Paris Peace Accords 23 Oct. 1991

Saturday, May 31, 2014

ពលរដ្ឋ​ ជាង​៣០០ ​គ្រួសារ ​រស់នៅ ​លើ​ដី​ចម្ការ​ កៅស៊ូ ​រដ្ឋ​ ខេត្ត​រតនគិរី​ ស្នើសុំ​ អាជ្ញាធរ​ផ្ដល់​ដី

ពលរដ្ឋ​ ជាង​៣០០ ​គ្រួសារ ​រស់នៅ ​លើ​ដី​ចម្ការ​ កៅស៊ូ ​រដ្ឋ​ ខេត្ត​រតនគិរី​ ស្នើសុំ​ អាជ្ញាធរ​ផ្ដល់​ដី

ដោយ រដ្ឋា វិសាល / RFA | ​២៩ ឧសភា ២០១៤

ជម្លោះ​ដីធ្លី រតនគិរី ៦១០
១៩-ឧសភា-២០១៤៖ ខ្ទម​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​នានា សង់​ក្នុង​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នោ​ស្រុក​អូរជុំ ខេត្ត​រតនគិរី។  RFA/Ratha Visal

ប្រជាពលរដ្ឋ ​អ្នក​តាំង​ទីលំនៅ​ លើ​ដី​ចម្ការ ​កៅស៊ូ​រដ្ឋ នៅ​ភូមិ​ ថារ៉ងជង ឃុំ ​អូរជុំ ស្រុក​ អូរជុំ ខេត្ត ​រតនគិរី ជាង៣០០​ គ្រួសារ សំណូមពរ ​ទៅ​រាជ​រដ្ឋាភិបាល សូម ឲ្យ​ផ្តល់​ដី​ ដែល​ពួក​គាត់ ​កំពុង​រស់នៅ ​ធ្វើ​ការ​អភិវឌ្ឍ​ នៅ​ នឹង​កន្លែង ដើម្បី​ ឲ្យ​ប្រជាពលរដ្ឋ​ មាន​ដី​ សង់​លំនៅឋាន ​រស់នៅ រួច​ផុត ​ពី​ភាព​ក្រីក្រ និង​ខ្វះ​ជម្រក​ ស្នាក់​នៅ។

ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ជាង ៣០​គ្រួសារ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ បាន​ប្រមូល​ផ្តុំ​គ្នា​សង់​រោង​សំពត់​កៅស៊ូ ស្នាក់​នៅ​ជា​ថ្មី​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​ប្រើប្រាស់​វិធានការ​ផ្លូវ​តុលាការ បណ្ដេញ​ដោយ​បង្ខំ និង​រុះរើ​រោង​ស្នាក់​នៅ​របស់​ពួក​គេ​ប្រមាណ ៣០​រោង កាល​ពី​សប្ដាហ៍​មុន។

ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​ជីវភាព​រស់នៅ គឺ​ជា​ប្រធានបទ​សំខាន់ ដែល​ប្រជាពលរដ្ឋ​ទាំង​នោះ​កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ អង្គការ​សង្គម​ស៊ីវិល អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រិះរក​មធ្យោបាយ​ជួយ​ពួក​គាត់​រួច​ផុត​ពី​ភាព​ខ្វះ​ដី​សង់​លំនៅឋាន។

