារ​ឱ្យ​តុលាការ​វែក​មុខ​ជន​ដៃ​ដល់​ពិត​ប្រាកដ​យក​ទៅ​ផ្តន្ទាទោស។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូបាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា មាន​ចេតនា​បំបាក់​ស្មារតី​របស់​សហជីព។

«ខ្ញុំ​គិត​ថា នេះ​ជា​ការ​គម្រាម​កំហែង​ចំពោះ​សកម្មភាព​ការងារ​របស់​សហជីព។ ធម្មតា​សហជីព​នីមួយៗ​គាត់​ធ្វើ​សកម្មភាព​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​កម្មករ។ អញ្ចឹង​កាល​ណា​យើង​ធ្វើ​ការ​ប្តឹង​ផ្តល់ ធ្វើ​ការ​គំរាម​កំហែង​តាម​ផ្លូវ​តុលាការ វា​ជា​ការ​រំលោភ​ដល់​សិទ្ធិ​កម្មករ​ធ្ងន់ធ្ងរ​ដែរ ហើយ​វា​ជា​ការ​គំរាម​កំហែង​ដល់​សហជីព​ដទៃៗ​ទៀត។»

លោក អំ សំអាត ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​របស់​កម្មករ​និង​សហជីព​របស់​ពួកគេ ពោល​គឺ​ពុំ​មែន​ជា​ការ​ញុះញង់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៕


No comments:

Post a Comment