ឈើមូលដែលគេកាប់នៅក្នុងព្រៃដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី កាលពីខែមេសា ឆ្នាំ២០១៣។
Adhoc Photo
អ្នកអភិរក្ស ព្រៃឈើ បង្ហាញឈ្មោះ អ្នកពាក់ព័ន្ធ ការកាប់ឈើ នៅភាគឦសាន
ដោយ តាំង សារ៉ាដា / អាស៊ីសេរី | ៣០ មេសា ២០១៤
ក្រុមអ្នកអភិរក្ស ធនធានធម្មជាតិ ក្នុងប្រទេសកម្ពុជា បានបង្ហាញ ភស្តុតាង ជាច្រើន អំពី ក្រុមឧកញ៉ា មហាសេដ្ឋី ដែលមាន អំណាច និងជាសាច់ញាតិ របស់ លោក ហ៊ុន សែន កំពុងរកស៊ី កាប់ព្រៃឈើប្រណិតៗ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី លក់ទៅឲ្យ ឈ្មួញចិន និងវៀតណាម។
សកម្មជនឃ្លាំមើលភោគទ្រព្យធម្មជាតិឲ្យដឹងថា ក្រុមឧកញ៉ាដែលកំពុងកាប់ឈើក្នុងស្រុកសំបូរ ខេត្តក្រចេះ ស្ថិតក្នុងតំបន់ព្រៃឡង់ និងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រួមមានលោកឧកញ៉ា ឡឹម ប៉ុណ្ណា ហៅឧកញ៉ា ខ្នា និងលោកឧកញ៉ា គិត ម៉េង ដែលជានាយកក្រុមហ៊ុនទូរស័ព្ទម៉ូប៊ីថែល (Mobitel) និងទូរទស្សន៍ ស៊ី.ធី.អិន (CTN)។
លោក ឈឹម សាវុធ៖ «គាត់ទៅម៉ៅការបាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរដែលមានផ្ទៃដីប្រមាណ ៣ម៉ឺនហិកតារក្នុងបាតអាងនោះគ្មានឈើប្រណិតទេ ប៉ុន្តែពួកគេគ្រាន់តែម៉ៅការយកទីតាំងដើម្បីស្តុកឈើដែលកាប់ពីខាងក្រៅនាំចេញមក ហើយនាំចេញទៅក្រៅទៅ ហើយក៏អាជ្ញាប័ណ្ណឈើស្របច្បាប់។ ប៉ុន្តែធាតុពិតពួកគេកាប់នាំគ្នាប្រមូលជុំវិញហ្នឹងតាំងពីស្រុកវ៉ឺនសៃ សេសាន និងសៀមប៉ាង ទាំងអស់ហ្នឹង ហើយនាំចេញ។ ស្ថានភាពឈើស្រុកខ្មែរចុងក្រោយនេះ គឺរាប់រយរាប់ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃៗនាំទៅប្រទេសវៀតណាម។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក គិត ម៉េង សុំការបំភ្លឺ ជុំវិញរឿងនេះ បានទេ កាលពីថ្ងៃច័ន្ទ ទី២៨ ខែមេសា។
ក្រៅពី ក្រុមឧកញ៉ា ឡឹម ប៉ុណ្ណា ហៅឧកញ៉ា ខ្នា និងលោកឧកញ៉ា គិត ម៉េង ដែលកំពុងរកស៊ីឈើក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក៏មានក្រុមឧកញ៉ា ផ្សេងទៀត គឺលោក ទ្រី ភាព និងលោក អាន ម៉ារឌី កំពុងសម្រុក ដឹកជញ្ជូនឈើ ពីតំបន់ឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរី លក់ទៅឲ្យ ក្រុមឈ្មួញចិន និងវៀតណាម ដូចគ្នាដែរ។
