កិច្ចប្រជុំ ចរចា រវាង បុគ្គលិក កម្មករ និងតំណាង ក្រុមហ៊ុន កាល់តិច មិនទាន់ ត្រូវរ៉ូវគ្នា
ដោយ ឡេង ម៉ាលី / RFA | 20 May 2014
បុគ្គលិកស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) បូកគោ
ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ
និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ នៅព្រឹកថ្ងៃទី១២ ឧសភា ឆ្នាំ២០១៤។ RFA/Leng Maly
កិច្ចប្រជុំ ចរចា រវាង បុគ្គលិក កម្មករ និងតំណាង ក្រុមហ៊ុន ប្រេងឥន្ធនៈ កាល់តិច (Caltex) ដែលមានវិវាទ នៅរាជធានី ភ្នំពេញ មិនត្រូវគ្នាទេ នៅល្ងាចថ្ងៃ ទី២០ ឧសភា។
ប្រធាន សហជីព កម្មករ មូលដ្ឋាន នៅក្រុមហ៊ុន កាល់តិច លោក យឿន រ៉េត ថ្លែងថា, ខាងក្រុមហ៊ុន មិនយល់ព្រម តាមចំណុច ទាមទារ របស់ បុគ្គលិក កម្មករទេ ទោះបី ជាបុគ្គលិក កម្មករ យល់ព្រម ឱ្យមាន ការសិក្សា លើប្រាក់ខែ រយៈពេល ២ខែក្ដី៖ «បដិសេធ នូវសំណើទាំង ៥ចំណុចហ្នឹង។ រឿងចំណុច ទី១ ដូចជារឿងឃ្លីន (Clean) (អ្នកសម្អាត) អីហ្នឹង, គេ កំពុងបកស្រាយ ទៅលើច្បាប់ មាត្រា១៦៨ អីអ៊ីចឹងទៅ, ហើយ ការរើសឃ្លីនហ្នឹង, គេ បន្តរើស នៅដដែល។ ការជប់លៀង គឺ គេ បានបដិសេធ។ ប្រាក់ខែ ទី១៣ ក៏បានបដិសេធ និងការដំឡើង ប្រាក់ឈ្នួល ទាបបំផុត ១៦០ដុល្លារ ប្រាក់គោលហ្នឹង គឺ រក្សាជំហរ នៅសិក្សា ដដែល។ ខាងយើង ក៏បានប្រាប់ ដែរថា, ការសិក្សា ក៏សិក្សាទៅ, ប៉ុន្តែ ឃើញយ៉ាងណា ឱ្យដំឡើង ត្រឡប់ មកវិញ តាំងពីខែ៤ ដូចក្រុមហ៊ុន ដាក់មកថ្ងៃមុន, ហើយ យើង នឹងទាត់ចោល នូវកញ្ចប់កញ្ចប់ ប្រាក់ ២០ដុល្លារ ដើម្បី ឱ្យយើង ងាយសម្របសម្រួល ឆាប់បាន ធ្វើការវិញ, កុំ ឱ្យមាន ការខាតបង់ ទាំងអស់គ្នា។ ប៉ុន្តែ ក្រុមហ៊ុន មិនបាន យល់ព្រម ទៅលើ ចំណុច ទាំងអស់ហ្នឹងទេ។»
លោក យឿន រ៉េត បញ្ជាក់ថា ករណី វិវាទ ដែលមិនសះ ជាគ្នា នៅល្ងាចថ្ងៃ ទី២០ ឧសភា នេះ នឹងត្រូវ បញ្ជូនបន្តទៅ ក្រុមប្រឹក្សា អាជ្ញាកណ្ដាល ដើម្បី ដោះស្រាយ។ លោកថា ពួកលោក នៅរក្សាជំហរ ធ្វើកូដកម្ម ជាបន្តទៀត ដដែល៕
No comments:
Post a Comment