មន្ត្រី ស៊ើបអង្កេត៖ ឈើប្រណីត ដឹកទៅចិន ក្នុង១ថ្ងៃ យ៉ាងហោច ៣០កុងតឺន័រ
ដោយ ទីន ហ្សាការីយ៉ា / RFA | 14 May 2014
វិនាសកម្ម ព្រៃឈើ នឹងបាត់បង់ នៅកម្ពុជា ដោយសារតែ មហិច្ឆតា ប្រទេស មហាអំណាច ចិន ដែលមក ធ្វើពាណិជ្ជកម្ម ឈើប្រណីត នៅតំបន់ ទន្លេមេគង្គ មានប្រទេស វៀតណាម, ឡាវ, កម្ពុជា, ថៃ, និងភូមា ជាដើម។
អង្គការជាតិ និងអន្តរជាតិ បានបញ្ចេញ របាយការណ៍ រកឃើញ ថា, ប្រទេសចិន ជាប្រទេស តែ មួយគត់ ដែលមាន អាជ្ញាប័ណ្ណ ក្នុងការនាំឈើចូល ពីប្រទេស ក្នុងតំបន់ទន្លេមេគង្គ ដែលគិតជាទឹកប្រាក់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។
មន្ត្រី ការពារព្រៃឈើ ឲ្យដឹងនៅថ្ងៃទី១៤ ឧសភា ថា ការដឹកឈើទៅចិន នៅកំពង់ផែខេត្តព្រះសីហនុ ក្នុងមួយថ្ងៃ ៣០កុងតឺន័រ គិតជាទឹកប្រាក់រាប់លានដុល្លារក្នុងមួយថ្ងៃ។
ប្រធានក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ួច ឡេង មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព បានដឹកឈើទៅប្រទេសចិន នៅច្រកកំពង់ផែខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃ។ លោកបញ្ជាក់ថា ការជួញដូរឈើប្រណីត រួមទាំងឈើក្រញូងផងនោះ នឹងធ្វើឲ្យព្រៃឈើនៅកម្ពុជា ហិនហោច និងផុតពូជនៅពេលអនាគត៖ «ខាងខ្ញុំស៊ើបអង្កេតនៅកំពង់ផែ នៅកំពង់សោម ក្នុង១ថ្ងៃយ៉ាងហោចណាស់ ៣០កុងតឺន័រដែរ អានេះមិនគិតពីថ្ងៃបុណ្យទេ គឺអាចលើសពីនេះទៀត គិតជាប្រាក់ក្នុងមួយកុងតឺន័រ ៥លានដុល្លារ។ អ៊ីចឹងវាស្មើនឹង ១៥០លានដុល្លារសហរដ្ឋអាមេរិក នេះមិនទាន់គិតពីច្រកផ្សេងៗទេ ដូចនៅច្រករបៀងផ្សេងៗទៀត។»
ការលើកឡើងរបស់ លោក អ៊ួច ឡេង នេះ នៅស្របពេលទីភ្នាក់ងារអន្តរជាតិស្ដីពីបរិស្ថាន (Environmental Investigation Agency, EIA) បានចេញរបាយការណ៍កាលពីថ្ងៃទី១២ ឧសភា ដាក់ចំណងជើងថា ការចង់បានរបស់ចិន គឺឈើក្រហម ឬឈើក្រញូង។ ក្នុងរបាយការណ៍នោះ បញ្ជាក់ថា ប្រទេសចិន ជាប្រទេសតែមួយគត់ដែលមានកូដពន្ធគយនាំឈើចូលពីប្រទេសតំបន់ ទន្លេមេគង្គ ហើយក៏ជាប្រទេសលេចធ្លោជាងគេក្នុងការធ្វើពាណិជ្ជកម្មនាំឈើចូលពី ប្រទេសតំបន់ទន្លេមេគង្គ មានវៀតណាម ឡាវ កម្ពុជា ថៃ និងភូមា ដែលជាប្រវត្តិសាស្ត្រនៃការផ្គត់ផ្គង់ឈើទៅចិន និងធ្វើឲ្យប៉ះពាល់ដល់ឈើក្រញូងនៅក្នុងទសវត្សន៍ចុងក្រោយនេះ។
គិតចាប់ពីឆ្នាំ២០០០ ការដឹកឈើទៅប្រទេសចិន មានជាង ១លាន ៦សែនម៉ែត្រគូប ក្នុងនោះជិតពាក់កណ្ដាល គឺឈើក្រញូង ដែលគិតជាទឹកប្រាក់ប្រមាណ ២.៤០០លានដុល្លារសហរដ្ឋអាមេរិក។
លោក អួច ឡេង បន្ថែមថា ការធ្វើពាណិជ្ជកម្មរបស់ចិន ក្នុងការជួញដូរឈើជាមួយឧកញ៉ាធំៗនៅកម្ពុជា នេះ គឺចិន មិនបានគិតពីផលប៉ះពាល់របស់ប្រទេសកម្ពុជា និងប្រទេសតូចៗឯទៀតទេ។ ចិន រកតែផលប្រយោជន៍របស់ខ្លួន និងមិនគិតពីផលប៉ះពាល់បរិស្ថាននោះទេ៖ «នេះហើយដែលយើងទាមទារ ឲ្យអង្គការ អង្គការសហប្រជាជាតិ អង្គការអន្តរជាតិនានាទាក់ទងនឹងបរិស្ថាន ត្រូវតែពិចារណាពីពាណិជ្ជកម្មរបស់ចិន មកជញ្ជក់ឈាមក្នុងប្រទេសតូចតាចដូចជាកម្ពុជា ជាដើម កុំឲ្យព្រៃឈើនៅកម្ពុជា ហិនហោចនៅក្នុងរយៈពេលប៉ុន្មានខែទៀតទៅមុខនេះ។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យស្ថានទូតចិន ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៤ ឧសភា នេះ។
ការជួញដូរឈើប្រណីតរបស់កម្ពុជា គឺជាបញ្ហាក្ដៅគគុកមួយ ដែលមន្ត្រីការពារព្រៃឈើបានលើកឡើងថា មន្ត្រីពាក់ព័ន្ធអសមត្ថភាពក្នុងការបង្ក្រាប ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព ប្រឆាំងការកាប់រានដីព្រៃជាច្រើនលើកច្រើនសាក៏ដោយ។
ក្រុមមន្ត្រីការពារព្រៃឈើ ឲ្យដឹងថា ការកាប់បំផ្លាញឈើនៅកម្ពុជា មានច្រើនសណ្ឋាន រួមមាន ក្រុមឧកញ៉ាធំៗ កាប់ឈើយកទៅលក់នៅប្រទេសចិន វៀតណាម និងការកាប់ឈើក្រោមរូបភាពការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់ រដ្ឋាភិបាល ជាដើម។
របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា ហ្វាវ (FAO) បង្ហាញថា ព្រៃឈើរបស់កម្ពុជា មានទំហំជាង ១៣លានហិកតារ គ្របដណ្ដប់លើផ្ទៃដីទូទាំងប្រទេស ប៉ុន្តែព្រៃឈើទាំងនេះបានបន្តបាត់បង់ជាង ៣សែនហិកតារក្នុង១ឆ្នាំៗ ដោយសារបទល្មើសព្រៃឈើខុសច្បាប់យ៉ាងអនាធិបតេយ្យ៕
No comments:
Post a Comment