នៅ​ក្នុង​សិក្ខា​សាលា​ស្ដីពី​សិទ្ធិ​ដីធ្លី ធនធាន​ធម្មជាតិ រៀបចំ​ឡើង​ដោយ​សមាគម​អាដហុក (adhoc) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ព្រឹទ្ធាចារ្យ អាយុ ៦៥​ឆ្នាំ លោកតា សៅ ធាន មាន​ប្រសាសន៍​ថា ការ​រុះរើ​បង្ខំ​ទៅ​លើ​កន្លែង​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ។ លោក​បន្ត​ថា អ្នក​ភូមិ​ជាង ១០០​គ្រួសារ បាន​មក​តាំង​ទីលំនៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ច្រើន​ឆ្នាំ​មក​ហើយ ហេតុ​នេះ​អាជ្ញាធរ​គួរ​កាត់​ដី​នោះ​ចេញ​ពី​ដី​វិនិយោគ​របស់​ក្រុមហ៊ុន ហើយ​រៀបចំ​អភិវឌ្ឍ​ប្រជាពលរដ្ឋ​នៅ​នឹង​កន្លែង ដែល​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ងាយ​ស្រួល មាន​ផ្លូវ​គមនាគមន៍​ធ្វើ​ដំណើរ និង​ជិត​ទីផ្សារ សាលារៀន សម្រាប់​កូន​ចៅ​បាន​រៀន​សូត្រ៖ «មុន​ដំបូង សមត្ថកិច្ច​គេ​មក​ហ្នឹង​មាន​មេ​ឃុំ​គេ​មក​ប្រាប់​ថា ឲ្យ​យើង​រុះរើ គេ​ថា​អត់​រុះរើ​ទេ​ផ្ទះ​ចាស់ គេ​រុះរើ​តែ​ផ្ទះ​ថ្មី​ទេ សូម​បងប្អូន​ដែល​នៅ​ចាស់ កុំ​ជ្រួលច្របល់។ យើង​ខ្ញុំ​ចាស់​ដែល​រស់នៅ​យូរ​ហើយ​ហ្នឹង អត់​មាន​រវីរវល់​ទេ ស្រាប់​តែ​រុះរើ​វាយ​ខ្ទេច​អស់ គេ​ថា​ចុះ​អា​ចាស់​ទុក​ធ្វើ​អ្វី​ដាក់​ឲ្យ​រាប​ទៅ បាន​គេ​លេង​ព្រុល​អស់​ផ្ទះ​ពីរ បាន​ពួក​ខ្ញុំ​ទប់ទល់​វិញ​បាន។»

ចំណែក​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មួយ​រូប​ទៀត គឺ​លោក ឈុន សុភា រៀបរាប់​ដែរ​ថា កំណើន​ប្រជាពលរដ្ឋ​មក​រស់នៅ​តំបន់​នេះ ទាំង​ប្រជាពលរដ្ឋ​ចាស់ និង​អ្នក​មក​រស់នៅ​ថ្មីៗ គឺ​មក​ពី​ភាព​ក្រីក្រ​គ្មាន​ដី ហើយ​ពួក​គាត់​ត្រូវ​ការ​ដី​មួយ​ចំណែក​តូច​ក្នុង​មួយ​គ្រួសារៗ ដើម្បី​សង់​លំនៅឋាន​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ពួក​គាត់​បាន​បោះ​បង់​ចោល​ស្រុក​កំណើត មក​រស់នៅ​ខេត្ត​រតនគិរី ច្រើន​ឆ្នាំ ធ្វើ​កម្មករ​ចម្ការ​កៅស៊ូ​មិន​មាន​ប្រាក់​ទិញ​ដី ឬ​ជួល​ផ្ទះ​ស្នាក់​នៅ​ឡើយ៖ «ជួយ​រក​ដំណោះស្រាយ ហើយ​និង​ដោះស្រាយ​គោល​នយោបាយ​ណា​មួយ​ដែល​ថា ឲ្យ​ខ្ញុំ​រស់​នៅ​ទី​នោះ​ពិត​ប្រាកដ ខ្ញុំ​មិន​ទាមទារ​ច្រើន​ទេ ជា​លក្ខណៈ​គ្រួសារ​សម្រាប់​ចិញ្ចឹម​ប្រពន្ធ​កូន​ទៅ​មុខ​ទៀត។»

