Paris Peace Accords 23 Oct. 1991

Monday, June 9, 2014

អាជ្ញាធរ​ ថៃ ​បង្កើន​ ការ​ចាប់​បញ្ជូន​ ពលរដ្ឋ​ខ្មែរ​ ខុស​ច្បាប់​ មក​កម្ពុជា​វិញ

អាជ្ញាធរ​ ថៃ ​បង្កើន​ ការ​ចាប់​បញ្ជូន​ ពលរដ្ឋ​ខ្មែរ​ ខុស​ច្បាប់​ មក​កម្ពុជា​វិញ

ដោយ សួន សុផលមុន្នី / RFA | ៩ មិថុនា ២០១៤

ពលរដ្ឋ​ខ្មែរ បញ្ជូន​ពី​ថៃ ៦១០
រថយន្ត​ ទ្រុង​ថៃ ដឹក​ប្រជាពលរដ្ឋ ​ខ្មែរ ឆ្លង​កាត់​ តាម​ច្រកទ្វារ​ អន្តរជាតិ​ ប៉ោយប៉ែត យក​មក​ប្រគល់​ ឲ្យ​អាជ្ញាធរ​ កម្ពុជា​វិញ ​កាល​ពី​ថ្ងៃ ​ទី​៧ មិថុនា ឆ្នាំ​២០១៤។  Provided Photo

ក្នុង​រយៈពេល ​ចុង​ក្រោយ​នេះ ​គេ ​សង្កេត​ឃើញ ​ថា, ពលរដ្ឋ​ខ្មែរ​ ដែល​អាជ្ញាធរ​ ថៃ ចាប់​ ក្នុង​រថយន្ត​ទ្រុង ​ដឹក​បញ្ជូន ​មក​ប្រគល់ ​ឲ្យ​អាជ្ញាធរ​ កម្ពុជា តាម​ច្រក​ទ្វារ ​អន្តរជាតិ ​ប៉ោយប៉ែត មាន​ចំនួន ​កើន​ឡើង។  កត្តា ​ដែល​នាំ​ ឲ្យ​មាន​ ការ​ចាប់​បញ្ជូន ​ពលរដ្ឋ​ខ្មែរ​ បញ្ជូន​មក​វិញ ​ច្រើន​​នេះ ​គឺ ​ដោយសារ ​ស្ថានភាព ​អាប់អួ​ ក្រោយ​ពី​មាន ​រដ្ឋ​ប្រហារ​ ដោយ​កង​យោធា ​ថៃ។  យោធា​ថៃ​ បាន​បង្កើន ​ការ​ប្រុង​ប្រយ័ត្ន ​សន្តិសុខ​ជាតិ ​របស់​ខ្លួន។

ពលរដ្ឋ ​កម្ពុជា ដែល​ធ្វើ​ ចំណាក​ស្រុក ​ទៅ​រក​ ការងារ​ធ្វើ និង​អ្នក​កំពុង​ ធ្វើ​ការងារ ​នៅ​ប្រទេស ​ថៃ ជា​ច្រើន ​ពាន់​នាក់​ កំពុង​ប្រឈម​ ទៅ​ការ​ចាប់​ខ្លួន ​ពី​សំណាក់​ កងទាហាន​ ថៃ  បន្ទាប់​មក ​អ្នក​ទាំង​នោះ​ ត្រូវ​ អាជ្ញាធរ​ថៃ ដឹក​បញ្ជូន​ យក​មក​ប្រគល់ ​ឲ្យ​អាជ្ញាធរ​ កម្ពុជា​វិញ។


