ពលរដ្ឋ នៅស្វាយរៀង តវ៉ា អាជ្ញាធរ ជីកប្រឡាយ ប៉ះពាល់ ដីស្រែ
ដោយ ហ៊ុំ ចំរើន / RFA | 10 May 2014
អ្នកភូមិ ប្រមាណ ២០០នាក់ នៅស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង តវ៉ា ប្រឆាំង នឹងគម្រោង ជីកប្រឡាយ របស់ អាជ្ញាធរ នៅស្រុកនេះ។ ការតវ៉ានេះ កើតឡើង នៅក្នុងវេទិកា សាធារណៈ រៀបចំ ដោយអាជ្ញាធរ ស្រុក និងក្រសួង ធនធានទឹក នាព្រឹកថ្ងៃ ទី១០ ឧសភា។
ប្រជាពលរដ្ឋ អះអាងថា គម្រោង សាងសង់ ប្រឡាយនេះ ពុំបានសិក្សា ឲ្យបានច្បាស់លាស់ នោះទេ, គឺ បានប៉ះពាល់ ដល់ដីស្រែ របស់ អ្នកភូមិ នៅក្នុងតំបន់នោះ ជាច្រើន ហិកតារ។ ប៉ុន្តែ អភិបាល ស្រុកបញ្ជាក់ ថា គម្រោងសាងសង់ ប្រឡាយនេះ ស្ថិតនៅក្នុង ការសិក្សា ពុំទាន់ សម្រេច ជាផ្លូវការ នៅឡើយទេ។
អ្នកភូមិបានជំទាស់មិនឲ្យអាជ្ញាធរសាងសង់ប្រឡាយថ្មីនេះជាដាច់ ខាត ដោយសំអាងថា គម្រោងជីកប្រឡាយនេះបានប៉ះពាល់ធ្វើអោយបាត់ដីស្រែរបស់ប្រជាពលរដ្ឋ ជាច្រើនភូមិ រួមមាន ភូមិខួច ភូមិបន្លាស្អិត និងភូមិគោកកណ្ដាល នៃឃុំក្រោលគោ ជាដើម។
ប្រជាពលរដ្ឋម្នាក់ដែលចូលរួមក្នុងវេទិកាសាធារណៈ អ្នកស្រី សុន សុផល ថ្លែងនៅថ្ងៃទី១០ ឧសភា ថា អ្នកស្រីមិនជំទាស់ទេពីគោលនយោបាយនៃការអភិវឌ្ឍជីកប្រឡាយ ប្រសិនបើពុំមានការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។ តែគម្រោងសាងសង់ប្រឡាយមួយខ្សែរបស់អាជ្ញាធរនេះ បើសាងសង់រួច ធ្វើឲ្យអ្នកភូមិដែលរស់នៅក្នុងតំបន់នោះ បាត់បង់ដីស្រែជាច្រើនហិកតារ ក្នុងនោះមានអ្នកភូមិខ្លះបាត់បង់ដីស្រែទាំងស្រុងតែម្ដង។ អ្នកស្រី សុន សុផល ស្នើឲ្យអាជ្ញាធរស្ដារប្រព័ន្ធប្រឡាយចាស់ដែលមានស្រាប់ពីជំនាន់ ប៉ុល ពត នោះប្រជាពលរដ្ឋមិនជំទាស់ឡើយ៖ «សំណូមពរសុំឲ្យរដ្ឋាភិបាល ចៀសពីផ្លូវដីដែលវាស់កន្លងមកចំនួនក្បាលដី ២០០ម៉ែត្រហ្នឹង ព្រោះអីប៉ះពាល់ប្រជាពលរដ្ឋ។ បើធ្វើផ្លូវធ្វើប្រឡាយក៏អស់ដីស្រែខានធ្វើស្រែ បានទឹក ហើយអត់ដីធ្វើ អ៊ីចឹងសំណូមពរឲ្យធ្វើតាមប្រឡាយចាស់ ឬតាមព្រែកចាស់ដែលមានកន្លងមក។ អ៊ីចឹងបើរដ្ឋាភិបាលគោលបំណងធ្វើឲ្យរាស្ត្រមានកំណើន គឺសំណូមពរតាមសំណូមពររបស់រាស្ត្រ គឺត្រូវធ្វើតាមប្រឡាយ មិនហាមមិនឃាត់មិនផ្ដាច់ការទេ។ តែបើធ្វើតាមដីស្រែវាលដែលវាស់កន្លងមក គឺសំណូមពរអត់ឲ្យធ្វើ ប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋច្រើនណាស់!»
