Paris Peace Accords 23 Oct. 1991

Tuesday, June 3, 2014

ពលរដ្ឋ​ នៅ​ក្រុង ​សៀមរាប ​ព្រមាន បិទ​ផ្លូវ​ មិន​ឲ្យ​ឡាន​ ចូល​ចាក់​សំរាម ​នៅ​កន្លែង​ស្តុក

ស្រី៖ «ស្អុយ​ រហូត ឱ្យ​តែ​ ខ្យល់​មក​ ចំដូច​គំរង់។  ថ្ងៃ​ណា​ អស់​កម្លាំង​ ទៅ​ធុំក្លិន​នោះ​ ក៏​ក្អួត, កើត​ខ្យល់។»

ពលរដ្ឋ​ នៅ​ក្រុង ​សៀមរាប ​ព្រមាន បិទ​ផ្លូវ​ មិន​ឲ្យ​ឡាន​ ចូល​ចាក់​សំរាម ​នៅ​កន្លែង​ស្តុក

ដោយ ហង្ស សាវយុត / RFA | ០២ មិថុនា ២០១៤
សំរាម សៀមរាប ៦១០
គ្រឿងចក្រ ​របស់ ​ក្រុមហ៊ុន ​ប្រមូល​សំរាម ហ្កាអ៊ីយ៉ា នៅ​ខេត្ត​ សៀមរាប ឈូស​កាយ ​គំនរ​ សំរាម​ ដែល​គេ ​ដឹក​ ពី​តាម​ផ្ទះ​ និង​ផ្សារ​នានា មក​ស្ដុក​ ទុក​ក្នុង​ ទីក្រុង។  ២-មិថុនា-២០១៤, RFA/Hang Savyouth

បច្ចុប្បន្ន​ មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ ​ខេត្ត​ សៀមរាប កំពុង​ ប្រឹងប្រែង​ ទាក់ទាញ​ ភ្ញៀវ​ទេសចរ​ បរទេស ​ឱ្យ​ចូល​មក ​ទស្សនា​ប្រាសាទ​ បូរាណ ដែល​ជា​ បេតិកភណ្ឌ ​ពិភពលោក ​ដ៏​ល្បីល្បាញ។  ក៏ប៉ុន្តែ​ ការ​យក​ចិត្ត ​លើ​បញ្ហា​បរិស្ថាន ​និង​ទីក្រុង​ស្អាត គឺ​ មិន​ទាន់​ បាន​ល្អ​ ទាំង​អស់​ទេ ដោយសារ​ តែ ​នៅ​តាម​ទីផ្សារ និង​កន្លែង ​ខ្លះ​ទៀត ​ក្នុង​ទីក្រុង មាន​គំនរ សំរាម ​ជះ​ក្លិន​ស្អុយ ដែល​ធ្វើ​ ឱ្យ​ប៉ះពាល់ ​សុខភាព និង​រំខាន​ ដល់​ការ​រស់​នៅ​ របស់​ ប្រជាពលរដ្ឋ ​មួយ​ចំនួន។

ប្រជាពលរដ្ឋ ​ប្រមាណ ៥០​គ្រួសារ​ នៅ​ភូមិ​ ខ្នារ​ថ្មី សង្កាត់ ​ជ្រាវ ក្រុង​ សៀមរាប ព្រមាន ​ថា, ​ពួកគេ​ នឹង​ប្រមូល​គ្នា​ បិទ​ផ្លូវ​ នៅ​ពេល​ណា​មួយ មិន​ឱ្យ​រថយន្ត​ ដឹក​សំរាម ​របស់ ​ក្រុមហ៊ុន ហ្កាអ៊ីយ៉ា (GAEA) អាច​ចូល ​ទៅ​ចាក់​សំរាម ​នៅ​កន្លែង​ស្ដុក ​ក្នុង​ទីក្រុង​ បាន​ទៀត​ទេ ប្រសិន​បើ​ សំរាម នៅ​តែ ​ជះ​ក្លិន​ស្អុយ, ​ហើយ​ មិន​មាន​ ការ​ដោះស្រាយ ​អ្វី​សោះ​នោះ។


កាល​ពី​ថ្ងៃ ​ទី​១ ខែ​មិថុនា កន្លង​ទៅ ក្រុម​អ្នក​ភូមិ​ បាន​នាំ​គ្នា​ ផ្ដិត​មេដៃ​ សា​ជា​ថ្មី ធ្វើ​ពាក្យ​បណ្ដឹង​ ដាក់​ទៅ​អាជ្ញាធរ ​ម្ដង​ទៀត ដើម្បី​ ឱ្យ​ជួយ​ដោះស្រាយ ​ជុំវិញ​ បញ្ហា​សំរាម​ ដែល​ជះ​ក្លិន​ស្អុយ ​ជា​យូរ​ មក​ហើយ​នោះ។

