សិស្សានុសិស្សនៅបឋមសិក្សាឥន្ធកុមារដែលមានចម្ងាយប្រមាណជាពីរគីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤។
សិស្សានុសិស្សនៅបឋមសិក្សាឥន្ធកុមារដែលមានចម្ងាយប្រមាណជាពីរគីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤។
ស្ថានទូតអាមេរិក ផ្តល់ មូលនិធិ សម្រាប់ អាហារព្រឹក នៅសាលាក្រីក្រ
ឃួន ធារ៉ា / វីអូអេ | ១១ មិថុនា ២០១៤
កំពង់ធំ — ព្រលឹមស្រាងៗ មុនម៉ោង ៧ព្រឹក សិស្សានុសិស្ស នៅបឋមសិក្សា ឥន្ធកុមារ ដែលមានចម្ងាយ ប្រមាណជា ពីរគីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ បាននាំគ្នា ឈរតម្រង់ជួរ ខាងមុខថ្នាក់រៀន របស់ ខ្លួន ដើម្បីទទួល របបអាហារ ពីគ្រូបន្ទុកថ្នាក់ របស់ ពួកគេ។ របបអាហារ រួមមាន បាយ លាយជាមួយ ស៊ុតត្រី ឬបន្លែបង្ការ ជាដើម ដែលជា គម្រោង របស់ អង្គការ ស្បៀងអាហារពិភពលោក តាមរយៈជំនួយ របស់ ក្រសួង កសិកម្ម សហរដ្ឋអាមេរិក។
តាំងពីឆ្នាំ២០០១មក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណ៤៦លានដុល្លារដល់គម្រោងរបស់អង្គការសហប្រជាជាតិមួយនេះដើម្បីផ្គត់ផ្គង់កុមារប្រមាណ៣លាន៥សែននាក់នៅសាលារៀនបឋមសិក្សាជាង៤.០០០ក្នុងខេត្តក្រីក្រចំនួន១២ទូទាំងប្រទេសកម្ពុជា។ ថវិកាទាំងនេះត្រូវបានចំណាយទៅលើថ្លៃអង្ករប្រេងឆា សណ្តែក ម្សៅពោតនិងការចំណាយលើចុងភៅនិងគ្រឿងបរិក្ខារផ្សេងៗទៀត។
ពេលទៅទស្សនកិច្ចនៅសាលារៀនឥន្ធកុមារ លោក ចេហ្វ ដេហ្គល (Jeff Daigle) ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអត្ថាធិប្បាយថា គម្រោងនេះជាការតាំងចិត្តមួយរបស់សហរដ្ឋអាមេរិកដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា។ លោកនិយាយតាមរយៈអ្នកបកប្រែថា៖
«ជាការពិតណាស់ កម្ពុជាគឺជាករណីពិសេសមួយរបស់ស្ថានទូតសហរដ្ឋអាមេរិក។យើងបានជំរុញខ្លាំងដើម្បីប្រមូលធនធានទាំងនេះ។ យើងសប្បាយចិត្តណាស់ជាមួយមូលនិធិប្រមាណ២០លានដុល្លាររបស់យើងសម្រាប់គម្រោងនេះហើយអង្គការកម្មវិធីស្បៀងអាហារពិភពលោកនិងក្រសួងអប់រំបានធ្វើការងារនេះបានយ៉ាងល្អជាមួយសាលារៀនជាដៃគូដើម្បីធានានិងជំរុញការចូលរួមនិងសមត្ថភាពរបស់សិស្សទាំងនោះ»។
បើតាមលោក ចេហ្វ ដេហ្គល ក្រៅពីការផ្តល់មូលនិធិដល់គម្រោងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ថវិកាជាង៧៥លានដុល្លារផ្សេងទៀតដល់កម្ពុជាដើម្បីលើកកម្ពស់សុវត្ថិភាពស្បៀងនិងពង្រឹងវិស័យកសិកម្មក្នុងប្រទេសនេះ។
លោក ជីអានភីអឺត្រូ ប័រឌីហ្គណុន (Gianpietro Bordignon) នាយកប្រចាំកម្ពុជានៃកម្មវិធីស្បៀងអាហារពិភពលោកបានអះអាងថា ការជ្រើសរើសសាលារៀននិងសហគមន៍នីមួយៗដើម្បីអនុវត្តគម្រោងនេះគឺផ្អែកលើការសិក្សាដ៏ល្អិតល្អន់ពីភាពចាំបាច់ជាក់ស្តែង។
«ដោយសារតែធនធានសម្រាប់ការវិនិយោគនេះនៅមានកម្រិត យើងសម្រេចជ្រើសរើសសាលារៀនដើម្បីអនុវត្តគម្រោងនេះដោយផ្អែកលើសូចនាករនៃភាពក្រីក្រនិងសូចនាករនៃការអប់រំ។ ដូច្នេះយើងដៅយកសហគមន៍និងសាលារៀនទាំងឡាយណាដែលមានមធ្យោបាយនិងធនធានតិចតួចដើម្បីបញ្ជូនកុមារក្នុងសហគមន៍ពួកគេទៅសាលារៀន»។
