Paris Peace Accords 23 Oct. 1991

Wednesday, April 2, 2014

​អ្នក​ មាន​ជម្លោះ​ដីធ្លី​ នៅ​ភ្នំពេញ ប្រមូលផ្តុំ​មុខ​សាលា​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ករណី​ដីធ្លី​​

​អ្នក​ មាន​ជម្លោះ​ដីធ្លី​ នៅ​ភ្នំពេញ ប្រមូលផ្តុំ​មុខ​សាលា​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ករណី​ដីធ្លី​​

ដោយ៖​ ជន ស្រីណុច​ | ថ្ងៃពុធ ទី2 ខែមេសា ឆ្នាំ2014 


អ្នកមានជម្លោះដីធ្លី ជំរុញឲ្យសាលារាជធានី ដោះស្រាយករណីរបស់ពួកគាត់ឲ្យបានឆាប់ (រូបថត៖ ជន ស្រីណុច)
អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ ៥០​នាក់ ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ជំរុញ​ឲ្យ​សាលា​រាជធានី​ពន្លឿន​ការដោះស្រាយ​បញ្ហា​ដីធ្លីរ​បស់​ពួកគាត់​ឲ្យបាន​ឆាប់ ខណៈ​ដែល​ពួកគាត់​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​។​ ​អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំងនោះ មាន​សហគមន៍​បឹងកក់ អតីត​អ្នក​បឹងកក់ និង​បុរី​កីឡា​។​
​អ្នកស្រី ទេព វណ្ណី តំណាង​ប្រជា​សហគមន៍​បឹងកក់ មានប្រសាសន៍ថា ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បឹងកក់ និង​បុរី​កីឡា បាន​អូសបន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ នៅតែ​ពុំ​មាន​ដំណោះស្រាយ ហើយ​អាជ្ញាធរ​ចេះ​តែ​ពន្យា​ពេល​ដោះស្រាយ​រហូត ទើប​ពួកគាត់​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អភិបាល​រាជធានី ពន្លឿន​ការងារ​ដោះស្រាយ​ករណី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់​។​
​ជាមួយគ្នា​នោះ​ដែរ អ្នកស្រី ឆាយ គឹម​ហ៊​ន តំណាង​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា បន្ថែមថា ពួកគាត់​ពេល​នេះ កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ ណាមួយ​រស់​ក្បែរ​គំនរ​សំរាម ធ្វើឲ្យ​សុខភាព​របស់​ពួកគាត់​ធ្លាក់​ទ្រុឌទ្រោម​ជា​រៀងរាល់ថ្ងៃ​។
អ្នកស្រី ស្នើឲ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ឲ្យបាន​ឆាប់ ដើម្បី​ឲ្យ​ពួកគាត់​មាន​ទីលំនៅ​សមស្រប​ដូច​ពលរដ្ឋ​ដទៃ​។​ ​នៅ​ម៉ោង​ជាង ៩​ព្រឹក​នេះ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​តំណាង​សហគមន៍​ទាំងបី​នេះ ចំនួន ២៥​នាក់ ដើម្បី​ចូល​ជួប​។
​កន្លងមក អ្នក​បុរី​កីឡា ធ្លាប់​បាន​ដាក់​ញត្តិ  ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ផាន​អ៊ី​មិច របស់​លោកស្រី ស៊ុយ សុផាន សង់​អាគារ​ចំនួន​១០​ជូន​ពួកគេ តាម​កិច្ចសន្យា ដែល​បាន​ព្រមព្រៀង តាំងពី​ឆ្នាំ​២០០៤ ខណៈ​ក្រុមហ៊ុន​នេះ សង់​បាន​តែ​៨​អាគារ រួច​បណ្តេញ​អ្នកភូមិ​ចេញ ផ្ទុយ​នឹង​កិច្ចសន្យា​។​
​ចំណែក​តំណាង​អ្នក​ភូមិ​បឹងកក់ ធ្លាប់​ឲ្យដឹង​ដែរថា អនុក្រិត្យ​របស់​លោកនាយក​រដ្ឋមន្ត្រី បាន​កាត់​ដី​នៅ​តំបន់​នោះ​១២.៤៤​ហិកតា តាំងពី​ឆ្នាំ​២០១១ សម្រាប់​ពលរដ្ឋ ជិត​១០០០​គ្រួសារ​នៅ​តំបន់​នោះ​។ ប៉ុន្តែ​អ្នកស្រី​ថា មកដល់​ពេលនេះ​ពួកគេ​ប្រមាណ​៤០​គ្រួសារ​ទៀត មិន​ទាន់​ទទួល​ប័ណ្ណកម្មសិទ្ធិ តាម​អនុក្រិត្យ​នៅឡើយ​៕
ទិដ្ឋភាពនៅមុខសាលារាជធានីភ្នំពេញ នាព្រឹកនេះ (រូបថត៖ ជន ស្រីណុច)


No comments:

Post a Comment