Paris Peace Accords 23 Oct. 1991

Thursday, June 12, 2014

បក្ស ​ទាំង​ពីរ មិន​ឯកភាព​គ្នា ​លើ​ចំណុច​ ជ្រើសតាំង​ សមាសភាព ​គ.ជ.ប.

បក្ស ​ទាំង​ពីរ មិន​ឯកភាព​គ្នា ​លើ​ចំណុច​ ជ្រើសតាំង​ សមាសភាព ​គ.ជ.ប.

ដោយ ទីន ហ្សាការីយ៉ា / RFA | ​១២ មិថុនា ២០១៤

ក្រុម​ការងារ​បក្ស​ប្រជាជន ៦១០
ក្រុម​ការងារ​បក្ស​ប្រជាជន​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​នា​វិមាន​ព្រឹទ្ធ​សភា ក្រោយ​ជំនួប​ចរចា​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​១២ មិថុនា ឆ្នាំ​២០១៤។  RFA/Tin Zakariya

គណបក្ស​ នយោបាយ​​ ជាប់​ឆ្នោត​ ទាំង​ពីរ នៅ​មិនទាន់​ទម្លុះ ​ភាព​ជាប់​គាំង​ នយោបាយ ​បាន​នៅ​ឡើយ​ទេ នៅ​ក្នុង​កិច្ច​ចរចា​ ផ្លូវការ​ នៅ​ព្រឹក​ថ្ងៃ​ ទី​១២ មិថុនា។  តែ ​គណបក្ស ​ទាំង​ពីរ ​បាន​ឯកភាព ​ទៅ​លើ​ចំណុច ​មួយ​ចំនួន ​នៅ​ក្នុង​កិច្ច​ចរចា​ រយៈពេល​ខ្លី​ ជាង​ពេល​ ពី​មុនៗ​នោះ។  ក្រុម​អ្នក​វិភាគ ​លើក​ឡើង​ ថា, គណបក្ស​ ត្រូវ​តែ​ សម្បទាន ​ឲ្យ​គ្នា​ ឲ្យ​បាន​ច្រើន ​ជាង​នេះ ដើម្បី ​ទទួល​បាន​ ជោគជ័យ​ នៅ​ក្នុង​ការ​ចរចា​ បញ្ចប់​ជម្លោះ ​នយោបាយ​ ដ៏​រ៉ាំរ៉ៃនេះ។

គណបក្ស ​នយោបាយ​ ទាំង​ពីរ ​បាន​ឯកភាព​ ដាក់​ស្ថាប័ន​ គណៈកម្មាធិការ​ជាតិ​ រៀបចំ ​ការ​បោះ​ឆ្នោត ​ជា​ស្ថាប័ន​ ធម្មនុញ្ញ ដោយ​ធ្វើ ​វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ​ បន្ថែម ១​ជំពូក​ទៀត, តែ​ គណបក្ស​ ទាំង​ពីរ ​មិន​ឯកភាព​គ្នា ​ត្រង់​ចំណុច​ជ្រើសតាំង​សមាសភាព គ.ជ.ប. នេះ​ទេ។

គណបក្ស​ សង្គ្រោះ​ជាតិ ​និង​គណបក្ស​ ប្រជាជន​កម្ពុជា បាន​ជួប​គ្នា​ ចរចា ​នៅ​ថ្ងៃ​ ទី​១២ មិថុនានេះ, មាន​រយៈពេល ​ជាង១​ម៉ោង​ទេ, ហើយ ​គណបក្ស ​សង្គ្រោះ​ជាតិ មិន​បាន ​ចូល​រួម ​ធ្វើ​សន្និសីទ​ សារព័ត៌មាន ​ជាមួយ​គ្នា ​នោះ​ឡើយ បន្ទាប់ ​ពី​ចេញ​ ពី​បន្ទប់​ចរចា​នោះ។

មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស​ ប្រជាជន​កម្ពុជា លោក ព្រុំ សុខា ដែល​ដឹក​នាំ​ ការ​ចរចា និង​ជា​រដ្ឋលេខាធិ ការ​ក្រសួង ​មហាផ្ទៃ មាន​ប្រសាសន៍​ ថា, ការ​ចរចា​នេះ ​វិវឌ្ឍ​ទៅ​មុខ។  ប៉ុន្តែ ​លោក ​បញ្ជាក់​ថា, គណបក្ស ​ប្រជាជន​កម្ពុជា មិន​អាច​ធ្វើ ​វិសោធនកម្ម ​ពី​សំឡេង ​ភាគ​ច្រើន ​ដាច់​ខាត, មក២ ភាគ៣វិញ បាន​ទេ ដោយ​លោក​ បាន​រំលឹក ​ពី​លោក សម រង្ស៊ី ជា​អ្នក​ស្នើ​សុំ​ ទៅ​សភា ​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ​ មាត្រា​៩០ ពី២ ភាគ​៣ ទៅ ៥០​ភាគរយ បូក ១។


