Paris Peace Accords 23 Oct. 1991

Tuesday, June 10, 2014

អាជ្ញាធរ ​​ភ្នំពេញ​ ប្រកាស​ ហាម ​ជន​អនាថា ​​នៅ​តាម​ ទី​សាធារណៈ

អាជ្ញាធរ ​​ភ្នំពេញ​ ប្រកាស​ ហាម ​ជន​អនាថា ​​នៅ​តាម​ ទី​សាធារណៈ

ដោយ សេក បណ្ឌិត / RFA | ៩ មិថុនា ២០១៤

ជន​អនាថា305
យុវ​ជន​អនាថា​ដេក​នៅ​ក្នុង​រទេះ​ប្រមូល​សំរាម ដែល​សំចត​នៅ​ក្បែរ​វិថី​មួយ​ក្នុង​ក្រុង​ភ្នំពេញ។  RFA File/Ouk Savborey

សាលា​ រាជធានី​ ភ្នំពេញ​ ចេញ​សេចក្ដី​ណែនាំ ​ឲ្យ​អភិបាល​ខណ្ឌ​ ទាំង១២ យក​ចិត្ត​ទុក​ដាក់ ​លើ​ការ​ការពារ និង​លើក​កម្ពស់ ​ជន​អនាថា ឬ​ជន​គ្មាន​ទីពឹង ​ក្នុង​រាជធានី ​ភ្នំពេញ។  សង្គម​ស៊ីវិល​ ស្វាគមន៍​ ចំពោះ​ សេចក្ដី​ណែ នាំ​នេះ, តែ ​ពួកគេ​ សំណូមពរ​ រដ្ឋាភិបាល​ ធ្វើ​យ៉ាង​ណា ​ឲ្យ​អនុវត្ត​ ការងារ​នេះ ​ឲ្យ​មាន​ តម្លាភាព និង​ប្រកប​ ដោយ​ប្រសិទ្ធភាព។

ទន្ទឹម​ នឹង​ជំរុញ ឲ្យ​យក​ចិត្ត​ទុក​ដាក់ ​លើ​ជនអនាថា ឬ​ជន​គ្មាន​ទីពឹង​នោះ, សាលា ​រាជធានី​ ក៏​ឲ្យ​មន្ត្រី​ សាលា​ខណ្ឌ​ ទាំង​១២ ទប់ស្កាត់​ លំហូរ​ចូល ​នៃ​ជន​អនាថា ​ថ្មីៗ​ទៀត​ មក​រាជធានី​ ភ្នំពេញ​ដែរ, ជាពិសេស ​តាម​តំបន់ ​រមណីយដ្ឋាន​ និង​តាម​ដង​ផ្លូវ​ សាធារណៈ។

អ្នក​នាំ​ពាក្យ​ នៃ​សាលា​ រាជធានី ​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍ ​នៅ​ថ្ងៃ​ ទី​៩ មិថុនា ថា, ការ​ចេញ​ សេចក្ដី​ណែនាំ​នេះ ក្នុង​ន័យ​ថា អ្នក​គ្រប់គ្រង​ ខណ្ឌ ​នីមួយៗ ក្នុង​សាលា ​រាជធានី​ ភ្នំពេញ ធ្វើ​យ៉ាង​ណា​ ទប់ស្កាត់ ​ការ​ហូរ​ចូល ​នៃ​ជនអនាថា ​មក​ពី​បណ្ដា ​ខេត្ត​នានា ដើម្បី ​រក្សា​សណ្ដាប់ធ្នាប់​ ក្នុង​រាជធានី។

​ចំណែក​អ្នក​ដែល​មក​ដល់​រាជធានី​រួច​ហើយ និង​អ្នក​កំពុង​រស់​នៅ​ទី​នេះ អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គាត់​ដោយ​ផ្ដល់​ការ​អប់រំ​ជូន​ពួក ​គាត់​ឲ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ខ្លួន​ ឯង។ បន្ទាប់​ពី​ពួក​គាត់​មាន​វិជ្ជាជីវៈ​រួច​ហើយ អាជ្ញាធរ​នឹង​បញ្ជូន​ទៅ​ទី​កន្លែង​ដែល​ពួកគាត់​ធ្លាប់​រស់​នៅ​វិញ។

