ទាហានថៃ រាយលួសបន្លា ប្រវែង ១៥០ម៉ែត្រ ជិតប្រាសាទ ព្រះវិហារ
ដោយ ហង្ស សាវយុត / RFA | ៣១ ឧសភា ២០១៤
ទាហានខ្មែរ (ខាងស្ដាំ) អង្គុយ ជាមួយ ទាហានថៃ នៅក្បែរ ប្រាសាទព្រះវិហារ នាថ្ងៃ ទី២០ កក្កដា ២០០៨។ RFA/Hang Savyouth
រយៈពេល ៣ថ្ងៃ កន្លងមកហើយ ទាហានថៃ បានដាក់រាយ លួសបន្លា ប្រហែលជាង ១០០ម៉ែត្រ នៅតំបន់ ស្រះត្រាវ ភាគខាងលិចឆៀងខាងត្បូង មិនឆ្ងាយប៉ុន្មាន ពីប្រាសាទ ព្រះវិហារ។ យោធាខ្មែរ ចាត់ទុកសកម្មភាព របស់ ទាហានថៃ នេះថា ជាការ ដែលអាចបង្ក ឱ្យមានបញ្ហា ព្រំដែន ជាថ្មី បន្ទាប់ ពីការប្រឈមមុខ ដាក់គ្នា រវាង កងទ័ព បានស្ងប់ស្ងាត់ ជាច្រើន ឆ្នាំមកហើយ។
មេបញ្ជាការយោធាខ្មែរដែលគ្រប់គ្រងកងកម្លាំងការពារព្រំដែន ជុំវិញតំបន់ប្រាសាទព្រះវិហារ បានស្នើឱ្យទាហានថៃ នៅខ្សែត្រៀមជួរមុខ ធ្វើការរុះរើលួសបន្លាប្រវែង ១៥០ម៉ែត្រ ដែលទើបតែដាក់រាយកាលពីពេលថ្មីៗនោះចេញវិញ។
មេបញ្ជាការកងយោធពលខេមរភូមិន្ទ នៃកងពលធំអន្តរាគមន៍លេខ៣ គឺលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី៣១ ខែឧសភា ថា កងទ័ពថៃ ដែលដាក់រាយលួសបន្លានៅតាមតំបន់ជម្លោះព្រំដែន ជិតប្រាសាទព្រះវិហារនោះ គឺមិនត្រឹមត្រូវទេ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បញ្ជាក់ទៀតថា លោកកំពុងព្យាយាមប្រាប់ទៅទាហានថៃ ឱ្យរុះរើលួសបន្លានោះចេញ ពីព្រោះយោងតាមដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុង ឡាអេ ដែលប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅ គឺបានហាមឃាត់ភាគីជម្លោះកម្ពុជាថៃ មិនឱ្យធ្វើអ្វីនៅតំបន់ទាំងនោះទេ ត្រូវរង់ចាំការដោះស្រាយរឿងព្រំដែនឱ្យច្បាស់លាស់ជាមុនសិន។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក៖ «យើងសម្រួលជាមួយគាត់ ឱ្យគាត់ដកចេញទៅ កុំឱ្យដាក់អ៊ីចឹង វានាំតែមានបញ្ហា។ យើងបានជូនដំណឹងឱ្យគាត់ហើយ ធ្វើលិខិតផ្ញើទៅ ហើយក៏បានជួប ក៏បានជួបគ្នា និងបានជជែកគ្នាហើយ ណាមួយទៀត មេៗរបស់គាត់រវល់ទៅទីក្រុងបាងកក ឯណោះ។ អ៊ីចឹងមិនទាន់មានចម្លើយអីដែលថា តើយើងត្រូវដោះស្រាយយ៉ាងម៉េច?»
ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីទាហានថៃ មួយក្រុមនៅខ្សែត្រៀមជួរមុខ បានយកលួសបន្លាមកដាក់រាយនៅតំបន់ស្រះបុរាណឈ្មោះស្រះត្រាវ នៅភាគខាងលិចឆៀងខាងត្បូង មិនឆ្ងាយពីប្រាសាទព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។
ទោះយ៉ាងណា នៅថ្ងៃសៅរ៍ នេះ វិទ្យុអាស៊ីសេរី មិនទាន់អាចសុំប្រតិកម្មពីមន្ត្រីក្រសួងការបរទេសខ្មែរ ជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយ។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុកថា សកម្មភាពរបស់ទាហានថៃ នេះមិនបាច់និយាយអំពីច្បាប់ផ្សេងៗទេ គ្រាន់តែនិយាយអំពីសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិតែមួយ គឺភាគីថៃ ខុសទាំងស្រុង៖ «យើងនិយាយអំពីដីកាបង្គាប់ អំពីការសម្រេចចិត្តរបស់តុលាការអន្តរជាតិ ដែលបានដាក់ជាធរមាន កាលពីឆ្នាំកន្លងមកនោះ គឺហាមមិនឱ្យមានចលនាសកម្មភាពយោធាណាមួយនៅក្នុងតំបន់នោះទេ។ នេះ ជាការរំលោភលើដីកាបង្គាប់ហើយ។»
ប្រភពពីទាហានខ្មែរដែលប្រចាំការពារព្រំដែនជិតប្រាសាទព្រះវិហារ ឱ្យដឹងថា ៣-៤ថ្ងៃកន្លងមកនេះ ទាហានថៃ ដែលនៅទល់មុខគ្នា ហាក់ដូចជាធ្វើសកម្មភាពខុសធម្មតា បន្ទាប់ពីការប្រឈមមុខដាក់គ្នាក្នុងរឿងជម្លោះព្រំដែនបាន ស្ងប់ស្ងាត់ជាច្រើនឆ្នាំមកហើយ។
ថៃ ធ្លាប់បញ្ជូនទាហានរាប់រយនាក់ ចូលលុកលុយទីវត្តខ្មែរកែវសិក្ខាគីរីស្វារៈ ជិតប្រាសាទព្រះវិហារ កាលពីខែកក្កដា ឆ្នាំ២០០៨ និងបន្ទាប់មក កងទ័ពខ្មែរថៃ បានប៉ះប្រយុទ្ធគ្នាជាច្រើនលើក ដោយសារតែជម្លោះព្រំដែន។ ក៏ប៉ុន្តែ ការប្រឈមមុខដាក់គ្នាដោយកងទ័ពបានស្ងប់ស្ងាត់ទៅវិញ នៅពេលដែល អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ជាប្អូនរបស់ លោក ថាក់ ស៊ីន បានឈ្នះឆ្នោត ហើយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ជាច្រើនឆ្នាំមកនេះ៕
No comments:
Post a Comment