វិភាគ៖ បើនាយក រដ្ឋមន្ត្រី ស្លាប់ ពិតជា មិនមាន អ្នកអាចស្នងតំណែង បានមែន ឬទេ?
ដោយ៖ ពៅ មេត្តា / វីអូឌី | ថ្ងៃពុធ ទី11 មិថុនា 2014
នៅអំឡុងថ្ងៃទី៨ ទី៩ និងទី១០ ខែមិថុនា កន្លងទៅនេះ នៅតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក មានផ្សព្វផ្សាយ ថា លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន មានជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាល ហើយបានស្លាប់ នៅពេលទៅព្យាបាល នៅប្រទេសសិង្ហបុរី។ ភ្លាមៗនោះ លោកនាយក រដ្ឋមន្ត្រី បានបង្ហាញមុខ នៅក្នុងវេទិកា ជួបជាមួយ យោធិនពិការ នៅខេត្តកំពត នាំឲ្យព័ត៌មានផ្សាយថា លោក ឈឺនោះ បានបាត់ទៅវិញ។
តែចំណុចដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងក្នុងវេទិកានៅខេត្តកំពតនោះ នាំឲ្យប្រជាពលរដ្ឋមានចម្ងល់នោះ គឺត្រង់លោកលើកឡើងថា បើលោកស្លាប់ក្នុងប្រការ ណាមួយសង្គមនឹងមានចលាចល ហើយក្រុមគណបក្សប្រឆាំងអាចប្រឈមគ្រោះថ្នាក់។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចោទថា អ្នកដែលបានផ្សព្វផ្សាយព័ត៌មានថា លោក ឈឺ និងស្លាប់នោះ គឺស្ថិតនៅក្រោមគណបក្សប្រឆាំង។ លោកព្រមានថា បើលោកពិតជា ស្លាប់មែននោះសង្គម នឹងមានចលាចលព្រោះមិនមានអ្នកបញ្ជាកម្លាំងរួមបាន «កុំបន់ឲ្យហ៊ុន សែន ងាប់។ គេកំពុងតែត្រូវការហ៊ុន សែន ដើម្បីគ្រប់គ្រងសភាពការណ៍ ព្រោះអ្នកមានសមត្ថភាពបញ្ជាកម្លាំងសរុបបាន គឺមានម្នាក់ហ្នឹងឯង។ រដ្ឋមន្ត្រីការពារជាតិ មិនអាចបញ្ជាបូលីស ឬរដ្ឋបាលស៊ីវិលបាន។ រដ្ឋមន្ត្រីមហាផ្ទៃ មិនអាចបញ្ជាលើទាហានកើត មិនអាចបញ្ជាលើប៉េអឹមបាន»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានលើកឡើង ពីចលាចលនយោបាយដែលកំពុងកើតមាននៅសង្គមថៃ និងប្រទេសអេហ្ស៊ីបផងដែរ ដោយព្រមានថា ហេតុការណ៍នោះអាចកើតឡើងប្រសិនអស់ពីមេដឹកនាំ ដែលមានភាពរឹងមាំដូចជារូបលោកនោះ។
ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីតែប៉ុន្មានម៉ោង មានសំនួរជាច្រើនរបស់អ្នកនយោបាយ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលើកឡើង នៅតាមប្រព័ន្ធផ្សព្វផ្សាយដូចជា អាចមានចលាចលពិតឬអត់? ពិតជាមិនមានអ្នកជំនួសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានមែនឬយ៉ាងណា?
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះគឺធ្លាប់កើតមាននៅក្នុងសង្គមខ្មែរពីបុរាណ ក៏ដូចជាប្រវត្តិសាស្ត្ររបស់ប្រទេសនានាក្នុងពិភពលោកដែរ គឺនៅពេលដែលស្តេចមួយចូលទិវង្គតនោះ តែងជួបនូវហេតុការណ៍ស្តេចក្រាញ់ មន្ត្រី ឬខ្សែរាជវង្ស ធ្វើសង្គ្រាមកាប់សម្លាប់គ្នាដើម្បីដណ្តើមអំណាច។ ម្យ៉ាងទៀត នៅសម័យបុរាណ ការប្តូរអ្នកគ្រប់គ្រងអំណាចគឺភាគច្រើនធ្វើឡើងការច្បាំងគ្នា។
តើកម្ពុជានៅក្នុងសតវត្សទី២១នេះ អាចជួបហេតុការណ៍ដូចសម័យបុរាណក្នុងពេល បាត់បង់មេដឹកនាំដែរឬទេ? ហើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលបានដឹកនាំប្រទេសជាង៣០ឆ្នាំមកនេះ ពិតជាមិនអាចរៀបចំប្រព័ន្ធមួយក្នុងផ្ទេរតំណែងក្នុងករណីបាត់បង់រូបលោក ក្នុងប្រការណាមួយមែនឬយ៉ាងណា?