​លោក ឡុង ឌីម៉ង់«ប៉ុន្តែ​ អ្វី​ ដែល​សាលា​ រាជធានី​ ភ្នំពេញ ធ្វើ​ការ​ណែនាំ​ ដល់​មន្ត្រី​ ក្រោម​ឱវាទ ​របស់​ខ្លួន​នេះ គឺ​ ធ្វើ​ម៉េច​ ឲ្យ​ទប់​ស្កាត់​ ការ​ហូរ​ចូល ​នៃ​បណ្ដាល​ ជនអនាថា​ ទាំង​អស់​ ហ្នឹង!  ដែល​គេ ​អាច​ឈាន​ ដល់​ការ​រង​គ្រោះ​ ដល់​ពួក​គាត់​ហ្នឹង។  អ៊ីចឹង​ទេ បាន​ជា​យើង​ ពិនិត្យ​មើល, យើង ​អាចអា​ហ្នឹង​, ហើយ​ បាន​ជា​យើង​ ណែនាំ​ ដល់​មន្ត្រី។»

​លោក​ថ្លែង​ទៀត វិជ្ជាជីវៈ​ដែល​ត្រូវ​បង្រៀន​ជនអនាថា​រួម​មាន បង្រៀន​កាត់​សក់ បង្រៀន​កាត់ដេរ បង្រៀន​អ៊ុតសក់​ជាដើម។ លោក​បញ្ជាក់​បន្ត​ថា អ្វី​ដែល​ជា​ការងារ​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ជនអនាថា​កុំ​ឲ្យ​ហូរ​ចូល​ រាជធានី​ច្រើន​ព្រោះ​ពួក​គាត់​ប្រឈម​ហានិភ័យ​ខ្ពស់។ ហេតុ​នេះ សាលា​រាជធានី​ចង់​ទប់​ស្កាត់​រឿង​នេះ​កុំ​ឲ្យ​មាន​ចំពោះ​ពួក​គាត់​ត​ទៀត។ ជាមួយ​គ្នា​នេះ អ្វី​ដែល​សាលា​រាជធានី​ធ្វើ គឺ​សុំ​ឲ្យ​មន្ត្រី​ខណ្ឌ​ទាំង​១២ ធ្វើ​នៅ​តំបន់​ដែល​ខ្លួន​កាន់​កាប់​ប៉ុណ្ណោះ។

ទាក់ទង​នឹង​រឿង​នេះ ប្រធាន​អង្គការ​ភាព​ញញឹម​នៃ​កុមារ ដែល​កំពុង​ជួយ​សង្គ្រោះ​ក្មេង​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ លោក លោក ពិន សារពេជ្ញ មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ចំណាត់ការ​សាលា​រាជធានី​ភ្នំពេញ។ លោក​លើក​ឡើង​បន្ថែម​ថា បើ​គ្រប់​ភាគី​ពាក់ព័ន្ធ​ស្រុះស្រួល​គ្នា​ធ្វើ​ការងារ​នេះ លោក​ជឿ​ថា ក្មេង​អនាថា​មាន​ទី​ពឹង ពួកគាត់​ឈប់​ឯកា​ទៀត​ហើយ។

​លោក ពិន សារពេជ្ញ«ពី​ដៃគូ​ គាំទ្រ​ អី​ទាំង​អស់​ហ្នឹង គាំទ្រ​ ដើម្បី​ ធ្វើ​អា​ហ្នឹង។  ដូច្នេះ​ គឺ​ សាលា​ក្រុង​ គាត់​​ បើក​ឲ្យ​មាន ​ដៃគូ​ច្រើន ដើម្បី​ ជួយ​គាត់​ ទៅ​លើ​បញ្ហា​​ហ្នឹង។  ដូច្នេះ​ មិន​មែន​ ជា​បន្ទុក​ របស់​ អាជ្ញាធរ​ទេ, វា​ ជា​បន្ទុក ​របស់​ សង្គម​ស៊ីវិល​ មួយ​ចំនួន ដើម្បី​ ជួយ​កុមារ​ ទាំង​អស់​ហ្នឹង ធ្វើ​យ៉ាង​ណា​ ក៏ដោយ ដើម្បី​ កុំ​ឲ្យ​ ពួកគាត់​ នៅ​តាម​ផ្លូវ​ ត​ទៅ​ទៀត ពីព្រោះ ​វា ​គ្រោះថ្នាក់​ច្រើន។»

