លោក កឹម សុខា បញ្ជាក់ជំហរ មិនចូលសភា បើ គ.ជ.ប. មិនឯករាជ្យ
RFA | ២២ មិថុនា ២០១៤
អនុប្រធាន គណបក្ស សង្គ្រោះជាតិ បញ្ជាក់ជំហរ ថា, ជាថ្មីទៀត ថា ដរាបណា គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) នៅតែ មិនអាច កែទម្រង់ ឲ្យក្លាយ ជាស្ថាប័ន ឯករាជ្យ បានទេ គឺ គណបក្ស ប្រឆាំង មិនចូលរួម ប្រជុំសភាឡើយ។ ចំណែក គោលការណ៍ ក្រៅពីនេះ ដូចជាទាមទារ ឲ្យប្រព័ន្ធ ផ្សព្វផ្សាយ ជាដើមនោះ, លោក ចាត់ទុក ថា គ្រាន់តែ ជាចំណុច រួមផ្សំប៉ុណ្ណោះ។ រីឯ ពីខាង រ
ថ្លែងប្រាប់ ក្រុមអ្នករាយការណ៍ ព័ត៌មាន នៅក្រោយប្រជុំ សម្ងាត់ ជាមួយ អ្នករាយការណ៍ ពិសេស អង្គការ សហប្រជាជាតិ ទទួលបន្ទុក ផ្នែកសិទ្ធិមនុស្ស ប្រចាំកម្ពុជា, អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា អះអាង ម្ដងទៀត ថា, ខ្លួន មិនត្រូវការអ្វី ច្រើនឡើយ សម្រាប់ ដោះស្រាយ ការជាប់គាំង ផ្នែក នយោបាយ នៅពេលនេះ ក្រៅពី ធ្វើយ៉ាងណា ជំរុញ ឲ្យអង្គភាព រៀបចំ ការបោះឆ្នោត ក្លាយជាស្ថាប័ន ឯករាជ្យ ដ៏ពិតប្រាកដ ជាមុនសិន។ ចំណែក កិច្ចការ ដែលសេសសល់ គឺ គ្រាន់តែ ជាល្បោយ នយោបាយប៉ុណ្ណោះ។
លោក កឹម សុខា ឲ្យដឹងនៅថ្ងៃ ទី២០ មិថុនា ថា, លក្ខណដែលគណបក្សសង្គ្រោះជាតិទាមទារក្នុងពេលកន្លងទៅនេះ ដូចជាស្នើឲ្យមានស្ថានីយទូរទស្សន៍ឯករាជ្យ និងលក្ខខណ្ឌមួយចំនួនទៀត គឺជាផ្នែកមួយដែលជាចំណែកតូចតាចប៉ុណ្ណោះ។ ក៏ប៉ុន្តែលោក កឹម សុខា បញ្ជាក់ជំហរជាថ្មីទៀត ខណៈលោកជួបសន្ទនាជាមួយលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ប្រើពេលជិត ២ម៉ោង នៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហើយថា មូលហេតុដែលគណបក្សសង្គ្រោះជាតិមិនព្រមចូលសភានៅពេលនេះ គឺដោយសារតែចំណុចសំខាន់ទីមួយដែលគណបក្សនយោបាយទាំងពីរស្ទើរតែដើរ ដល់ផ្លូវបំបែករៀងៗខ្លួនហើយនោះ គឺគណបក្សកាន់អំណាចទាមទាររើសសមាជិក គ.ជ.ប លើប្រព័ន្ធបោះឆ្នោត ៥០ភាគរយបូកមួយ។ ចំណែកគណបក្សសង្គ្រោះជាតិវិញ ទាមទារលើប្រព័ន្ធនេះឲ្យក្លាយជាប្រព័ន្ធពីរភាគបី។
ជំហរដែលលោក កឹម សុខា បញ្ជាក់ជាថ្មីម្ដងទៀត នៅចំពោះមុខ លោក ស៊ូប៊ែឌី នៅពេលនេះ លោកចាត់ទុកថា កាលណាស្ថាប័នបោះឆ្នោតមិនឯករាជ្យហើយ អ្វីៗផ្សេងទៀតគ្មានបានការអ្វីទាំងអស់។ ហេតុនេះ ការចូលសភា និងសំឡេងបក្សប្រឆាំងនៅក្នុងសភានោះទៀតសោតឥតន័យឡើយ។
លោក កឹម សុខា ឲ្យដឹងទៀតថា សំឡេងបក្សប្រឆាំងនឹងពុំមានឥទ្ធិពលនៅត្រង់ថា កន្លងទៅគណបក្សប្រឆាំងធ្លាប់បានស្នើឲ្យសភាធ្វើវិសោធនកម្មច្បាប់ ម្ដងជាពីរដង ប៉ុន្តែសភាមិនដែលខ្វល់អ្វីទាំងអស់ សូម្បីក្បៀសមួយក៏មិនដែលយកចិត្តទុកដាក់ផងនោះ។
ត្រង់ចំណុចនេះលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមចរចាមកពីខាងរដ្ឋាភិបាលចាត់ទុកថា ការចរចាកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ពុំដែលដាក់លក្ខខណ្ឌណាមួយទេ ក្នុងការដោះស្រាយការជាប់គាំងនៅពេលនេះ។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិឯណោះទេ ដែលដាក់លក្ខខណ្ឌក្នុងការចរចានោះ ហើយលក្ខខណ្ឌនេះទៀតសោត មិនមែនដាក់មកដើម្បីដោះឡើយ គឺដាក់មួយបន្ថែមបន្ទុកពីរទៅវិញ។ ដូច្នេះវាជាហេតុផលដែលនាំឲ្យការស្វែងរកដំណោះស្រាយបន្តជាប់គាំង មិនចេះមិនចេះហើយរហូតមកដល់ពេលនេះ។
ចំណែកលោក កែម ឡី អ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគផងនោះ មើលឃើញថា គណបក្សនយោបាយទាំងពីរនៅតែមិនទាន់តម្កល់ផលប្រយោជន៍ជាតិជាចម្បង ទេ។ លោកប្រៀបធៀបថា គណបក្សប្រជាជនកម្ពុជា ហាក់ដូចជាមនុស្សដែលកំណាញ់ម្នាក់ ហើយព្យាយាមធ្វើអ្វីៗ ដើម្បីឲ្យស្ថិតនៅក្រោមដណ្ដប់ដៃរបស់ខ្លួនប៉ុណ្ណោះ។ ចំណែកបក្សប្រឆាំងវិញ មិនខុសពីមនុស្សដែលលោភលន់នោះដែរ ដោយហេតុថា ក្នុងការចរចាគណបក្សសង្គ្រោះជាតិ តែងដាក់លក្ខខណ្ឌជាបន្តបន្ទាប់។ លោកចាត់ទុកថា ប្រសិនបើការចរចានេះ ភាគីទាំងពីរយកគោលការណ៍រួម ដោយផ្អែកលើផលប្រយោជន៍ជាតិជាធំនោះ អ្វីៗនឹងពុំមានឧបសគ្គឡើយ។
បើទោះជាគណបក្សនយោបាយទាំងពីរ សុទ្ធតែបានអះអាងហើយថា ភាគីទាំងពីរនៅតែមានឆន្ទៈ ចង់ឲ្យបានដំណោះស្រាយនយោបាយក៏ដោយចុះ តែថាស្ថានភាពនៅពេលនេះ គឺនៅតែបន្តមានភាពមិនចុះសម្រុងគ្នាដូចដើមនៅឡើយ៕
No comments:
Post a Comment