ស្ថិតិ​របស់​អាជ្ញាធរ​ឃុំ​អូរជុំ មុន​ឆ្នាំ​២០១០ ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​នានា និង​កម្មករ​ចម្ការ​កៅស៊ូ មក​តាំង​ទីលំនៅ​នៅ​តំបន់​នោះ​មាន ៥១​គ្រួសារ។ តួលេខ​នេះ​កើន​ឡើង​ដល់​ជាង ១០០​គ្រួសារ ក្នុង​ឆ្នាំ​២០១៣ និង​កើន​ឡើង​ដល់​ជាង ៣០០​គ្រួសារ​នា​ពេល​បច្ចុប្បន្ន។

អភិបាល​ស្រុក​អូរជុំ លោក សាក់ សុន ធ្លាប់​បាន​បញ្ជាក់​ថា កន្លង​ទៅ​នេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​អនុគ្រោះ​ឲ្យ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ ធ្វើ​កិច្ច​សន្យា​តាំង​ទីលំនៅ​បណ្ដោះអាសន្ន​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ និង​មិន​អនុញ្ញាត​ឲ្យ​ពង្រីក​ដី​ដាំ​ដុះ​ដំណាំ​យុទ្ធសាស្ត្រ និង​ពង្រីក​លំនៅឋាន រង់ចាំ​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត ក៏ប៉ុន្តែ​អ្នក​តាំង​ទីលំនៅ​ខុស​ច្បាប់ បាន​ល្មើស​ការ​ណែនាំ និង​មាន​ប្រជាពលរដ្ឋ​ថ្មីៗ​បន្ថែម​ទៀត​ចូល​មក​ចាប់​ដី ធ្វើ​រោង​ប្រក់​សំពត់​កៅស៊ូ​ដោយ​បំពាន​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ។

ប្រធាន​ការិយាល័យ​រដ្ឋបាល​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប័រ លោក ងិន បូរិន មាន​ប្រសាសន៍​បញ្ជាក់​កាល​ពី​សប្ដាហ៍​មុន​នេះ​ថា ក្រុមហ៊ុន​បាន​ប្ដឹង​ករណី​នេះ​តាម​ផ្លូវ​តុលាការ​រួច​ហើយ ដើម្បី​ការពារ​ដី​វិនិយោគ​របស់​រដ្ឋ។ លោក​ថា នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​តាម​កិច្ច​សន្យា​វិនិយោគ​ ជាមួយ​ក្រសួង​កសិកម្ម។

មន្ត្រី​តុលាការ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៣ កន្លង​ទៅ​បាន​ដឹក​នាំ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ប្រមាណ ២០០​នាក់ ចុះ​ទៅ​រុះរើ​សំណង់​ខ្ទម​ប្រជាពលរដ្ឋ​សង់​នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ នៅ​ចំណុច​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី ប៉ុន្តែ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​សំណង់​អនាធិបតេយ្យ​នោះ​ប្រមាណ ៧០០​នាក់ បាន​រារាំង​កម្លាំង​អាជ្ញាធរ ដោយ​បិទ​ផ្លូវ​មិន​ឲ្យ​ធ្វើ​ចរាចរ។

