Paris Peace Accords 23 Oct. 1991

Monday, June 9, 2014

ថ្នាក់​ដឹកនាំ​ បក្ស​សង្គ្រោះ​ជាតិ​ លុប​ចោល​ គម្រោង ​ទៅ​ឧត្ដរមានជ័យ ​ដោយសារ​ មាន​ការ​រារាំង | CNRP leaders canceled its trip to Oddar Meanchey due to security blockage

ថ្នាក់​ដឹកនាំ​ បក្ស​សង្គ្រោះ​ជាតិ​ លុប​ចោល​ គម្រោង ​ទៅ​ឧត្ដរមានជ័យ ​ដោយសារ​ មាន​ការ​រារាំង

ដោយ ហង្ស សាវយុត / RFA | ៨ មិថុនា ២០១៤

ប៉ូលិស ៦១០
កម្លាំង​ប៉ូលិស ​ដែល​បញ្ជូន​មក ​ពី​ខេត្ត​ ឧត្តរមានជ័យ ប្រដាប់ ​ដោយ​ខែល, ដំបង, និង​កាំភ្លើង រាយ​បណ្ដាក់ ​នៅ​តាម​ព្រៃ ​ជិត​តំបន់ ​ព្រៃស្អាក ដើម្បី​ ចាំ​រារាំង​ដំណើរ​ របស់​ សកម្មជន ​គណបក្ស ​សង្គ្រោះ​ជាតិ មិន​ឱ្យ​ចូល ​ទៅ​តំបន់ ​អន្លង់វែង នៅ​ព្រឹក​ថ្ងៃ ​៨ មិថុនា ឆ្នាំ​២០១៤។  RFA/Hang Savyouth
ក្រុម​មនុស្ស ​ពេញ​កម្លាំង ​សុទ្ធ​តែ​ ប្រុសៗ ​​ជា​អ្នក​គាំទ្រ គណបក្ស​ កាន់​អំណាច ​ច្រើន​​រយ​នាក់, រួម​ទាំង ​​​ប៉ូលិស និង​កង​រាជ​អាវុធ​ហត្ថ​ ផង, បាន​រាយ​បណ្ដាក់ ​តាម​ដង​ផ្លូវ​ សំខាន់ៗ ​ដើម្បី​​ រារាំង​ មន្ត្រី​​​និង​សកម្មជន ​គណបក្ស​ សង្គ្រោះ​ជាតិ មិន​​ឱ្យ​ ចូល​ទៅ ​កាន់​ស្រុក​ អន្លង់វែង ដែល​ជា​តំបន់​ អតីត​ ខ្មែរ​​ក្រហម ​ផ្ដាច់​ខ្លួន ​បាន​ទេ ​នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មិថុនា។ ​ សកម្មភាព​នោះ ​កើត​ឡើង ​នៅ​ពេល​ ដែល​​លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ និង​លោក កឹម សុខា ជា​អនុ​ប្រធាន ​គ្រោង ​នឹង​​ចុះ​ទៅ​ជួប ​​​​សួរ​សុខទុក្ខ​ សកម្មជន ​ទី​នោះ។

​មេដឹកនាំ ​គណបក្ស​ សង្គ្រោះ​ជាតិ បាន​​បង្ខំ​ចិត្ត ​រំសាយ​​​ចោល​ គម្រោង ​ចុះ ​​សួរ​សុខទុក្ខ​ សកម្មជន ​​របស់​ខ្លួន ​ចំនួន ៣​កន្លែង ​​ក្នុង​ខេត្ត ​ឧត្តរមានជ័យ ដោយសារ​ តែ ​ក្រុម​​​មនុស្ស​​​ ​សុទ្ធ​​តែ​ ប្រុសៗ ​​ច្រើន​រយ​នាក់​ បាន​រាយ​​បណ្ដាក់ ​នៅ​តាម​​​​ព្រៃ ​និង​ដង​ផ្លូវ​ សំខាន់ៗ ឆ្ពោះ​ទៅ​កាន់ ​ទី​រួម​ស្រុក ​អន្លង់វែង និ​ង​​​​ខេត្ត ​ឧត្តរមានជ័យ នៅ​ស្ទាក់ចាំ រារាំង ​រំខាន។


ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ ឧត្តរមានជ័យ ​គឺ​ លោក ​ឆន សុវណ្ណ។  លោក​ មាន​ប្រសាសន៍ ​កាល​ពី​រសៀល ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មិថុនា ថា, ចាប់​តាំង ​តែ ​ពី​ម៉ោង​ជាង ១០​ព្រឹក មេដឹកនាំ ​គណបក្ស ​សង្គ្រោះ​ជាតិ បាន​សម្រេច ​លុបចោល​ ដំណើរ​ ទៅ​កាន់​ខេត្ត​ ឧត្តរមានជ័យ៖ «រំសាយ ​ទូទាំង​ខេត្ត ​អស់​ហើយ ពីព្រោះ​ នៅ​ព្រៃ​ស្អាត ពួក​ក្មេង​ស្ទាវ សុទ្ធ​តែ​ មាន​ដំបង​ កាន់​នៅ​ នឹង​ដៃ, ហើយ​ យាម​តាម​ព្រៃ ៣-​៤​ គន្លាក់​ ឯ​ណោះ។  ផ្លូវ​ ទៅ​ខាង​ សំរោង ក៏​ដាក់ ៣-​៤ ​កន្លែង​ដែរ។  យើ​​​ង ខ្លាច​មាន​ ប្រទូសរ៉ាយ​ ដល់​ប្រជាជន ឬ​ក៏​សកម្មជន ​របស់​យើង។»


​លោក ឆន សុវណ្ណ ​បញ្ជាក់​ថា, នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មិថុនា លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ​និង​លោក​ កឹម សុខា ជា​អនុ​ប្រធាន ​មាន​គម្រោង ​ចុះ ​សួរ​សុខ​ទុក្ខ​ សកម្មជន​ ចំនួន ​៣ កន្លែង ​នៅ​ស្រុក ​អន្លង់វែង ដែល​ជា​អតីត​ តំបន់​ផ្ដាច់​ខ្លួន​ ខ្មែរ​ក្រហម នៅ​ក្នុង​ ទី​រួម​​ខេត្ត ​ឧត្តរមានជ័យ និង​នៅ​ស្រុក​ បន្ទាយអំពិល, ក៏​ប៉ុន្តែ​ ស្ថានការណ៍ ​មិន​អំណោយ​ផល​ សម្រាប់​ ការ​ជួប​ជុំ​​ទេ។

នៅ​ឯ ​ទី​រួម​ស្រុក ​អន្លង់វែង ចាប់​តាំង​តែ ​ពី​តំបន់ ​ព្រៃស្អាក ជាប់​​ព្រំប្រទល់​គ្នា​ នឹង​ស្រុក ​វ៉ារិន ខេត្ត ​សៀមរាប គឺ​​​ កម្លាំង​ប៉ូលិស​ ប្រដាប់​ ដោយ​អាវុធ, ខែល, ​និង​ដំបង បាន​រាយ​បណ្ដាក់​ ជា​ច្រើន​ នៅ​តាម​ដង​ផ្លូវ។  ចំណែក កង​រាជ​អាវុធ​ហត្ថ​វិញ ​មាន​ដាក់​ នៅ​កន្លែង ​ស្នាក់ការ​ សន្តិសុខ ​លេខ២០២ ​ចាំ​កាក់ ​រថយន្ត​ខ្លះ ដើម្បី​ ត្រួត​ពិនិត្យ ក្នុង​បំណង ​រឹត​បន្តឹង ​ការ​ធ្វើ​ដំណើរ ​ចេញ​ចូល, ហើយ​ នៅ​ឆ្ងាយ​ ពី​កន្លែង​ប៉ូលិស និង​កងរាជអាវុធហត្ថ ​ប្រហែល ១​គីឡូម៉ែត្រ។  ​គឺ​​ មាន​មនុស្ស​​​​​​ ជា​ច្រើន​ សុទ្ធ​តែ​ ប្រុសៗ ​ដោយ​មាន​ ដំបង, ទង់​ជាតិ, និង​មេក្រូ ចង​ដាក់​ លើ​ដំបូល​ឡាន​ផង, ​ដាក់​ពង្រាយ ​​តាម​មាត់​ព្រៃ​ ជាប់​ដង​ផ្លូវ ​ដើម្បី​ រង់ចាំ​ រា​រាំង​ដំណើរ​ សកម្មជន ​គណបក្ស​ សង្គ្រោះ​ជាតិ។