ការ​ចាប់​ខ្លួន​ ជន​ចំណាក​ស្រុក​ កម្ពុជា​នេះ កើត​មាន​ឡើង ​ជា​បន្តបន្ទាប់ ក្រោយ​ពី​មាន ​ព្រឹត្តិការណ៍​ ទាហាន​ ធ្វើ​រដ្ឋ​ប្រហារ ​ផ្ដួល​រំលំ ​រដ្ឋាភិបាល​ ស៊ីវិល ក្ដោបក្ដាប់​ អំណាច ​រួច​​មក។  ប្រភព​ ពី​ប្រជាពលរដ្ឋ ​ខ្មែរ​ កំពុង​ស្នាក់​នៅ​ ក្នុង​ប្រទេស ​ថៃ ថ្លែង​ថា កងទាហាន ​ថៃ បាន​ដើរ​ល្បាត ​និង​ចាប់​ខ្លួន ​ប្រជាពលរដ្ឋ ​ជា​ច្រើន​នាក់​ ដាក់​ក្នុង​រថយន្ត ​ជា​រៀងរាល់​ថ្ងៃ។

សកម្មភាព​នេះ​ បាន​ធ្វើ​ពលរដ្ឋ ​កម្ពុជា ដែល​ជា​អ្នក​ ចំណាក​ស្រុក​ ទៅ​ការងារ​ ក្នុង​ប្រទេស​ ថៃ នោះ មាន​ការ​ភ័យ​ខ្លាច, ហើយ​ នាំ​គ្នា​សម្ងំ​ លាក់​ខ្លួន៖ «ទាហាន​ ចុះ​មក​ ចាប់​ច្រើន​ណាស់,​ មិន​ដែល​ហ៊ាន ​ដើរ​ផល។  ឥឡូវ​ ទាហាន​ ចុះ​ឡើង​ ពេញ​ហ្នឹង។  អ្នក​ខ្លះ​ គេ​ ចាប់​បាន​ អ៊ីចឹង​ទៅ; អ្នក​ធ្វើការ​ រើស​ត្រី​ រើស​អី​ហ្នឹង ​ម្សិលមិញ ​គេ​ ទើប​ចាប់​ ដាក់​ឡាន​ ឡើង​មួយ។  ​ឡាន​ខ្ញុំ​ ឃើញ​ចាប់​ខ្មែរ។»

ពលរដ្ឋ​ខ្មែរ បញ្ជូន​ពី​ថៃ ៦១០
រថយន្ត​ ទ្រុង​ថៃ ដឹក​ប្រជាពលរដ្ឋ ​ខ្មែរ ឆ្លង​កាត់ ​តាម​ច្រកទ្វារ​ អន្តរជាតិ ​ប៉ោយប៉ែត យក​មក​ប្រគល់ ​ឲ្យ​អាជ្ញាធរ ​កម្ពុជា​វិញ ​កាល​ពី​ថ្ងៃ ​ទី​៧ មិថុនា ឆ្នាំ​២០១៤។ Provided Photo

ពលរដ្ឋ​ខ្មែរ​ ដែល​ត្រូវ ​គេ ​ចាប់​ខ្លួន​ ទាំង​នោះ​ ត្រូវ​ បាន​អាជ្ញាធរ ​ថៃ ដឹក​បញ្ជូន​ តាម​រថយន្ត ទ្រុង​ មក​ប្រគល់ ​ឲ្យ​អាជ្ញាធរ​ កម្ពុជា តាម​ច្រក​ទ្វារ ​អន្តរជាតិ ​ប៉ោយប៉ែត។  ប្រជាពលរដ្ឋ​ រស់​នៅ ក្រុង​ប៉ោយប៉ែត កត់​សម្គាល់ ​ថា, កាល​ពី​ល្ងាច ​ថ្ងៃ​ទី​៧ ខែ​មិថុនា មាន​រថយន្ត ​ថៃ ជា​ច្រើន​គ្រឿង​ បាន​ដឹក​ជញ្ជូន​ ពលរដ្ឋ​ខ្មែរ​ មក​ប្រគល់​ ឲ្យ​អាជ្ញាធរ​ កម្ពុជា​វិញ។

