លោក ស ខេង ចាត់ទុក សកម្មភាព ឃោសនា បោះឆ្នោត របស់ បក្សប្រឆាំង ថា បំពានច្បាប់
ដោយ ជិន ជេដ្ឋា
RFA | 7 May 2014
រយៈពេល ១សប្ដាហ៍នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ខណ្ឌខេត្តក្រុងអាណត្តិទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៤ គណបក្សនយោបាយដែលចូលរួមការប្រកួតប្រជែង បានចុះជួបអង្គបោះឆ្នោត និងអ្នកគាំទ្ររបស់ខ្លួនជាហូរហែ ក្នុងនោះគណបក្សសង្គ្រោះជាតិ បានធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ដោយមានមនុស្សចូលរួមរាប់ពាន់នាក់។
ទាក់ទងបញ្ហានេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍នៅថ្ងៃទី៧ ខែឧសភា ថា អ្នកនយោបាយខ្លះមានបំណងប្រែក្លាយពីការឃោសនាបោះឆ្នោតនាពេលនេះ ទៅជាបាតុកម្ម ដើម្បីធ្វើឲ្យសភាពការណ៍នៅកម្ពុជា ច្របូកច្របល់ ហើយមហិច្ឆតានេះលោកមិនអាចទទួលយកបានឡើយ គឺចាំបាច់ត្រូវតែទប់ស្កាត់ ប៉ុន្តែការទប់ស្កាត់ទាំងនោះមិនអាចប្រើអំពើហិង្សានោះទេ៖ «ឆ្លង តាមការឃោសនាមួយសប្ដាហ៍កន្លងមកនេះ មិនទាន់មាននរណាម្នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះទេ ហើយគណបក្សនយោបាយដែលបានដាក់ពាក្យដើម្បីចូលប្រកួតប្រជែងនោះ គឺបានធ្វើត្រឹមត្រូវតាមច្បាប់ លើកលែងតែគណបក្សសង្គ្រោះជាតិ ដែលចង់គួបផ្សំការឃោសនាបោះឆ្នោតទៅជាបញ្ហានយោបាយ។»
ទាក់ទងនឹងការលើកឡើងនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍យ៉ាងខ្លីថា លោកមិនបានដឹង និងមិនខ្វល់នឹងការលើកឡើងរបស់ លោក ស ខេង នេះឡើយ ប៉ុន្តែលោកគ្រាន់តែចង់បញ្ជាក់ថា ដំណើរការនៃការឃោសនានៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភាពរលូន៖ «ខ្ញុំបានដង្ហែក្បួនពីកំពង់ឆ្នាំង ពីពោធិ៍សាត់ ពីបាត់ដំបង ពីបន្ទាយមានជ័យ ឥឡូវយើងឆ្ពោះទៅប៉ោយប៉ែត យើងអត់មានបញ្ហាអីទាំងអស់ រលូនល្អដូចមានសហការគ្នាយោគយល់គ្នា ដូច្នេះបើមានព័ត៌មានណាព័ត៌មានណាខុសពីនេះ ក៏ខ្ញុំមិនដឹងធ្វើម៉េចដែរ ខ្ញុំសូមជម្រាបប៉ុណ្ណឹងចុះអគុណជម្រាបលា។»
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ថ្លែងថា ការឃោសនាបោះឆ្នោត គឺជាសិទ្ធិក្នុងការហែក្បួន និងប្រមូលផ្ដុំនៅតាមដងផ្លូវ ឬទីធ្លាសាធារណៈ មិនមែនជារឿងខុសច្បាប់អ្វីនោះទេ។ គ្រប់គណបក្សនយោបាយមានសិទ្ធិធ្វើសកម្មភាពឃោសនាទ្រង់ទ្រាយណាក៏បាន កុំឲ្យតែមានការញុះញង់ឲ្យមានអំពើហិង្សា ឬបញ្ចេញមតិជេរប្រមាថ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ៖ «ខ្ញុំមើលទៅប្រហែលជា អាជ្ញាធរគណបក្សប្រជាជន ហ្នឹង គាត់មានគោលនយោបាយហាមឃាត់សេរីភាពការធ្វើបាតុកម្មទេ បានជាគាត់យល់ឃើញថា ប្រជាជនមកច្រើនហ្នឹង គាត់មានការយល់ឃើញថា ប៉ះពាល់ទៅលើអ្វីដែលជាគោលនយោបាយច្បាប់ គាត់និយាយសព្វថ្ងៃនេះ។»
កាលពីឆ្នាំ២០០៩ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកខណ្ឌខេត្ត ក្រុងអាណត្តិទី១ គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែង មិនសូវមានសកម្មភាពឃោសនាច្រើននោះទេ។ មន្ត្រីគណបក្សប្រឆាំង អះអាងថា កាលណោះអង្គបោះឆ្នោតនៃគណបក្សរបស់ខ្លួន ត្រូវបានគណបក្សកាន់អំណាចទិញទឹកចិត្តជាច្រើននាក់ ប៉ុន្តែសម្រាប់អាណត្តិទី២នេះ មិនឃើញទៀតឡើយ៕
No comments:
Post a Comment