ព្រៃឈើ ជាង១០០ហិកតារ ថ្មីទៀត នៅរតនគិរី ត្រូវ ក្រុមហ៊ុន វៀតណាម ឈូសឆាយ
ដោយ រដ្ឋា វិសាល / RFA | 12 May 2014
តំបន់ព្រៃឈើ ជាង១រយ ហិកតារ ថ្មីទៀត ត្រូវ បានក្រុមហ៊ុន ហេង ប្រាឌ័រ ឈូសឆាយ ដើម្បី ពង្រីកដីសម្បទាន នៅភូមិកាំ ឃុំល្អក់។ កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ គ្រឿងចក្រក្រុមហ៊ុនបានបញ្ឈប់ការឈូសឆាយភ្លាមៗ បន្ទាប់ពីអ្នកភូមិមានគ្នាប្រមាណ២០នាក់ នាំគ្នាតវ៉ាឲ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយព្រៃនេះហើយរៀបចំជួប ពិភាក្សាជាមួយសហគមន៍ជាថ្មីទៀត។
អនុប្រធាន សហគមន៍ លោក ប្រឡុង ពើយ នៅថ្ងៃច័ន្ទ ទី១២ ខែឧសភារៀបរាប់ថា បុគ្គលិកក្រុមហ៊ុនយកគ្រឿងចក្រប្រភេទឈូសព្រៃ (Bulldozer) ៧គ្រឿងឈូសឆាយព្រៃដោយមិនបានជូនដំណឹងមកសហគមន៍។
លោក បន្តថា, នេះ គឺជាការរំលោភបំពានទៅលើការសន្យារបស់ក្រុមហ៊ុន៖ «គេ ឈូសឆាយដី គេមិនប្រាប់ខ្ញុំហើយដីសម្រាប់បម្រុងទុកឲ្យប្រជាពលរដ្ឋ ដីសម្រាប់កប់ខ្មោច សម្រាប់អភិរក្សសត្វព្រៃ។ មេឃុំអត់ហ៊ានក្អកផងហ្នឹង រហូតដល់ខ្ញុំទៅហាមឃាត់ពួកគេមិនឲ្យឈូសឆាយទៀត។»
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាមឈ្មោះ ហេង ប្រាឌ័រ ទទួលបានដីសម្បទានជាង ២ពាន់ហិកតារ (២.៣៦១) នៅ ស្រុកអណ្ដូងមាស និងស្រុកអូរជុំ តាំងពីឆ្នាំ២០០៩។ បន្ទាប់មកក្រុមហ៊ុនបានឈូសឆាយពង្រីកផ្ទៃដីសម្បទាន កាន់តែខិតជិតភូមិធ្វើឲ្យប៉ះពាល់ព្រៃ ដែលអ្នកភូមិរក្សាទុកជាដីត្រៀមបម្រុង។
ឆ្លើយតបបញ្ហានេះតំណាងក្រុមហ៊ុន និងជាអ្នកបកប្រែភាសា លោក សែ ង៉ូវ បញ្ជាក់ថា ព្រៃដែលក្រុមហ៊ុនឈូសឆាយគឺឋិតក្នុងបរិវេណដីសម្បទាន ដែលរដ្ឋបានប្រគល់មកក្រុមហ៊ុន ក៏ប៉ុន្តែកន្លងទៅនេះក្រុមសហគមន៍បានតវ៉ាសុំកាត់ដីនោះច្រើន រហូតដល់ទៅជាង ៥០០ហិកតារ ទើបក្រុមហ៊ុនមិនយល់ស្រប។
លោកបន្តថានៅថ្ងៃទី១២ ខែឧសភា ក្រុមហ៊ុនបានចុះពិនិត្យបង្គោលព្រំដែលសហគមន៍កំណត់រក្សាទុកជាដី ត្រៀមបម្រុង ឃើញមានទំហំប្រមាណតែ ១០០ហិកតារទេ ហេតុនេះលោកនឹងធ្វើរបាយការណ៍ជូនក្រុមហ៊ុនសម្រេចក្នុងបញ្ហានេះ៖ «ដី នៅក្នុងប្លង់ក្រុមហ៊ុន ដំបូងគេថាអាចឲ្យបាន ដល់វាស់ប្លង់ទៅដល់ បួនប្រាំរយហិកតារ យើងមិនអាចសម្រេចឲ្យភ្លាមៗបានទេ។ ចាំដល់ខ្ញុំដើរវាស់វែងមើលត្រឹមណាគេអាចទុកឲ្យប្រជាពលរដ្ឋបាន។»
ទោះជាយ៉ាងនេះក៏ដោយ អភិបាលស្រុកអូរជុំ លោក សាក់ សុន ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ពីករណីនេះថា អាជ្ញាធរជំនាញបានសិក្សាកាត់ចេញដីត្រៀមបម្រុងសម្រាប់ប្រជាពលរដ្ឋ រួចហើយ ហេតុនេះក្រុមហ៊ុនមិនអាចបំពានឈូសឆាយព្រៃនោះបានទេ៖ «ទាល់ទៅមើលជាក់ស្ដែង កាលណាព្រៃអារក្សព្រៃស្អីគេ ឲ្យកាត់ចេញតើ! គេចុះទៅឆ្វៀលចេញតើ!»
កាលពីពាក់កណ្ដាលខែធ្នូកន្លងទៅ តំណាងសហគមន៍បាននាំយកពាក្យបណ្ដឹងករណីនេះមកការិយាល័យសមាគមការពារ សិទ្ធិមនុស្សអាដហុកខេត្ត សុំជួយអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយ។ ក៏ប៉ុន្តែរហូតពេលនេះអ្នកភូមិអះអាងថាមិនឃើញមានមន្ត្រីមូលដ្ឋាន ចាត់វិធានការបែបណាទាក់ទិនករណីក្រុមហ៊ុនឈូសឆាយព្រៃនោះនៅឡើយ៕
No comments:
Post a Comment