Paris Peace Accords 23 Oct. 1991

Monday, May 12, 2014

កម្មករ​ រោងចក្រ ​នៅ​ខេត្ត​ តាកែវ​ ជាង​១​ពាន់​នាក់​ ធ្វើ​កូដកម្ម

កម្មករ​ រោងចក្រ ​នៅ​ខេត្ត​ តាកែវ​ ជាង​១​ពាន់​នាក់​ ធ្វើ​កូដកម្ម

ដោយ ម៉ម មុនីរតន៍ / RFA | 12 May 2014

កម្មករ​ ជាង ១​ពាន់​នាក់​ នៅ​រោងចក្រ ជេអេសឌី ថេកស្តាយ (JSD Textile) ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ធ្វើ​កូដកម្ម​ អស់​រយៈពេល ២​សប្ដាហ៍​​ មក​ហើយ, តែ ​ភាគី​ ខាង​រោងចក្រ​ នៅ​មិន​ទាន់ ​ចេញ​មុខ​ ដោះស្រាយ ​នៅ​ឡើយ​ទេ រហូត​ មក​ដល់​ ពេល​នេះ។  ភាគី​រោងចក្រ ​បដិសេធ​ មិន​ផ្ដល់​ អត្ថាធិប្បាយ​ទេ ​ពាក់ព័ន្ធ ​នឹង​ការ​ធ្វើ​ កូដកម្ម​នេះ។

តំណាង​កម្មករ​អះអាង​ថា បើ​ភាគី​ខាង​រោងចក្រ​នៅ​មិន​ព្រម​ចេញ​មុខ​ដោះស្រាយ​ទេ ពួក​គេ​នឹង​បន្ត​ធ្វើ​កូដកម្ម​មិន​ឈប់​ឡើយ ប្រឆាំង​ការ​គេច​វេះ​ក្នុង​ការ​ទទួល​យក​ការ​ចរចា​ពី​តំណាង​​កម្មករ ហើយ​ជា​ពិសេស​នោះ បាន​​គំរាម​បញ្ឈប់​កម្មករ​បន្ថែម​ទៀត ដែល​ជា​គំនាប​ជំរុញ​ឲ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ជាង​មុន​​នៅ​ពេល​នេះ។

មូលហេតុ​ដែល​ផ្ទុះ​កូដកម្ម​នេះ​ឡើង គឺ​នៅ​បន្ទាប់​ពី​តំណាង​កម្មករ​លោក ចេវ ចាន់ថុល ព្យាយាម​បង្កើត​សហជីព​សេរី​កម្មករ​ខ្មែរ​នៅ​ក្នុង​រោងចក្រ ដើម្បី​ការពារ​អត្ថប្រយោជន៍​សម្រាប់​កម្មករ។ ប៉ុន្តែ​បញ្ហា​នេះ ត្រូវ​បាន​ភាគី​រោងចក្រ​ជំទាស់ ហើយ​បញ្ឈប់​ពី​ការងារ​តែ​ម្ដង។

ក្នុង​រយៈពេល​នៃ​ការ​តវ៉ា ចាប់​ពី​ថ្ងៃ​ទី​២៩ មេសា មក​រហូត​មក​ដល់​ពេល​នេះ មាន​កម្មករ​ចំនួន ១៤​នាក់​បន្ថែម​ទៀត ត្រូវ​រោងចក្រ​គ្រោង​នឹង​បញ្ឈប់​ក្នុង​ពេល​ឆាប់​ៗ​នេះ។

