មេដឹកនាំ បក្សប្រឆាំង និងសង្គមស៊ីវិល ចាត់ទុកសេរីភាព របស់ ពលរដ្ឋ កំពុងតែ ជាប់ឃុំឃាំង
RFA | ២៤ មិថុនា ២០១៤
សកម្មជន ការពារ សិទ្ធិមនុស្ស នៃអង្គការ ក្រៅរដ្ឋាភិបាល និងអ្នកវិភាគ ឯករាជ្យខ្លះ មើលឃើញ ថា ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ កំពុងបាត់បង់ សិទ្ធិសេរីភាព នៃការបញ្ចេញមតិ និងសិទ្ធិសេរីភាព នៃការប្រមូលផ្ដុំ ជួបប្រជុំ ស្ទើរតែ ទាំងស្រុង។
ការបាត់បង់សិទ្ធិសេរីភាពទាំងនេះ បណ្ដាលមកពីរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរឹតត្បិតយ៉ាងតឹងរ៉ឹងជាទីបំផុត។
តើបញ្ហាទាំងនេះ វាជាគោលនយោបាយដ៏សំខាន់សម្រាប់ប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យ ឬក៏យ៉ាងណា?
មេដឹកនាំគណបក្សប្រឆាំង បានចាត់ទុកថា លទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនាពេលបច្ចុប្បន្ន គឺកំពុងតែជាប់ឃុំឃាំងទៅហើយ។
ការចាត់ទុកបញ្ហាសង្គមបែបនេះ គឺបន្ទាប់ពីរដ្ឋាភិបាលប្រើកម្លាំងបិទទីលានប្រជាធិបតេយ្យនៅទីក្រុង ភ្នំពេញ មិនឱ្យប្រជាពលរដ្ឋជួបជុំ ព្រមទាំងអាជ្ញាធរ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ខ្លះ តែងតាមរារាំងរំខានដល់មេដឹកនាំគណបក្សសង្គ្រោះជាតិ មិនឱ្យចុះសួរសុខទុក្ខសកម្មជន និងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនបាន។
អនុប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា។ លោកមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា កំពុងភ័យខ្លាច២យ៉ាង គឺទី១ ខ្លាចកម្លាំងប្រជាពលរដ្ឋខ្មែរក្រោកឈរគាំទ្រគណបក្សសង្គ្រោះជាតិ យ៉ាងគគ្រឹកគគ្រេង និងទី២ ខ្លាចការបោះឆ្នោតដ៏ត្រឹមត្រូវ។ លោក កឹម សុខា បញ្ជាក់ទៀតថា ដោយសារតែគណបក្សប្រជាជនកម្ពុជា ភ័យខ្លាចនេះ គឺកំពុងប្រើអំណាចរឹតត្បិតទៅលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
លោក កឹម សុខា៖ «ខ្ញុំបានជួបជាមួយ លោក សុរិយា ស៊ូប៊ែឌី ក៏គាត់បាននិយាយពីរឿងបញ្ហាគណបក្សប្រជាជនកម្ពុជា យកកម្លាំងទ័ពហ៊ុមព័ទ្ធទីលានប្រជាធិបតេយ្យហ្នឹង ជារូបភាពមួយបង្ហាញឱ្យឃើញថា ប្រជាធិបតេយ្យនៅស្រុកខ្មែរជាប់ឃុំទៅហើយ ពីព្រោះឃុំទីលានប្រជាធិបតេយ្យ មិនមែនឃុំតែដីទេ គឺឃុំកន្លែងតំណាងឱ្យបញ្ចេញសេរីភាព ដំណើរការប្រជាធិបតេយ្យ។ បើទីប្រជាពលរដ្ឋបញ្ចេញមតិហ៊ុមព័ទ្ធហើយ មានន័យថា សេរីភាពរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានគេដាក់ឃុំរួចហើយ។»
ក្រៅតែពីរដ្ឋាភិបាលបានប្រើកម្លាំងបិទទីលានប្រជាធិបតេយ្យនៅ ទីក្រុងភ្នំពេញ និងមានមនុស្សខ្លះធ្វើសកម្មភាពតាមរារាំងគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម កន្លងមក គឺសកម្មភាពដូចគ្នានេះក៏កើតមាននៅតាមបណ្ដាខេត្តមួយចំនួនជាប់ ព្រំដែនកម្ពុជាថៃ ដែរ។