នៅ​ក្នុង​ការ​ចរចា​នេះ​មិន​បាន​លើក​អំពី​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

លោក ព្រុំ សុខា មាន​ប្រសាសន៍​ថា នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មិន​បាន​ចែង​ឲ្យ​គណបក្ស​នយោបាយ​មាន​ទូរទស្សន៍​នោះ​ឡើយ។

នៅ​ក្នុង​ការ​ជួប​គ្នា​ចរចា​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រគល់​សេចក្ដី​ព្រាង​របស់​ខ្លួន​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ស្ដីពី​វិសោធនកម្ម​មាត្រា​៧៦ និង​ការ​បង្កើត​ជំពូក​ថ្មី​ទាក់ទង​នឹង​ការ​បង្កើត​អង្គការ​រៀបចំ​ការ​បោះ​ ឆ្នោត។

គណបក្ស​ទាំង​ពីរ​បាន​យល់​ព្រម​បង្កើត​ជំពូក​ទី ១៥​ថ្មី ស្ដីពី​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មាន​ចំនួន ២​មាត្រា គឺ​មាត្រា ១៥០​ថ្មី និយាយ​ពី​ការ​ចាត់ចែង​និង​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ឯករាជ្យ និង​អព្យាក្រឹត និង​មាត្រា ១៥១​ថ្មី និយាយ​ពី​ការ​រៀបចំ​សមាជិក គ.ជ.ប និង​ការ​ជ្រើស​តាំង​សមាសភាព គ.ជ.ប. ដោយ​រដ្ឋ​សភា។ គណបក្ស​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​ចំពោះ​មាត្រា ១៥១​ថ្មី ត្រង់​ចំណុច​ជ្រើស​តាំង​សមាសភាព​នេះ ដោយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​បោះឆ្នោត​អនុម័ត​ក្នុង​សភា​ដោយ​សំឡេង ២ ភាគ ៣ តែ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​រក្សា​ការ​អនុម័ត​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ដូច​ដែល​មាន​ចែង​ក្នុង​ រដ្ឋធម្មនុញ្ញ​ដដែល។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខែត្រ​កណ្ដាល មាន​ប្រសាសន៍​ថា ការ​អនុម័ត​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បោះ​ឆ្នោត​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នោះ តែ​លើ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ចំពោះ​គណបក្ស​ដែល​ឈ្នះ​ ឆ្នោត​ទេ។

ទោះ​បី​ជា​យ៉ាង​ក៏ដោយ លោក ព្រុំ សុខា បាន​បង្ហើប​ថា ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៩ មេសា នោះ មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើត​គណៈកម្មការ​ជំនាញ​ថ្មី​មួយ​ទៀត នៃ​រដ្ឋសភា គឺ​ គណៈកម្មការ ​ប្រឆាំង ​អំពើ​ពុករលួយ ​និង​អង្កេត ដោយ​ឲ្យ​ គណបក្ស ​សង្គ្រោះ​ជាតិ ធ្វើ​ជា​ប្រធាន និង​គណៈកម្មការ ៤​ផ្សេង​ទៀត ពោល​គឺ​គណបក្ស​ទាំង​ពីរ​ចែក​គណៈកម្មការ​ជំនាញ​ក្នុង​សភា​ម្ខាង ៥ គណៈកម្មការ​ធ្វើ​ជា​ប្រធាន ហើយ​តួនាទី​អនុ​ប្រធាន​សភា​ទី​១ ឲ្យ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ។

តំណាង​គណបក្ស​ទាំង​ពីរ​បាន​អះអាង​ដោយ​សំដែង​សុទិដ្ឋិនិយម​ដូច​គ្នា​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​បន្ត​ទៀត តែ​មិន​ទាន់​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៅ​ឡើយ​ទេ។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​សម្បទាន​ឲ្យ​គ្នា​ឲ្យ​បាន​ច្រើន​ជាង​នេះ​ទៀត ដើម្បី​ឈាន​ទៅ​ដល់​ជោគជ័យ​លើ​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ​នេះ៕


No comments:

Post a Comment