លោក ហ៊ុន សែន៖ ការបោះឆ្នោត តំណាងរាស្ត្រ ឆ្នាំ២០១៣ ជាព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ ក្នុងឆ្នាំម្សាញ់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននឹងចូលរួមកិច្ចប្រជុំស្តីពីការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវនិងវៀតណាម
RFI/Ly Meng Hour
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ សារលិខិត ជូនជនរួមជាតិ
ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨។ ក្នុងសារលិខិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានលើកឡើង នូវសមិទ្ធផល ជាច្រើន ទាំងផ្នែកសង្គម
និងសេដ្ឋកិច្ច
ដែលរដ្ឋាភិបាល សម្រេចបាន ក្នុងឆ្នាំចាស់, ក្នុងនោះ
ក៏មានព្រឹត្តិការណ៍ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ដ៏ចម្រូងចម្រាស កាលពីថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៣
ត្រូវ បានលោកនាយករដ្ឋមន្ត្រី ចាត់ទុកថា
ជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ ក្នុងឆ្នាំម្សាញ់។ ក៏ប៉ុន្តែ មេដឹកនាំ គណបក្សប្រឆាំង លោក សម រង្ស៊ី
មើលឃើញផ្ទុយ ពីនេះ, ហើយថា ការបោះឆ្នោត កាលពីខែកក្កដា
ជាការបោះឆ្នោត មិនត្រឹមត្រូវ
និងបង្ក ឲ្យមានវិបត្តិ នយោបាយ អូសបន្លាយ ដល់សព្វថ្ងៃ។
កម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ ក្នុងឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២៥៥៧។ នេះបើតាមការលើកឡើងក្នុងសារលិខិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ដែលនឹងចូលមកដល់នាថ្ងៃទី១៤មេសា។
សារលិខិត របស់លោកនាយករដ្ឋមន្ត្រី ចុះថ្ងៃទី៣មេសា ហើយត្រូវបានគេផ្សព្វផ្សាយដល់អ្នកកាសែត នាថ្ងៃទី៧មេសា បង្ហាញថា ការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣ បានប្រព្រឹត្តទៅស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដែលត្រូវបានសាធារណៈមតិជាតិ និងអន្តរជាតិ វាយតម្លៃថា ជាការបោះឆ្នោតដោយសេរី យុត្តធម៌ សន្តិសុខល្អ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តថា យោងតាមលទ្ធផលនៃការបោះឆ្នោត ដែលចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ត្រូវបានបង្កើតឡើង និងបានដាក់ចេញនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលជារបៀបវារៈនៃគោលនយោបាយសង្គម សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល សំដៅបន្តដឹកនាំ និងអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងនោះ រាជរដ្ឋាភិបាលរបស់លោក បន្តជំរុញអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវកំណែទម្រង់សំខាន់ៗ ជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាស្នូល នៃអភិបាលកិច្ចល្អ និងជាគន្លឹះក្នុងការបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ នៃសេវាសាធារណៈជូនប្រជាពលរដ្ឋ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កិច្ចការពារបរិស្ថាន និងការកែទម្រង់កងកម្លាំងប្រដាប់អាវុធ។
ប៉ុន្តែការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៣ ត្រូវបានលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ជាការបោះឆ្នោត មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ព្រមទាំងមិនស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ម្ចាស់ឆ្នោតនោះទេ។ គណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលមួយចំនួន បានតវ៉ានឹងលទ្ធផលបោះឆ្នោត ហើយទាមទារឲ្យបោះឆ្នោតមុនអាណត្តិ ព្រមទាំងដូរគជប ជាដើម។ ការបោះឆ្នោត កាលពីខែកក្កដា ក៏បានបង្កឲ្យមានវិបត្តិនយោបាយ អូសបន្លាយ ហើយអាចនឹងឆ្លងដល់ឆ្នាំថ្មី ឆ្នាំមមី ដែលនឹងចូលមកដល់នាថ្ងៃទី១៤មេសា។
យ៉ាងណាក៏ដោយ ក្នុងសារលិខិតដើម្បីសាទរឆ្នាំថ្មី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងនូវមូលដ្ឋានគ្រឹះនៃកំណើន និងជាសសរទ្រូងដ៏សំខាន់ នៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំចាស់ ឆ្នាំម្សាញ់ រួមមាន វិស័យកសិកម្មស្រូវអង្ករ ផ្នែកឧស្សាហកម្មកាត់ដេរ ផ្នែកសេវាទេសចរណ៍ និងសំណង់ ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន ជាដើម។
សម្រាប់ឆ្នាំថ្មី ឆ្នាំមមី លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសថា រដ្ឋាភិបាល នឹងបន្តថែរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវបរិស្ថានអនុគ្រោះ សម្រាប់ការអភិវឌ្ឍប្រទេស៕
No comments:
Post a Comment