គណបក្ស ប្រជាជន ព្រមាន ឈប់ចរចា ជាមួយ បក្សប្រឆាំង
ទីន ហ្សាការីយ៉ា / RFA | ១៦ មិថុនា ២០១៤
គណបក្ស នយោបាយ ជាប់ឆ្នោត ទាំងពីរ នឹងមិនជួបគ្នា ចរចា ទៀតទេ បើសិនជា គណបក្ស ទាំងពីរ នៅតែ បន្តជំហរ រឹងទទឹង រៀងៗខ្លួន ក្នុងការ ចរចានេះ។ គណបក្ស ប្រជាជនកម្ពុជា ចង់ឲ្យការជ្រើសតាំង សមាសភាព គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត អនុម័ត ក្នុងសភា ដោយសំឡេង ភាគច្រើន ដាច់ខាត គឺ ៥០% បូក ១, រីឯ ខាងគណបក្ស សង្គ្រោះជាតិ ចង់ឲ្យ ការបង្កើត ជំពូក ទី១៥ ក្នុងរដ្ឋធម្មនុញ្ញនោះ បោះឆ្នោត អនុម័ត ជ្រើសតាំង សមាសភាព គ.ជ.ប. ដោយសំឡេង ២/៣ នៃសមាជិករដ្ឋសភា។
មន្ត្រី ជាន់ខ្ពស់ គណបក្ស ប្រជាជនកម្ពុជា ព្រមានថា, ការចរចា នឹងមិនមាន ទៀតទេ បើសិនជា គណបក្ស សង្គ្រោះជាតិ នៅតែ រក្សាការ ទាមទារ ចំពោះ ការបោះឆ្នោត ជ្រើសរើស សមាសភាព គ.ជ.ប. អនុម័ត ដោយសំឡេង ២ ភាគ៣ នៃសំឡេង សមាជិក រដ្ឋសភា ទាំងមូលនោះ។
ការ ថ្លែង ឲ្យដឹងដូច្នេះ នៅបន្ទាប់ គណបក្ស ជាប់ឆ្នោត ទាំងពីរ បានជួបគ្នា កាលពីថ្ងៃ ទី១២ មិថុនា ដោយបាន ព្រមព្រៀងគ្នា បង្កើតជំពូក ទី១៥ថ្មី បន្ថែម នៅក្នុងរដ្ឋធម្មនុញ្ញ ដាក់ស្ថាប័នបោះជាតិជាស្ថាប័នធម្មនុញ្ញ។ ក៏ប៉ុន្តែគណបក្សទាំងពីរបានខ្វែងគំនិតគ្នាលើនីតិវិធីអនុម័តការ បោះឆ្នោតសមាសភាព គ.ជ.ប ដោយសំឡេង ២ ភាគ ៣ និងការអនុម័តដោយសំឡេងច្រើនដាច់ខាតក្នុងសភា។
មន្ត្រីជាន់ ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឲ្យដឹងនៅថ្ងៃទី១៦ មិថុនា ថា បើសិនជាតំណាងគណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរទាមទារដដែល ទាមទារឲ្យការបោះឆ្នោតជ្រើសរើសសមាសភាព គ.ជ.ប. អនុម័តដោយសំឡេង ២/៣ នៃសមាជិកសភានោះ ការជួបគ្នាចរចាបន្តនឹងមិនមានទៀតទេ។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា គ្មានឆន្ទៈក្នុងការចរចាពិតប្រាកដទេ។ លោកបញ្ជាក់ថា គោលជំហររបស់គណបក្សសង្គ្រោះជាតិ នៅតែទាមទារការអនុម័តជ្រើសតាំងសមាជិក គ.ជ.ប ២/៣ ដដែល ដើម្បីធ្វើ ការកែទម្រង់ការបោះឆ្នោតឲ្យបានពិតប្រាកដនិងត្រឹមត្រូវ។
ទាក់ទងនឹងការចរចារវាងគណបក្សទាំងពីរកន្លងមកនេះ អ្នកវិភាគហៅការចរចានេះថា ជាការចរចាគ្មានគោលការណ៍ច្បាស់លាស់ ពីព្រោះធ្វើឡើងគ្មានអ្នកសម្របសម្រួល គ្មានគោលបំណង និងធ្វើឡើងដោយគ្មានការរំពឹងទុកជាដើម។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គ្មានបំណងធ្វើការកែទម្រង់ គ.ជ.ប ពិតប្រាកដទេ។ លោកអះអាងថា បើសិនជាគណបក្សនេះគ្មានការបង្រួបបង្រួមគ្នាទេ ហើយមិនអាចកាត់បន្ថយបញ្ហាសង្គម និងមិនកាត់បន្ថយអ្នកក្រីក្របាន គណបក្សនេះនឹងធ្លាក់ប្រជាប្រិយភាពកាន់តែខ្លាំងថែមទៀតនៅពេលខាង មុខ។
ការចរចាគ្នាបានបរាជ័យកាលពីថ្ងៃទី១២ មិថុនា រវាងគណបក្សទាំងពីរនេះ ក្រៅពីមិនឯកភាពគ្នាលើការអនុម័តរបស់សមាជិកសភាដោយសំឡេង ២ ភាគ ៣ ឬសំឡេងភាគច្រើនដាច់ខាតនេះ គឺនៅមានចំណុចមួយចំនួនទៀតដែលគណបក្សទាំងពីរមិនត្រូវរ៉ូវគ្នានៅ ក្នុងការឯកភាពគ្នាបង្កើតជំពូកទី១៥ថ្មី អំពីអង្គការរៀបចំការបោះឆ្នោតនោះ ដូចជាគណបក្សប្រជាជនកម្ពុជា បានកំណត់តែ ២មាត្រានៅក្នុងជំពូកថ្មី និងចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសមាជិកយ៉ាងតិច ៥រួប និងមានបទពិសោធន៍ក្នុងការងាររដ្ឋយ៉ាងតិច ១០ឆ្នាំ។
ចំពោះសេចក្ដីព្រាងរបស់គណបក្សសង្គ្រោះជាតិវិញ ជំពូកទី១៥ថ្មីនេះ បានកំណត់ចំនួន ៤មាត្រា ក្នុងនោះដាក់ថា ស្ថាប័ន គ.ជ.ប ត្រូវមានថវិកាស្វយ័តសម្រាប់ដំណើរការ។ សមាជិក គ.ជ.ប. មានចំនួន ៩រួប និងមានបទពិសោធន៍ច្រើនក្នុងការងារ គឺមិនកំណត់ថា មានបទពិសោធន៍ការងាររដ្ឋ ១០ឆ្នាំទេ៕
No comments:
Post a Comment