ក្រុម​មនុស្ស​ ទាំង​នោះ ​បាន​កាក់​ រថយន្ត ២​គ្រឿង ដែល​មាន​​ បេក្ខជន​ តំណាងរាស្ត្រ​ នៃ​គណបក្ស​ សង្គ្រោះ​ជាតិ​ ចំនួន ៥​រូប និង​​មន្ត្រី​ គណបក្ស​ ចំនួន ៣​នាក់ ជិះ​​​ទៀត​ផង។  ជាមួយ​គ្នា​នោះ ​ក្រុម​មនុស្ស​ ចាំ​រាំង​ផ្លូវ​ បាន​សំឡុត​ គំរាម​បេក្ខជន ​​តំណាងរាស្ត្រ​ គណបក្ស​ប្រឆាំង ព្រម​ទាំង​​ ឆែកឆេរ​ យក​ទ្រព្យ​សម្បត្តិ​រ បៀប​អនាធិបតេយ្យ។

បេក្ខជន​ តំណាងរាស្ត្រ​ ជាប់​ឆ្នោត​ របស់ ​​​គណបក្ស​ សង្គ្រោះ​ជាតិ ប្រចាំមណ្ឌល​​ តាកែវ គឺ​ លោក​ ប៉ុល ហំម មាន​ប្រសាសន៍ ​ថា, នៅ​ពេល​រូប​លោក ​និង​បេក្ខជន​​ តំណាងរាស្ត្រ ៤​រូប ​ផ្សេង​ទៀត​ មក​ពី​មណ្ឌល​ កំពង់ចាម, បាត់ដំបង, កំពត និង​ព្រៃវែង ​បាន​ជិះ​រថយន្ត​ ទៅ​ដល់​តំបន់ ​ព្រៃស្អាក ស្រាប់តែ​ ក្រុម​មនុស្ស​ ដែល​​ប្រឆាំង​​ នឹង​​គណបក្ស​ សង្គ្រោះ​ជាតិ បាន​ចេញ​មក ​រាំង​ផ្លូវ, ព្រម​ទាំង ​ឆែកឆេរ​ យក​ឧបករណ៍​ អាយផេត (iPAD) ចំនួន ៥​គ្រឿង ​និង​ទូរស័ព្ទ​ដៃ​ ទំនើបៗ ដែល​​ជា​របស់​​ បេក្ខជន​ តំណាងរាស្ត្រ​ អស់​ចំនួន ៨​គ្រឿង។

លោក​ ប៉ុល ហំម«មិន​ត្រឹមតែ​ មិន​ឱ្យ​ទៅ​ ដាក់​របាំង​ ការពារ​ទេ គឺ​ យក​ឡាន​ ដឹក​ដី​ ១​ មក​ដាក់​ ពី​មុខ, ហើយ​ និង​ដាក់​ ពី​ក្រោយ​ទៀត, រួច​ហើយ​ មក​ទះ ​កញ្ចក់​ឡាន​យើង​ ផាំងៗ ឱ្យ​ចុះ។  ចាប់​ អូស​ដៃ​ខ្ញុំ​ ទៅ​កៀន​ មាត់​ព្រៃ, ហើយ ចូល​មក ​ឆែក​យក​ ទ្រព្យ​សម្បត្តិ​ របស់​ ពួក​យើង៖ ​មាន អាយផេត, ​ទូរស័ព្ទ, ​វែនតា, ហើយ​ កាបូប​ ផ្ទាល់​ខ្លួន ​របស់​ខ្ញុំ។ ​ គេ​ ថា, គេ​ យក​ទៅ​ឱ្យ​មេ​គេ។  ប៉ុន្តែ ​ខ្ញុំ​ សួរ​ មេ​ណា?  គេ​ អត់​ប្រាប់​ទេ។  ដូច្នេះ ​ខ្ញុំ​ មើល​ទៅ​ ឃើញ​ថា, របៀប​ អនាធិបតេយ្យ, មិន​មាន​ ច្បាប់​ទម្លាប់​ អី​ទេ។  ប៉ុន្តែ​ ការ​រៀបចំ​ហ្នឹង គឺ​ ជា​ទ្រង់ទ្រាយ​ ដែល​មាន​ ការ​រៀបចំ​ទុក​ ជា​មុន។»

