មេធាវី ជនរងគ្រោះ នឹងប្ដឹងលោក ហ៊ុន សែន ទៅតុលាការ អន្តរជាតិ នៅសប្ដាហ៍ក្រោយ
ដោយ យន់ សាមៀន / RFA | 7 May 2014
លោក មូរតុន ក្លា (Morton Sklar) មេធាវីអាមេរិកាំង ដែលបានដាក់ពាក្យបណ្ដឹងប្រឆាំង លោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ កាលពីខែមីនា កន្លងទៅ បានឲ្យដឹងថា លោកមេធាវី រីឆាដ រ៉ចជើរ (Richard Rogers) មកពីក្រុមមេធាវី Global Diligence នៅប្រទេសអង់គ្លេស នឹងដាក់ពាក្យបណ្ដឹងថ្មីមួយទៀត ដែលមានព័ត៌មានលម្អិតផ្ដោតលើការប្រើប្រាស់អំពើហិង្សាជាប្រព័ន្ធ ទៅលើពលរដ្ឋស្លូតត្រង់ ដែលចូលរួមការតវ៉ានយោបាយ និងបាតុកម្មប្រឆាំងនឹងការបង្ខំបណ្ដេញចេញពីផ្ទះសម្បែង និងសកម្មជនសិទ្ធិមនុស្ស។
ពាក្យបណ្ដឹងថ្មីនេះ មានគោលដៅពន្យល់តុលាការបន្ថែមថា បទឧក្រិដ្ឋទាំងឡាយដែលបានដាក់បញ្ចូលក្នុងបណ្ដឹងនេះ គឺឋិតនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូម (Rome) ដែលអាចឲ្យតុលាការយកករណីនេះមកជំនុំជម្រះបាន។ នេះជាបណ្ដឹងទី៤ ប្រឆាំងនឹងលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ បច្ចុប្បន្នតុលាការបានទទួលយកបណ្ដឹងបីផ្សេងទៀតមកពិនិត្យ មុននឹងបញ្ជូនករណីទាំងនោះទៅធ្វើការជំនុំជម្រះ៕
No comments:
Post a Comment