Paris Peace Accords 23 Oct. 1991

Saturday, June 28, 2014

តើ​ ហេតុ​អ្វី ​រដ្ឋាភិបាល ​កម្ពុជា​ ចាប់​អារម្មណ៍​ តិចតួច ​ពី​ប្រវត្តិសាស្ត្រ​ កម្ពុជា​ក្រោម?

តើ​ ហេតុ​អ្វី ​រដ្ឋាភិបាល ​កម្ពុជា​ ចាប់​អារម្មណ៍​ តិចតួច ​ពី​ប្រវត្តិសាស្ត្រ​ កម្ពុជា​ក្រោម?

RFA | ២៧ មិថុនា ២០១៤
ខ្មែរ​ក្រោម សៀមរាប ៦១០
ក្រុម​និស្សិត ​នាំ​គ្នា​ លាត​សន្ធឹង​ ទង់​ខ្មែរ​ កម្ពុជា​ក្រោម នា​បរិវេណ ​ប្រាសាទ ​អង្គរវត្ត នៅ​ថ្ងៃ ​ទី​១ មិថុនា ឆ្នាំ​២០១៤។  RFA / Hang Savyouth

ជម្លោះ​ពាក្យ​សម្ដី ​រវាង ​មន្ត្រី​នាំ​ពាក្យ ​ស្ថានទូត​ វៀតណាម ប្រចាំ​កម្ពុជា និង​អង្គការ​ សមាគម​ខ្មែរ​ កម្ពុជា​ក្រោម ជុំវិញ ​ការ​ខ្វែង ​គំនិត​គ្នា​ ទៅ​លើ​ប្រវត្តិសាស្ត្រ ​ដែនដី​ កម្ពុជា​ក្រោម កំពុង​តែ ​កើត​ឡើង ​រវាង ​ភាគី​ ទាំង​ពីរ។

មន្ត្រី​ ស្ថានទូត​ វៀតណាម អះអាង​ ថា, ទឹក​ដី ​កម្ពុជា​ក្រោម ជា​ទឹក​ដី ​របស់ ​ប្រទេស ​វៀតណាម ជា​យូរយារ​ណាស់ ​មក​ហើយ។  ចំណែក​ ខ្មែរ​ក្រោម​វិញ ទាមទារ ឲ្យ​រដ្ឋាភិបាល ​វៀតណាម បង្ហាញ​ឯកសារ​ ប្រវត្តិសាស្ត្រ ​ដែល​ថា, ទឹក​ដី​នេះ​ ជា​របស់ ​ជនជាតិ​យួន, ហើយ ​បើ គ្មាន ​ឯកសារ​ទេ, វៀតណាម ត្រូវ​ សុំ​ទោស​ ពលរដ្ឋ​ខ្មែរ​ ជា​សាធារណៈ។  រីឯ​ ពី​ខាង ​រដ្ឋាភិបាល ​កម្ពុជាវិញ, ហាក់​នៅ សម្ងំ​ស្ងៀម​ ចំពោះ ​បញ្ហា​នេះ ​នៅ​ឡើយ។

តើ​ ហេតុ​អ្វី​ បាន​ជា​រដ្ឋាភិបាល ​កម្ពុជា ចាប់​អារម្មណ៍ ​តិចតួច​ ពី​បញ្ហា​ប្រវត្តិសាស្ត្រ​ កម្ពុជា​ក្រោម?

ការ​ឆ្លើយឆ្លង​ពាក្យ​សម្ដី​គ្នា​រវាង​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា និង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​កើត​ឡើង​អស់​រយៈពេល​ជិត ១​ខែ​មក​ហើយ គឺ​បន្ទាប់​ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា មក​ម្ល៉េះ ដែល​ចាប់​ពី​ពេល​នោះ​មក ខ្មែរ​ក្រោម​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​ថ្លែង​របស់​មន្ត្រី​វៀតណាម ដែល​ពួក​គេ​អះអាង​ថា ជា​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​ជា​ការ​ប្រមាថ​មើល​ងាយ​របស់​វៀតណាម មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល។