ក្រុម​អ្នក​ភូមិ ​ជា​ច្រើន​ អះអាង​ ប្រហាក់ ប្រហែល​គ្នា​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ ខែ​មិថុនា ថា, ពួកគេ​ ពិត​ជា​ មិន​អាចទ្រាំ​ ហិត​ក្លិន​ស្អុយ ​ចេញ​ ពី​សំរាម​ ដែល​ក្រុមហ៊ុន ហ្កាអ៊ីយ៉ា ដឹក​ជញ្ជូន ​មក​ស្ដុក ​ទុក​ជា​ច្រើន​ រថយន្ត​ ក្នុង​១​ថ្ងៃ​ នោះ​ទេ។

សំឡេង​ តវ៉ា, ប្រុស៖ «ពេល​កាលណា ​ក្ដៅ​ខ្លាំង វា​ ស្អុយ​ កាន់​តែ​ ខ្លាំង។   ខ្ញុំ​ ១​ខែ​ ផ្ដាសាយ​ ចង់២០​ថ្ងៃ​, ហើយ​ គឺ​ លេប​ថ្នាំ​ រាល់​ថ្ងៃ។  ទឹក​ស្អុយ​ ចេញ​ពី​សំរាម វា​ ធ្លាក់​ ពី​ក្ដិត​ឡាន​ ឆ្វាច​ លើ​ថ្នល់​ស្អុយ ជា​អ្វី​ ទៅ​ទៀត។ »

ស្រី៖ «ស្អុយ​ រហូត ឱ្យ​តែ​ ខ្យល់​មក​ ចំដូច​គំរង់។  ថ្ងៃ​ណា​ អស់​កម្លាំង​ ទៅ​ធុំក្លិន​នោះ​ ក៏​ក្អួត, កើត​ខ្យល់។» 

ប្រុស៖ «ស្អុយ​ឆួល​ ចង់​ប្រះ​លលាដ បុក​ទៅ​ខួរក្បាល​ សឹងតែ​ បែក។  ប៉ុន្តែ ​ខ្ញុំ​ ទីទ័លក្រ មិន​ដឹង​ ជា​ចេញ​ ទៅ​ណា​ ក៏​ចេះ តែ​ ទ្រាំ​ទៅ។  កូន​ក្មេង​ គ្រុន​រងា ​ញឹក​ញាស់, ឈឺ​ក្បាល ទៅ​ពេទ្យ​ ថា​ដុះ​សាច់​ ច្រមុះ ​កូន​ខ្ញុំ។»

ស្រី៖ «ក្លិន​ឈ្លក់​ តែម្ដង! កំពុង​តែ ​ហូប​បាយ​ឆ្ងាញ់​អី ម៉ា​ឈូ ពិបាក​ទ្រាំ​ណាស់។  ដេក​យប់ ​អ៊ីចឹង ​ជួនកាល​ ពាក់​កណ្ដាល​យប់​ ស្អុយ ដល់​ម៉ោង ៣-៤​ព្រឹក​ទៅ, ជួនកាល​ ១​ខែ​ ស្អុយ​ចង់ ២០​ថ្ងៃ​ ឡើង​ទៅ»

ប្រជាពលរដ្ឋ ​ដែល​មាន លំនៅឋាន ​ជុំវិញ ​កន្លែង​ស្ដុក​ សំរាម ​របស់ ​ក្រុមហ៊ុន ហ្កាអ៊ីយ៉ា គឺ​ សុទ្ធតែ​ ទិញ​ម៉ាស​ មក​ទុក ​នៅ​ក្នុង​ផ្ទះ​ គ្រប់ៗ​គ្នា ​ដើម្បី​ ពាក់​ការពារ​ ក្លិន​ស្អុយ។

ក្រុម​អ្នក​ភូមិ​ ទាមទារ​ ឱ្យ​អាជ្ញាធរ​ ក្រុង ​និង​ខេត្ត ​សៀមរាប ត្រូវតែ​ ដោះស្រាយ​ ដោយ​ផ្លាស់ប្ដូរ​ ទីតាំង​ ស្ដុក​សំរាម ​ចេញពី​ទីក្រុង។

ទោះ​យ៉ាង​ណា​ នាយក​ក្រុមហ៊ុន ​ប្រមូល​សំរាម ហ្កាអ៊ីយ៉ា លោក ផូ ផល្គុន មិន​បាន​ទទួល ​ទូរស័ព្ទ​ បំភ្លឺ​រឿង​នេះ​ យ៉ាង​ណា ​នៅ​ឡើយ។

