ពលរដ្ឋ នៅកំពង់ឆ្នាំង ស្នើ
ឲ្យបញ្ចុះតម្លៃ អគ្គិសនី
ដោយ ជិន ជេដ្ឋា / RFA | 3 June 2014
ការដាច់ ចរន្ត អគ្គិសនី ញឹកញាប់ នៅក្នុងក្រុង កំពង់ឆ្នាំង បានធ្វើ ឲ្យប្រជាពលរដ្ឋ និងមន្ត្រី រាជការ មួយចំនួន ត្អូញត្អែរ ពីការរំខាន ដល់ការរស់នៅ កុងទ័រដើរ ខុសប្រក្រតី និងធ្វើ ឲ្យសម្ភារៈ ប្រើប្រាស់ អគ្គិសនី ឆាប់ខូច ជាដើម។ បញ្ហានេះ ត្រូវ បានប្រជាពលរដ្ឋ លើកឡើង នៅក្នុងវេទិកា សាធារណៈ ថ្នាក់ជាតិមួយ ដែលធ្វើឡើង នៅក្នុងបរិវេណ វិទ្យាល័យក្រុង នៃខេត្ត កំពង់ឆ្នាំង មានមនុស្ស ចូលរួម ប្រមាណជា ៧០០នាក់ នៅព្រឹកថ្ងៃ ទី៣ ខែមិថុនា។
បញ្ហាអគ្គិសនី គឺ ជាបញ្ហាមួយ ក្នុងចំណោម បញ្ហាជាច្រើនទៀត ដូចជា បទល្មើស នេសាទ, ព្រៃឈើ, និងសេវា សុខាភិបាល ដែលកើតមាន នៅទូទាំងខេត្ត កំពង់ឆ្នាំង ត្រូវ បានអ្នកចូលរួម លើកឡើង និងមាន ការឆ្លើយតប ភ្លាមៗ ពីអភិបាលខេត្ត និងក្រុមការងារ ថ្នាក់ជាតិ ចុះរៀបចំ វេទិកា សាធារណៈ ប្រចាំខេត្តនេះ។
ប្រជាពលរដ្ឋ និងជាគ្រូបង្រៀន លោក ហែម សិទ្ធី មានប្រសាសន៍ថា ភាពរអាក់រអួលនៃចរន្តអគ្គិសនីនៅក្នុងខេត្ត បានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ លោកសង្ឃឹមថា ក្រោយពីលោកលើកឡើងបញ្ហានេះ អាជ្ញាធរនឹងជួយជំរុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី យកចិត្ដទុកដាក់ និងដោះស្រាយបញ្ហានេះ៖ «ការប្រើប្រាស់ អគ្គិសនី សូម បញ្ចុះតម្លៃ ឲ្យស្មើ នឹងតម្លៃ នៃការប្រើប្រាស់ នៅក្រុងភ្នំពេញ។ ទី២ សូម សួរថា, ហេតុអ្វី ការប្រើប្រាស់ ចរន្ត អគ្គិសនី នៅកំពង់ឆ្នាំង ក្នុង១ថ្ងៃ ស៊ីញ៉ូ ឬដាច់ បើ កៗ មួយថ្ងៃ ចង់ ១០ ទៅ២០ ដងឯណោះ, ហើយ និងបញ្ហា កុងទ័រ ឡើងចុះ។ លោក អភិបាលខេត្ត ក៏លោក មានប្រសាសន៍ដែរ; លោក ដឹងដែរ គឺ កុងទ័រ អត់ប្រក្រតីទេ។»
លោក បញ្ជាក់ថា ជាធម្មតា គ្រួសារ លោក ប្រើប្រាស់ អគ្គិសនី អស់ប្រហែល ជា៣៨ គីឡូវ៉ាត់ ម៉ោង ក្នុង១ខែ។ ប៉ុន្តែ ក្រោយ ពីអគ្គិសនី ដាច់ញឹកញាប់ មួយរយៈ មកនេះ, កុងទ័រភ្លើង បានកើន ដល់ជាង ៤០គីឡូវ៉ាត់ ម៉ោង ក្នុង១ខែ។ យ៉ាងណា លោកចង់ឲ្យតម្លៃអគ្គិសនីចុះពីតម្លៃ ១.២០០រៀល ដែលប្រើសព្វថ្ងៃ មកនៅត្រឹម ៨០០ ទៅ ៩០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