ពលរដ្ឋ​ខ្មែរ​ ទាំង​នោះ ​ត្រូវ​ បាន​អាជ្ញាធរ ​ថៃ ចាប់​ដាក់​ ក្នុង​រថយន្ត​ ដែល​មាន​ ទ្រុងដែន​ ចាក់​សោ​ជាប់​ ពី​ខាង​ក្រៅ៖ «ច្រើន ​ជាង​មុន​ ម្សិលមិញ​ ឃើញ​ច្រើន, ​ពេល​ល្ងាច​ ប្រហែល ​ជា៥​ឡាន។  ​ក្នុង​មួយ​ឡាន​ មាន​ចំនួន​ ជាង៥០​ នាក់​ទៅ​ ជាង៧០​នាក់ ពេល​យើង​ សួរ​ពួក​គាត់,​ អ្នក​ខ្លះ​ ឆ្លើយ​ថា, តម្រួត​ចាប់។  អ្នក​ខ្លះ​ទៀត​ គាត់​ ថា គាត់​ ដើរ​មក​, គាត់​ អស់​លិខិត​ ឆ្លង​ដែន​, គាត់ ​ដើរ​មក​តាម​ផ្លូវ​ ដើម្បី​ មក​ផ្ទះ ​អី​ហ្នឹង ឲ្យ​លុយ​ គេ​ ទៀត​ បាន​គេ ​ដាក់​យក​មក​ អស់​លុយ​ ប្រហែល ២​ពាន់​បាត​ បានគេ ដឹក​មក​ ដល់​កន្លែង​ យើង​នេះ។»

កាល​ពី​ថ្ងៃ ​ទី​២០ ខែ​ឧសភា កន្លង​ទៅ​ កងទាហាន ​ថៃ​ ជូន​ដំណឹង​ មក​ភាគី​កម្ពុជា ពី​ការ​បិទ​ច្រក ​របៀង​នានា​ នៅ​តាម ​ខ្សែ​ក្រវាត់​ ព្រំដែន​ ជាប់​ជាមួយ​ ប្រទេស​ កម្ពុជា។  ទន្ទឹម​គ្នា​នេះ​ កង​ទាហាន​ ថៃ​ បាន​បង្កើន​ ការ​ឆែកឆេរ ​ទៅ​លើ​រថយន្ត​ និង​ត្រួត​ពិនិត្យ ​លើ​ឯកសារ​ របស់​ ពលរដ្ឋ​កម្ពុជា​ ដែល​​ធ្វើ​ដំណើរ​ ឆ្លង​កាត់​ តាម​ច្រក​ទ្វារ ​អន្តរជាតិ និង​ច្រក​ តំបន់​នានា​ ចូល​ទៅ​ក្នុង​ ប្រទេស​ថៃ។

អភិបាល​ខេត្ត ​បន្ទាយមានជ័យ​ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​ ថា, កង​ទាហាន​ថៃ ក្រោយ​ពី​បាន​ បិទ​ច្រក​របៀង​នានា​ជាមួយ​ ប្រទេស​កម្ពុជា ​រួច​មក,​ ពួកគេ​ ស្នើ​ឲ្យ​ពលរដ្ឋ​កម្ពុជា ត្រូវ​មាន​ឯកសារ​ឆ្លង​ដែន​ត្រឹមត្រូវ​តាម​ច្បាប់​នៅ​ពេល​មាន​បំណង​ឆ្លង​ដែន​ ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។ យ៉ាង​ណា​ក៏​ដោយ​ គេ​កត់សម្គាល់​ឃើញ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ចំនួន​ពលរដ្ឋ​កម្ពុជា ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​វិញ​មាន​ចំនួន​កើន​ឡើង។

