សមត្ថកិច្ច រុះរើ ខ្ទម និងបំផ្លាញដំណាំ ពលរដ្ឋ ចំណាកស្រុក នៅមណ្ឌលគិរី
ដោយ រដ្ឋា វិសាល / RFA | ១៦ មិថុនា ២០១៤
ខ្ទមប្រក់ ពីផ្ទាំង, កៅស៊ូ ជាង៥០ខ្ទម, និងដើមដំឡូង ប្រមាណ ៤ហិកតារ ត្រូវ ក្រុមសមត្ថកិច្ច ចម្រុះ ដករុះរើ ដុតបំផ្លាញចោល នៅព្រឹកថ្ងៃ ទី១៦ ខែមិថុនា នៅចំណុច ត្រពាំងទូក ឃុំ អូរព្រះ។
ប្រជាពលរដ្ឋ ឈ្មោះ សារ៉ន សុខណេង រៀបរាប់ ថា, កងកម្លាំង ចម្រុះ, រួមទាំង ប្រជាសហគមន៍ នៅតំបន់នោះ ប្រមាណ ៤០នាក់, បានបណ្ដេញ ប្រជាពលរដ្ឋ ដែលបោះតង់ សំពត់កៅស៊ូ រស់នៅតំបន់នោះចេ ញ, ហើយ រុះរើខ្ទម ដុតចោល, រួមទាំង ដកដើមដំឡូង ដែលប្រជាពលរដ្ឋ ដាំច្រើនខែ ចោលអស់ គ្មានសល់។
គាត់ បន្តថា, រដូវនេះ ភ្លៀង កំពុងធ្លាក់ ជោកជាំ។ អ្នកភូមិ គ្មានរោងស្នាក់នៅ។ ហេតុនេះ ការបណ្ដេញ ប្រជាពលរដ្ឋ ដោយហិង្សានេះ ធ្វើឲ្យ ប្រជាពលរដ្ឋ ប្រឈមមុខ ទៅនឹងជំងឺ ដោយសារ គ្មាន ជម្រកស្នាក់ នៅ៖ «ជនរងគ្រោះ, គេ កំពុងដុត រុះរើ ផ្ទះសម្បែង, កំពុងដុត, កំពុង ចាក់សាំងដុត។ ប្រជាពលរដ្ឋ, គេ អត់ឲ្យ ចូលជិត, ប៉ុន្តែ នាំគ្នា នៅហ្នឹង ទាំងអស់, អត់ឲ្យ ទៅណាទេ, ហាហុកសិបនាក់។»
កាលពីខែមេសា កន្លងទៅ អាជ្ញាធរចម្រុះស្រុកកែវសីមា បានអនុវត្តវិធានការក្តៅដូចគ្នាបណ្ដេញប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារចេញពីរោងស្នាក់នៅ ហើយរុះរើដុតបំផ្លាញរោងចោល ដោយចោទថា ប្រជាពលរដ្ឋមកតាំងទីលំនៅខុសច្បាប់លើដីតំបន់អភិរក្សសត្វព្រៃ ក៏ប៉ុន្តែប្រជាពលរដ្ឋដែលត្រូវបណ្ដេញចេញខ្លះទៅសុំវត្តអារាមស្នាក់ នៅ ខ្លះទៀតបានមកធ្វើខ្ទមរស់នៅជាថ្មីនៅទីតាំងដែលអាជ្ញាធរបណ្ដេញ ចេញនោះវិញ។
អភិបាលស្រុកកែវសីមា លោក សិន វណ្ណវុធ ទទួលស្គាល់ថា ពិតជាមានការបណ្ដេញប្រជាពលរដ្ឋចេញពីតំបន់នោះមែន ដោយសារតែពលរដ្ឋទាំងនោះនៅតែបន្តចូលមកសង់ខ្ទមរស់នៅជាថ្មី ក្នុងតំបន់អភិរក្ស ជាពិសេសតំបន់នោះបានប្រគល់ជូនសហគមន៍ជនជាតិដើមភាគតិចអភិរក្សជា តំបន់ព្រៃផ្ដល់ផលសហគមន៍។
លោកបន្តថា អាជ្ញាធរបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចំណាកស្រុកទាំងនោះបំពេញ បែបបទស្នើសុំដីសម្បទានសង្គមកិច្ច ប្រសិនប្រជាពលរដ្ឋគ្មានដីរស់នៅពិតប្រាកដ ប៉ុន្តែរហូតពេលនេះមិនឃើញមានពលរដ្ឋណាម្នាក់ស្នើសុំដី សង្គមកិច្ចនោះទេ៖ «ការកាប់រាននេះថ្មីៗទេ ហើយយើងក៏បានហាមឃាត់ ប៉ុន្តែពួកគាត់ជួនកាលពេលដែលយើងដេញគាត់ទៅ ហើយពេលយើងមកវិញ គាត់កាប់ទៀតទៅណា! បើសិនជាគាត់សុំតាមច្បាប់ត្រឹមត្រូវ ខេត្តមណ្ឌលគិរីនេះ គឺមានដីសម្រាប់សម្បទានសង្គមកិច្ច ប៉ុន្តែយើងធ្វើត្រូវមានបែបបទដែរ មិនមែនថា អ្នកណាក៏អាចទៅសុំបានដែរ អ្នកខ្លះមានដីមានធ្លីនៅតែសុំទៀតវាខុសហើយ អ្នកអត់នៅតែអត់អ៊ីចឹង។»
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តមណ្ឌលគិរី ចាត់ទុកចំណាត់ការបណ្ដេញប្រជាពលរដ្ឋដោយប្រើហិង្សាបំផ្លាញរោង ស្នាក់ និងផលដំណាំប្រជាពលរដ្ឋថាជាទង្វើរំលោភសិទ្ធិមនុស្ស និងសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋ។
លោកកត់សំគាល់ថា ការប្រើអំពើហិង្សាបណ្ដេញប្រជាពលរដ្ឋ មិនមែនជាដំណោះស្រាយត្រឹមត្រូវសម្រាប់ហេតុផលការពារតំបន់អភិរក្សនោះ ឡើយ៖ «នៅកន្លែងហ្នឹងច្រើនតែមានមន្ត្រីអាជ្ញាធរចុះទៅប្រើ អំពើហិង្សាលើប្រជាពលរដ្ឋទេ។ មិនគួរចុះទៅដកបំផ្លាញដំណាំប្រជាពលរដ្ឋដែរ នៅពេលដែលដំណោះស្រាយហ្នឹងមិនទាន់បានដោះស្រាយរួចដែរ គួរតែផ្លាស់ប្ដូរឥរិយាបថ ចៀសវាងប្រើអំពើហិង្សា ទោះបីជារូបភាពណាមួយក៏ដោយ។»
យ៉ាងណាក៏ដោយប្រជាពលរដ្ឋជាង ៥០គ្រួសារ ដែលរងការបណ្ដេញចេញ និងរុះរើបំផ្លាញខ្ទមស្នាក់នៅអះអាងថា ពួកគេមិនដឹងថាចាកចេញទៅទីណាទេ ព្រោះអ្នកភូមិពិតជាគ្មានដីរស់នៅ។ អ្នកភូមិអំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធផ្ដល់ដីសម្បទាន សង្គមកិច្ចនៅតំបន់នោះសម្រាប់ប្រជាពលរដ្ឋតាំងទីលំនៅប្រកបរបរ ចិញ្ចឹមជីវិត ជាពិសេសក្នុងរដូវភ្លៀងកំពុងធ្លាក់ជោកជាំនេះ៕
No comments:
Post a Comment