ព្រះសង្ឃ រាប់រយអង្គ ប្រោះទឹកមន្ត នៅក្រុង សៀមរាប
RFA | 12 May 2014
ខេត្តសៀមរាប ដែលជាតំបន់ សំបូរប្រាសាទ បូរាណ កំពុងទាក់ទាញ អ្នកទេសចរណ៍ បរទេស ឱ្យមកទស្សនា រាប់លាននាក់ ក្នុង១ឆ្នាំៗ។ ដោយសារ តែ កំណើន អ្នកទេសចរ បរទេស មកទស្សនា កាន់តែ ច្រើនឡើងៗ, គឺ ព្រះសង្ឃ នៃព្រះពុទ្ធសាសនា ១ក្រុម ក៏កំពុង ខិតខំ ប្រឹងប្រែង បញ្ជ្រាប នូវប្រពៃណី និងសាសនា របស់ខ្មែរ ទៅកាន់ អ្នកទេសចរ បរទេស ទាំងនោះ ឱ្យបានយល់ដឹង ពីសង្គមខ្មែរ និងព្រះពុទ្ធសាសនាដែរ។
ក្រុមព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរប្រមាណ ៥០០អង្គ មកពីវត្តជាច្រើននៅក្នុងខេត្តសៀមរាប បានចូលរួមជាមួយគ្នាដង្ហែក្បួនតាមដងផ្លូវក្នុងទីក្រុង នៅល្ងាចថ្ងៃច័ន្ទ ទី១២ ខែឧសភា ដើម្បីផ្សព្វផ្សាយមេត្តាធម៌ដល់សង្គមខ្មែរផង និងព្យាយាមបញ្ជ្រាបមាគ៌ានៃព្រះពុទ្ធទៅដល់អ្នកទេសចរបរទេសឱ្យយល់ ដឹងពីព្រះពុទ្ធសាសនាផង។
ក្បួនដង្ហែតាមដងផ្លូវដោយមានសូត្រធម៌ជយន្តោ ដើម្បីសិរីសួស្ដី រួមទាំងការប្រោះព្រំទឹកមន្ត គឺធ្វើនៅតាមគោលដៅសំខាន់ៗមួយចំនួន។
ប្រធានសមាគមជីវិតនិងក្ដីសង្ឃឹម ព្រះភិក្ខុ ហឿន សំនៀង គឺជាគណៈកម្មការដែលរៀបចំក្បួនធម្មយាត្រានោះ។ ព្រះអង្គមានព្រះថេរដីកាកាលពីរសៀលថ្ងៃច័ន្ទ ទី១២ ខែឧសភា ថា ព្រះសង្ឃមកពីច្រើនវត្ត បានរួមគ្នាធ្វើពិធីផ្សព្វផ្សាយព្រះពុទ្ធសាសនាខ្មែរទៅកាន់អ្នក ទេសចរបរទេសជាលើកដំបូង។
ព្រះភិក្ខុមានព្រះថេរដីកាទៀតថា ក្បួនធម្មយាត្រារបស់ព្រះសង្ឃទាំង ៥០០អង្គ គឺចាប់ផ្ដើមចេញដំណើរពីមុខប្រាសាទអង្គរវត្ត នៅវេលាម៉ោង ៥ល្ងាច ហើយឆ្ពោះទៅផ្សព្វផ្សាយធម៌ព្រះពុទ្ធនៅក្នុងទីរួមខេត្តសៀមរាប តាមគោលដៅសំខាន់ៗដែលបានគ្រោងទុក៖ «ចេញពីប្រាសាទអង្គរវត្ត ដល់ផ្សារសាមគ្គី ចូលទៅឈប់នៅមុខសណ្ឋាគារ បូរី អង្គរ ដើម្បីឯកឧត្ដមអភិបាលខេត្ត និងក្រុមគ្រួសារមកស្វាគមន៍ ថ្វាយបង្គំព្រះសង្ឃ រួចបាននិមន្តទៅភ្លើងស្តុបកោះកេរ្ដិ៍ ចេញទៅផ្លូវវត្តបូព៌ ដល់សណ្ឋាគារ ហៃយ៉ាត់ ឬក៏សណ្ឋាគារ ឡាពេ ពីមុនមកហ្នឹង ចូលក្នុងសណ្ឋាគារប្រហែលជា ១៥នាទី ធ្វើពិធីប្រោះព្រំនៅទីនោះដែរ។ រួចបានប្រោះព្រំទៅតាមផ្លូវស៊ីវត្ថាហ្នឹងមក ចូលសន្តា មុន្នី ពេលចេញពីសន្តា មុន្នី ឡើងមកផ្លូវស៊ីវត្ថាវិញ មកចូលសុខា អង្គរ។ ចេញពីសុខា អង្គរ បានមកសណ្ឋាគារ អាម៉ាន់សារ៉ា ហើយចប់កម្មវិធីនៅអាម៉ាន់សារ៉ាហ្នឹង។»
ធម្មយាត្រារបស់ព្រះសង្ឃជាច្រើនរយអង្គពេលនេះ គឺអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់យុវជនខ្មែរផងនិងទេសចរបរទេសផង។
ជំនួយការរបស់អនុគណក្រុងសៀមរាប និងជាអ្នកសម្របសម្រួលកម្មវិធីអប់រំព្រះពុទ្ធសាសនា ព្រះភិក្ខុ ធឿន វុទ្ធី មានព្រះថេរដីកាថា ការផ្សព្វផ្សាយធម៌ព្រះពុទ្ធសាសនា គឺមានសារសំខាន់យ៉ាងខ្លាំងដល់ស្រទាប់យុវវ័យខ្មែរ និងអ្នកទេសចរបរទេស៖ «គោលការណ៍របស់យើងក្រៅពីផ្ដល់ឱកាសសម្រាប់ យុវជនខ្មែរឱ្យបានមកបួស ដើម្បីអប់រំចិត្ត យើងក៏ចង់ផ្សព្វផ្សាយឱ្យបរទេសបានឃើញពិធីបុណ្យនៅស្រុកខ្មែរគេ ធ្វើយ៉ាងម៉េច? យើងចង់បង្ហាញឱ្យគេឃើញអំពីរបៀបនៃការបួស។ បួសហើយត្រូវបដិបត្តិធ្វើយ៉ាងម៉េចខ្លះ? យើងគ្រាន់តែចង់បង្ហាញឱ្យឃើញដំណើររបស់ព្រះសង្ឃ ហើយពេលដែលព្រះសង្ឃចូលទៅ តើពួកភ្ញៀវបរទេសគាត់គួរផ្ដល់ក្ដីគោរពបែបណា?»
មន្ត្រីសង្ឃនៃព្រះពុទ្ធសាសនាក្នុងខេត្តសៀមរាប ឱ្យដឹងថា ការផ្សព្វផ្សាយព្រះពុទ្ធសាសនាខ្មែរទៅដល់សង្គម និងអ្នកទេសចរណ៍បរទេសនេះ មានព្រះសង្ឃជាច្រើនបានប្រឹងប្រែងជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែមិនមានពិធីធំដុំដូចពេលនេះទេ។
ព្រះភិក្ខុ ធឿន វុទ្ធី មានព្រះថេរដីកាថា បច្ចុប្បន្ន ទាំងព្រះអង្គ និងព្រះសង្ឃជាច្រើនទៀតកំពុងប្រឹងប្រែងផ្សាយព្រះពុទ្ធសាសនាតាមរយៈ វិទ្យុទូរទស្សន៍ ហើយមួយផ្នែកទៀត ដែលបញ្ជ្រាបទៅដល់បរទេស គឺមានបោះពុម្ពខិត្តប័ណ្ណជាភាសាអង់គ្លេសសម្រាប់ចែកចាយ ព្រមទាំងរៀបចំធ្វើគេហទំព័រនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ទៀតផង៕
No comments:
Post a Comment