បុគ្គលិក ស្ថានីយ ប្រេងឥន្ធនៈ កាល់តិច ធ្វើកូដកម្ម ទាមទារ ដំឡើងប្រាក់ខែ
ដោយ ឡេង ម៉ាលី / RFA | 12 May 2014
បុគ្គលិក ស្ថានីយ ប្រេងឥន្ធនៈ កាល់តិច (Caltex) បូកគោ
ធ្វើកូដកម្ម ទាមទារ ដំឡើងប្រាក់ខែ ១៦០ដុល្លារ
និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗ នៅព្រឹកថ្ងៃ ទី១២ ឧសភា ឆ្នាំ២០១៤។
បុគ្គលិក ធ្វើកូដកម្ម មួយរូប នៅស្ថានីយ បឹងកេងកង លោក ជូ វណ្ណា ឱ្យដឹងថា, ការធ្វើកូដកម្មនេះ គឺ បន្ទាប់ ពីការចរចា រកប្រាក់ អត្ថប្រយោជន៍ របស់ បុគ្គលិក ជាមួយ ក្រុមហ៊ុន មិនមានដំណោះស្រាយ សមស្រប។
លោក ជូ វណ្ណា បន្តថា ក្រុមហ៊ុនកាត់ប្រាក់ខែទី១៣ ឬប្រាក់រង្វាន់ តាំងពីឆ្នាំ២០០៨ មក។
បុគ្គលិកមួយរូបទៀត គឺលោក ឈួន សុភ័ណ្ណារ៉ា ថ្លែងថា ពួកគាត់ទាមទារប្រាក់អត្ថប្រយោជន៍មួយចំនួន ដែលក្នុងចំណោមនោះ ទាមទារ ៣ចំណុចសំខាន់ គឺទីមួយ ឱ្យក្រុមហ៊ុនដំឡើងប្រាក់ខែដល់ ១៦០ដុល្លារ ទីពីរ ទាមទារប្រាក់ខែបន្ថែម ១ខែក្នុងមួយឆ្នាំ និងទីបី ទាមទារប្រាក់ជប់លៀងប្រចាំឆ្នាំ ដែលធ្លាប់មាន ហើយត្រូវក្រុមហ៊ុនកាត់វិញ ចាប់តាំងពីឆ្នាំ២០០៨ មក។
លោក សុភ័ណ្ណារ៉ា ឱ្យដឹងថា ក្នុងពេលតវ៉ានៅពេលព្រឹក ប្រធានតំបន់នៃក្រុមហ៊ុនកាល់តិច បានជួបចរចាជាមួយពួកលោក ដើម្បីឱ្យចូលធ្វើការវិញ ក៏ប៉ុន្តែពួកលោកមិនព្រម។
«សំឡេង»
នៅថ្ងៃដដែលនេះ សហភាពសហជីពកម្ពុជា ចេញសេចក្ដីថ្លែងការណ៍មួយគាំទ្រការធ្វើកូដកម្មរបស់បុគ្គលិកចាក់ សាំងក្រុមហ៊ុនកាល់តិច។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា សហភាពសហជីពលោកចូលរួមលើកទឹកចិត្តបុគ្គលិកទាំងនោះ ហើយជំរុញឱ្យធ្វើកូដកម្មដោយសន្តិវិធី និងបន្តរហូតដល់មានដំណោះស្រាយ៖ «ខ្ញុំ មានជំនឿ ជឿជាក់ថា នឹងមាន ដំណោះស្រាយ ក្នុងពេល ឆាប់ៗ នេះ, ហើយ សូម ឱ្យក្រុមហ៊ុន កាល់តិចហ្នឹង ត្រូវ ពិនិត្យពិចារណា ឡើងវិញ, ហើយ នឹងផ្ដល់ដំណោះស្រាយ ពីព្រោះ ក្រុមហ៊ុន កាល់តិច ជាក្រុមហ៊ុនមួយ មកពីសហរដ្ឋអាមេរិក។ ដូច្នេះហើយ ត្រូវតែ ពិនិត្យមើល លក្ខខណ្ឌ ការងារ, ត្រូវតែ គោរព ទៅតាមច្បាប់ ការងារ, ហើយ គិតគូរ អំពី ប្រាក់ឈ្នួល ឱ្យបានសមរម្យ។ យើងគិតថា ការទាមទារ ១៦០ដុល្លារនេះ មិនជាហួសហេតុ នោះទេ បើ គ្រាន់តែ ចង់បាន ការរស់នៅ មួយសមរម្យ ថ្លៃថ្នូរ ជាមនុស្ស តែប៉ុណ្ណឹង។»
ក្រុមបុគ្គលិកដែលធ្វើកូដកម្មឱ្យដឹងថា ពួកគាត់បច្ចុប្បន្នបានទទួលប្រាក់ខែគោលចន្លោះពី ១១០ដុល្លារ ទៅ ១៣០ដុល្លារ គឺតាមតួនាទីជាអ្នកគិតលុយ និងអ្នកចាក់សាំង។ ពួកគាត់បន្តថា ការតវ៉ាដំឡើងប្រាក់ខែដូច្នេះ ក៏ព្រោះទំនិញឡើងថ្លៃ។
ទាក់ទងនឹងការធ្វើកូដកម្មនេះ មន្ត្រីតំណាងក្រុមហ៊ុនកាល់តិច នៅភ្នំពេញមួយរូប គឺអ្នកស្រី ថន ចាន់លេខ ថ្លែងថា អ្នកស្រីមិនទាន់អាចធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃច័ន្ទ ទី១២ ឧសភា។
តំណាងសហព័ន្ធសហជីពកម្មករផ្នែកចំណីអាហារ និងសេវាកម្មកម្ពុជា ក្រុមហ៊ុនព្យាយាមជួបចរចាជាមួយតំណាងកម្មករប្រចាំក្រុមហ៊ុន ប៉ុន្តែកម្មករមិនព្រម ព្រោះការចរចានោះមិនមានតំណាងសហព័ន្ធចូលរួម។ ក្រុមបុគ្គលិកកម្មករ ដែលធ្វើកូដកម្មថ្លែងថា ពួកគាត់នឹងបន្តការទាមទារនេះរហូតទាល់តែមានដំណោះស្រាយទើបចូល ធ្វើការវិញ៕
No comments:
Post a Comment