មក​ទល់​បច្ចុប្បន្ន អង្គការ​គាត់​ចិញ្ចឹម​ប្រមាណ​មួយ​ម៉ឺន​នាក់ (១០.០០០) ក្នុង​នោះ​ក្មេង​ដែល​បញ្ចប់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន ៣.៨០០​នាក់។

លោក​បញ្ជាក់​ថា ក្មេង​ដែល​បញ្ចប់​ការ​បណ្ដុះបណ្ដាល​ពី​អង្គការ​ពួកគាត់​មាន​ការងារ​ទាំង​អស់ ​គ្នា។ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត អះអាង​ថា លោក​គាំទ្រ​ចំពោះ​ការណែនាំ​នេះ តែ​លោក​ស្នើ​មន្ត្រី​សាលា​រាជធានី កុំ​ធ្វើ​ដូច​ពេល​កន្លង​មក ដែល​ដើរ​ចាប់​ពួកគាត់​យក​ចោល​ដូច​សត្វ​ធាតុ។

​លោក អំ សំអាត៖ «វិជ្ជាជីវៈ​ មាន​ការ​សិក្សា មុខ​វិជ្ជា​ ណា​មួយ, ហើយ ​យើង​ គួរ​តែ​ ពិនិត្យ​លទ្ធភាព​ ទៅ​លើ​ ការ​ផ្ដល់​សម្បទាន​ ដី​ ខាង​សង្គមកិច្ច ​សម្រាប់​ ពួកគាត់។  បើ​សិន​ ជា​គាត់​ ជា​អ្នក​អនាថា,​គ្មាន​ដី​, គ្មាន​ធ្លី​ សម្រាប់​ ធ្វើ​ស្រែ​ ចម្ការ​នោះ, អ៊ីចឹង​ អា​ហ្នឹង​ ការ​ផ្ដល់​ឲ្យ​គាត់។  វា​ ជា​ការ​មួយ ​ល្អ​បំផុត​ ចំពោះ​ ការ​លើក​កម្ពស់ ​ទៅ​លើ​ជីវិត​ នៃ​ជន​អនាថា។»

​ខ្លឹមសារ​នៃ​សេចក្ដី​ណែនាំ​សាលា​រាជធានី​អំពាវនាវ​ឲ្យ​មន្ត្រី​សាលា​ ខណ្ឌ​ទាំង​១២ គ្រប់គ្រង​ទិន្នន័យ​រាជធានី​ភ្នំពេញ ឲ្យ​បាន។ ជាង​នេះ​ទៅ​ទៀត ពួកគាត់​ត្រូវ​ផ្ដល់​ចំណេះដឹង​ពី​ផល​ប៉ះពាល់​ជនអនាថា​នោះ​ដោយ​សហការ​ជាមួយ​ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​គាំទ្រ​ពួក​គាត់។

មន្ត្រី​ជំនាញ​ត្រូវ​សហការ​ជាមួយ​អង្គការ​ដែល​ជា​ដៃគូ ដើម្បី​ស្វែង​យល់​ពី​ការ​រស់​នៅ​របស់​ពួកគាត់​ជន​ងាយ​រងគ្រោះ ត្រូវ​ផ្ដល់​ស្បៀង​អាហារ សម្ភារៈ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជូន​ពួកគាត់។ លើស​ពី​នេះ មន្ត្រី​ខណ្ឌ​នីមួយៗ ត្រូវ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ដែល​បង្ខំ​ស្ដ្រី​និង​កុមារ​ឲ្យ​ដើរ​សុំ​ទាន​តាម​ចិញ្ចើម​ថ្នល់៕


No comments:

Post a Comment