អភិបាល​រង​ខេត្ត​រតនគិរី និង​ជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ថ្នាក់​ខេត្ត លោក លី វិន អះអាង​ថា បាន​សម្រប​សម្រួល​ឲ្យ​ក្រុម​សមត្ថកិច្ច​ផ្អាក​ការ​រុះរើ​នេះ​ហើយ ជាពិសេស​មិន​មាន​ផែនការ​ឲ្យ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ អ្នក​រស់នៅ​យូរ​ឆ្នាំ​លើ​ដី​នេះ​ទេ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅ​ថ្មី គឺ​ជា​បញ្ហា​ដែល​អាជ្ញាធរ​ត្រូវ​បណ្ដេញ​ចេញ​ជា​បណ្ដោះអាសន្ន។ ចំណែក​ប្រជាពលរដ្ឋ​ទាំង​នោះ ត្រូវ​បំពេញ​លក្ខខណ្ឌ​ជា​ពលរដ្ឋ​គ្មាន​ដី​ពិត​ប្រាកដ ដើម្បី​អាជ្ញាធរ​អនុវត្ត​គោល​នយោបាយ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​ការ​តាំង​ទីលំនៅ​របស់​ពួក​គាត់៖ «ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ ១០២​គ្រួសារ​នេះ គឺ​ខ្ញុំ​សុំ​រក្សា​ទុក​នៅ​នឹង​កន្លែង​សិន។ ដោយ​ឡែក​អ្នក​មក​រស់នៅ​ថ្មី​ក្រោយ​ពី​ការ​កាប់​ដើម​កៅស៊ូ​ចាស់ ដាំ​ដើម​កៅស៊ូ​ថ្មី គឺ​ខ្ញុំ​សម្រួល​គាត់​ឲ្យ​គាត់​ធ្វើ​ពាក្យ​សុំ​សម្បទាន​សង្គម នៅ​កន្លែង​ដែល​យើង​បាន​គ្រោង​ទុក គឺ​នៅ​ស្រុក​កូនមុំ។»

ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ខេត្ត​រតនគិរី ជាង ៣​ពាន់​ហិកតារ បន្សល់​ពី​សម័យ​សង្គម​រាស្ត្រ​និយម បាន​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចិន ឈ្មោះ ស្វីហ្វ រ៉ាប់ប័រ រតនគិរី ប្លិនថេសិន (Swift Rubber Rattanakiri Plantation)។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​កាប់​ដើម​កៅស៊ូ​ចាស់​ចោល ហើយ​ដាំ​ថ្មី​ឡើង​វិញ។

ប្រធាន​កម្មវិធី​ដីធ្លី​ធនធាន​ធម្មជាតិ​សមាគម​អាដហុក លោក ឡាត់ គី កត់​សម្គាល់​ដែរ​ថា យន្តការ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ចំពោះ​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ រស់នៅ​លើ​ដី​ចម្ការ​កៅស៊ូ​ច្រើន​ឆ្នាំ គឺ​ជា​ជម្រើស​ប្រសើរ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ និង​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ចំពោះ​ប្រជាពលរដ្ឋ​អ្នក​តាំង​ទីលំនៅ​ថ្មី​ដែល​គ្មាន​ដី​ពិត​ប្រាកដ៖ «១០០ ​គ្រួសារ​ដែល​បាន​តាំង​ទី​នៅ​ទីនោះ​យូរ​ហើយ គួរ​តែ​ផ្តល់​អាទិភាព​ដល់​ពួក​គាត់។ ហើយ​អាទិភាព​ទី​ពីរ អាស្រ័យ​លើ​ខេត្ត​លៃលក​រក​ទីតាំង​កន្លែង​ណា​សម្រាប់​ដោះស្រាយ ប្រសិន​ណា​ពួក​គាត់​ជា​ជន​ក្រីក្រ​គ្មាន​លទ្ធភាព​ស្វែង​រក​ដី​សម្រាប់​រស់នៅ ​មែន។»

តួលេខ​របស់​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប័រ កាល​ពី​ឆ្នាំ​២០១៣ មាន​ប្រជាពលរដ្ឋ និង​កម្មករ​រស់នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ខុស​ច្បាប់ នៅ​ខេត្ត​រតនគិរី ជាង ២០០​គ្រួសារ នៅ​ស្រុក​អូរជុំ និង​ក្រុង​បានលុង។ បច្ចុប្បន្ន នៅ​ឃុំ​កាចាញ ក្រុម​អាជ្ញាធរ និង​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​តាំង​ទីលំនៅ​បណ្ដោះអាសន្ន​លើ​ទំហំ​ ក្បាល​ដី​ដែល​ប្រជាពលរដ្ឋ​ចូល​កាន់​កាប់​ជាក់ស្តែង និង​បណ្តោយ​ក្បាល​ដី ៦០​ម៉ែត្រ៕



No comments:

Post a Comment