ភាពចលាចល នៅថៃ និងវៀតណាម អាច ឲ្យកម្ពុជា ប្រឈម នឹងកង្វះទំនិញ ប្រើប្រាស់
ដោយ អាន ស៊ីថាវ / RFA | 16 May 2014
កម្ពុជាជាប្រទេសនាំចូលទំនិញ ដោយសារតែកម្ពុជាបានចាប់យកសេដ្ឋកិច្ចទីផ្សារសេរីដោយបើកចំហការ ធ្វើពាណិជ្ជកម្មអន្តរជាតិ។ ម្យ៉ាងវិញទៀតមូលដ្ឋានផលិតទំនិញប្រើប្រាស់របស់កម្ពុជាវិញនៅមាន កម្រិតទាបបើធៀបនឹងតម្រូវការប្រើប្រាស់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋ កម្ពុជា។ ការនាំចូលទំនិញ ភាគច្រើនមកពីប្រទេសថៃ និងប្រទេសវៀតណាម។
បច្ចុប្បន្នប្រទេសទាំងពីរនេះមានវិបត្តិធ្ងន់ធ្ងរ ពីភាពជាប់គាំងនយោបាយកំពុងកើតឡើងនៅប្រទេសថៃ និងការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋវៀតណាម ពីរឿងជម្លោះសមុទ្រចិនខាងត្បូង។ វិបត្តិទាំងនេះអាចបង្អាក់ដល់ដំណើរការផលិតកម្ម ដើម្បីផ្គត់ផ្គង់ចរាចរទំនិញនៅក្នុងស្រុកនិងបរទេស។
ប្រទេសថៃបានចាប់ផ្ដើមមានភាពតានតឹង ចាប់តាំងពីតុលាការរដ្ឋធម្មនុញ្ញថៃបានដកដំណែង នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រ កាលពីដើមខែឧសភា ឆ្នាំ២០១៤។ នៅពេលនោះអ្នកគាំទ្រអ្នកស្រី យីងឡាក់ បានចេញមកតវ៉ារហូតបណ្ដាលឲ្យមានប្រជាពលរដ្ឋថៃយ៉ាងហោចណាស់ ២នាក់បានស្លាប់ និងជាង២០នាក់ ផ្សេងទៀតបានរងរបួស។
ចំណែកភាពវឹកវរដែលកើតឡើងនៅប្រទេសវៀតណាមវិញ បានបណ្ដាលឲ្យប្រជាពលរដ្ឋ យ៉ាងហោចណាស់២០នាក់បានស្លាប់ និងមានដុតបំផ្លាញរោងចក្រដែកថែបធំបំផុតមួយ ដែលកំពុងសាងសង់នៅវៀតណាម។ សារព័ត៌មានរបស់វៀតណាមជាច្រើន បានគូសបញ្ជាក់ថា ក្រៅពីនេះ រោងចក្រចិន ប្រមាណជិត៥០០ ត្រូវខូចខាតបន្តិចបន្តួច ពីការតវ៉ាប្រឆាំងរឿងក្ដីក្ដាំដែនទឹកសមុទ្រចិនខាងត្បូង បន្ទាប់ពីកិច្ចប្រជុំអាស៊ានចិនលើបញ្ហានេះបានបញ្ចប់រយៈពេលមួយ សប្ដាហ៍ប៉ុណ្ណោះ។
បញ្ហាកំពុងកើតឡើងនៅប្រទេសថៃ និងវៀតណាមនេះអាចប៉ះពាល់ដល់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ ប្រទេសកម្ពុជាប្រសិនបើ ការនាំចូលទំនិញប្រើប្រាស់មកកម្ពុជា មានការធ្លាក់ចុះ។
អ្នកវិភាគសេដ្ឋកិច្ចបានអះអាងថា នៅពេលប្រទេសដែលនាំចេញមានបញ្ហា ប្រទេសនាំចូលក៏ត្រូវជួបបញ្ហាខ្វះស្បៀងប្រើប្រាស់ដែរ។ ជាក់ស្ដែងប្រទេសកម្ពុជា នាំចូលទំនិញប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសវៀតណាម និងប្រទេសថៃ។
របាយការណ៍របស់ស្ថានទូតថៃ និងវៀតណាមប្រចាំកម្ពុជាបានបង្ហាញថា ទំហំពាណិជ្ជកម្មដែលប្រទេសថៃនាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារអាមេរិកប្រចាំឆ្នាំ២០១៣។ ចំណែកការនាំចូលរបស់វៀតណាមនៅកម្ពុជាវិញ មានតម្លៃជិត៣ពាន់លានដុល្លារអាមេរិក។
ក្រៅពីនេះការវិនិយោគរបស់ប្រទេសថៃនៅកម្ពុជា មានទឹកប្រាក់ជាង១២០(មួយរយម្ភៃមួយ) លានដុល្លារអាមេរិក និងប្រទេសវៀតណាមមានចំនួន៨៦លានដុល្លារ នៅក្នុងឆ្នាំ២០១២។