ឆ្លើយតបបញ្ហានេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ថ្លែងបញ្ជាក់ថា ការសំណូមពរបញ្ចុះតម្លៃអគ្គិសនីម្ដងច្រើនតែម្ដង គឺមិនអាចធ្វើទៅរួចនោះទេ ប៉ុន្តែចាប់ពីខែមិថុនា ឆ្នាំ២០១៤ នេះ តម្លៃអគ្គិសនីនឹងបញ្ចុះតម្លៃ ១០០រៀល គឺពី ១.២០០រៀល មកនៅ ១.១០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។ ចំណែកបញ្ហាអគ្គិសនីដាច់ញឹកញាប់វិញ សម្រាប់លោកផ្ទាល់ក៏ជួបប្រទះដែរ ប៉ុន្តែលោកនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ អគ្គិសនី ដែលកំពុងដំណើរការ៖ «ល្ងាចមិញហ្នឹង គ្រាន់តែ ចាំមើល ឯកសារ, ហើយ ចាំស៊ីញេហ្នឹង ប្រហែល ជា១ម៉ោង ពេលល្ងាច, ប៉ុន្តែ តាមខ្ញុំ សួរទៅ ជាឆ្លើយ ថា អ៊ីចេះ អាប្រព័ន្ធ ខ្សែ បណ្ដាញ បញ្ជូនភ្លើង, វា មានភាព គេ ហៅថា អូតូម៉ាទិក (automatic) កាលណា មានដូចសត្វអី វា ហើរទៅប៉ះខ្សែភ្លើង ហ្នឹងទៅ គឺ ភ្លើងហ្នឹង បើប៉ះទៅ វា ធ្វើឲ្យ ចរន្តភ្លើង វា ឆ្លងភ្លាម វា រលត់ហើយ រលត់ហើយ ពេល ដែលវា ផុតទៅ វា នឹងឆេះឡើងវិញ។ អាហ្នឹងម្យ៉ាង ចុះអាហ្នឹងចម្លើយគេទេណា ខ្ញុំ ក៏អត់បាន ឃើញផ្ទាល់ដែរ។»
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកប្រភពទាក់ទងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីខេត្ត កំពង់ឆ្នាំង ឈ្មោះ សុវណ្ណនី អភិវឌ្ឍន៍អគ្គិសនី (Sovanny Electricity Development Co., Ltd) ដែលគេដឹងច្បាស់ថាជាកម្មសិទ្ធិរបស់លោកឧកញ៉ា ឱ សុវណ្ណារក្ស ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣ ខែមិថុនា។
វេទិកាសាធារណៈរបស់រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំនៅខេត្តកំពង់ឆ្នាំង ថ្ងៃនេះ គឺរាល់បញ្ហា និងសំណួររបស់ប្រជាពលរដ្ឋ ត្រូវបានឆ្លើយតបដោយអភិបាលខេត្ត និងក្រុមការងារថ្នាក់ជាតិ ដែលមានសមាសភាពដូចជា លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
យ៉ាងណា អ្នកចូលរួម ឬម្ចាស់សំណួរ ស្នើសុំឲ្យតំណាងក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធនានាក្នុងបញ្ហាដែលបានលើកឡើង ត្រូវតែចូលរួមស្ដាប់ និងដោះស្រាយផ្ទាល់ ប្រសិនបើមានវេទិកានេះនៅពេលក្រោយទៀត៕
No comments:
Post a Comment