ពលរដ្ឋ ខ្មែរក្រោម ត្អូញរឿង បង់លុយច្រើន ទៅ ឲ្យប៉ូលិស ព្រំដែន
ដោយ អាន ស៊ីថាវ / RFA | 14 April 2014
ប្រជាពលរដ្ឋខ្មែរ កម្ពុជាក្រោម ដែលធ្វើដំណើរ ឆ្លងកាត់ព្រំដែន កម្ពុជា-វៀតណាម ទៅលេង ស្រុកកំណើត របស់ខ្លួន ប្រឈម នឹងការបង់កម្រៃ ក្រៅផ្លូវការ ខ្ពស់។
ប្រជាពលរដ្ឋខ្មែរ កម្ពុជាក្រោម មួយចំនួន បានអះអាង នៅថ្ងៃ ទី១៤ មេសា ថា, ពួកគាត់ ត្រូវ បង់កម្រៃ ប្រមាណ ១០ម៉ឺនរៀល នៅច្រកទ្វា ភ្នំដិន ស្ថិតនៅខេត្ត តាកែវ។ ចំណែក ឯជនជាតិ វៀតណាម វិញ បង់លុយ ប្រមាណ តិចជាង ១ម៉ឺនរៀល ប៉ុណ្ណោះ។
ក្រៅពីថ្លៃ ធ្វើដំណើរ បានកើនខ្ពស់ នៅឱកាស បុណ្យចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ព្រំដែន ទៅស្រុកកំណើត របស់ខ្លួន នៅទឹកដី កម្ពុជាក្រោម ក៏ប្រឈម នឹងការបង់កម្រៃ ក្រៅផ្លូវការ ខ្ពស់ដែរ។
ប្រជាពលរដ្ឋដែលឆ្លងកាត់ច្រកទ្វាភ្នំដិន ស្ថិតនៅខេត្តតាកែវ ជាប់ព្រំដែនកម្ពុជា-វៀតណាម បានឲ្យដឹងនៅថ្ងៃទី១៤ មេសា ថា ពួកគេបានបង់លុយចន្លោះ ៥ម៉ឺន ទៅ ១០ម៉ឺនរៀល ទៅឲ្យប៉ូលិសនៅច្រកទ្វារទាំងនោះ ដើម្បីឆ្លងកាត់ព្រំដែនទៅកាន់ទឹកដីកម្ពុជាក្រោម។
ប្រជាពលរដ្ឋដែលរស់នៅខេត្តអាងយ៉ាង ដែលសុំមិនឲ្យបញ្ចេញឈ្មោះបានអះអាងថា គ្រួសាររបស់គាត់ត្រូវបង់លុយយ៉ាងច្រើនទៅឲ្យប៉ូលិសនៅច្រកទ្វារ ព្រំដែនភ្នំឌិន ជាថ្នូរនឹងការអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែន ដែលការបង់កម្រៃនេះ មិនធ្លាប់មានពីមុនមកឡើយ នៅពេលដែលប្រជាពលរដ្ឋកម្ពុជាក្រោម វិលទៅស្រុកកំណើត នាឱកាសបុណ្យជាតិម្ដងៗ។
លោកបញ្ជាក់ទៀតថា ការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ជនជាតិវៀតណាមវិញ បានបង់លុយតិចជាងរូបលោក៖ «ប៉ូលិស ខ្មែរយើង អ្នកណាក៏ទារលុយយើងទាំងអស់ អាខ្លះ ៥ម៉ឺន អាខ្លះ ១០ម៉ឺន។ បើយើងមិនឲ្យលុយគេ គេមិនឲ្យយើងចុះ។ វៀតណាម ១០នាក់ អស់តែមួយម៉ឺនលុយខ្មែរទេ។ វៀតណាមគេយក ដើម្បីទប់ទល់សម្រាប់ហូបបាយគេរាល់ថ្ងៃ។»
លោកបានអះអាងទៀតថា ប៉ូលិសព្រំដែនច្រកទ្វារភ្នំដិន តម្រូវឲ្យបង់កម្រៃទាំងនោះដោយសារតែ មិនមានអត្តសញ្ញាណប័ណ្ណ។
ប្រជាពលរដ្ឋម្នាក់ទៀតដែលស្ថិតនៅខេត្តអាងយ៉ាង ដដែល បានឲ្យដឹងបន្ថែមថា ក្រុមគ្រួសាររបស់លោកបានបង់កម្រៃយ៉ាងច្រើនទៅឲ្យប៉ូលិសនៅច្រក ទ្វារព្រំដែនភ្នំដិន ប៉ុន្តែប៉ូលិសព្រំដែនរបស់វៀតណាម វិញ គេមិនទាមទារឲ្យបង់កម្រៃអ្វីឡើយ៖ «វៀតណាម គេស្រួល យើងធម្មតាដើរលេង ចេញម៉ូតូគេមិនសួរយើងទេ ឲ្យយើងពាក់មួកការពារយើងធម្មតាមក។»
ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋដែលចេញចូល ឬធ្វើពាណិជ្ជកម្មនៅតំបន់ព្រំដែនកម្ពុជា- វៀតណាម មិនមានការបង់កម្រៃអ្វីឡើយ ប្រសិនបើមានអត្តសញ្ញាណប័ណ្ណ។ ប្រជាពលរដ្ឋខ្មែរដែលនៅខេត្តផ្សេងដែលអាចឆ្លងកាត់ព្រំដែនបាន លុះត្រាតែមានលិខិតឆ្លងដែន។ ប៉ុន្តែក្នុងករណីដែលមិនមានលិខិតឆ្លងដែនត្រូវបង់កម្រៃប្រមាណ ៦ម៉ឺនរៀល។
ឆ្លើយតបទៅនឹងបញ្ហានេះ ប្រជាពលរដ្ឋកម្ពុជាក្រោម ដែលវិលត្រឡប់ទៅលេងភូមិកំណើតខ្លួននោះ បានអះអាងថា ពួកគេមានលិខិតឆ្លងដែនគ្រប់គ្រាន់ តែប៉ូលិសនៅច្រកទ្វារភ្នំដិន តម្រូវបានបង់លុយដដែលមុននឹងអនុញ្ញាតឲ្យឆ្លងកាត់។
ស្នងការរងនគរបាលខេត្តតាកែវ លោក អ៊ុន សារិន មានប្រសាសន៍ថា លោកមិនដឹងអំពីបញ្ហានេះឡើយ ដោយកិច្ចការនេះ ជាការទទួលខុសត្រូវរបស់អគ្គស្នងការនគរបាលជាតិផ្នែកអន្តោប្រវេសន៍។ យ៉ាងណាក៏ដោយ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានឡើយ នៅថ្ងៃទី១៤ មេសា។
សេចក្ដីប្រកាសព័ត៌មានដែលសរសេរនៅលើគេហទំព័រនាយកដ្ឋាន អន្តោប្រវេសន៍នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការពិនិត្យការចេញចូលប្រជាពលរដ្ឋនៅតាមច្រកទ្វារព្រំដែន គឺរក្សាសណ្ដាប់ធ្នាប់ ដោយជៀសវាងការជួញដូរមនុស្ស ថ្នាំញៀន និងជួញដូរអាវុធជាតិផ្ទុះ។ ប៉ុន្តែគេហទំព័រដដែល មិនបានបញ្ជាក់ថា ការឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋកម្ពុជា ឬជនជាតិដទៃត្រូវបង់កម្រៃនោះទេ៕
No comments:
Post a Comment