សហភាព អឺរ៉ុប ព្យួរ កិច្ចសហប្រតិបត្តិការ ជាមួយថៃ ដោយសារ រដ្ឋប្រហារ
លោកប្រាយុទ្ធ ចាន់អូចា មេដឹកនាំរបបសឹកថៃ (រូបថតឯកសារ) ©REUTERS/Athit Perawongmetha
នៅថ្ងៃចន្ទនេះ
សហភាព អឺរ៉ុប បានសម្រេច ព្យួរ កិច្ចសហប្រតិបត្តិការ ជាមួយ រដ្ឋាភិបាលថៃ
ដើម្បី ជាការឆ្លើយតប ទៅនឹងការធ្វើ រដ្ឋប្រហារ កាលពីខែ ឧសភា។
នៅឯប្រទេស ថៃ ឯណោះវិញ,
របបសឹក បានបង្កើន ការបង្រ្កាប ទៅលើអ្នកប្រឆាំង នឹងរដ្ឋប្រហារ
ដោយបានប្រកា សផ្តល់រង្វាន់ ដល់អ្នកណា ដែលជួយ ផ្តល់ព័ត៌មាន
ដែលអាចនាំ ទៅដល់ ការចាប់ខ្លួន អ្នកតវ៉ា ប្រឆាំង។
RFI | ២៣ មិថុនា ២០១៤
នៅក្នុងកិច្ចប្រជុំ នៅក្នុងប្រទេស លុចសំបួរ នៅថ្ងៃចន្ទ, រដ្ឋមន្រ្តី ក្រសួង ការបរទេស នៃសហភាព អឺរ៉ុប បានថ្កោលទោស ការធ្វើ រដ្ឋប្រហារ នៅក្នុងប្រទេស ថៃ, ហើយ បានព្រមព្រៀងគ្នា ដាក់ចេញ នូវវិធានការ មួយចំនួន ដើម្បី ដាក់ទណ្ឌកម្ម ចំពោះ របបសឹកថៃ និងដើម្បី បង្ខំ ឲ្យថៃ វិលត្រឡប់ ទៅរកគន្លង ប្រជាធិបតេយ្យវិញ ជាបន្ទាន់។
វិធានការទាំងនេះរួមមានការផ្អាករាល់ដំណើរទស្សនកិច្ចផ្លូវការរបស់ មន្រ្តីសហភាពអឺរ៉ុបទៅកាន់ប្រទេសថៃ ព្រមទាំងផ្អាកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូ ដែលសហភាពអឺរ៉ុបគ្រោងចុះជាមួយថៃ។ សហភាពអឺរ៉ុបក៏បានទាមទារផងដែរឲ្យរបបសឹកថៃដោះលែងរាល់អ្នកទោស នយោបាយ ព្រមទាំងគោរពនូវសិទ្ធិសេរីភាពរបស់ប្រជាជន។
នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំនៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីក្រសួងការបរទេសសហភាពអឺរ៉ុបបានបញ្ជាក់បន្ថែមថា បណ្តាប្រទេសនីមួយៗ ដែលជាសមាជិកសហភាពអឺរ៉ុបក៏នឹងធ្វើការសើរើមើលឡើងវិញផងដែរ នូវទំនាក់ទំនងយោធាទ្វេភាគីជាមួយថៃ ហើយថា ទំនាក់ទំនង រវាងសហភាពអឺរ៉ុប និងថៃ អាចវិលត្រឡប់មករកប្រក្រតីភាពឡើងវិញបានទាល់តែមេដឹកនាំរបបសឹករៀបចំ ដំណើរការបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ ដើម្បីវិលត្រឡប់ទៅរករបបដឹកនាំស្របតាមរដ្ឋធម្មនុញ្ញ។
នៅឯប្រទេសថៃឯណោះវិញ របបសឹកកំពុងតែបង្កើនសកម្មភាពបង្រ្កាបក្រុមអ្នកប្រឆាំងនឹង រដ្ឋប្រហារ ដោយអគ្គស្នងការរងប៉ូលិសជាតិបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ប៉ូលិសនឹងផ្តល់រង្វាន់ដល់អ្នកណាដែលផ្តល់ភស្តុតាងដល់អាជ្ញាធរ ដើម្បីឈានទៅចាប់ខ្លួនអ្នកធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យប៉ូលិសបានព័ទ្ធចាប់បុរសម្នាក់ នៅក្នុងទីក្រុងបាងកក នៅក្នុងពេលដែលគាត់កំពុងអានសៀវភៅប្រលោមលោកមួយរបស់ George Orwell ដែលមានអត្ថន័យប្រឆាំងនឹងរបបផ្តាច់ការ៕
No comments:
Post a Comment