ចំណែក ​អ្នក​គ្រប់គ្រង​ ការដ្ឋាន​ សំរាម​ម្នាក់​ ដែល​មិន ​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ ថា, ក្នុង​១​ថ្ងៃៗ ​ក្រុមហ៊ុន ​បាន​ដឹក​សំរាម​ ពី​តាម​ផ្ទះ និង​ផ្សារ​នានា​ ប្រហែល ១២០​តោន យក​ទៅ​ស្ដុក ​នៅ​ទី​នោះ ដើម្បី ​រង់ចាំ​ ការ​ដឹក​បន្ត​ ទៅ​ចោល ​នៅ​ក្រៅ​ទីក្រុង។   អ្នក​គ្រប់គ្រង​ ដដែល​ បញ្ជាក់​ថា, ក្រុមហ៊ុន ​បាន​ប្រឹងប្រែង​ បំបាត់​ ក្លិន​ស្អុយ​នេះ តាម​រយៈ​ការ​ដាក់​ទឹក​អ៊ី.អឹម (EM) ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរ​ផង និង​ចាក់​ បេតុង​ឱ្យ​ខ្ពស់ ដើម្បី​ កុំ​ ឱ្យ​ជះ​ក្លិន​ដែរ ក៏ប៉ុន្តែ ​នៅតែ មិន​អាច​ ការពារ​បាន។

ប្រធាន​ ស្ដីទី ​នៃ​មន្ទីរ​ បរិស្ថាន​ ខេត្ត​ សៀមរាប លោក ភួង លីណា មាន​ប្រសាសន៍​ ថា, លោក ​ធ្លាប់​ចាត់​វិធានការ ​ជុំវិញ ​រឿង​ក្លិន​ ស្អុយ​នោះ ចំនួន ២​លើក​ មក​ហើយ ដោយ​មាន​ ទាំង​កិច្ចសន្យា ​ឱ្យ​ក្រុមហ៊ុន ​រៀបចំ​ កុំ​ ឱ្យ​ប៉ះពាល់​ ដល់​ប្រជាពលរដ្ឋ។

មន្ត្រី​ ដដែល​ បញ្ជាក់​ទៀត​ ថា, នៅ​ថ្ងៃ​ ទី​៣ មិថុនា  រូប​លោក, ប្រជាពលរដ្ឋ, ក្រុមហ៊ុន, និង​សាលា ក្រុង ​សៀមរាប នឹង​ជួប​ជជែក​គ្នា​ ម្ដង​ទៀត ជុំវិញ ​រឿង​នោះ, ហើយ​ បើ ​ក្រុមហ៊ុន​ នៅ​តែ ​មិន​ផ្លាស់ប្ដូរ​ទេ គឺ មន្ទីរ​ បរិស្ថាន ​នឹង​រៀបចំ ​អនុវត្ត​ តាម​នីតិវិធី​ច្បាប់៖ «មួយ​ជំហាន​ ហ្នឹង​ទៀត​ នៅ​តែ​ មិន​ដោះស្រាយ​ចេញ, យើង ​នឹង​មាន​ វិធានការ​ ប្រហែល​ ជា​ដូរ​ទីតាំង ឬ​ក៏​យើង ​ត្រូវ​ ប្ដឹង​គាត់​ ទៅ​តុលាការ, អា​ហ្នឹង​ ជា​នីតិវិធី​ បន្ទាប់​ទៀត។»

បញ្ហា​ក្លិន​ស្អុយ​ សំរាម​នេះ មិន​មែន ​មាន​តែ​ ប្រជាពលរដ្ឋ​ នៅ​ភូមិ​ ខ្នារថ្មី សង្កាត់ ​ជ្រាវ​ទេ, គឺ ប្រជាពលរដ្ឋ​ ជា​ច្រើន​ គ្រួសារ​ទៀត ដែល​រស់នៅ ​ភូមិ​ បន្ទាយ​ចាស់,​ សង្កាត់​ ស្លក្រាម ​ផ្សារ​សាមគ្គី​ ក៏​កំពុង ​ទទួល​ រង​ការ​ប៉ះពាល់​ដែរ។  នៅ​ផ្សារ​ សាមគ្គី​ បច្ចុប្បន្ន ក៏​ក្រុមហ៊ុន ​ហ្កាអ៊ីយ៉ា ជា​អ្នក​ទទួល ​ដឹក​ដែរ, ក៏ប៉ុន្តែ​ ការ​ដឹក​ចេញ​ មាន​កំណត់​ ជា​ហេតុ​ ធ្វើ ​ឱ្យ​សំរាម ​នៅ​គរ​ជះ ​ក្លិន​ស្អុយ​ ជា​រៀងរាល់​ថ្ងៃ៕



No comments:

Post a Comment