កាលពីថ្ងៃទី៧ មិថុនា កន្លងទៅ អាជ្ញាធរស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរារាំងគណបក្សសង្គ្រោះជាតិ មិនឱ្យធ្វើវេទិកាជួបជុំសកម្មជនបានទេ។ ហើយកាលពីថ្ងៃទី៨ ខែមិថុនា កម្លាំងសមត្ថកិច្ចប្រដាប់អាវុធ និងមនុស្សប្រុសពេញកម្លាំងជាច្រើន បានរាយបណ្ដាក់នៅតាមព្រៃក្បែរដងផ្លូវ ដើម្បីចាំកាក់ដំណើរបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្ស សង្គ្រោះជាតិ មិនឱ្យចូលទៅខេត្តឧត្តរមានជ័យ ជួបសួរសុខទុក្ខសកម្មជនជាច្រើនកន្លែង។ បន្ទាប់ពីនោះ នៅឯខេត្តកោះកុង ក៏មានមនុស្សមួយក្រុម តាមរំខានការចុះសួរសុខទុក្ខសកម្មជនគណបក្សប្រឆាំងដែរ។
កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅ អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានហាមឃាត់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មិនឱ្យចុះពីរថយន្តទៅជួបសួរសុខទុក្ខកម្មករខ្មែរជាច្រើនម៉ឺន នាក់ ដែលបញ្ជូនមកពីប្រទេសថៃ ទេ។
បើទោះបីជាគណបក្សសង្គ្រោះជាតិ ចាត់ទុកថា សកម្មភាពទាំងនេះ គឺជាការគំរាមកំហែងខាងនយោបាយ និងរឹតត្បិតទៅលើលទ្ធិប្រជាធិបតេយ្យ ព្រមទាំងសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរក៏ដោយ ក៏រដ្ឋាភិបាលចាត់ទុកថា គឺគណបក្សសង្គ្រោះជាតិ ទៅវិញទេ ដែលជាអ្នកធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្លាយជាចំណាប់ខ្មាំង។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនទាន់ក្លាយទៅជាគណបក្សប្រឆាំងនៅឡើយទេ គឺគណបក្សសង្គ្រោះជាតិ ជាអ្នកដែលទទួលបានសំឡេងគាំទ្រភាគតិចពីម្ចាស់ឆ្នោត។ បញ្ហាមួយយ៉ាងច្បាស់ក្រោយពីគណបក្សសង្គ្រោះជាតិ បានទទួលអាសនៈរួចហើយ មិនបានបំពេញកាតព្វកិច្ចចូលរួមប្រជុំនៅក្នុងសភា ដើម្បីតតាំងខាងនយោបាយស្របច្បាប់ទេ បែរជាដើរស្រែក និងធ្វើបាតុកម្ម ជាហេតុនាំឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាប់ឃុំឃាំង។
លោក ផៃ ស៊ីផាន បញ្ជាក់ទៀតថា បញ្ហាដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ ជួបបញ្ហាមួយចំនួននៅពេលធ្វើដំណើរចុះឃោសនាតាមបណ្ដាខេត្ត ដោយវាយប្រហារមកលើរដ្ឋាភិបាលផងនោះ គឺមិនមែនរដ្ឋាភិបាលរារាំងទេ គឺប្រជាពលរដ្ឋខ្លះដែលមិនពេញចិត្ត បានប្រឆាំងតបតវិញប៉ុណ្ណោះ៖ «ប្រជាពលរដ្ឋ គ្រាន់តែលើកបដាបង្ហាញពីឆន្ទៈ អត់ត្រូវការគណបក្សសង្គ្រោះជាតិ។ ដូច្នេះ រហូតដល់គេចោទប្រកាន់ប្រជាពលរដ្ឋទាំងនោះ គឺជាខ្មាំងទៅវិញ។ នេះហើយ គឺជាសមត្ថភាពរបស់គណបក្សសង្គ្រោះជាតិ ដែលមិនយកមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ តាមរយៈការបញ្ចេញយោបល់។ ចំណែកទីលានប្រជាធិបតេយ្យ ដែលគេយកប្រើប្រាស់ជាមូលដ្ឋាននៃសកម្មភាពឧទ្ទាម ក៏ត្រូវបានរាជរដ្ឋាភិបាលបង្ក្រាប ហើយដណ្ដើមយកទីលានសាធារណៈនោះ ដើម្បីផ្ដល់ជាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពដល់មហាជននៅទីក្រុងភ្នំពេញ ធ្វើឱ្យគណបក្សសង្គ្រោះជាតិ បាត់បង់មូលដ្ឋាននៃការធ្វើឧទ្ទាម មិនមែនជាការបាត់បង់មូលដ្ឋាននៃការបញ្ចេញមតិទេ។»