ទោះជាយ៉ាងណាក៏ដោយអ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ភាពចលាចលដែលកើតឡើងនៅប្រទេសវៀតណាម មិនមានផលប៉ះពាល់អាក្រក់ដល់កម្ពុជា ដូចប្រទេសថៃឡើយ។ ការព្រួយរូបារម្មណ៍នោះ គឺវិបត្តិនយោបាយដែលកើតឡើងនៅប្រទេសថៃដែលបានអូសបន្លាយជាច្រើនខែ។ បញ្ហានេះនឹងបង្កផលប៉ះពាល់ដល់រាប់ម៉ឺនសហគ្រាសផលិតកម្ម និងការនាំចេញ។
អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា អ្នកស្រី ជីវ៉ាណាន់ វង្សមង្គល (Jiranan Wongmonkol) ធ្លាប់ អះអាងថាទោះបីជាប្រទេសថៃ កំពុងជួបប្រទះពីភាពជាប់គាំងនយោបាយក៏ដោយ ប៉ុន្តែការនាំចេញនិងនាំចូល នៅតែមានសកម្មភាពដដែល៖ «ប្រទេស នីមួយៗតែងតែមានបញ្ហា វិបត្តិខាងនយោបាយ ប៉ុន្តែខ្ញុំថាទំនាក់ទំនងគ្នាខាងពាណិជ្ជកម្មហ្នឹង ធ្វើដោយធម្មតា អត់មានពាក់ព័ន្ធខាងនយោបាយទេ។ ដូចយើងមើលតាមតួលេខ ក៏យើងមើលឃើញអ៊ីចឹងមែន ខាងជនជាតិថៃមករកស៊ី មកធ្វើធុរកិច្ចនៅខាងខ្មែរ នៅឆ្នាំ២០១៣កើនជាងឆ្នាំ២០១២។ យើងមើលក៏វាមិនអាក្រក់ប៉ុន្មានដែរ ការទំនាក់ទំនងខាងពាណិជ្ជកម្ម វាអត់មានវិបត្តិតាមរឿងនយោបាយទេ។»
ផ្ទុយពីលើកឡើងនេះឧស្សាហកម្ម និងផលិតកម្មរបស់ថៃរកឃើញថាបានរងផលប៉ះពាល់យ៉ាងខ្លាំងពីភាពជាប់ គាំងនយោបាយ។ សហព័ន្ធឧស្សាហកម្មថៃបានបង្ហាញថាយ៉ាងហោចណាស់ សហគ្រាសធន់តូច និងមធ្យមប្រមាណ១សែនសហគ្រាស នឹងត្រូវបញ្ឈប់ដំណើរការផលិតកម្មរបស់ខ្លួន ប្រសិនបើវិបត្តិនយោបាយនេះមិនអាចដោះស្រាយបាននៅក្នុងឆ្នាំ២០១៤នេះ។
សហព័ន្ធដដែលបានពន្យល់ថា វិបត្តិនយោបាយបាន ប៉ះពាល់ដល់តម្រូវការប្រើប្រាស់ក្នុងស្រុក ការវិនិយោគ ការចំណាយរបស់រដ្ឋាភិបាលទ្រទ្រង់អាជីវកម្ម ដែលជាមូលដ្ឋានរបស់វិស័យសហគ្រាសធន់តូច និងមធ្យមអាចរស់រានបាន។ ការបិទទ្វារសហគ្រាសថៃទាំងអស់នេះ អាចប៉ះពាល់ដល់ការនាំចេញទំនិញមកកម្ពុជា។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា លោកឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថាវិបត្តិនយោបាយដែលកើតឡើងនៅប្រទេសថៃ និងតវ៉ានៅប្រទេសវៀតណាម មិនទាន់ឃើញមានសញ្ញាអាក្រក់ណាមួយប៉ះពាល់ដល់កម្ពុជា ជាពិសេសទំនិញប្រើប្រាស់ក្នុងស្រុកឡើយ៖ «ដូចអត់ពាក់ព័ន្ធដល់រឿងហ្នឹងទេបង! ចលាចលនៅថៃ នៅវៀតណាម ខ្ញុំមើលទៅរូបភាពហ្នឹងអត់ប៉ះពាល់អីផង។»
អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថាភាពវឹកវរ ដែលកំពុងកើតឡើងនៅប្រទេសថៃ និងវៀតណាម អាចបង្វែរការវិនិយោគមួយចំនួនមកកម្ពុជា ប៉ុន្តែកម្ពុជាវិញអាចប្រឈមនិងបាត់បង់ទីផ្សារមួយចំណែកពីការនាំចេញ ផលិតផល ឬវត្ថុធាតុដើម។
ទោះជាយ៉ាងណាក៏ដោយ ការរាយការណ៍របស់សារព័ត៌មានរបស់ថៃនិងវៀតណាមជាច្រើនបានរាយការណ៍ថា សហគ្រាសដែលកំពុងរងផលប៉ះពាល់ ពីភាពជាប់គាំងនយោបាយភាគច្រើនជាប្រភេទសហគ្រាសលក់រាយ និងផ្នែកសណ្ឋាគារ៕
No comments:
Post a Comment