ស្រដៀងគ្នានេះដែរ ក្រុមអ្នកភូមិដែលចូលរួមក្នុងវេទិកាសាធារណៈ បញ្ជាក់ថា គម្រោងសាងសង់ប្រឡាយរបស់អាជ្ញាធរនេះ មិនបានសិក្សាពីផលប៉ះពាល់ដីស្រែរបស់ប្រជាពលរដ្ឋឲ្យបានច្បាស់ លាស់នោះទេ។ អ្នកភូមិលើកឡើងថា បើសាងសង់ប្រឡាយតាមគម្រោងថ្មីនេះ ប្រជាពលរដ្ឋដែលរស់នៅ នឹងដាច់ពោះស្លាប់ដោយសារគ្មានដីធ្វើស្រែជាពុំខាន ព្រោះអ្នកភូមិនៅតំបន់នោះ រស់នៅដោយពឹងផ្អែកទៅលើរបរធ្វើស្រែចិញ្ចឹមជីវិត៖ «ដីមានតែ ៣០ ឥឡូវស្រាប់តែត្រូវអស់ ហើយមានអីនៅទៀត។ ចា៎! អ្នកមកទាំងអស់គ្នាសុទ្ធតែមានកង្វល់ទាំងអស់គ្នា គ្មាននរណាខុសគ្នាទេ ចិត្តមានតែមួយ គឺមិនចង់ឲ្យជីកតែម្ដង។ ចុះបើជីកបានប្រយោជន៍លើយើង តើឬយ៉ាងម៉េច? ប្រយោជន៍អី បើមានតែ ៣០អាចំកណ្ដាលប្រឡាយអស់ហើយ បានធ្វើវាទៀត។ ដីខ្ញុំមាន១ហិកតារ ដីខ្ញុំមានតែប៉ុណ្ណឹង បើជីកអស់ៗហើយ ខ្ញុំមានដីណាធ្វើស្រែទៀត។ មានយ៉ាងម៉េច ប៉ះពាល់ដីៗមានតែបន្តិច បើយកអស់មានបានអីធ្វើស្រែទៀតដីមានតែប៉ុណ្ណឹង!»
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកស្វាយជ្រំ លោក សុខ គឹមចាន់ មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរពុំមានចេតនាសង់ប្រឡាយឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ ប្រជាពលរដ្ឋនោះទេ។ លោកថា គម្រោងសាងសង់ប្រឡាយនេះ គ្រាន់តែជាការសិក្សា ពុំទាន់យកជាផ្លូវការថានឹងសាងសង់នៅតំបន់ណាពិតប្រាកដនៅឡើយទេ៖ «ហ្នឹងគ្រាន់តែគេមកសិក្សាដំបូង វាទាល់គេហើយបានដឹង។ ឥឡូវខ្ញុំប្រាប់គាត់ហើយតើ ថាឲ្យគាត់ទៅដេកគិតសិនទៅ។ ហើយបើគាត់ថាអត់ចង់បានប្រឡាយហ្នឹងកាត់ភូមិស្រុកគាត់ទេ ឲ្យគាត់ផ្ដិតមេដៃទៅ។ ខ្ញុំបានប្រាប់មេភូមិថា ឥឡូវឲ្យសាកល្បងមើល។ តែឥឡូវគាត់មកបីបួនភូមិ ប៉ុន្តែគាត់អះអាងថា តំណាងភូមិមួយភូមិ ឥឡូវខ្ញុំឲ្យមេភូមិផ្ដិតមេដៃគ្រប់គ្រួសារ ថាតើប៉ុន្មាននាក់ដែលចង់បានប្រឡាយ ប៉ុន្មាននាក់ដែលអត់ចង់បាន យើងចង់ដឹងគិតមើលសិន យើងចាំដល់ពេលគម្រោងមកថាធ្លាក់ចំកន្លែងណា អាហ្នឹងបានយើងគិតឡើងវិញម្ដងទៀត។»
តែយ៉ាងណា អ្នកភូមិឲ្យដឹងថា អាជ្ញាធរដែលពាក់ព័ន្ធការសាងសង់ប្រឡាយនេះ បានចុះទៅវាស់វែងប៉ះពាល់ដីរបស់ពួកគាត់រួចទៅហើយ។ អ្នកភូមិបានសាកសួរនៅពេលដែលវាស់វែងនោះ ដើម្បីបញ្ជាក់ជាច្រើនលើកមកហើយ ប៉ុន្តែអាជ្ញាធរពុំបានឆ្លើយតបជាមួយអ្នកភូមិថាយ៉ាងណានោះទេ។
គម្រោងសាងសង់ប្រឡាយនៅស្រុកស្វាយជ្រំ នេះ ជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវ៉ៃកូជំហានទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះមាន ៣ខេត្ត គឺខេត្តកំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង។ អភិបាលស្រុកបញ្ជាក់ថា ទំហំនៃប្រឡាយថ្មីនេះពុំទាន់បានបញ្ជាក់ថាយ៉ាងនៅឡើយទេ៕
No comments:
Post a Comment