លោក​អភិបាល​ខេត្ត​កត់​សម្គាល់​ថា ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​វិញ​ មាន​អ្នក​ខ្លះ​ភ័យ​ខ្លាច​ពី​ស្ថានភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ពួកគេ​ពុំ​មាន​ឯកសារ​ស្នាក់​នៅ​ស្រប​ច្បាប់ ក៏​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​បញ្ជូន​មក​វិញ​តែ​ម្ដង៖ «គេ ​បាន​រំលឹក​យើង​ ច្រើន​ដង​ហើយ, អ្នក ដែល​ឆ្លង ឬ​ទៅ​ធ្វើ​ការ​ នៅ​ថៃ ឲ្យ​ទៅ​ មាន​ច្បាប់, មាន​ឯកសារ​ ទៅ​ធ្វើការ។  យើង​ ក៏​រំលឹក​គាត់​, យើង ​អ៊ីចឹង​ដែរ។  កាល​ណា​ ច្រក​របៀប​ បិទ​ហើយ ​កាល​ណា​ ឆ្លង​​ចេញ​ចូល​ តាម​ច្រក​ អន្តរជាតិ, យើង​ ពិនិត្យ​លើ​លិខិត ​ឆ្លង​ដែន​ លើ​ឯកសារ​ អ្នក​ទៅ​ធ្វើការ​, ហើយ​ យើង​ បាន​ជំរុញ​ កែ​លំអ​ គាត់​ហើយ។  អ្នក ​ទៅ​ជាប់​ណាត់​ ពេល​អី​ទេ, ហើយ ​បើ ​អ្នក​ធ្វើ​ការ, ​អ្នក​ ម៉ៅការ​សំណង់ ​ឲ្យ​គេ។»

រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​ពុំ​បាន​ដឹង​ពី​ចំនួន​ពលរដ្ឋ​ខ្មែរ​ជាក់​លាក់​ដែល​អាជ្ញាធរ​ចាប់​ បញ្ជូន​យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា នោះ​ទេ ​ប៉ុន្តែ​ប្រធាន​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត​ លោកស្រី ឈា ម៉ានិត បញ្ជាក់​ថា បើ​ប្រៀប​ធៀប​ចំនួន​ពលរដ្ឋ​ខ្មែរ​ ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ឆ្នាំ​២០១៤ នេះ ​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៣៖ «ចាប់​ពី​ប្រទេស​ ថៃ, គេ​ មាន​បញ្ហា​ នយោបាយ​មក​, មាន​ចំនួន ​ច្រើន។  ​យើង​ បិទ​ព្រំដែន​ ផ្សេងៗ​ទៀត។  អ៊ីចឹង​ មក​ផ្លូវ​ អន្តរជាតិ​ច្រើន​ នៅ​ក្នុង​ឧសភា និង​ដើម​ខែ​ មិថុនា​ នេះ​។  យើង​ មាន​ចំនួន​ វិល​ត្រឡប់​ មក​ច្រើន​វិញ​, ច្រើន​ ដោយសារ​ ថា, ខាង​ថៃ​ គេ​ បិទ​របៀង​ តូចតាច​ អី​ហ្នឹង, អត់​ឲ្យ​ ចេញ​មក​ តាម​ហ្នឹង,​ គឺ​ ចេញ​មក​ តាម​ផ្លូវ​ ត្រង់...និយាយ​រួម​ អ្នក​អត់​មាន​ លិខិត​ឆ្លង​ដែន,​ គាត់​ ភ័យខ្លាច​, គាត់ ​ត្រឡប់​ មក​វិញ​ច្រើន។»

លោកស្រី​បន្ត​ថា កាល​ពី​ឆ្នាំ​២០១៣​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ ​ភាគ​ច្រើន​បាន​វិល​ត្រឡប់​មក​ទឹក​ដី​កម្ពុជា​វិញ​ តាម​ច្រក​របៀង​ច្រើន​ហើយ​ពួកគេ​រួច​ផុត​ពី​ការ​ចាប់​ខ្លួន​ពី​សំណាក​ សមត្ថកិច្ច​ថៃ​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤​នេះ​ ប្រទេស​ថៃ​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​រហូត​មាន​ការ​បិទ​ច្រក​របៀង​ថែម​ ទៀត​ ធ្វើ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ ដែល​ជា​អ្នក​​ឆ្លង​ដែន​មិន​ស្រប​ច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ នោះ ប្រឈម​ទៅ​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ ហើយ​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​តាម​រថយន្ត​កាត់​ច្រក​ទ្វារ​ អន្តរជាតិ​ប៉ោយប៉ែត យក​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា៕



No comments:

Post a Comment