បក្សប្រឆាំង គ្រោងធ្វើពិធី បង្សុកូល ជូនអ្នកស្លាប់ ក្នុងរបប ខ្មែរក្រហម នៅថ្ងៃ ១៧ មេសា
ដោយ ឡេង ម៉ាលី / RFA | 6 April 2014
ក្នុងលិខិតដាក់ជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី៦ មេសា បានសរសេរថា គណបក្សសង្គ្រោះជាតិ កំពុងស្នើសុំទីតាំងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីរៀបចំធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នក ស្លាប់ក្នុងរបបខ្មែរក្រហម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ មេសា។
អនុប្រធានរដ្ឋបាលទូទៅនៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង លោក ណោ រ៉ា មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលលិខិតស្នើសុំរបស់គណបក្សសង្គ្រោះជាតិ កាលពីល្ងាចថ្ងៃសុក្រ ទី៤ មេសា ក៏ប៉ុន្តែលោកមិនទាន់បានបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទេ ដោយសារតែជាថ្ងៃឈប់សម្រាកចុងសប្ដាហ៍។
លោក ណោ រ៉ា៖ «ខ្ញុំបានទទួលលិខិតហ្នឹងមែន គ្រាន់តែថ្នាក់ដឹកនាំខ្ញុំអត់ទាន់បានសម្រេចទេ។ លិខិតហ្នឹងខ្ញុំបានទទួលនៅល្ងាចថ្ងៃសុក្រទៅហើយ ហើយថ្ងៃសុក្រហ្នឹង មន្ត្រីខ្ញុំក្រោមៗ មិនទាន់ផ្ដល់លោកជំទាវខ្ញុំទេនៅថ្ងៃសុក្រហ្នឹង។ អ៊ីចឹងឯកសារហ្នឹងទាល់តែថ្ងៃច័ន្ទ បានខ្ញុំដាក់ដំណើរការឡើងទៅ។»
ប្រធានគណបក្សសង្គ្រោះ លោក សម រង្ស៊ី ថ្លែងនៅរសៀលថ្ងៃទី៦ មេសា ថា គម្រោងគណបក្សធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នក ស្លាប់ក្នុងរបបខ្មែរក្រហម នៅថ្ងៃទី១៧ មេសា នឹងត្រូវតែធ្វើ ទោះជាមិនទាន់មានទីតាំងជាក់លាក់ក៏ដោយ៖ «ខ្ញុំមិនទាន់បញ្ជាក់ ជាមួយគណៈកម្មការរៀបចំបុណ្យហ្នឹងផង។ ប៉ុន្តែច្បាស់ជាធ្វើ បើមិនធ្វើកន្លែងណាមួយ ក៏ធ្វើនៅកន្លែងមួយទៀតដែរបាទ!»
ក្នុងលិខិតស្នើសុំទីតាំងរបស់គណបក្សសង្គ្រោះជាតិ ដែលដាក់ជូនរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសរសេរបន្តថា ពិធីបង្សុកូលដែលគ្រោងធ្វើនោះ នឹងមានលោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ជាអធិបតី និងអ្នកចូលរួមចំនួនប្រមាណ ៥០០នាក់ និងព្រះសង្ឃចំនួន ៥០អង្គ ហើយកម្មវិធីចាប់ផ្ដើមពី ៧ ដល់ម៉ោង ១១ និង ៣០នាទីព្រឹក នៃថ្ងៃទី១៧ មេសា៕
No comments:
Post a Comment