​បើ​ ទោះ​បី ​ជា​ក្រុម​មនុស្ស​ បាន​កាក់ ​រថយន្ត ​បេក្ខជន​​ តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ និង​​ឆែក​យក ​​​​​​ទ្រព្យ​សម្បត្តិ​ ក៏ដោយ ក៏​កម្លាំង​ ប៉ូលិស និង​កងរាជអាវុធហត្ថ ​ដែល​ដាក់​ពង្រាយ​ នៅ​ក្បែរ​គ្នា​នោះ ​មិន​បាន​​ ធ្វើ​អន្តរាគមន៍ ​ជួយ​ទេ។

ទោះ​យ៉ាង​ណា អភិបាល​ខេត្ត​ ឧត្តរមានជ័យ លោក ស ថាវី នៅ​តែ​ មិន​ទទួល ​ទូរស័ព្ទ ​ដើម្បី​ ពន្យល់​ជុំវិញ​ រឿង​នោះ​ទេ រយៈពេល ២​ថ្ងៃ ​​មក​ហើយ។

ចំណែក​ អ្នក​នាំ​ពាក្យ​ ក្រសួង ​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍ ​ថា, លោក​ មិន​ទាន់​ បាន​​ដឹង​ រឿង​នោះ ​នៅ​ឡើយ, ដូច្នេះ ​លោក​ មិន​អាច​ អធិប្បាយ​ បាន​ឡើយ៖ «ឮ​សូរ​តែ​ អូន​ឯង​ ផ្សាយ​ព្រឹក​ មិញ​ហ្នឹង, ​ប៉ុន្តែ​ ព័ត៌មាន​ផ្លូវការ​ មិន​​ដឹង​ យ៉ាង​ណា។  បង​ មិន​អាច​ អធិប្បាយ​ បាន​ទេ។  បង​ សូម​ ទោស, មិន​អាច​ អធិប្បាយ​បាន។»

​ចាប់​តាំង​តែ ​ពី​ថ្ងៃ​សៅរ៍ ទី​៧ ខែ​មិថុនា ​ក្រុម​មនុស្ស​ ដែល​គាំទ្រ​ គណបក្ស​ កាន់​អំណាច បាន​លើក​គ្នា​ ទៅ​រារាំង​ មិន​ឱ្យ​ លើក​ស្លាក​សញ្ញា​ គណបក្ស ​សង្គ្រោះ​ជាតិ នៅ​ផ្ទះ​ ជួល​មួយ​កន្លែង ដែល​គេ​ គ្រោង​ធ្វើ​ ជា​កន្លែង​ប្រជុំ​ នៅ​ក្នុង​ ទី​រួម​ស្រុក​ អន្លង់វែង

អង្គការ​ សិទ្ធិ​មនុស្ស​ លីកាដូ និង​សមាគម ​ការពារ​ សិទ្ធិ​មនុស្ស​ អាដហុក ដែល​ចុះ​ឃ្លាំមើល ​បាន​​​រិះគន់ ​ថា, សមត្ថកិច្ច ​ទី​នោះ ​បាន​ព្រងើយកន្តើយ​ ចំពោះ​ កិច្ច​ការពារ​ សន្តិសុខ ​ទៅលើ​ សកម្មជន និង​អ្នក​តំណាងរាស្ត្រ នៃ​គណបក្ស​ ប្រឆាំង។  ដោយ​ឡែក​ គេ បាន​មើល​ឃើញ ក្រុម​មនុស្ស ​ដែល​លើក​គ្នា ​រារាំង​ប្រឆាំង​​ នឹង​ គណបក្ស​ សង្គ្រោះ​ជាតិ​នោះ, គឺ​ សុទ្ធ​តែ​ ជា​​មនុស្ស​ប្រុស​ ទាំង​អស់, ដូច្នេះ​ គេ​ បាន​ចាត់​ទុក​​​ ថា, មិន​មែន ​ជា​ប្រជាពលរដ្ឋ​ ធម្មតា​ទេ៕



No comments:

Post a Comment