ចំណែក​មន្ត្រី​ស្ថានទូត​វៀតណាម ក៏​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ខ្មែរ​ក្រោម ដែល​គេ​ចោទ​ប្រកាន់​ថា បាន​លើក​ឡើង​នូវ​រឿងរ៉ាវ​ដែល​គ្មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ គ្មាន​មូលដ្ឋាន​ច្បាប់ និង​ជា​ការ​បោកប្រាស់​មួលបង្កាច់​មតិ​មហាជន។

ជុំវិញ​បញ្ហា​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍ ​នៅ​ថ្ងៃ​ ទី​២៦ ខែ​មិថុនា ថា រដ្ឋាភិបាល​មិន​ត្រូវ​ការ​ឆ្លើយ​ឆ្លង ឬ​ក៏​ប្រតិកម្ម​ចំពោះ​ពាក្យ​សម្ដី​របស់​បុគ្គល​ណា​មួយ​ឡើយ។ លោក​ថា បញ្ហា​នេះ​វា​មិន​មាន​សារសំខាន់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​ទៅ​ជជែក​តតាំង ឬ​ត្រូវ​ទៅ​ពិចារណា​អំពី​បញ្ហា​នេះ​ឡើយ ដោយ​លោក​ថា ដោយសារ​រដ្ឋាភិបាល​ឈរ​នៅ​លើ​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ព្រម​ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​នានា។

លោក ផៃ ស៊ីផាន អះអាង​ថា ទាំង​នេះ គឺ​ ជា​គោលការណ៍ នីតិរដ្ឋ ដែល​កម្ពុជា អនុវត្ត​ តាំង​ពី​ឆ្នាំ ​១៩៩៣មក។  លោក ​ថា ចំពោះ​ប្រវត្តិសាស្ត្រ​វា ​ពិត​ប្រាកដ​ យ៉ាង​ណា​នោះ, គេ ​អាច​នាំ​គ្នា​ អាន​សៀវភៅ​បាន៖ «យើង ​អត់​យក​ចិត្ត​ ទុក​ដាក់​អ្វី​ ដែល​យើង​ ពិចារណា គឺ​ ស្ថិត​ក្នុង ​រដ្ឋធម្មនុញ្ញ, ស្ថិត​ក្នុង​ ច្បាប់​ជាតិ និង​អន្តរជាតិ ដែល​យើង​ ជា​សមាជិក​ អង្គការ​ សហប្រជាជាតិ, ជាពិសេស យើង​ បាន​ចុះ​ហត្ថលេខា​ ជាមួយ​ សន្ធិសញ្ញា ឡាវីយ៉ែន (Vienna Convention) នៅ​អង្គការ​ សហប្រជាជាតិ គួរ​នាំ​គ្នា​ ពិចារណា​ អា​ហ្នឹង​វិញ។»

ជា​ការ​ពិត​ណាស់ ពលរដ្ឋ​កម្ពុជា កម្រ​ឃើញ​ណាស់​ថា រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម ឬ​តបត​ជាមួយ​រដ្ឋាភិបាល​វៀតណាម ជាពិសេស​នៅ​ពេល​ដែល​មាន​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​បញ្ហា​កម្ពុជា​ក្រោម។ កុំ​ថា​ឡើយ​បញ្ហា​ធំ​ដុំ សូម្បី​តែ​ពេល​ខ្មែរ​ក្រោម​រៀបចំ​ពិធី​រំឭក​ខួប​បាត់​បង់​ទឹក​ដី​ម្តងៗ ក៏​រដ្ឋាភិបាល​កម្ពុជា បាន​បង្ក​ការ​លំបាក​ដល់​ខ្មែរ​ក្រោម​ដែរ។ ប្រការ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​រង​នូវ​គំនាប​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជា​អ្នក​មាន​គុណ​របស់​ខ្លួន។

