Paris Peace Accords 23 Oct. 1991

Thursday, June 5, 2014

ពលរដ្ឋ ​នៅ​កំពង់ធំ​ បារម្ភ​ខ្លាច​ ក្រុមហ៊ុន​ ឈូស​ឆាយ​ ប៉ះពាល់​ ដី​ចម្ការ | Citizens in Kampong Thom concerned about their land affected by company's construction

ពលរដ្ឋ ​នៅ​កំពង់ធំ​ បារម្ភ​ខ្លាច​ ក្រុមហ៊ុន​ ឈូស​ឆាយ​ ប៉ះពាល់​ ដី​ចម្ការ

ដោយ សូត សុខប្រាថ្នា / RFA | ៤ មិថុនា ​២០១៤
ប្រជាពលរដ្ឋ ​នៅ​ស្រុក ​ប្រាសាទ បល្ល័ង្គ ខេត្ត​កំ ពង់ធំ ជាច្រើន​ឃុំ កំពុង​មាន​ ការ​ព្រួយ​បារម្ភ​ ចំពោះ ​ក្រុមហ៊ុន ​មេគង្គ យក​គ្រឿងចក្រ​ ជាច្រើន​គ្រឿង​ ឈូស​ឆាយ​ដី​ នៅ​ក្បែរ​ ដី​ចម្ការ​ របស់ ​ពួក​គាត់។  ប្រជាពលរដ្ឋ​ បាន​អះអាង ថា, ដី​ ចម្ការ​នោះ ​ពួក​គាត់ ​បាន​កាន់​កាប់​ ជាច្រើន​ឆ្នាំ មក​ហើយ។

ប៉ុន្តែ អាជ្ញាធរ​ បញ្ជាក់​ថា, ក្រុមហ៊ុន ​ឈូស​ឆាយ ​លើ​ដី​ ក្រុមហ៊ុន​ប៉ុណ្ណោះ, ហើយ ​ចំពោះ ​ការ​ឈូស​ឆាយ​ណា​ ប៉ះពាល់ ​លើ​ដី​ ប្រជាពលរដ្ឋ​ ខ្លះ​នោះ ក៏​មាន ​ការ​ព្រមព្រៀង ​ជា​សំណង់ ឬ​មាន​ការ​ ដោះដូរ​គ្នា ​ខ្លះ​ដែរ។


ក្រុមហ៊ុន ​មេគង្គ បាន​យក​គ្រឿងចក្រ​ប្រមាណ​ជា ១០​គ្រឿង​ទៅ​ឈូស​ឆាយ​ដី​ដែល​ក្រុមហ៊ុន​គ្រប់គ្រង និង​ក្បែរ​ដី​ចម្ការ​របស់​ពលរដ្ឋ​ទៀត​ផង។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​សុជុល ឃុំ​ផាន់ញើម ស្រុក​ប្រាសាទបល្ល័ង្គ អ្នកស្រី ឈាន ឡុង ឱ្យ​ដឹង​ថា គាត់​មាន​ដី​ជាង ៥​ហិកតារ ដែល​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០៨ មក ហើយ​ឥឡូវ​នេះ ក្រុមហ៊ុន​គ្រោង​នឹង​ឈូស​ឆាយ​ដី​របស់​គាត់។ អ្នកស្រី​មាន​ក្តី​បារម្ភ​ជា​ខ្លាំង​ចំពោះ​បញ្ហា​នេះ ដោយសារ​គាត់​មិន​មាន​ដី​កន្លែង​ផ្សេង និង​ដី​ស្រែ​នោះ​ទេ ប្រសិន​បើ​បាត់​បង់​ដី​នោះ នឹង​ធ្វើ​ឱ្យ​ជីវភាព​គាត់​កាន់​តែ​លំបាក​មិន​ខាន។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្នុង​ឃុំ​ផាន់ញើម សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា សកម្មភាព​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី​នោះ​មាន​ជាច្រើន​ថ្ងៃ​មក​ហើយ។ លោក​បន្ត​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៣០០​គ្រួសារ ក្នុង​ឃុំ​ចំនួន​បី រួម​មាន ឃុំ​តួត្រឿ ឃុំ​ផាន់ញើម និង​ឃុំ​ក្រយារ ដែល​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឈូស​ឆាយ​ដី​ពី​សំណាក់​ក្រុមហ៊ុន​ នេះ៖ «ឃាត់​គ្រឿងចក្រ ​ដែល​គាត់​ ឈូស​ឆាយ​ នៅ​ដី​ចម្ការ​ របស់​ ប្រជាជន គេ​ ឃាត់​ទៅ។  ដល់​ពេល​ឃាត់​ទៅ​ គាត់​ ស្តាប់​ដែរ; គាត់​ ថា​ គាត់​ អត់​ហ៊ាន​ ឈូស​ឆាយ​ដែរ។  ប៉ុន្តែ​ ដោយ​មាន​ ខាង​មេការ,​ គេ​ ចេះ​តែ​ មក​គំរាម​ ប្រជាជន;​ ឃើញ​ដាំ​ដំឡូង​ទៅ, ចេះ​តែ មក​គំរាម​ថា,​ មិន​បាច់​ដាំ​ មិន​បាច់​អី​ទេ។  មិន​ថា​ បស់​ចាស់​ បស់​ថ្មី​ទេ។  គេ​ ឈូស​ទាំងអស់​ហ្នឹង, ហើយ​ ប្រជាជន​ ចេះ​តែ ​ព្រួយ​បារម្ភ​ មិន​ដឹង ​ជា​ទៅ​រក ​អ្នក​ណា​ជួយ។»

