ពលរដ្ឋ ប្រហែល ៥ម៉ឺននាក់ ប្រឈម នឹងឆ្លងមេរោគ អេដស៍ ជំងឺអេដស៍
ដោយ វោហារ ជាតិ / RFA | 15 May 2014
ប្រជាពលរដ្ឋខ្មែរ ប្រហែល ៥ម៉ឺននាក់ ប្រឈម នឹងការឆ្លង មេរោគ អេច្ឆ អាយ វី (HIV) និងជំងឺអេដស៍ (AIDS) ខ្ពស់នាសព្វថ្ងៃ។
ប្រធាន មជ្ឈមណ្ឌល ជាតិ ប្រយុទ្ធ នឹងមេរោគ អេដស៍ ជំងឺ អេដស៍ សើស្បែក និងជំងឺកាមរោគ លោកវេជ្ជបណ្ឌិត មាន ឈីវុន មានប្រសាសន៍ថ្ងៃទី១៥ ឧសភា ថា ក្នុងចំណោមមនុស្សដែលប្រឈមនឹងការឆ្លងខ្ពស់ជាងគេនោះ គឺក្រុមស្ត្រីធ្វើការបម្រើសេវាកម្សាន្តនៅតាមហាងខារ៉ាអូខេ ហាងបៀរហ្គាឌិន និងហាងម៉ាស្សា ជាដើម ដែលសរុបមានស្ត្រីធ្វើការប្រហែល ៣ម៉ឺន ៥ពាន់នាក់ ក្រុមចាក់គ្រឿងញៀនតាមសរសៃឈាមប្រហែល ១ម៉ឺននាក់ ក្រុមបុរសស្រឡាញ់បុរសជាង ៨ពាន់នាក់។
លោកវេជ្ជបណ្ឌិតរំលឹកថា កន្លងមកកម្ពុជា បានប្រឹងប្រែងកាត់បន្ថយអត្រាឆ្លងនេះបានជោគជ័យច្រើនហើយ តែក្រសួងសុខាភិបាល នៅតែប្រឹងប្រែងបន្តទៀត ដើម្បីឈានទៅលប់បំបាត់អត្រាឆ្លងឲ្យបានទាំងស្រុង។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ សើស្បែក និងជំងឺកាមរោគ បង្ហាញថា មានអ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ប្រហែល ៧ម៉ឺន ១ពាន់នាក់ ក្នុងនោះមានកុមារជិត ៧ពាន់នាក់។ ក្រសួងសុខាភិបាល មានគម្រោងលុបបំបាត់អ្នកឆ្លងមេរោគថ្មីឲ្យអស់នៅឆ្នាំ២០២០៕
No comments:
Post a Comment