សម្រាប់​អ្នក​វិភាគ ​ព្រឹត្តិការណ៍ ​សង្គម ឯករាជ្យ លោក កែម ឡី យល់​ឃើញ​ថា បញ្ហា​នេះ គឺ​មាន​ផល​ប៉ះពាល់​ធំធេង​ណាស់​សម្រាប់​សង្គម​ខ្មែរ។  លោក ​ថា នៅ​ពេល​ដែល​វៀតណាម ចេះ​តែ​លើក​ពី​ប្រវត្តិសាស្ត្រ​នេះ​ម្តង​ហើយ​ម្តង​ទៀត ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា ព្យាយាម​នៅ​សម្ងំ​ស្ងៀម វា​នឹង​ធ្វើ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាត់​បង់​នូវ​ប្រវត្តិសាស្ត្រ ឬ​បាត់​បង់​នូវ​អ្វី​ដែល​ខ្លួន​បាត់​បង់​រួច ហើយ​នឹង​អាច​បាត់​បង់​នូវ​អ្វីៗ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

លោក កែម ឡី៖ «ប្រទេស​ នីមួយៗ, ​គេ​ ការពារ​ ផល​ប្រយោជន៍។  ដោយ​ឡែក ប្រទេស​កម្ពុជា, វា ​ហាក់​បី​ ដូច​ជា​មាន​ ភាព​ស្ទាក់ស្ទើរ​ នៅ​ក្នុង​ការ​ ការពារ​ ផល​ប្រយោជន៍​ខ្មែរ។  វា​ សំខាន់​យួន ដែល​និយាយ​នេះ, វា​ ជា​មេរៀន​មួយ កំពុង​តែ​ បង្រៀន​រដ្ឋាភិបាល​ កម្ពុជា ថា, អ្នក​ ត្រូវ​តែ​ រៀបចំ​ ប្រវត្តិសាស្ត្រ​ខ្មែរ​ ឡើង​វិញ; អ្នក​ ត្រូវ​តែ​ បង្រៀន​កូន​ខ្មែរ​ ឲ្យ​ដឹង​ថា, ទឹក​ដី​ កម្ពុជា​ក្រោម ហ្នឹង, វា​ ជា​ទឹក​ដី​អ្នក​ណា។  គេ​ កំពុង​តែ​ បង្រៀន​យើង។  ប៉ុន្តែ ​បើ​សិន​ ជា​យើង​ កូន​សិស្ស​មិន​ល្អ, យើង​ អត់​យក​ចិត្ត​ ទុក​ដាក់, ប្រហែល​ ជា​យើង​ អាច​ភ្លេច​ ប្រវត្តិសាស្ត្រ​ហ្នឹង​ ក៏​ថា​បាន។»

លោក កែម ឡី កត់​សម្គាល់​បន្ត​ថា បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​កម្ពុជា នឹង​មិន​ហ៊ាន​ធ្វើ​អ្វី​ឡើយ ដោយ​លោក​ចាត់​ទុក​ថា រដ្ឋាភិបាល​កម្ពុជា សព្វថ្ងៃ​ហាក់​កំពុង​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​ទ្រុង​ដែក​មួយ ដែល​ពិបាក​នឹង​ធ្វើ​ដំណើរ។ ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​រូប​នេះ ហាក់​មាន​សុទិដ្ឋិនិយម​ចំពោះ​យុវវ័យ​ខ្មែរ​ជំនាន់​ក្រោយ ដែល​លោក​ថា អាច​កសាង​ផ្លូវ​មួយ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា៖ «ទាំង​ ខ្មែរ​លើ​ទាំង​ខ្មែរ​ក្រោម ត្រូវ​រៀបចំ​ឯកសារ​ឲ្យ​ល្អ​តាំង​ពី​ពេល​នេះ​ទៅ ក្នុង​កាលៈទេសៈ​ណា​មួយ​ដែល​យុវវ័យ​ជំនាន់​នេះ នឹង​ឡើង​កាន់​អំណាច ប្រហែល​ជា​គាត់​មាន​បេះដូង​ខ្មែរ​ច្រើន​ជាង​អ្នក​ដឹក​នាំ​ជំនាន់​នេះ។ គាត់​អាច​នឹង​ធ្វើ​ការ​តវ៉ា​បាន ឲ្យ​តែ​អ្វី​ជា​របស់​ខ្មែរ ទោះ​បី​ជា ៥០​ឆ្នាំ ១០០​ឆ្នាំ ១​ពាន់​ឆ្នាំ ក៏​យើង​ត្រូវ​តែ​ទាមទារ​មក​វិញ​ដែរ។ យើង​មិន​អាច​លុប​បំបាត់​បាន​ទេ ហើយ​ឥទ្ធិពល​ហ្នឹង​វា​ច្រើន​ហួស​ទៅ​ហើយ ដែល​សូម្បី​តែ​កោះ​ដែល​ទើប​តែ​បាត់​ថ្មីៗ ក៏​គេ​បំភ័ន្ត​ភ្នែក​ថា គេ​មិន​មែន​ជា​អ្នក​ធ្វើ​ឲ្យ​បាត់​ទៅ​ទៀត។ អា​ហ្នឹង​ហើយ​ដែល​ជា​ការ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈឺ​ចាប់​បន្ថែម​ទៅ ​ទៀត។»