ទោះយ៉ាងណា ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគឯករាជ្យខ្លះ ចាត់ទុកថា ស្ថានភាពរបស់កម្ពុជា បច្ចុប្បន្ន គឺរដ្ឋាភិបាលកំពុងរឹតត្បិតទៅលើលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូបមែន។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា មានខ្នាតរង្វាស់មួយចំនួនដែលអាចបញ្ជាក់ថា ដំណើរលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរកំពុងតែបាត់បង់ ដូចជា ទីលានប្រជាធិបតេយ្យ ដែលជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យត្រូវបានបិទ និងការបណ្ដោយឱ្យមានក្រុមអាជ្ញាធរ និងមនុស្សតាមរារាំងរំខានដល់ការជួបប្រជុំរបស់គណបក្សដទៃ ផ្សេងពីគណបក្សកាន់អំណាច ជាដើម៖ «ជាការឆ្លុះបញ្ចាំងក្រោយពីបិទ ទីលានប្រជាធិបតេយ្យ សូម្បីតែការជួបជុំការប្រមូលផ្ដុំរបស់គណបក្សនយោបាយនៅតាម ទីស្នាក់ការរបស់គេសោះ ប៉ុន្តែត្រូវមានការរារាំងការឃាត់។ តាមពិត លទ្ធិប្រជាធិបតេយ្យមានអ្នកចេះតែយល់ខុស ថាអ្នកឯងធ្វើបាន ខ្ញុំក៏ធ្វើបាន អាហ្នឹងអូខេ (OK) ប៉ុន្តែមិនត្រូវទៅរំខាន ឬទៅរារាំងកន្លែងបញ្ចេញមតិ កន្លែងជួបជុំ កន្លែងប្រមូលផ្ដុំរបស់គេទេ។»
ចំណែកអ្នកវិភាគឯករាជ្យ លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា កម្ពុជា បច្ចុប្បន្ន គឺមិនមានលទ្ធិប្រជាធិបតេយ្យទេ។ ឯសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក៏មិនទាន់ពេញលេញដែរ ដោយសារតែអំណាចទាំងបី គឺនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ចែកមិនទាន់ដាច់ពីគ្នា នៅមានរដ្ឋាភិបាល និងគណបក្សនយោបាយត្រួតត្រាទាំងស្រុង។ គោលការណ៍លទ្ធិប្រជាធិបតេយ្យ ក៏មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក៏ប៉ុន្តែការបោះឆ្នោតនៅកម្ពុជា មិនទាន់សេរី និងយុត្តិធម៌នៅឡើយ។ បញ្ហាមួយទៀត គឺសិទ្ធិសេរីភាពនៃការជួបជុំ ការធ្វើបាតុកម្ម កូដកម្មរបស់ប្រជាពលរដ្ឋ កំពុងធ្លាក់ចុះខ្លាំង។
លោក កែម ឡី បញ្ជាក់ថា បញ្ហាទាំងនេះកំពុងធ្វើឱ្យកម្ពុជា គ្មានមុខមាត់ល្អនៅលើឆាកអន្តរជាតិឡើយ៖ «មុខ មាត់កម្ពុជា ក្នុងបច្ចុប្បន្នហ្នឹង គឺអាក្រក់អាក្រីមែនទែនទៅហើយ។ មិនមានមុខមិនមានមាត់ទៅជួបជាមួយគេរីករាយទេ សូម្បីតែរបបយោធាថៃ ក៏មើលងាយមើលថោកមិនត្រឹមតែការដឹកនាំរបស់កម្ពុជា ទេ រហូតដល់ប្រជាពលរដ្ឋខ្មែរទៅទៀត។ អ៊ីចឹង ខ្ញុំគិតថា អ្នកដឹកនាំគួរតែមានចរិតកែប្រែក្នុងការបើកចំហទូលំទូលាយ ហើយដាក់ប្រជាជនឱ្យចូលទៅក្នុងរបៀបវារៈនៃការអភិវឌ្ឍ។»
ប្រតិភូសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា បានមើលឃើញដូចគ្នា និងអង្គការសិទ្ធិមនុស្ស រួមនិងអ្នកវិភាគឯករាជ្យដែរ។
ឯកអគ្គរដ្ឋទូតប្រតិភូសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង (Jean-François Cautain) ធ្លាប់បានថ្លែងក្នុងលិខិតចុះថ្ងៃទី៨ ខែឧសភា សម្រាប់ខួប ៦៤ឆ្នាំនៃទិវាអឺរ៉ុប ដោយអំពាវនាវឱ្យគណបក្សនយោបាយជាប់ឆ្នោតទាំងពីរ បន្តពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងធានាឱ្យមានការគោរពនូវសេរីភាពសម្ដែងមតិ សេរីភាពក្នុងការជួបជុំ និងសេរីភាពធ្វើបាតុកម្មឱ្យបានប្រសើរឡើង៕
No comments:
Post a Comment