ចំណែកនៅខេត្តមណ្ឌលគិរី ឯណោះវិញ លោក ឈឹម សាវុធ អះអាងថា លោកឧកញ៉ា ហ៊ុន ជា ដែលជាក្មួយបង្កើតរបស់លោក ហ៊ុន សែន និងអ្នកស្រី សេង គាង ដែលជាអតីតភរិយារបស់លោក ឌី ចូច ហៅ ហ៊ុន ចូច ជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរកស៊ីលក់ឈើប្រណិតផ្ដាច់មុខជាមួយជនជាតិវៀតណាម ម្នាក់ឈ្មោះ យឿង ដែលជាអ្នកចាំទទួលទិញឈើនៅច្រកព្រំដែនដាក់ដាំ និងដាក់ប៊ី រវាងកម្ពុជា និងវៀតណាម។
លោក ឈឹម សាវុធ៖ «ហើយនៅមណ្ឌលគិរី ដែលមានជំទាវ សេង គាង អតីតប្រពន្ធ ហ៊ុន ចូច ហ្នឹង ហើយនិងឧកញ៉ា ហ៊ុន ជា ហើយឮរហូតដល់មានប្អូនថ្លៃលោកឧត្ដមសេនីយ៍ គន់ គីម ទៀត ប៉ុន្តែព័ត៌មាននេះនៅមិនទាន់ច្បាស់។ ប៉ុន្តែអ្វីដែលច្បាស់ គឺជំទាវ សេង គាង និងឧកញ៉ា ហ៊ុន ជា។ ក្នុងហ្នឹង គឺគេម៉ៅផ្ដាច់មុខទៅឲ្យមេការម្នាក់ជាជនជាតិយួនហ្នឹង សម្រាប់យកលុយឈើដែលនាំចេញតាមច្រកដាក់ដាំ និងដាក់ប៊ឺ ច្រកអីហ្នឹង ដើម្បីឆ្លងទៅវៀតណាម។ មេការនោះឈ្មោះ យឿង ប៉ុន្តែយើងអត់ដឹងថា គេត្រូវរ៉ូវគ្នាបង់ឲ្យសមត្ថកិច្ចជំនាញ ហើយនិងចៅហ្វាយខេត្តចំនួនប៉ុន្មានទេ។»
វិទ្យុអាស៊ីសេរីមិនអាចសុំសេចក្ដីអត្ថាធិប្បាយពីលោក ហ៊ុន ជា ដែលរងនូវការចោទប្រកាន់អំពីការធ្វើអាជីវកម្មឈើខុសច្បាប់ទាំងនេះបានទេ។ ប៉ុន្តែមនុស្សជំនិតៗរបស់លោក ហ៊ុន ជា បានបដិសេធថា ការចោទប្រកាន់ទាំងនោះថា ជារឿងមិនពិត ហើយថា លោក ហ៊ុន ជា មានតែចម្ការម្រេចពីរបីហិកតារប៉ុណ្ណោះក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោក ហាក់ ហួត ដែលអះអាងថា ជាអ្នកមើលការខុសត្រូវចម្ការម្រេចរបស់លោកឧកញ៉ា ហ៊ុន ជា បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា លោក ហ៊ុន ជា មិនមានជាប់ព័ន្ធក្នុងកិច្ចការរកស៊ីកាប់ឈើជាមួយអ្នកស្រី សេង គាង នោះទេ។
លោក ហាក់ ហួត៖ «សម្រាប់គាត់គឺគាត់បដិសេធ ហើយសម្រាប់គាត់ គឺគាត់មិនដែលប៉ះទេ។ ប៉ុន្តែធ្លាប់មានអ្នកយកឈ្មោះគាត់ធ្វើ ហើយគាត់ទៅចាប់បានហើយ ថែមទាំងបានបញ្ជូនទៅឲ្យរដ្ឋបាលព្រៃឈើផ្ទាល់ដៃគាត់ទៀត។ មិនថាព្រៃឈើទេ តែសូម្បីជ្រែអីវ៉ាន់ស្អីៗគ្រប់បែបយ៉ាងទាំងអស់។ ដោយសារខ្លួនគាត់ជាអ្នកណាអ៊ីចឹង ដូច្នេះពួកខិលខូចតែងតែយកឈ្មោះប្រើហើយ។ គាត់ផ្កាំឲ្យខ្ញុំប្រាប់ប៉ុណ្ណឹងទៅគាត់ថា បើចង់ដឹងច្បាស់ថាគាត់ធ្វើស្អី គឺសម្រាប់បទល្មើសព្រៃឈើ គឺគាត់សូមបដិសេធថា គាត់មិនដែលប៉ះពាល់ទេ។ ប៉ុន្តែបើថា គាត់ដាំម្រេច អ្នកណាក៏ដឹងថាគាត់ធ្វើចម្ការម្រេចដែរ។»