យុវវ័យ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន ហាក់​យល់​ដឹង​ច្រើន​អំពី​បញ្ហា​កម្ពុជា​ក្រោម។ លើស​ពី​នេះ ពួក​គេ​ក៏​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ទឹក​ដី​កម្ពុជា​ក្រោម ផង​ដែរ។ ជាក់ស្តែង ជិត​ដល់​ថ្ងៃ​ប្រារព្ធ​ខួប​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម កាល​ពី​ដើម​ខែ​មិថុនា កន្លង​មក​នេះ យុវជន​កម្ពុជា បាន​ចែក​រំលែក​ព័ត៌មាន​គ្នា និង​បញ្ចេញ​មតិ​សម្ដែង​ការ​គាំទ្រ និង​ស្រឡាញ់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​តាម​បណ្ដាញ​សង្គម​នានា ជាពិសេស គឺ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) តែ​ម្តង។ លើស​ពី​នេះ រហូត​ដល់​មាន​យុវជន​ខ្លះ​ពាក់​អាវ​មាន​ទង់ជាតិ​ខ្មែរ​ក្រោម ពណ៌​ខៀវ លឿង ក្រហម និង​បិទ​រូប​ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​លើ​ថ្ពាល់​របស់​ពួក​គេ​ផង​ដែរ ដែល​ករណី​នេះ គេ​កម្រ​បាន​ឃើញ​ណាស់​ពី​មុន​មក។

ចំពោះ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច វិញ លោក​មាន​ប្រសាសន៍​ថា បញ្ហា​កម្ពុជា​ក្រោម គឺ​ជា​មេរៀន​ប្រវត្តិសាស្ត្រ​ទុក​សម្រាប់​ឲ្យ​កូន​ខ្មែរ និង​អ្នក​នយោបាយ​ខ្មែរ រៀន​សូត្រ​តាម ដើម្បី​កុំ​ឲ្យ​ដើរ​លើ​គន្លង​ចាស់​របស់​អ្នក​ដឹក​នាំ​ជំនាន់​មុន។ ទោះ​ជា​យ៉ាង​ណា លោក​ថា ខ្មែរ​ក្រោម​មិន​អាច​សង្ឃឹម​ទៅ​លើ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ឡើយ​នៅ​ពេល​នេះ ព្រោះ​លោក​ថា កម្ពុជា សព្វថ្ងៃ​ទប់​ខ្លួន​ឯង​សឹង​តែ​មិន​ជាប់​ផង។ លោក​ថា ពេល​នេះ​ខ្មែរ​ក្រោម​ត្រូវ​ពឹង​លើ​ខ្លួន​ឯង។
លោក​បណ្ឌិត សុខ ទូច«បង​ប្អូន​ខ្មែរ​ កម្ពុជា​ក្រោម​ហ្នឹង គាត់​ត្រូវ​តែ​ក្រោក​ឈរ​ឡើង។ គាត់​ត្រូវ​បង្ហាញ​អំពី​កម្លាំង ប៉ុន្តែ​កម្ពុជា គឺ​ជា​ភាគី​គាំទ្រ មិន​អាច​ភាគី​កម្ពុជា ទៅ​ចេញ​មុខ​ទេ ពីព្រោះ​យើង​ដឹង​ហើយ​ថា ខ្មែរ​កម្ពុជា​ក្រោម ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា​ជា​របស់​វៀតណាម។ អ៊ីចឹង​ទេ ប្រជាជន​កម្ពុជា​ក្រោម ជា​សញ្ជាតិ​វៀតណាម មាន​សិទ្ធិ​តតាំង​រឿង​នោះ ដើម្បី​កុំ​ឲ្យ​បាត់​បង់​នូវ​ជាតិពន្ធុ​របស់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​វៀតណាម ហើយ​ជាតិពន្ធុ​នេះ មាន​យូរយារ​ណាស់​មក​ហើយ ហើយ​មិន​មែន​ជា​របស់​វៀតណាម ទេ ហើយ​កម្ពុជា គាំទ្រ​ទៅ​លើ​ឯកសារ គាំទ្រ​ទៅ​លើ​ការ​ស្នើសុំ​របស់​ខ្មែរ​កម្ពុជា​ក្រោម។»

