សកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់បក្សសង្គ្រោះជាតិ នាក្រុងសៀមរាប នៅថ្ងៃ៨ ឧសភា ២០១៤។ |
មនុស្ស ប្រមាណ ១ម៉ឺននាក់ ចូលរួម ហែក្បួន ឃោសនា របស់ បក្សប្រឆាំង នៅសៀមរាប
RFA | 8 May 2014
សកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់បក្សសង្គ្រោះជាតិ នាក្រុងសៀមរាប នៅថ្ងៃ៨ ឧសភា |
សកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់បក្សសង្គ្រោះជាតិ នាក្រុងសៀមរាប នៅថ្ងៃ៨ ឧសភា ២០១៤។ |
ក្បួនយុទ្ធនាការឃោសនាតាមដងផ្លូវសំខាន់ៗមួយចំនួនរបស់ទីក្រុង ទេសចរណ៍នេះ គឺមេដឹកនាំនៃគណបក្សប្រឆាំងបានរិះគន់ទៅលើលោក ហ៊ុន សែន ដែលកាន់អំណាចរដ្ឋាភិបាលជាច្រើនឆ្នាំមកហើយ ថាមិនបានធ្វើឱ្យសេដ្ឋកិច្ចប្រទេសជាតិល្អប្រសើរ និងជីវភាពរបស់ប្រជាពលរដ្ឋបានធូរធារទេ។
ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី។ លោកអំពាវនាវដល់ក្រុមប្រជាពលរដ្ឋ សិស្ស និស្សិត កម្មករ បុគ្គលិកសណ្ឋាគារ បុគ្គលិកភោជនីយដ្ឋាន បុគ្គលិកក្រុមហ៊ុនផ្សេងៗ រួមទាំងអ្នកបើករថយន្តតាក់ស៊ី និងអ្នករត់រ៉ឺម៉កជាដើម ត្រូវរួមកម្លាំងគ្នាដើម្បីធ្វើការផ្លាស់ប្ដូរអ្នកដឹកនាំ រដ្ឋាភិបាលបច្ចុប្បន្នចោលចេញ។
លោក សម រង្ស៊ី បានបញ្ជាក់ថា អ្នកកាន់អំណាចក្នុងរដ្ឋាភិបាលបច្ចុប្បន្ន មិនបានគិតគូរដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋពិតប្រាកដទេ គឺមានតែធ្វើឱ្យសង្គមគ្មានយុត្តិធម៌ ឯយុវជន និស្សិត រៀនចេះដឹងតែគ្មានការងារធ្វើ។
លោក សម រង្ស៊ី៖ «កម្លាំងប្រជារាស្ត្រ ជារលកយក្សស៊ូណាមិ (TsuNami) នឹងមកបក់បោកដើម្បីអូសទាញអំណាចផ្ដាច់ការចេញពីប្រទេសកម្ពុជា ហើយយុវជនដែលចេះគិត ដែលស្រឡាញ់យុត្តិធម៌ ដែលបារម្ភអំពីអនាគតខ្លួនឯង ឥឡូវនេះយុវជនខ្វះការងារធ្វើច្រើនណាស់ បង្ខំខ្លួនធ្វើការងារដែលមិនពេញចិត្ត មិនគប្បីក៏មានដែរ។ ដូច្នេះយើង ត្រូវរៀបចំប្រទេសយើងឱ្យបានត្រឹមត្រូវ ដើម្បីផ្ដល់ការងារជូនយុវជនកូនខ្មែរឱ្យមានជីវភាពសមរម្យថ្លៃថ្នូរ ទាំងអស់គ្នា។»
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានមានប្រសាសន៍ថា នៅចំពោះមុខព្រះអង្គចេកព្រះអង្គចម ដែលមានឫទ្ធិបំផុតក្នុងទឹកដីខេត្តសៀមរាប គឺលោកសន្យាថា មិនក្បត់ឆន្ទៈប្រជារាស្ត្រ ហើយនឹងប្រឹងប្រែងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋផង។
ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា នេះ ប៉ូលិសបានរាយបណ្ដាក់កម្លាំងជាច្រើននៅតាមដងផ្លូវជាច្រើន ក៏ប៉ុន្តែមិនធ្វើការរារាំងអ្វីទេ ដោយកម្លាំងទាំងនោះជួយសម្រួលចរាចរណ៍តាមដងផ្លូវ និងការពារសន្តិសុខ៕
No comments:
Post a Comment