មេធាវី អន្តរជាតិ នៃជនរងគ្រោះ ដីធ្លី នឹងប្ដឹង លោក ហ៊ុន សែន ទៅតុលាការ អន្តរជាតិ
ដោយ យន់ សាមៀន / RFA | 16 May 2014
មេធាវី អន្តរជាតិ តំណាង ឲ្យជនរងគ្រោះ នៃការបណ្ដេញ ពីផ្ទះសម្បែង និងដីធ្លី ជាលក្ខណៈ ប្រព័ន្ធ ដោយបង្ខំ និងជនរងគ្រោះ នៃការប្រើប្រាស់ ហិង្សា និងការរំលោភ បំពាន របស់ សមត្ថកិច្ច រដ្ឋាភិបាល លោក ហ៊ុន សែន គ្រោង នឹងដាក់ពាក្យបណ្ដឹង ប្រឆាំង នឹងរដ្ឋាភិបាល លោក ហ៊ុន សែន នៅតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ពីបទឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ។
មេធាវី ជនជាតិអង់គ្លេស លោក រីឆាដ រ៉ចជើរ (Richard Rogers) នៃក្រុមហ៊ុនមេធាវី Global Diligence ឲ្យដឹងតាមទូរស័ព្ទ ពីប្រទេសបារាំង ថា, ក្រុមអ្នកច្បាប់ ក្រុមហ៊ុនលោក បានចងក្រង ឯកសារពាក្យបណ្ដឹង លម្អិតមួយ ប្រឆាំង រដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ។ ពាក្យបណ្ដឹងនេះ នឹងដាក់ នៅការិយាល័យ ព្រះរាជអាជ្ញា តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ នៅចុងខែ ឧសភា ឬដើមខែ មិថុនា ឆ្នាំ២០១៤។
លោក បន្តថា ភស្តុតាងមួយចំនួនដែលលោកទទួលបានពីក្រុមអង្គការឃ្លាំមើលបញ្ហា ដីធ្លីនៅកម្ពុជា បញ្ជាក់ថា យ៉ាងហោចណាស់ក៏មានពលរដ្ឋចំនួន ៧សែននាក់ រងផលប៉ះពាល់ដោយសារជម្លោះដីធ្លី ក្នុងនោះពលរដ្ឋពី ៣សែន ទៅ ៤សែននាក់ ត្រូវបានបង្ខំបណ្ដេញចេញ។ ដោយឡែកនៅរាជធានីភ្នំពេញវិញ មានពលរដ្ឋប្រមាណ ១សែននាក់ រងផលប៉ះពាល់នៃការបង្ខំបណ្ដេញចេញ។ លោកបន្តថា ក្រុមអ្នកច្បាប់ក៏បានរកឃើញថា ឧក្រិដ្ឋកម្ម ការចាប់ឃុំឃាំងដោយខុសច្បាប់ និងការធ្វើទុក្ខបុកម្នេញលើជនជាតិដើមភាគតិច និងអ្នកនយោបាយ មានលក្ខណៈធ្ងន់ធ្ងរកើតឡើងជាបន្តបន្ទាប់ និងដដែលៗ ជាបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
លោក រីឆាដ រ៉ចជើរ មានជំនឿថា តុលាការនឹងទទួលយក និងចាត់ការលើបណ្ដឹងរបស់លោក៖ «តាម រយៈព័ត៌មានដែលយើងទទួលបាន យើងជឿជាក់យ៉ាងមុតមាំថា ភស្តុតាងនៃការរំលោភសិទ្ធិមនុស្សទាំងឡាយ កើតឡើងកន្លងមក ស្មើនឹងបទល្មើសប្រឆាំងមនុស្សជាតិ។ បទឧក្រិដ្ឋកម្មទាំងនោះ យើងចាប់ផ្ដើមប្រមូលផ្តុំចាប់តាំងពីឆ្នាំ២០០២ នៅពេលកម្ពុជា បានចុះសន្ធិសញ្ញាទីក្រុងរ៉ូម។ យើងពិនិត្យលើបទល្មើសរយៈពេល ១២ឆ្នាំ ឃើញថា បទល្មើសទាំងនោះមានលក្ខណៈជាប្រព័ន្ធ មិនមែនជាករណីដាច់ដោយឡែកឡើយ។»
កាលពីខែមីនា ឆ្នាំ២០១៤ លោក មូរតុន ក្លា (Morton Sklar) មេធាវីអាមេរិកាំង ក៏បានដាក់ពាក្យបណ្ដឹងប្រឆាំង លោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ពាក្យបណ្ដឹងរបស់ លោក រីឆាដ រ៉ចជើរ នេះជាបណ្ដឹងទី៤ប្រឆាំងនឹង លោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅតុលាការព្រហ្មទណ្ឌ អន្តរជាតិ។ ការិយាល័យព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងពិនិត្យមើលបណ្ដឹងចំនួន៣ ដើម្បីកំណត់ថា តើបណ្ដឹងទាំងនោះស្របនឹងលក្ខន្តិកៈទីក្រុងរ៉ូម (Rome) ដែលអាចអនុញ្ញាតឲ្យតុលាការបើកសវនាការជំនុំជម្រះក្តីបាន៕
No comments:
Post a Comment