យ៉ាង​ណា​ក៏ដោយ បើ​និយាយ​ពី​លក្ខណៈ​ប្រវត្តិសាស្ត្រ​វិញ លោក​បណ្ឌិត សុខ ទូច ថា កម្ពុជា នៅ​តែ​អាច​ទាមទារ​ឲ្យ​វៀតណាម ទទួល​ស្គាល់​ថា ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​អតីត​ទឹក​ដី​របស់​កម្ពុជា បាន។ លើស​ពី​នេះ លោក​ថា សិស្ស និស្សិត បញ្ញវ័ន្ត ឬ​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ ជាដើម មាន​សិទ្ធិ​ប្រកាស​ទាមទារ​ឲ្យ​វៀតណាម ទទួល​ស្គាល់​ការ​ពិត ហើយ​ថា អ្នក​ទាំង​នោះ​អាច​មាន​សិទ្ធិ​ធ្វើ​ការ​តវ៉ា​ទាមទារ​នៅ​មុខ​ស្ថានទូត​វៀតណាម បាន ប្រសិន​បើ​ការ​តវ៉ា​នោះ​ធ្វើ​ឡើង​ដោយ​អហិង្សា។

ប៉ុន្តែ រហូត​មក​ទល់​ពេល​នេះ ក្រៅ​តែ​ពី​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​អ្នក​ចេញ​មុខ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត ពុំ​ឃើញ​មាន​បញ្ញវ័ន្ត ឬ​ក្រុម​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​ណា​មួយ ចេញ​មុខ​ប្រកាស​ជា​ផ្លូវ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បកស្រាយ​ឡើង​វិញ​អំពី​ប្រវត្តិសាស្ត្រ​នេះ​ឡើយ។ ប្រការ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រុម​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​ហាក់​យក​ចិត្ត​ទុក​ដាក់​តិចតួច​អំពី​ បញ្ហា​នេះ។ និយាយ​បែប​ផ្សេង ពួក​គេ​ហាក់​ញញើតញញើម​ក្នុង​ការ​ចេញ​មុខ​តតាំង ដើម្បី​ធ្វើ​ឲ្យ​ប្រជាជាតិ​ខ្មែរ​អស់​មន្ទិល​សង្ស័យ។ ការ​សម្ងំ​ស្ងៀម​នេះ ក៏​ហាក់​មាន​ន័យ​ថា អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ​មិន​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ស្រាវជ្រាវ​របស់​ ខ្លួន​ពី​មុន​មក​នោះ​ឡើយ ហើយ​ក៏​ហាក់​មាន​ន័យ​ថា ពួក​គេ​កំពុង​ទទួល​យក​ការ​លើក​ឡើង​របស់​មន្ត្រី​វៀតណាម តែ​ម្តង៕



No comments:

Post a Comment