លោក ហ៊ុន សែន មិនឲ្យ អ្នកវិភាគ និងមន្ត្រី សង្គមស៊ីវិល ទស្សន៍ទាយ រឿងនយោបាយ
ដោយ៖ ញឹម សុខន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានហាមអ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិលកុំឲ្យទស្សន៍ទាយការវិវត្តន៍នៃនយោបាយ ខណៈមេដឹកនាំគណបក្សគូប្រជែងទាំងពីរបានជជែកគ្នាតាមទូរស័ព្ទ ដើម្បីដោះស្រាយវិបត្តិនយោបាយអស់រយៈពេល៩ខែមកនេះ។
ក្នុងពិធីចែកសញ្ញាបត្រដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែន ថ្លែងថា បរិយាកាសនយោបាយនៅពេលនេះមានភាពល្អហើយ ប្រសិនបើធ្វើការវិភាគដែលលោកហៅថា មិនបានដឹងរឿងអ្វីនោះ នាំឲ្យកើនកម្តៅនយោបាយឡើងវិញ «ខ្ញុំសូមផ្តល់ជាមតិជូនអ្នកវិភាគទាំងឡាយ មិនថាបក្សណាៗ ឬសង្គមស៊ីវិលទេ បើក្តាប់រឿងមិនទាន់បាន គួរតែឆ្លើយជាមួយកាសែតអញ្ចេះ “ខ្ញុំមិនទាន់បានទទួលនូវព័ត៌មានហ្នឹងទេ” ប៉ុណ្ណឹងអស់លោកអាច នឹងចៀសបានការឆ្លើយខុស កុំតាំងខ្លួនថា អ្វីក៏ខ្លួនចេះ ឲ្យតែគេសួរ ធ្វើឯងដូចដឹងខ្លាំងណាស់ ប៉ុន្តែទីចុងបំផុត ផេះទទេ»។
មុនជំនួបនេះ លោកហ៊ុន សែន អះអាងថា ការជជែកផ្ទាល់ជាសម្ងាត់រវាងលោក និងលោក សម រង្ស៊ី គឺជាកាដូសម្រាប់ឆ្នាំថ្មី ដែលអាចដោះស្រាយបានបញ្ហាជាប់គាំង។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ខុមហ្វែល លោក គល់ បញ្ញា យល់ថា ជំនួបនេះ ជាមានផលវិជ្ជមានមួយ ជំរុញទៅរកការឯកភាពជាតិ។ប៉ុន្តែលោកគិតថា មេដឹកនាំគណបក្សទាំងពីរ មិនអាចធ្វើឲ្យការខ្វែងគំនិតគ្នា រឿងធ្វើកំណែទម្រង់ដែលមាន ភាព ចម្រោងចម្រាស់នេះ អាចបញ្ចប់ ទៅបាន នៅមុនថ្ងៃមុនចូលឆ្នាំថ្មី ដូចការរំពឹងទុកនោះទេ «ការបោះឆ្នោតថ្មីមួយមុនអាណត្តិ នៅតែជាចំនុចរសើប ដែលគណបក្សសង្គ្រោះជាតិចង់បានអាហ្នឹង ហើយគណបក្សប្រជាជនមានការប្រុងប្រយ័ត្ន ក្នុងការយល់ព្រមពីបញ្ហាហ្នឹង»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គឹមអេង យល់ថា ការអូសបន្លាយជម្លោះនយោបាយជិត៩ខែ ក្រោយការបោះឆ្នោត ទំនងជាមិនអាច បញ្ចប់ ទៅដោយរលូន ត្រឹម២ ឬ៣ថ្ងៃទៀត មុនចូលឆ្នាំខ្មែរ។ លោកថា គណបក្សទាំងពីរ សុទ្ធតែប្រុងប្រយ័ត្នរៀងៗខ្លួន ពីការបាត់បង់អំណាច និងបាត់បង់ប្រជាប្រិយភាព នៅពេលខ្លួនចូលប្រជុំសភា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៉ី កាលពីថ្ងៃពុធម្សិលមិញ បានជួបគ្នាតាមទូរស័ព្ទ ជិតមួយម៉ោង ពិភាក្សាគ្នាពីកំណែទម្រង់ ប្រព័ន្ធបោះឆ្នោត ពេលវេលានៃការបោះឆ្នោតឃុំសង្កាត់ ការបោះឆ្នោតតំណាងរាស្ត្រ និងកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ៕
No comments:
Post a Comment