អ្នកបឹងកក់ រារាំង ការសង់បន្ទាយ ប៉េអឹម ក្នុងតំបន់ជម្លោះ
RFA | 29 June 2014
ក្រុមអ្នកបឹងកក់ ដែលដឹកនាំ ដោយអ្នកស្រី ទេព វន្នី មានគ្នា ប្រមាណ ១០០នាក់
នៅព្រឹកថ្ងៃ ២៩ មិថុនា នេះ លើកគ្នា ទៅរារាំង ការសាងសង់ បន្ទាយប៉េអឹម ខណ្ឌដូនពេញ
ក្នុងតំបន់ បឹងកក់ ដែលកំពុង មានទំនាស់។អាជ្ញាធរ បានដាក់កម្លាំង ប៉េអឹម និងសន្តិសុខ ជាច្រើននាក់ ត្រៀមទប់ទល់, ប៉ុន្តែ ទោះយ៉ាងណា ពុំមាន ការប៉ះទង្គិច ធ្ងន់ធ្ងរ កើតឡើងទេ, គ្រាន់តែ មានការរុញ ច្រានគ្នា បន្តិចបន្តួច រវាង ក្រុមក្រុមអ្នក បឹងកក់ និងកងសន្តិសុខ ខណ្ឌដូនពេញ។
ខណៈ ដែលក្រុម អ្នកស្រី ទេព វន្នី កំពុងតវ៉ានោះ ក៏មាន ការប៉ះទង្គិច ពាក្យសម្ដីគ្នាដែរ ជាមួយ អតីត តំណាង អ្នកបឹងកក់ ដែលផ្ដាច់ខ្លួន។ ក្នុងនោះ មានលោកស្រី លី មុំ, លោកស្រី តុល ស្រីពៅ, និងលោកស្រី ហេង មុំ។ លោកស្រី លី មុំ ទទួលបាន ប្លង់កម្មសិទ្ធិដី ចំនួន ៤ប្លង់ ជាប់ នឹងដី ដែលគេ កំពុងតែ សង់បន្ទាយ ប៉េអឹមនោះ, ហើយ អ្នកស្រី ក៏កំពុង ធ្វើរបងព្រុំដី របស់ អ្នកស្រីដែរ។ លោកស្រី ហេង មុំ បានប្រឹងប្រែង សែង លោកស្រី ង៉ែត ឃុន (ហៅយាយ ម៉ាំមី) ចេញពីទីតាំង សំណង់បន្ទាយ ប៉េអឹម។
មានការជេរ តេះដៀល និងបកអាក្រាតគ្នា យ៉ាងចាស់ដៃ តាមមេក្រូ រៀបរាប់ តាំងពីរឿង ពុករលួយ រហូត ដល់រឿង អាស្រូវ ផ្លូវភេទ ក្នុងចំណោម សកម្មជន សហគមន៍ បឹងកក់។
យ៉ាងណា ក៏ដោយ, អ្នកទទួលបន្ទុក ផ្នែកព័ត៌មាន របស់ សហគមន៍ បឹងកក់ កញ្ញា សុង ស្រីលាភ ថ្លែងថា, វា ជាសេរីភាព របស់ ពួកគេ។ ប៉ុន្តែ ពួកគេ ក៏អាចប្រឈម នឹងបទបរិហារកេរ្តិ៍ដែរ។
ការរារាំង បានចាប់ផ្ដើម ពីម៉ោង ប្រមាណ ៩ព្រឹក រហូត ដល់ម៉ោង ១១ និង៣០នាទី ថ្ងៃជិតត្រង់, ហើយ ក្រុមអ្នកស្រី ទេព វន្នី ក៏បានរំសាយ។ ចំណែក ឯក្រុម លោកស្រី លី មុំ និងកងកម្លាំង អាជ្ញាធរ បានបន្ត នៅទីនោះ, ហើយ ការបោះព្រុំដី កម្មសិទ្ធិ របស់ លោកស្រី ហេង មុំ និងការសាងសង់ បន្ទាយប៉េអឹម ក៏បានបន្តដែរ៕
No comments:
Post a Comment