ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
ក្នុងពេលចុះឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង
ស្រុក ខណ្ឌ នៅខេត្តស្វាយរៀង នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០១៤។
RFA/Hum Chamroeun
|
មេ បក្សសង្គ្រោះជាតិ សង្កត់ធ្ងន់ រឿងព្រំដែន ពេលចុះឃោសនា នៅស្វាយរៀង
RFA | 12 May 2014
ថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ បន្តយុទ្ធនាការ ឃោសនា រកសំឡេងបោះឆ្នោត ក្រុមប្រឹក្សា រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ នៅខេត្ត ស្វាយរៀង រៀបចំឡើង នៅទីស្នាក់ការ បក្សខេត្ត ដែលមាន សមាជិក គណបក្ស និងប្រជាពលរដ្ឋ អ្នកគាំទ្រ ចូលរួម ប្រមាណ ២ពាន់នាក់ នៅព្រឹកថ្ងៃ ទី១២ ឧសភា ឆ្នាំ២០១៤។
ក្នុងឱកាសរកសំឡេងឆ្នោតនោះ ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រ ផ្ដោតលើការបោះបង្គោលតម្រុយព្រំដែន និងការផ្លាស់ប្ដូរ គណៈកម្មាធិការរៀបចំការបោះឆ្នោត។
ប្រធាន គណបក្ស សង្គ្រោះជាតិ មានប្រសាសន៍ ព្រឹកថ្ងៃ ទី១២ ឧសភា ថា, បញ្ហាបង្គោល ព្រំដែន រវាង ប្រទេសកម្ពុជា និងវៀតណាម គឺ លោក ការពារ មិនឲ្យ វៀតណាម បោះបង្គោល ចូលដីខ្មែរ ដោយសេរី ជាដាច់ខាត ជាពិសេស ព្រំដែន នៅខេត្តស្វាយរៀង តែម្ដង។
លោក សម រង្ស៊ី ថា កន្លងមកនៅខេត្តនេះមានបញ្ហារឿងវៀតណាម បោះបង្គោលតម្រុយចូលដីខ្មែរច្រើនជាងគេ ហើយក៏ធ្លាប់បានទៅដកតម្រុយបង្គោលព្រំដែនចេញ ត្រូវរដ្ឋាភិបាលខ្មែរកាត់ទោសឲ្យជាប់គុក ១២ឆ្នាំម្ដងរួចមកហើយ។ លោកថា ទោះជាយ៉ាងនេះក្ដី លោកនៅតែបន្តការពារជាមួយប្រជាពលរដ្ឋនៅតាមព្រំដែនឲ្យទាល់តែបាន។
«សំឡេង»
ចំណែកឯលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ វិញ បានឡើងថ្លែងសារនយោបាយក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នក គាំទ្រថា ការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជារឿងសំខាន់ដែលជំរុញឲ្យគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតនៅពេលខាងមុខ។
លោក កឹម សុខា បញ្ជាក់ថា ប្រទេសជប៉ុន គេយល់ព្រមផ្ដល់ជំនួយផ្នែកបច្ចេកទេស ដើម្បីរៀបចំការបោះឆ្នោតប្រកបដោយត្រឹមត្រូវនិងយុត្តិធម៌នៅ កម្ពុជា ដោយប្រើបច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យស្នាមមេដៃរបស់អ្នក ដែលមានសិទ្ធិបោះឆ្នោត។ លោកបន្តថា ការធ្វើដូចនេះ មិនអាចឲ្យគណបក្សនយោបាយណាក្លែងបន្លំ ឬការលួចសន្លឹកឆ្នោតបានទៀតឡើយ។
«សំឡេង»
បន្ទាប់ពីការថ្លែងសារនយោបាយរបស់ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិក្នុងឱកាសនោះសមាជិកអ្នកគាំទ្របាន ដាក់សំណួរទៅកាន់មេដឹកនាំគណបក្សទាំង២ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋអ្នកចូលរួមគាំទ្រគណបក្សមកពីភូមិស្វាយស្អែ ឃុំតាសួស ស្រុកស្វាយជ្រំ លោក ងិន សាវុន ឡើងថ្លែងស្នើឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយការធ្វើអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋ ឲ្យបានស្មើភាពគ្នាដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ។ លោកថា ប្រជាពលរដ្ឋអ្នកគ្រាំទ្រគណបក្សប្រឆាំងនៅខេត្តស្វាយរៀង មានបញ្ហាធ្វើអត្តសញ្ញាណប័ណ្ណនេះ។
«សំឡេង»
មេដឹកនាំគណបក្សប្រឆាំងបានឆ្លើយយល់ព្រមក្នុងឱកាសនោះថា នឹងដោះស្រាយតាមសំណើរបស់សមាជិកម្ចាស់ឆ្នោត។
នៅរសៀល ថ្ងៃដដែលនេះ មេដឹកគណបក្សសង្គ្រោះជាតិ បន្ទាប់ពីថ្លែងសារនយោបាយបានបន្តដំណើរទៅត្រួតពិនិត្យតម្រុយបង្គោល ព្រំដែនដែលវៀតណាម បោះបង្គោលចូលដីខ្មែរនៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង៕
No comments:
Post a Comment