អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក សូរិយា ប្រាសាទស៊ូប៊ែរឌី (Surya P.Subedi) កាលពីកន្លងទៅ(រូបថតដោយតាត ឧត្តម)
អ្នករាយការណ៍ ពិសេស លោក ស៊ូប៊ែរឌី មកកម្ពុជា នៅសប្តាហ៍ក្រោយ
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃពុធ ទី11 មិថុនា 2014
អ្នករាយការណ៍ ពិសេស អង្គការ សហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុក ផ្នែកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី (Surya P. Subedi) នឹងមកបំពេញ ទស្សនកិច្ច នៅកម្ពុជា សប្តាហ៍ក្រោយ ដើម្បី ពិនិត្យ លើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្ត នូវអនុសាសន៍ របស់ លោក។
សេចក្តី ជូនដំណឹង របស់ ការិយាល័យ ឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុក សិទ្ធិមនុស្ស នៅកម្ពុជា ឲ្យដឹងថា, លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី នឹងមកកម្ពុជា ចាប់ពីថ្ងៃ ទី១៦ ដល់ថ្ងៃ ទី២៤ ខែមិថុនា។ លោក នឹងបើក ឲ្យមានសន្និសីទ សារព័ត៌មាន នៅថ្ងៃ ទី២៤ ខែមិថុនា។
ក្នុងរយៈពេលចុងក្រោយនេះ លោក ស៊ូប៊ែរឌី បារម្ភពីសេចក្តីព្រាងច្បាប់ចំននួនបីដែលទើបត្រូវបានអនុម័ត ដោយស្នើឲ្យរដ្ឋាភិបាលកម្ពុជា រដ្ឋសភា និងព្រឹទ្ធសភា ពិនិត្យឡើងវិញលើសេចក្តីព្រាងច្បាប់ចំនួន៣ ទាក់ទងនឹងប្រព័ន្ធតុលាការ ដើម្បីធានាថាច្បាប់នេះគោរពតាមបទដ្ឋានអន្តរជាតិ។
សេចក្តីព្រាងច្បាប់ចំនួនបី ដែលថ្មីៗនេះត្រូវបានអនុម័តដោយរដ្ឋសភា រួមមានសេចក្តីព្រាងស្តីពីការរៀបចំអង្គតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
កាលពីខែមករា ឆ្នាំ២០១៤ លោក លោក ស៊ូប៊ែរឌី បានបំពេញទស្សនកិច្ចនៅកម្ពុជា ដោយលោកបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងបញ្ហាជាប់គាំងនយោបាយ។ លោក ជំរុញឲ្យភាគីគណបក្សនយោបាយទាំងពីរ ដោះស្រាយជាប់គាំង ហើយប្រសិនបើភាគីទាំងពីរត្រូវការរូបលោក លោកនឹងជួយតាមការស្នើសុំ៕
No comments:
Post a Comment