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈឹម សាវុធ អះអាងថា ខ្សែឡានដឹកជញ្ជូនឈើប្រណិតរបស់លោកឧកញ៉ា ហ៊ុន ជា សរសេរដោយអក្សរកាត់ ស៊ី.អេច្ឆ (C.H)។
លោក ឈឹម សាវុធ អះអាងថា អ្នកស្រី សេង គាង ទទួលបានគម្រោងដីសម្បទានសង្គមកិច្ចទំហំជិត ២ពាន់ហិកតារក្នុងស្រុកកោះញែក ដើម្បីទុកចែកឲ្យពលរដ្ឋណាដែលក្រីក្រខ្វះដីបង្កបង្កើនផល ប៉ុន្តែតាមការពិនិត្យជាក់ស្ដែងទៅ អ្នកស្រី សេង គាង បានបោះទីតាំងបង្កើតរោងចក្រអារឈើដែលកាប់ដឹកជញ្ជូនពីតំបន់ផ្សេងៗ ដើម្បីទុកលក់ចេញទៅក្រៅប្រទេស។
ការបង្កើតរោងចក្រកែច្នៃឈើ ឬអារឈើប្រណិតរបស់អ្នកស្រី សេង គាង មិនមែនជារឿងថ្មីនោះទេ។ អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស ធ្លាប់បានរាយការណ៍កាលពីឆ្នាំ២០០៧ ម្ដងរួចទៅហើយ ក្នុងរបាយការណ៍មួយដែលមានចំណងជើងថា "សែស្រឡាយអ្នកលក់ជាតិ" បានរកឃើញថា អ្នកស្រី សេង គាង ធ្លាប់មានរោងចក្រអារឈើធ្វើក្ដារបន្ទះក្នុងតំបន់ព្រៃឡង់ ស្ថិតក្នុងស្រុកទំរីង ខេត្តកំពង់ធំ ដែលធ្វើការកែច្នៃឈើប្រមាណ ១សែនម៉ែត្រគូប មានតម្លៃ ១៣លានដុល្លារក្នុងមួយឆ្នាំៗ។
អង្គការឃ្លាំមើលពិភពលោករាយការណ៍ថា ចំនួនទឹកប្រាក់ដ៏សន្ធឹកសន្ធាប់ទាំងនេះ មិនឃើញមានចុះក្នុងខ្ទង់ចំណូលចំណាយថវិកាជាតិនោះឡើយ ស្របពេលដែលសហគមន៍អន្តរជាតិតែងរិះគន់ថា កម្ពុជាបាត់ថវិកាជាតិជាង ១ពាន់លានដុល្លារក្នុង១ឆ្នាំៗ ស្ទើរគ្រប់វិស័យ។
ទាក់ទិននឹងការបង្កើតរោងចក្រអារឈើក្នុងព្រៃនោះដែរ មាត្រា ៩៩ នៃច្បាប់ស្ដីពីព្រៃឈើនៃប្រទេសកម្ពុជា ចែងថា ជនណាដែលបង្កើតរោងចក្រកែច្នៃឈើប្រណិតឲ្យទៅជាផលិតផលឈើប្រណិតក្នុងតំបន់ព្រៃការពារដោយរដ្ឋបាលព្រៃឈើគឺជាអំពើខុសហើយ ដែលត្រូវផ្ដន្ទាទោសដាក់គុកពី ១ខែ ទៅ ១ឆ្នាំ ហើយផាកពិន័យពី ១លានរៀល ទៅ ១០លានរៀល។
