ពលរដ្ឋ នៅខេត្ត កណ្ដាល នាំគ្នា រារាំង កប៉ាល់បូមខ្សាច់ ក្នុងទន្លេ
ដោយ យាង សុជាមេត្តា / RFA | ១៥ មិថុនា ២០១៤
ប្រជាពលរដ្ឋ នៅភូមិ ព្រែក តាបែន ឃុំ ព្រែកអញ្ចាញ ស្រុក មុខកំពូល ខេត្តកណ្ដាល នាំគ្នា ជិះទូក នៅរសៀលថ្ងៃ ទី១៥ ខែមិថុនា ទៅរារាំង ការបូមខ្សាច់ របស់ កប៉ាល់ ក្រុមហ៊ុន នៅក្នុងទន្លេ។
ប្រជាពលរដ្ឋ ព្រួយបារម្ភ ពីការបូមខ្សាច់ របស់ កប៉ាល់ ក្រុមហ៊ុន ថា អាចធ្វើ ឲ្យផ្ទះ របស់ ពួកគាត់ រលំ ធ្លាក់ចូលទន្លេ។ ការ ដែលប្រជាពលរដ្ឋ ឈានដល់ ចុះធ្វើអន្តរាគមន៍ ដោយខ្លួនឯង បែបនេះ ដោយសារ ពួកគាត់ អស់សង្ឃឹម នឹងអាជ្ញាធរ មូលដ្ឋាន ដែលមិនចាត់ វិធានការ រារាំង ការបូមខ្សាច់ បើ ទោះជា ប្រជាពលរដ្ឋ បានតវ៉ា អស់រយៈពេល ជាយូរ មកហើយក្តី។
ប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ រួមដំណើរ ដោយតំណាងរាស្ត្រ ជាប់ឆ្នោត គណបក្ស សង្គ្រោះជាតិ ម្នាក់ផងនោះ នាំគ្នា ចុះទូកកៀង ឲ្យសាឡង់ របស់ ក្រុមហ៊ុន បូមខ្សាច់ ឈ្មោះ ហេរ៉ូ ឃីង (Hero King) ឲ្យបើកចូលច្រាំង ដើម្បី ធ្វើការចរចា និងទាមទារ ឲ្យក្រុមហ៊ុន បញ្ឈប់ការបូមខ្សាច់ តទៅទៀត។
ប្រជាពលរដ្ឋ ម្នាក់ឈ្មោះ ផៃ សុកែវ ឲ្យដឹងនៅ រសៀលថ្ងៃ ទី១៥ ខែមិថុនា ថា ប្រជាពលរដ្ឋ ដែលរស់នៅ តាមបណ្តោយ មាត់ទន្លេ ក្នុងភូមិ តាបែន ព្រួយបារម្ភ យ៉ាងខ្លាំង អំពី ការបូមខ្សាច់ របស់ ក្រុមហ៊ុន ដែលធ្វើឡើង ទាំងយប់ ទាំងថ្ងៃ។
អ្នកស្រី សុកែវ បន្តថា, បើ ទោះជាមាន ការតវ៉ា របស់ ពលរដ្ឋជា ច្រើនឆ្នាំ មកហើយក្តី ក៏ឃើញថា ក្រុមហ៊ុន នៅតែ បន្តបូមខ្សាច់; ចំណែក អាជ្ញាធរវិញ ក៏មិនមាន ធ្វើអន្តរាគមន៍ អ្វី នោះដែរ៖ «ប្រជាពលរដ្ឋ តវ៉ា រហូតហ្នឹង, ប៉ុន្តែ គេ អត់ដោះស្រាយ; គេ អត់មាន និយាយថា ម៉េចផង។ ចង់យើងតវ៉ា យើង និយាយថា ម៉េច យើង ទៅប្ដឹង គេ ថាម៉េច ក៏គេ អត់មានមាត់ ថាម៉េច។ កាលពីមុនមកហ្នឹង ដែលទៅផ្ទះ ប្រធានភូមិ, យើង ទៅប្ដឹងគេ ពីរឿងគេ បូមខ្សាច់ បូមអី។ គេ អត់មានដោះស្រាយ អី ឲ្យយើងទេ។ ប៉ុន្តែ គេ បោះពាក្យ មកវិញ; គេ ថា មិនមែន ទៅទាន់បូមខ្សាច់ បាក់ដី ឯណា ចាំបាក់ដី ដំបូកគាត់ ម៉ាដុំ ហ្នឹងសិន ចាំរក ខុសត្រូវ ក្រោយ។»
