Paris Peace Accords 23 Oct. 1991

Friday, May 2, 2014

បក្ស​ប្រឆាំង​ ផ្តើម​យុទ្ធនាការ​ ឃោសនា​បោះឆ្នោត​ ដោយ​ជួប​ជុំ​ សមាជិក​ក្រុម​ប្រឹក្សា ​ឃុំ​សង្កាត់​ នៅ​ខេ​ត្ត​កណ្តាល តែ​គ្មាន​ ការ​ហែ​ក្បួន ​ទេ​

គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមក។
គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមក។
Siv Channa/RFI

បក្ស​ប្រឆាំង​ ផ្តើម​យុទ្ធនាការ​ ឃោសនា​បោះឆ្នោត​ ដោយ​ជួប​ជុំ​ សមាជិក​ក្រុម​ប្រឹក្សា ​ឃុំ​សង្កាត់​ នៅ​ខេ​ត្ត​កណ្តាល តែ​គ្មាន​ ការ​ហែ​ក្បួន ​ទេ​

ដោយ លី ម៉េងហួរ / RFI | ០២ ឧសភា ២០១៤
យុទ្ធនាការ​ ឃោសនាបោះឆ្នោត​ ក្រុមប្រឹក្សា​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចាប់​ផ្តើម នៅ​ព្រឹក​ថ្ងៃទី២ ឧសភា​ នេះ។ គណបក្ស​ សង្គ្រោះ​ជាតិ ក្រោម​វត្តមាន​ របស់ លោក​ សម ​រង្ស៊ី និង​លោក ​កឹម​សុខា នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ជួបជុំ ​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា ឃុំ​សង្កាត់ ២៦៣ នាក់ មកពី​ គណ​បក្ស​ សម រង្ស៊ី និង​គណបក្ស​ សិទ្ធិមនុស្ស រួមទាំង​ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ នៅក្នុង​វត្ត​មួយ នៅ​ស្រុក​កោះធំ ខេត្តកណ្តាល។ប៉ុន្តែ​ គណបក្សប្រឆាំង នៅ​ព្រឹក​នេះ មិនមាន​ ការហែក្បួន​ឃោសនាបោះឆ្នោត ​នោះទេ។

ក្នុងពេល​ផ្តើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ នៅ​ព្រឹក​ថ្ងៃទី២ឧសភា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​វត្តមាន​របស់លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា បាន​ជួបជុំ ជាមួយ​សកម្មជន​អ្នកគាំទ្រ ប្រជាពលរដ្ឋ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់ ២៦៣ នាក់ នៅ​ទូទាំង​ខេត្តកណ្តាល។ ពិធី​ជួបជុំ​នេះ បានធ្វើ​ឡើង នៅក្នុង​វត្ត នៅ​ភូមិ​ព្រែក​ប៉ិ ឃុំ​កោះធំ ខ ស្រុក​កោះធំ ខេត្តកណ្តាល។


ក្រៅពី​កម្មវិធី​នយោបាយ និង​ការណែនាំ​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ឲ្យ​បោះឆ្នោត ដល់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី១៨ឧសភា លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ឲ្យ​ជួយ​ចលនា​ទៅកាន់​ក្រុមប្រឹក្សា​គណបក្ស​ផ្សេង ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្បិត​អី ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​តំណាង​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន នៅ​ខេត្តកណ្តាល បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​បើតាម​លោក អេង ឆៃអ៊ាង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំខេត្ត​កណ្តាល។

បន្ទាប់ពី​ការជួបជុំ គណបក្ស​សង្គ្រោះ​ជាតិ បាន​រំសាយ ហើយ​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា បាន​បន្តដំណើរ​ទៅកាន់​ព្រំដែន​វៀតណាម នៅ​ស្រុក​កោះធំ។ លោក អេង ឆៃអ៊ាង អះអាងថា នៅ​ខេត្តកណ្តាល គិត​ទាំង​ព្រឹក​នេះ និង​ពេញ​មួយ​រដូវ​កាល​ឃោសនាបោះឆ្នោត រហូតដល់​ថ្ងៃទី១៦ឧសភា នឹងមិន​មានការ​ជួប​ជុំ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​នោះទេ។

តាម​គម្រោង លោក​សមរង្ស៊ី និង​លោក​កឹម​សុខា គ្រោង​នឹង​ជួបជុំ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ នា​រសៀល​ថ្ងៃទី២ឧសភា​នេះ ខណៈដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ រឹតបន្តឹង​សន្តិសុខ និង​ហាមឃាត់​រាល់​ការជួបជុំ ហែ​ក្បួន​ឃោសនាបោះឆ្នោត ចាប់ពី​ថ្ងៃទី២ឧសភា រហូតដល់​ថ្ងៃទី១៦ឧសភា។

យុទ្ធនាការ​ឃោសនាបោះឆ្នោត ត្រូវបាន​លោក ទេព នីថា អគ្គលេខាធិការ គជប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី២ឧសភា​ថា នៅតាម​ខេត្ត​មួយចំនួន គណបក្សនយោបាយ បានធ្វើ​សកម្មភាព​ហើយ។ ភាគច្រើន ប្រជុំ​នៅ​ទីស្នាក់ការ និង១ចំនួន​ទៀត មិនទាន់​ធ្វើ​សកម្មភាព​ទេ។

លោក ទេព នីថា បន្តថា គជប នៅ​ព្រឹក​ថ្ងៃទី២ឧសភា​នេះ ក៏​ទើបតែ​ប្រជុំ​ពាក់ព័ន្ធ​នឹង​សេចក្តីថ្លែងការណ៍ផ្សេងៗ លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​សេចក្តីថ្លែងការណ៍​របស់​គណៈបញ្ជាការ​អចិន្ត្រៃយ៍ សម្រាប់​សន្តិសុខ​បោះឆ្នោត ជាដើម។

ពាក់ព័ន្ធ​នឹង​ការស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​គជប​អន្តរាគមន៍​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការជួបជុំ​ហែ​ក្បួន​ឃោសនាបោះឆ្នោត ត្រូវបាន​លោក ទេព នីថា អះអាងថា គជប នឹងធ្វើ​លិខិត​ទៅកាន់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​វិញ ថា គជប នឹង​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ និង​គណៈបញ្ជាការ​អចិន្ត្រៃយ៍ សម្រាប់​សន្តិសុខ​ការបោះឆ្នោត ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ។

តាម​លោក ទេព នីថា ដោយសារតែ​ការបោះឆ្នោត​លើក​នេះ ជាការ​បោះឆ្នោត​អសកល ហើយ​មានតែ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ជា​អង្គ​បោះឆ្នោត​នោះ គឺ​ការជួបជុំ​ឃោសនាបោះឆ្នោត​ទ្រង់ទ្រាយ​ធំ ហែ​ក្បួន​តាមផ្លូវ​នោះ មិនចាំបាច់​ទេ តាម​សភាពការណ៍​នេះ៕


No comments:

Post a Comment