ប្រភព​ដដែល​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​ព្រួយ​បារម្ភ និង​រង​ផល​ប៉ះពាល់​នោះ គឺ​មាន​ដើម​កំណើត​នៅ​ទីនោះ​តែ​ម្តង ហើយ​ប្រសិន​បើ​ក្រុមហ៊ុន​ឈូស​ឆាយ​លើ​ដី​របស់​ពួក​គាត់ នោះ​ការ​ចំណាយ​ដើម​ទុន​ដាំ​ដំណាំ​ទាំង​ប៉ុន្មាន​នា​ពេល​កន្លង​មក នឹង​ត្រូវ​បាត់​បង់។ ហើយ​ម្យ៉ាង​ទៀត​នោះ ប្រសិន​ណា​ក្រុមហ៊ុន​ឈូស​ឆាយ​លើ​ដី​ចម្ការ​ចាស់​របស់​ពួក​គាត់ នឹង​ធ្វើ​ឱ្យ​កូន​ចៅ​របស់​ពួក​គាត់​មិន​បាន​ស្គាល់​ដី​កេរ​ដំណែល​របស់​ខ្លួន ​ឡើយ។

មេ​ឃុំ​ផាន់ញើម លោក យឹង ទឹប មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​នោះ គឺ​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​ដែល​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​កន្លង​មក ប៉ុន្តែ​ក៏​មាន​ការ​ឈូស​ឆាយ​ខ្លះ​ប៉ះពាល់​លើ​ដី​ចម្ការ​ចាស់​របស់​ ប្រជាពលរដ្ឋ​ខ្លះ​ដែរ។ លោក​បន្ត​ថា ការ​ឈូស​ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋ ទាំង​អ្នក​កាន់​កាប់​ចាស់ និង​ថ្មី​នោះ គឺ​ខាង​ក្រុមហ៊ុន​បាន​ចេញ​ជា​គោលការណ៍​ដោះស្រាយ ដោយ​ត្រូវ​ចេញ​ថ្លៃ​ពលកម្ម​សម្រាប់​អ្នក​កាន់​កាប់​ថ្មី និង​ការ​ទិញ ឬ​ដោះដូរ​សម្រាប់​ពលរដ្ឋ​ដែល​មាន​ចម្ការ​ចាស់ ជាដើម។

