Paris Peace Accords 23 Oct. 1991

Saturday, June 7, 2014

គណៈរដ្ឋមន្ត្រី ​ច្រាន​ចោល​ ការ​ចោទ​ ថា​ រដ្ឋាភិបាល ​ធ្វើ​ឲ្យ​បាត់​ ទឹក​ដី ​កម្ពុជា​ក្រោម ​និង​កោះ​ត្រល់ | Gvtmt dismisses charges of being responsible for the loss of Kampuchea Krom and Koh Tral

គណៈរដ្ឋមន្ត្រី ​ច្រាន​ចោល​ ការ​ចោទ​ ថា​ រដ្ឋាភិបាល ​ធ្វើ​ឲ្យ​បាត់​ ទឹក​ដី ​កម្ពុជា​ក្រោម ​និង​កោះ​ត្រល់

ដោយ ម៉ម មុនីរតន៍ / RFA | ៦  មិថុនា ២០១៤

កែវ រ៉េមី ៦១០
រដ្ឋលេខាធិការ​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ថ្លែង​ក្នុង​ សន្និសីទ​កាសែត នា​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ ទី៦ ខែ​មិថុនា ឆ្នាំ​២០១៤។  RFA/Morm Monirath

មន្ត្រី ​រដ្ឋាភិបាល ​កម្ពុជា ប្រតិកម្ម ​នឹង​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ចោទ ​រដ្ឋាភិបាល​ ដឹក​នាំ​ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ​បាន​ធ្វើ​ ឲ្យ​ទឹក​ដី​ កម្ពុជា​ក្រោម និង​ក្រោះ​ត្រល់ ត្រូវ​ បាត់​បង់​ ទៅ​វៀតណាម នោះ គឺ ​មិន​ពិត​ឡើយ។  រដ្ឋលេខាធិការ​ នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី ចាត់​ទុក ​ថា, សម្ដី​ របស់ ​ថ្នាក់​ដឹក​នាំ​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ចោទ​ប្រកាន់​ ទាំង​ទទឹង​ទិស និង​បើ​សិន ​ថា, បាន​ដឹក​នាំ ​ប្រទេស​ នាំ​ឲ្យ ​ចង្រៃ ​ថែម​ទៀត​ផង។

លោក កែវ រ៉េមីដ្ឋលេខាធិការ ​នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី បាន​ហៅ​ សារ​នយោបាយ ​របស់ ​ថ្នាក់​ដឹក​នាំ​ គណបក្ស​ប្រឆាំង ដែល​អះអាង​ ថា, លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល ​របស់​លោក​ មាន​កំហុស បាន​ធ្វើ ​ឲ្យ​ទឹក​ដី​ កម្ពុជា​ក្រោម និង​កោះ​ត្រល់ ត្រូវ​ ធ្លាក់​ក្រោម​ ការ​គ្រប់គ្រង ​ដោយ​វៀតណាម វិញ​នោះ គឺ​ ជា​សារ​នយោបាយ ​វាយ​ប្រហារ​ ដោយ​គ្មាន​ សីលធម៌ និង​ខុស ​ពី​ការ​ពិត​ ទាំង​ស្រុង។

ការ​ថ្លែង​ដូច​នេះ​ របស់ លោក កែវ រ៉េមី ធ្វើ​ឡើង ​នៅ​ក្នុង​ សន្និសីទ​កាសែត​ នៅ​ទីស្ដីការ ​គណៈរដ្ឋមន្ត្រី ​ព្រឹក​ថ្ងៃ​ ទី​៦ ខែ​មិថុនា។

ថ្លែង​ចំណោះ​ មុខ​អ្នក​សារព័ត៌មាន លោក កែម រ៉េមី ដែល​ក្នុង​អតីតកាល ធ្លាប់​មាន​ វោហារ សាស្ត្រ​នយោបាយ​ មក​ពី​ខាង​ គណបក្ស​ ប្រឆាំង ​ដ៏​ប៉ិនប្រសប់, ហើយ ​វាយ​ប្រហារ​ រដ្ឋាភិបាល លោក ហ៊ុន សែន ដែរ​នោះ, នៅ​ពេល​នេះ ​លោក​ បាន​រិះគន់ ​មេ​ដឹក​នាំ​ គណបក្ស ​សង្គ្រោះ​ជាតិ វិញ​ម្ដង។  ដោយ​មិន​សំដៅ​ ចំ​ឈ្មោះ តែ​ ទំនង​ជា លោក កែវ រ៉េមី ចង់​និយាយ​ពី លោក សម រង្ស៊ី និង​លោក កឹម សុខា។  លោក ​ថ្លែង​ថា ការ​ចោទ​ប្រកាន់ ​របស់​ គណបក្ស​ សង្គ្រោះ​ជាតិ គឺ​ ពុំ​មាន ​មូលដ្ឋាន​ឡើយ។