ប៉ុន្តែរហូតមកទល់ពេលនេះ ជនល្បីឈ្មោះជាច្រើន ដូចជាលោកឧកញ៉ា ទ្រី ភាព លោកឧកញ៉ា លឹម ប៉ុនណា ហៅឧកញ៉ា ខ្នា ឧកញ៉ា អាន ម៉ារឌី ឬអ្នកស្រី សេង គាង ដែលសុទ្ធសឹងតែជាក្រុមមានបទពិសោធន៍ខ្ពស់ខាងការកាប់បំផ្លាញឈើប្រណិត និងរកស៊ីឈើពីប្រទេសកម្ពុជា ទៅលក់ឲ្យឈ្មួញវៀតណាម ឬចិននោះ នៅមិនទាន់ត្រូវបានចោទប្រកាន់ និងនាំយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយ។
អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ច័ន្ទ សារុន ធ្លាប់មានប្រសាសន៍ក្នុងរដ្ឋសភាកាលពីឆ្នាំ២០០៧ ថា ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសរីកចម្រើន និងទាន់សភាពការណ៍ គឺគេត្រូវផ្លាស់ប្ដូរពីព្រៃឈើឲ្យទៅជាដំណាំកសិ-ឧស្សាហកម្ម។
លោក ច័ន្ទ សារុន ថ្លែងដូច្នេះ៖ «នៅពេលដែលដូងប្រេង ឬកៅស៊ូ បានតម្លៃថ្លៃ រដ្ឋាភិបាលក៏សម្រេចកាប់ព្រៃឈើ ឬកៅស៊ូដាំដូងប្រេងភ្លាម។ ឥឡូវនេះនៅពេលដែលកៅស៊ូមានតម្លៃចុះ គេកាប់កៅស៊ូចេញហើយដាំដូងប្រេងវិញ។ នេះផ្ទេរ គឺរបៀបអ៊ីចឹង។ តាមលក្ខណៈនៃការវិវឌ្ឍន៍ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ឧទាហរណ៍នៅប្រទេសម៉ាឡេស៊ី ប្រសិនបើដីនេះវាផ្ដល់សេដ្ឋកិច្ចឲ្យប្រទេសជាតិ ហើយព្រៃហ្នឹងវាបម្រុងខូចទៅហើយ ម៉េចក៏មិនផ្លាស់ប្ដូរដីនេះជាប្រញាប់ ឲ្យមកក្លាយជាដីដែលមានប្រសិទ្ធភាពខាងផ្នែកសេដ្ឋកិច្ចខ្ពស់? នេះជាផលប្រយោជន៍នៃការផ្ទេរនេះ។»
របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា ហ្វៅ (FAO) បង្ហាញថា ព្រៃឈើរបស់កម្ពុជា មានទំហំជាង ១៣លានហិកតារ គ្របដណ្ដប់លើផ្ទៃដីទូទាំងប្រទេស ប៉ុន្តែព្រៃឈើទាំងនេះបានបន្តបាត់បង់ជាង ៣សែនហិកតារក្នុង១ឆ្នាំៗ ដោយសារបទល្មើសព្រៃឈើខុសច្បាប់យ៉ាងអនាធិបតេយ្យ។
លោក ហ៊ុន សែន ធ្លាប់សច្ចាថា លោកនឹងសម្លាប់ខ្លួនឯងប្រសិនបើលោកការពារព្រៃមិនបាន៖ «សុំសាកមើលទៅ បើមិនគោរពក៏សុំសាក បើមិនដកយកព្រៃបិទរោងចក្រទេ ខ្ញុំហ៊ានកាត់កខ្ញុំចោល។»
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលអះអាងថា លោក ហ៊ុន សែន មិនចាំបាច់ធ្វើដល់ថ្នាក់នោះទេ ប៉ុន្តែពួកគេសុំត្រឹមតែឲ្យមានវិធានការតឹងរ៉ឹងក្នុងការនាំខ្លួនជនដៃដល់ដែលកំពុងរកស៊ីឈើខុសច្បាប់យកមកផ្ដន្ទាទោសជាសាធារណៈ ខណៈក្រុមឧកញ៉ាមហាសេដ្ឋីទាំងនោះ កំពុងហែកព្រៃឈើរបស់ខ្មែរជាចម្រៀកៗចែកគ្នានោះ៕
No comments:
Post a Comment