លោក សម រង្ស៊ី(ធ្វេង) និងលោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅកោះធំ(រូបថតដោយណាត សុភាព
កឹម សុខា រិះគន់ ឥតសំចៃ លើ លោក ហ៊ុន សែន និង CPP ពេលចុះឃោសនា ថ្ងៃដំបូង នៅស្រុកកោះធំ
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃសុក្រ ទី2 ខែឧសភា ឆ្នាំ2014
អនុប្រធាន គណបក្ស សង្រ្គោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃសុក្រនេះ ចាប់ផ្តើមរិះគន់ លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្ស ប្រជាជនកម្ពុជា ពីការដឹកនាំប្រទេសកន្លងមក នាំឲ្យ ប្រទេស អន្តរាយ និងស្ថិតនៅក្រោម អំពើ ពុករលួយ។
លោក កឹម សុខា ថ្លែងបែបនេះ នៅពេលប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងរូបលោក ចុះទៅភូមិព្រែកបិ ឃុំកោះធំ-ខ ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីបើកយុទ្ធនាការឃោសនាថ្ងៃដំបូង។
លោក កឹម សុខា មានប្រសាសន៍ទៅកាន់អ្នកគាំទ្រថា គណបក្សប្រជាជនកម្ពុជា ជា«គណបក្សយួន»(វៀតណាម) និងជាគណបក្សកុម្មុយនីស្ត។ លោកបានរិះគន់ពីអំពើពុករលួយ ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមិនមានការអភិវឌ្ឍនៅថ្នាក់ក្រោមទេ។ លោក កឹម សុខា ឲ្យដឹងទៀតថា មនុស្សនៅក្បែរនាយករដ្ឋមន្រ្តីប្រមាណជា២០នាក់ មានលុយទៅដល់២ពាន់លានដុល្លារក្នុងមួយនាក់។លោក មានប្រសាសន៍បែបនេះ ដោយដកស្រង់សម្តីរបស់ជនជាតិបរទេសម្នាក់ ដែលស្គាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។លោកបន្តថា ការសុំគម្រោងយកទៅអភិវឌ្ឍនៅថ្នាក់ក្រោមម្តងៗ មានការលំបាក ដោយសារតែអំពើពុករលួយនៅថ្នាក់លើ។
នៅរសៀលម៉ោង៤ ថ្ងៃសុក្រនេះ គណបក្សសង្រ្គោះជាតិ នឹងជួបជុំអ្នកគាំទ្រនៅក្បែរទីលានប្រជាធិបតេយ្យ ហើយនឹងធ្វើការហែក្បួន។
យុទ្ធនាការរកសំទ្បេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា នេះ។ ការបោះឆ្នោតក្រុមប្រឹក្សា នឹងធ្វើនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤ ដោយមានគណបក្សនយោបាយចំនួន៥ចូលរួម ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជា ធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕
No comments:
Post a Comment