លោក ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបាយវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកនិងអង្គការពាក់ព័ន្ធក្នុងគម្រោងនេះ។
«ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងអប់រំ ខ្ញុំសូមសម្តែងកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅ ជូនដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងអង្គការស្បៀងអាហារពិភពលោកដែលបានរៀបចំអនុវត្តគម្រោងផ្តល់ស្បៀងនិងអាហារូបករណ៍ដល់សិស្សរបស់យើង»។
កំពុងស្រស់ស្រូបអាហារពេលព្រឹកនៅខាងមុខថ្នាក់រៀនរបស់ខ្លួន កុមារា នេន សំណាង សិស្សថ្នាក់ទី៦នៃសាលាបឋមសិក្សាឥន្ធកុមារ។ ដូចកុមារផ្សេងទៀតដែរកុមារដែលមានសម្បុរស្រអែមរូបនេះបាននិយាយដោយញញឹមថា អាហារដែលផ្តល់ឱ្យគេជារៀងរាល់ព្រឹកនេះធ្វើឱ្យគេមានកម្លាំងសម្រាប់សិក្សា។
«គេឱ្យបាយហូបជាមួយត្រីខនិងត្រកួន។ មានកម្លាំងពេលរៀន»។
អាហារពេលព្រឹកនេះដែលចម្អឹនក្តៅៗដោយចុងភៅនៅទីនោះ។ អង្ករនិងប្រេងឆានិងការជួលចុងភៅជាបន្ទុករបស់អង្គការស្បៀងអាហារពិភពលោក។ ចំណែកឯបន្លែ សាលាបានដាំដោយខ្លួនឯងនិងខ្លះត្រូវបានឧបត្ថម្ភដោយស្ម័គ្រចិត្តពីអាណាព្យាបាលសិស្ស។
ក្នុងគម្រោងនេះក៏មានការផ្ដល់ប្រាក់ដល់គ្រួសារកុមារក្រីក្រចំនួនពីរម៉ឺនរៀលឬអង្ករ១០គីឡូក្រាមក្នុងមួយខែផងដែរ ដើមលើកទឹកចិត្តពួកគេដែលបានបញ្ជូនកូនរបស់ពួកគេមកសាលារៀន។
កុមារ ជឿន សុខរឿន សិស្សក្រីក្រម្នាក់ដែលបានទទួលជំនួយប្រចាំខែនេះ។
«ខ្ញុំយកលុយនេះទៅឱ្យម៉ែ។ គាត់ទិញអង្ករដាំបាយហូប។ គាត់ពេញចិត្ត។ គាត់ចេះតែដេញវាយខ្ញុំរហូត ឱ្យមករៀន»។
លោកស្រី សែម ណុន នាយិកាសាលាបឋមសិក្សាឥន្ធកុមារថ្លែងថា បច្ចុប្បន្នកុមារក្នុងសហគមន៍ក្រីក្រមួយនេះប្រហែល៩៨ភាគរយបានចូលរៀននៅបឋមសិក្សាឥន្ធកុមារដោយសារការចូលរួមយ៉ាងសំខាន់របស់គម្រោងនេះ។
«ខ្ញុំយល់ថា នេះជាការល្អ។ ជាអត្ថប្រយោជន៍សម្រាប់កុមារធ្វើឱ្យវាមានការលូតលាស់និងចូលចិត្តមករៀន។ កាត់បន្ថយការចំណាយរបស់មាតាបិតាហើយក្មេងវាបាត់ឃ្លាន។ ពេលបាត់ឃ្លាន វាមានអារម្មណ៍ចង់មករៀន។ វាមករៀនបានដិតដល់»។
បើតាមអង្គការស្បៀងអាហារពិភពលោក កង្វះអាហារូបត្ថម្ភនៅតែជាបញ្ហាសុខភាពសាធារណៈដ៏ប្រឈមនៅកម្ពុជា។ ក្នុងចំណោមកុមារអាយុក្រោមប្រាំឆ្នាំមាន៤០ភាគរយកើតជំងឺក្រិនកម្ពស់ ២៨ភាគរយមានទម្ងន់មិនគ្រប់គ្រាន់ ១០ ភាគរយខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនិង៥៥ភាគរយទៀតខ្វះឈាមក្រហម។
អង្គការនេះបានប៉ាន់ប្រមាណថា កម្ពុជាបានបាត់បង់ថវិកាចន្លោះពី២៥០លានទៅ៤០០លានដុល្លារឬក៏ពី១,៥ទៅ២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)ក្នុងមួយឆ្នាំៗទៅលើកង្វះអាហារូបត្ថម្ភនេះ៕
No comments:
Post a Comment