តំណាង​កម្មករ​ដែល​មាន​ឈ្មោះ ត្រូវ​ភាគី​រោងចក្រ​គ្រោង​បណ្ដេញ​ចេញ​បន្ថែម​ទៀត លោកស្រី សុខ ដានី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ឧសភា ថា កម្មករ​ធ្វើ​កូដកម្ម​នៅ​ពេល​នេះ គឺ​ចង់​ឲ្យ​ខាង​ភាគី​រោងចក្រ​គោរព​តាម​ច្បាប់​ការងារ​ស្ដីពី​មាតុភាព ក្រោយ​ពេល​ស្ត្រី​សម្រាល​កូន​រួច​ហើយ អាច​សម្រាក​ឲ្យ​បាន​យូរ​ថ្ងៃ ដែល​ចំណុច​នេះ​ភាគី​រោងចក្រ​ពុំ​បាន​អនុវត្ត​ទេ ក្នុង​ពេល​កន្លង​ទៅ ជាពិសេស​នោះ កម្មករ​ស្នើ​ឲ្យ​រោងចក្រ​ផ្ដល់​គោលការណ៍​មួយ​ចំនួន ដូច​ជា​ត្រូវ​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ​ដែល​ត្រូវ​ភាគី​រោងចក្រ​បញ្ឈប់​ហើយ ​បាន​វិល​ចូល​ធ្វើ​ការ​ឡើង​វិញ។

លើស​ពី​នេះ ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដូច​ជា​លុយ​ថ្ងៃ​បាយ ២​ពាន់​រៀល និង​លុយ​ថ្លៃ​ធ្វើ​ដំណើរ​ចំនួន ១៥​ដុល្លារ​បន្ថែម​ពី​លើ​ប្រាក់​ខែ​គោល​របស់​ពួកគេ៖ «ពួក​កម្មករ​ហ្នឹង​ ណា សូម​លុយ​បាយ​គាត់​តែ​មួយ​ថ្ងៃ ២​ពាន់​រៀល ក៏​គាត់​មិន​ឲ្យ។ លុយ​បាយ​ថ្ងៃ​ត្រង់។ គាត់​និយាយ​ថា ឡើង​ថា រោងចក្រ​របស់​គាត់​ទើប​តែ​នឹង​បើក គាត់​គ្មាន​សមត្ថភាព​ឲ្យ​កម្មករ។ ត្រង់​ដែល​គាត់​ជួល​ប៉ូលិស ជួល​អី​មក​គាត់​មាន​លុយ។ គាត់​ជួល​មេ​ស្អី​ៗ​ណា​មក និយាយ​រួម​ផ្នែក​ខាង​គាត់​ហ្នឹង​គាត់​ជួល​មក​គាត់​មាន​លុយ​ឲ្យ​គេ ដល់​ពេល​ពួក​កម្មករ​សុំ គាត់​ឥត​ឲ្យ។»

តំណាង​ភាគី​រោងចក្រ ជេ.អេស.ឌី ថេក​ស្ដាយ ទទួល​បន្ទុក​ផ្នែក​រដ្ឋបាល​លោក ពិសិដ្ឋ បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​អះអាង​ថា​ជាប់​រវល់ មុន​ដាក់​ទូរស័ព្ទ​ចុះ។

ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​ជាង ១​ពាន់​នាក់​ដែល​ប្រើ​ពេល​២សប្តាហ៍​មក​នេះ ភាគី​ខាង​រោងចក្រ​បាន​ទទួល​យល់ព្រម​គោលការណ៍​ពីរ​ចំណុច​ក្នុង​ចំណោម​ការ​ ទាមទារ​ទាំង​បី​ចំណុច​របស់​កម្មករ គឺ​អនុញ្ញាត​ឲ្យ​តំណាង​កម្មករ​លោក ចេវ ចាន់ថុល បាន​ចូល​ធ្វើ​ការ​ឡើង​វិញ និង​ព្រម​ទទួល​យក​លក្ខខណ្ឌ ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់ គឺ​អនុញ្ញាត​ឲ្យ​ស្ត្រី​សម្រាក​បាន ៣​ខែ ក្រោយ​សម្រាល​កូន​រួច។ ក្រៅ​ពី​នេះ ប្រាក់​ថ្លៃ​បាយ ២​ពាន់​រៀល និង​លុយ​ថ្លៃ​ធ្វើ​ដំណើរ ១៥​ដុល្លារ ក្នុង​មួយ​ខែ ភាគី​រោងចក្រ​មិន​ឯកភាព​ទេ៕



No comments:

Post a Comment