ជាង​នេះ​ទៀត លោក​ ថា គណបក្ស​ សង្គ្រោះ​ជាតិ តែង ​កេង​ចំណេញ​ នយោបាយ ​ចោទ​ប្រកាន់ ​រដ្ឋាភិបាល​ ទាំង​ទទឹង​ទិស។  លោក កែវ រ៉េមី បាន​លើក​ឡើង​ទៀត​ថា ការ​ប្រកាន់​គំនិត​បែប​នេះ​បង្ហាញ​ថា ប្រសិន​បើ​គណបក្ស​នេះ​បាន​កាន់​អំណាច មិន​ដឹង​បំផ្លិច​បំផ្លាញ និង​ប្រើ​អំណាច​បែប​ណា​ឡើយ។

លោក កែវ រ៉េមី ពន្យល់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ជា​ជនជាតិ​ខ្មែរ និង​ការពារ​ទឹក​ដី​កម្ពុជា ហើយ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម និង​កោះ​ត្រល់ ឬ​ចំណែក​ណា​មួយ​នោះ ជា​រឿង​ប្រវត្តិសាស្ត្រ គឺ​ចប់​សព្វ​គ្រប់​ហើយ មិន​មែន​បាត់​ក្នុង​សម័យ​ដែល​លោក​ដឹក​នាំ​នេះ​ឡើយ៖ «កាល​ពី​ជំនាន់ ប៉ុល ពត ក៏​គាត់​ រស់នៅ​ហ្នឹង ឪពុក​គាត់​ ក៏​ត្រូវ​បាន ប៉ុល ពត សម្លាប់, ហើយ​ គាត់ ​រស់​រហូត ​ដល់​គាត់​ រៀប​ការ​ មាន​ប្រពន្ធ​ មាន​កូន។  កូន​គាត់​ ធំៗ​ ត​ទៅ​ទៀត; ឥឡូវ​ មក​បង្កើត​ គណបក្ស ​ប្រឆាំង​ ត​ទល់​ រក​សំឡេង​ឆ្នោត​ ជាមួយ​គ្នា​ ប្រជែង​ ជាមួយ​គ្នា, ហើយ មក​និយាយ​ មួលបង្កាច់​ អ៊ីចឹង, សួរ​ថា​ យុត្តិធម៌​ សម្រាប់ ​គណបក្ស​ ប្រជាជន​កម្ពុជា សម្រាប់​ សម្ដេច​តេជោ ដែរ។  ឥឡូវ​ យើង​ និយាយ​ថា បើ​ សិន​ជា​ដំណាក់​កាល​ បន្ទាប់​មក​ទៀត បើ​សិន ​ជា​ទាក់ទង​ បំបាត់​ពូជសាសន៍​ខ្មែរ សួរ​ ថា​ រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ ​ដោយ​សម្ដេច​តេជោ ខិតខំ​ភាព​ក្រីក្រ​ គ្មាន​ប្រយោជន៍​អី។»

លើស​ពី​នេះ​ទៀត លោក កែវ រ៉េមី និយាយ​ថា ទឹក​ដី​កម្ពុជា អាច​នឹង​មាន​ទំហំ​ធំ​ជាង​អ្វី​ដែល​មាន​សព្វថ្ងៃ ក្រោយ​បោះ​បង្គោល​រួច​ជាមួយ​ប្រទេស​វៀតណាម។

ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​​ពេល​នេះ ធ្វើ​ឡើង​រយៈពេល ៤​ថ្ងៃ​បន្ទាប់​ពី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​រិះគន់​បញ្ហា​បូរណភាព​ទឹក​ដី​នេះ និង​បាន​សន្យា​ថា បើ​បក្ស​ប្រឆាំង​បាន​កាន់​អំណាច នឹង​ស្នើ​ឲ្យ​សភា​លើក​លែង​លិខិត​ឆ្លង​ដែន ដោយ​អនុញ្ញាត​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ចេញ​ចូល​កម្ពុជា ដោយ​សេរី។ ចំពោះ​បញ្ហា​នេះ លោក កែវ រ៉េមី ថ្លែង​ការពារ​ថា លោក ហ៊ុន សែន បាន​អនុវត្ត​គោល​នយោបាយ​តាម​ព្រះ​រាជតម្រិះ​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ហើយ គឺ​ចាត់​ទុក​ខ្មែរ​ក្រោម ក៏​ជា​ខ្មែរ​ដែរ។ ប៉ុន្តែ​ថា នៅ​ពេល​នេះ ទឹក​ដី​កម្ពុជា ជា​របស់​វៀតណាម ទៅ​ហើយ។ ហេតុ​នេះ ការ​ចេញ​ចូល​ណា​មួយ​នោះ គឺ​ត្រូវ​អនុវត្ត​តាម​ក្របខ័ណ្ឌ​ច្បាប់។