លោក យឹង ទឹប៖ «ដូច​ខ្ញុំ​ថា អ្នក ​ដែល​ធ្វើ​ នៅ​ប្លុក ​ក្រុមហ៊ុន​ ដែល​ត្រូវ​ តាម​ផែនទី ដែល​គេ​ យក​ណា៎!  អ្នក​ ដែល​ធ្វើ​ បស់​ចាស់​ ផ្លូវ​ការ​ហើយ, មាន​ចុង​សន្លឹក​ហើយ, មាន​បង្កាន់​ដៃ​ កាន់​កាប់​ហើយ នៅ​ក្នុង​នោះ​ដែរ​ ក៏​គេ​ ចរចា​ ជាមួយ​ យើង​ដែរ បើ​ យើង ​លក់​ក៏​គេ​ ទិញ​តាម​តម្លៃ, បើ​ យើង​ ដូរ​ ក៏​គេ​ ដូរ​មក​ឱ្យ​ នៅ​ម៉ា​ដុប​ ណា​សុទ្ធ ប្រជាពលរដ្ឋ​ណា ​គេ​ មាន​ដី​ដូរ​ ឱ្យ​យើង។  បើ​ យើង​ មិន​លក់​ទេ យើង​ រក្សា​ទុក ​ក៏​រក្សា​ទុក ជម្រើស​ បី​ហ្នឹង​ឯង។  អា​ណោះ​ អ្នក​ មាន​ប្លង់​ កាន់​កាប់​ហើយ។»

លោក​បន្ថែម​ថា បញ្ហា​ដែល​កំពុង​តែ​កើត​ឡើង​នោះ ភាគ​ច្រើន​កើត​ឡើង​ចំពោះ​តែ​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​កាន់​កាប់​ក្រោយ​ឆ្នាំ​ ២០១២ ប៉ុណ្ណោះ។

តំណាង​ខាង​ក្រុមហ៊ុន​មេគង្គ លោក គង់ វាត់ មាន​ប្រសាសន៍​ថា ការ​ឈូស​ឆាយ​នោះ គឺ​ឈូស​ឆាយ​លើ​ដី​របស់​ប្រជាពលរដ្ឋ ដែល​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជ​រដ្ឋាភិបាល​ជា​យូរ​មក​ហើយ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចូល​កាន់​កាប់​ដោយ​ខុស​ច្បាប់៖ «កាប់ ​នៅ​លើ​ផ្ទៃដី​ ក្រុមហ៊ុន ព្រោះ ​យើង​ ដឹង​ថា, ដី​ហ្នឹង​ ជា​ដី​ក្រុមហ៊ុន ព្រោះ ​គេ​ បាញ់​ថ្នាំ​ ក្រហម​ ក្នុង​ឆ្នាំ​២០១០, ហ្នឹង ក្រុមហ៊ុន​ បាន​បាញ់​ថ្នាំ​ ក្រហម ​ជុំវិញ​ អស់​ហើយ ​នៅ​លើ​ផ្ទៃដី​ វិនិយោគ។  ប៉ុន្តែ​ បងប្អូន​ យើង​ខ្លះ​ ហ្នឹង​ថា​ មក​កាប់​ហ្នឹង​
សូម យក​ផល​ស្រូវ​ទេ ដល់​ក្រោយ​មក ​គាត់​ ដាំ​ជា​ដំឡូង​, ដាំ​ជា​អី គាត់​ មិន​ចង់​ចេញ​ ពី​កន្លែង​ហ្នឹង​ទេ ព្រោះ​ កន្លង​មក ​ពួក​បរិស្ថាន ​គេ​ បាន​ទៅ​ ហាម​ឃាត់។»