ប្រសិនបើបាត់បង់លោកនាយរដ្ឋមន្ត្រី ហើយសង្គមមានចលាចលនោះ ប្រជាពលរដ្ឋខ្មែរ នឹងជួបបញ្ហានៅពេលអនាគតមិនខាន ព្រោះជាច្បាប់ធម្មជាតិការកើត ចាស់ ឈឺ នឹងស្លាប់ជា រឿងធម្មតារបស់មនុស្ស។ កុំថាឡើយមនុស្ស សូម្បីភពផែនផែនដីដែលកំពុងផ្តល់កន្លែងឲ្យមនុស្សរស់នៅ ក៏មានអាយុកាលរបស់វាដែរ។
ទោះយ៉ាងណាសម្រាប់ សម្រាប់អ្នកស្រាវជ្រាវលើការអភិវឌ្ឍន៍សង្គម និងផ្លូវច្បាប់បានលើកឡើងថា នៅក្នុងផ្លូវច្បាប់មានចែងច្បាស់ ក្នុងដំណោះស្រាយជាក់ស្តែងប្រសិនបើមិនមានវត្តមាននាយករដ្ឋមន្ត្រីជាអចិន្ត្រៃយ៍ ដោយសារការលាលែងពីតំណែង ឬស្លាប់នោះ។
អ្នកវិភាគដែលបានស្រាវជ្រាវពីផ្លូវច្បាប់ និងការអភិវឌ្ឍន៍សង្គម លោក ឡៅ ម៉ុងហៃ លើកឡើងថា ប្រសិននាយករដ្ឋមន្ត្រីស្លាប់មែននោះគឺ រដ្ឋសភាត្រូវជ្រើសរើសមេដឹកនាំថ្មី ដោយមានការតែងតាំងពីព្រះមហាក្សត្រ ដើម្បីដឹកនាំគណៈរដ្ឋមន្ត្រី។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនេះ មិនមានប្រតិកម្មណាមួយពីគណបក្សសង្គ្រោះជាតិទេ។ បើទោះគណបក្សសង្គ្រោះជាតិ មិនបារម្ភពីការព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្តី តែមិនប្រាកដក្រុមហ៊ុនដែលកំពុងបោះទុនរាប់លានដុល្លារវិនិយោគនៅកម្ពុជា មិនភ័យខ្លាចនោះទេ។
សម្រាប់សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី លើកឡើងថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺដូចអ្វីដែលមេដឹកនាំផ្សេងៗ នៅលើ ពិភពលោកដែលដឹកនាំប្រទេសក្នុងរយៈពេលលយូរធ្លាប់បាននិយាយ «ព្រោះនេះគឺជាការបញ្ចេញនូវការគំរាមមួយដែលធ្វើឲ្យ អ្នកដទៃខ្លាច ថ្ងៃក្រោយទោះបីជាយើងខំធ្វើអ្វីឲ្យខុសពីហ្នឹង ខ្លាំងជាងហ្នឹង ក៏វាទៅណាមិនរួចពីកណ្តាប់ដៃរបស់គេ។ តាមការយល់ឃើញរបស់ខ្ញុំ ពេលដែលខ្ញុំលឺសូរពាក្យហ្នឹង វាមិនមែនស្អីចំឡែកទេ វាជាពាក្យដែលអ្នកកាន់អំណាចយូរនៅក្នុងប្រទេសដទៃ គេបានប្រើគ្រប់គ្នា»។
ទាក់ទងនឹងសិទ្ធិកំពូលនៃការបញ្ជាលើកម្លាំងយោធា នៅក្នុងរដ្ឋធម្មនុញគឺជាព្រះមហាក្សត្រ មិនមែនជានាយករដ្ឋមន្ត្រីទេ។ មាត្រា២៣នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទ។
មាត្រា៩នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទចែងថា យោធិនត្រូវមានអព្យាក្រឹត្យភាពក្នុងមុខនាទីក្នុងសកម្មភាពការងារ និងហាមឃាត់ការប្រើមុខងារ និងប្រើប្រាស់សំភារៈរបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយណាមួយ។
អ្នកស្រាវជ្រាវ និងអ្នកវិភាគបញ្ហាសង្គម លើកឡើងថា បើអ្នកនយោបាយគោរពច្បាប់នោះ នឹងមិនអាចមានសង្គ្រាម ឬចលាចលក្នុងសង្គមកើតឡើងបានទេ ព្រោះបច្ចុប្បន្នកម្ពុជា មាន រដ្ឋធម្មនុញ្ញ និងច្បាប់គ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានការណ៍៕
អត្ថបទវិភាគផ្សេងៗ
- វិភាគ៖ វៀតណាមព្រមានប្ដឹងចិនករណីជម្លោះដែនកោះក្នុងសមុទ្រចិនខាងត្បូង តើអ្នកនយោបាយខ្មែរគិតយ៉ាងណាករណីវៀតណាមយកកោះត្រល់ពីកម្ពុជា?
- វិភាគ៖ ហេតុអ្វីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមទិតៀនមន្ត្រីរដ្ឋាភិបាល?
- វិភាគ៖ លទ្ធភាពនៃការទាមទារទឹកដីកម្ពុជាក្រោមនៅតែអាចធ្វើទៅបាន
No comments:
Post a Comment