អ្នកស្រី ផៃ សុកែវ បន្តថា ប្រជាពលរដ្ឋហាក់ដូចជាអស់សង្ឃឹមយ៉ាងខ្លាំងចំពោះការព្រងើយកន្តើយ មិនអើពើពីការព្រួយបារម្ភរបស់ពលរដ្ឋពីសំណាក់អាជ្ញាធរដែនដី តែទោះជាយ៉ាងណាក៏ដោយ អ្នកស្រីនៅតែបន្តទទូចឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការជួយ ដោះស្រាយបញ្ហានេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចស្វែងរកការឆ្លើយតបរបស់អភិបាល ស្រុកមុខកំពូលបាននៅឡើយនៅថ្ងៃទី១៥ មិថុនា ចំណែកអភិបាលរងស្រុកមុខកំពូល លោក ឆាយ សុខណា វិញ ថ្លែងថា លោកមិនដឹងរឿងអ្វីនោះទេ ហើយថា លោកជាប់រវល់ រួចក៏ទម្លាក់ទូរស័ព្ទចុះតែម្ដង។
រីឯតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ដែលបានចុះទូកជាមួយពលរដ្ឋក្នុងពេលតវ៉ានោះ ឲ្យដឹងថា បន្ទាប់ពីសាឡង់របស់ក្រុមហ៊ុនត្រូវបានពលរដ្ឋកៀងមកច្រាំងរួចហើយ លោកបានពិភាក្សាជាមួយនឹងតំណាងរបស់ក្រុមហ៊ុន ពេលនោះលោកបានស្នើឲ្យក្រុមហ៊ុនបញ្ឈប់ការបូមខ្សាច់ជាបន្តទៀត ប៉ុន្តែលោកថា ខាងភាគីក្រុមហ៊ុនអះអាងថា ពួកគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយថា ខាងអាជ្ញាធរមូលដ្ឋានវិញ ក៏មិនមានការហាមឃាត់ពួកគេដែរ។
លោក អ៊ូ ច័ន្ទឫទ្ធិ៖ «ខ្ញុំយល់ថា ទោះបីមានអាជ្ញាប័ណ្ណក៏ដោយ បើសិនគាត់បានផលប្រយោជន៍ពីការបូមខ្សាច់ ប៉ុន្តែវាប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះខ្ញុំបានជូនយោបល់គាត់ ឲ្យគាត់ទាក់ទងទៅអ្នកដែលចេញអាជ្ញាប័ណ្ណជូនគាត់ ទៅក្រសួងពាក់ព័ន្ធហ្នឹងថា ការបូមខ្សាច់របស់គាត់វាអាចប៉ះពាល់ទៅដល់ផលប្រយោជន៍ប្រជាពលរដ្ឋ អាចប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ដូច្នេះសុំឲ្យដកអាជ្ញាប័ណ្ណហ្នឹង ឬក៏ផ្ទេរអាជ្ញាប័ណ្ណទៅកន្លែងដទៃទៅ។»
ទាក់ទងនឹងបញ្ហានេះ ប្រជាពលរដ្ឋប្ដេជ្ញាថា ប្រសិនបើក្រុមហ៊ុននៅតែបន្តការបូមខ្សាច់ទៀត ពួកគាត់នឹងនាំគ្នាទៅរារាំងមិនឲ្យបូមឡើយ។ លើសពីនេះ ពួកគាត់នឹងប្រមូលផ្តុំគ្នាធ្វើការតវ៉ាជាបន្តបន្ទាប់ទៅដល់ ស្ថាប័នពាក់ព័ន្ធនានា រហូតទាល់តែបញ្ហារបស់ពួកគាត់ត្រូវបានដោះស្រាយ៕
No comments:
Post a Comment