និយាយ​ពី​រឿង​កោះ​ត្រល់ វិញ ក្រៅ​ពី​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​ហើយ លើស​ពី​នេះ​ទៀត ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ លោក នាង សុឃុន កាល​ពី​ខែ​កុម្ភៈ បាន​ដាក់​បណ្ដឹង​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី​ម្ដង​រួច​មក​ហើយ​ដែរ ដោយ​ចោទ​ថា លោក ហ៊ុន សែន បាន​កាត់​កោះ​ត្រល់ និង​ប្រជុំ​កោះ​មួយ​ចំនួន​ទៀត ឲ្យ​ទៅ​វៀតណាម ក្រោយ​ទៅ​វិញ​ទេ។ បណ្ដឹង​របស់ លោក នាង សុឃុន នៅ​ពេល​នេះ ត្រូវ​បាន​តុលាការ​រុញ​ចុះ​រុញ​ឡើង។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា លោក​មិន​ខ្ចី​ឆ្លើយ​តប​ត្រឹម​កម្រិត លោក កែវ រ៉េមី ទេ។ លោក​អះអាង​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ចិត្ត​សឿង ឲ្យ លោក ហ៊ុន សែន តតាំង​ជាមួយ​នឹង​លោក​វិញ។ ជាពិសេស លោក ហ៊ុន សែន គួរ​ហ៊ាន​លើក​ពី​បញ្ហា​ផ្ដល់​ដី​សម្បទាន ៩៩​ឆ្នាំ ដែល​អាច​ឲ្យ​វៀតណាម តាំង​ទីលំនៅ​បាន​ដោយ​ស្រប​ច្បាប់ ដែល​បញ្ហា​នេះ នរណាៗ​ក៏​គេ​ដឹង​ដែរ​រឿង​នេះ៖ «យួន គេ​បញ្ជូន​កូន​ក្មេង​គេ​មក​នៅ​កាន់​កាប់​ដី​ហ្នឹង នៅ​គ្រប់​កន្លែង​ទាំងអស់ ប៉ុន្តែ​ម៉េច​ក៏​មិន​ឆ្លើយ​មក ហើយ​បញ្ហា​ព្រំដែន​ដែល​មក​បោះ​បង្គោល​លើ​ស្រែ​អ្នក​ស្រុក​លើ​ដី​អ្នក​ស្រុក ហើយ​អ្នក​ស្រែក​យំ​ស្រែ​ចម្ការ ម៉េច​ក៏​មិន​ឆ្លើយ​មក។ ម៉េច​ក៏​យក​រឿង​អី​ផ្សេង​វិញ។ លោក ហ៊ុន សែន ឆ្លើយ​អា​ហ្នឹង​មក។ ខ្ញុំ​មិន​ឆ្លើយ​ជាមួយ លោក កែវ រ៉េមី ទេ។»

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​យល់​ឃើញ​ថា ប្រសិន​អ្នក​នយោបាយ​នៅ​តែ​ប្រើ​ប្រវត្តិសាស្ត្រ​ចាស់ ដើម្បី​ធ្វើ​ជា​ដើម​ទុន​ទៀត វា​ពុំ​មែន​ជា​មធ្យោបាយ​ល្អ​ឡើយ។ លោក​ឲ្យ​ដឹង​ថា ដើម្បី​ធ្វើ​ឲ្យ​ផ្ទៃ​ក្នុង​កម្ពុជា រឹងមាំ អ្នក​នយោបាយ​គួរ​លើក​រឿង​នេះ​ដោយ​ស្ងៀមស្ងាត់ ហើយ​ព្យាយាម​រក​ដំណោះស្រាយ​រឿង​នយោបាយ ដែល​កំពុង​ជាប់​គាំង​ឲ្យ​រួច​សិន ទើប​ជា​ការ​ប្រសើរ​នៅ​ពេល​នេះ៕


No comments:

Post a Comment