លោក​បន្ត​ថា ផ្ទៃដី​របស់​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​ មាន​ចំនួន ៨​ពាន់​ហិកតារ ហើយ​ខាង​ក្រុមហ៊ុន​បាន​ប្រើប្រាស់​ផ្ទៃដី​អស់​ចំនួន​ប្រមាណ ៦​ពាន់​ហិកតារ​ហើយ។ លោក​បន្ថែម​ថា ផ្ទៃដី​ដែល​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ គឺ​មាន​ជិត ២​ពាន់​ហិកតារ ហើយ​កន្លង​មក​ខាង​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ចំនួន​ជាង ៤០០​ហិកតារ​ហើយ​ដែរ។ លោក​បញ្ជាក់​ថា សកម្មភាព​ឈូស​ឆាយ​នោះ​អាច​បន្ត​ចំពោះ​ចំណុច​ណា​ដែល​បាន​ដោះស្រាយ​ជាមួយ​ ប្រជាពលរដ្ឋ​រួច ប៉ុន្តែ​ប្រសិន​បើ​មិន​ទាន់​ដោះស្រាយ​ទេ សកម្មភាព​ឈូស​ឆាយ​មិន​បន្ត​ឡើយ។

យ៉ាង​ណា​ក៏ដោយ លោក យឹប យ៉ូត សមាជិក​គណៈកម្មាធិការ​សម្រប​សម្រួល​រឿង​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​មេគង្គ​នោះ​មើល​ឃើញ​ថា សកម្មភាព​ឈូស​ឆាយ​ហាក់​នៅ​តែ​បន្ត ប៉ុន្តែ​គឺ​ឆ្វៀល​ព័ទ្ធ​ដី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ លោក​យល់​ថា អាជ្ញាធរ​ថ្នាក់​លើ និង​ខាង​ក្រុមហ៊ុន គប្បី​ធ្វើ​ការ​កាត់​ផ្ទៃដី​ដែល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ ដើម្បី​រស់​បាន​ទាំងអស់​គ្នា ពីព្រោះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មិន​ចង់​លក់​ដូរ​អ្វី​ឡើយ ក្រៅ​ពី​ចង់​បន្ត​ធ្វើ​ចម្ការ​លើ​ដី​របស់​ខ្លួន​ដដែល៖ «ក្រុមហ៊ុន ​គួរ​តែ ​បញ្ឈប់​ទន្ទ្រាន​ មក​ទៀត ពីព្រោះ​ តាម​ខ្ញុំ​ មើល​ទៅ​ ដី​ ដែល​ប្រជាជន​ ប៉ះពាល់​ ជាមួយ​ ក្រុមហ៊ុន បើ​ ប្រៀបធៀប​ ជាមួយ ​ក្រុមហ៊ុន ដី​ក្រុមហ៊ុន​ ធំ​ណាស់។  គួរ​តែ​ រដ្ឋាភិបាល ឬ​ក៏​អាជ្ញាធរ​ ថ្នាក់​ខ្ពស់ៗ គួរ ​ពិចារណា បើ​ ដី​ ប្រជាជន ​នៅ​ត្រឹម​ណា​ ក៏​ឱ្យ​ នៅ​ត្រឹម​នោះ​ទៅ, ហើយ ​ដី​ ក្រុមហ៊ុន​ ដែល​រដ្ឋ​សម្បទាន​ ឱ្យ​ក្រុមហ៊ុន ឱ្យ​យក​ ត្រឹម​នោះ​ទៅ។  ហើយ​ ក៏​បញ្ឈប់​នេះ​ ជា​ទស្សនៈ​ខ្ញុំ គួរ​តែ ​ធ្វើ​បែប​នេះ​ ជា​ម្ចាស់​មូលដ្ឋាន​ ដែល​មើល​ឃើញ​ ផ្ទាល់​បង។»

លោក ​បន្ថែម​ទៀត ​ថា, ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​នោះ មួយ​ភាគ​ធំ គឺ​ពួក​គាត់​បាន​កាន់​កាប់​ដី​តំបន់​នោះ​មុន​ក្រុមហ៊ុន​វិនិយោគ​ពី​រាជ​ រដ្ឋាភិបាល ហើយ​ប្រសិន​បើ​ខាង​ក្រុមហ៊ុន​នៅ​តែ​បន្ត​ឈូស​ឆាយ​ទៀត​នោះ វា​នឹង​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​កាន់​តែ​ធំ​ឡើង៕



No comments:

Post a Comment