លោក សម រង្ស៊ី៖ លោក ហ៊ុន សែន គួរបញ្ជូន ជនជាតិ វៀតណាម ខុសច្បាប់ នៅកម្ពុជា ដូចថៃ
ដោយ ម៉ម មុនីរតន៍ / RFA | 13 June 2014
ប្រធាន គណបក្ស សង្គ្រោះជាតិ បានចំអក ឲ្យលោក
លោក សម រង្ស៊ី និយាយថា បើ លោក ហ៊ុន សែន ពិតជាមានចិត្ត សឿងពិតមែន ដូចអ្វី ដែលលោក តែងបញ្ចេញ សារនយោបាយ គំរាម អ្នកដទៃ ម្ដងៗនោះ, លោក គួរហ៊ានបញ្ជូន ជនអន្តោប្រវេសន៍ វៀតណាម ដែល លោក សម រង្ស៊ី អះអាង ថា កំពុង រស់នៅ ដោយខុសច្បាប់ ក្នុងប្រទេស កម្ពុជា ដ៏ច្រើន សន្ធឹកសន្ធាប់ ទៅវៀតណាម វិញ ដូចប្រទេសថៃ កំពុងធ្វើ ដាក់កម្ពុជា ដូច្នេះដែរ។
សារនយោបាយ របស់ លោក សម រង្ស៊ី នៅពេលនេះ គឺ ចំពេល ដែលប្រជាពលរដ្ឋ ខ្មែរ រាប់ពាន់នាក់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃ មកនេះ ត្រូវ បានរដ្ឋាភិបាល ថៃ ដឹកតាមឡាន បញ្ជូនមក កាន់ព្រំដែន ខ្មែរ-ថៃ ដូចទឹកបាក់ទំនប់, ដែលបញ្ហានេះ ត្រូវ បានប្រធាន គណបក្ស សង្គ្រោះជាតិ ចាត់ទុកថា, លោក
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្ដាលគណបក្ស សង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី១៣ មិថុនា លោក សម រង្ស៊ី បានពេបជ្រាយ និងដៀមដាមឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថារដ្ឋាភិបាលក្រោមគោលនយោបាយគណបក្សប្រជាជនកម្ពុជា ជាពិសេស លោក ហ៊ុន សែន មិនដែលហ៊ានលើកបញ្ហាជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ម្ដងណាឡើយ។ លើសពីនេះទៅទៀតនោះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឹតតែស្ងៀមស្ងាត់ថែមទៀត គឺរាល់ពេលមានប្រតិកម្មពីរដ្ឋាភិបាលវៀតណាម ចំពោះអ្នកណាដែលហ៊ានកកូរកកាយធ្វើឲ្យខូចខាតផលប្រយោជន៍របស់វៀតណាម នៅកម្ពុជា ជាពិសេស វត្តមានជនជាតិវៀតណាម តែម្ដង។
លោក សម រង្ស៊ី៖ «ជនបរទេស មកដណ្ដើម ការងារ ពីខ្មែរ, ខ្មែរ កំពុងតែ ខ្វះការងារ។ យួន ចូលមក យ៉ាងខុសច្បាប់ មកនៅ ពេញស្រុក។ ដល់ពេល ខ្មែរយើង ទៅធ្វើនៅថៃ, គេ ថា រស់ខុសច្បាប់។ គេ បញ្ជូនមក ស្រុកខ្មែរវិញ។ ម៉េច ក៏មិនបញ្ជូន យួន ខុសច្បាប់ ទៅយួន វិញផង ដែរទៅ? បើ បញ្ជូនយួន ខុសច្បាប់ទៅ, យើង ដែលសៀម បញ្ជូនមក មានកន្លែង ណាខ្លះ ដែលយើង អាចរស់បាន? ដី ដែលក្រុមហ៊ុន យួន ទទួលបាន រាប់សែន ចូលលាន ហិកតារ ប្រគល់ដីហ្នឹង ឲ្យជនជាតិ ខ្មែរទៅ។ ខ្មែរ ក្រែងថា ម្ចាស់ទឹក ម្ចាស់ដី៖ ម៉េច ឲ្យមានក្រុមហ៊ុន យួន?»
ពាក់ព័ន្ធករណីនេះ ពុំមានប្រតិកម្មណាមួយពីមន្ត្រីនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលតំណាងអោយរដ្ឋាភិបាលទេ ដោយ លោក ទិត្យ សុធា ទម្លាក់ការទទួលខុសត្រូវបញ្ហានេះទៅក្រសួងមហាផ្ទៃ ទទួលបន្ទុកជនអន្តោប្រវេសន៍វិញ។
ចំណែក អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួង មហាផ្ទៃ លោក សុខ ផល វិញឆ្លើយតបយ៉ាងខ្លី មុនដាក់ទូរស័ព្ទចុះថា នេះជាទម្លាប់របស់ លោក សម រង្ស៊ី ទៅហើយដែលនិយាយច្រំដែលៗអំពីបញ្ហានេះ ហើយមិនបានការអ្វីនោះ៖ «គាត់ហ្នឹង គាត់ និយាយ តែអ៊ីចឹង។ ខ្ញុំ ឥតឆ្លើយទេ រឿងហ្នឹង, បានហើយ អ៊ីចឹង។»
បើទោះជាបែបនេះក៏ដោយចុះ សង្កេតឃើញថា បច្ចុប្បន្ននៅតាមទីសាធារណៈ ដូចជា ផ្សារ ភ្លើងស្តុប លើរថយន្ត និងទាមកាហ្វេ ជាដើម មានជនជាតិវៀតណាម ធ្វើអាជីវកម្មដោយសេរី។
ភ្ជាប់នឹងបញ្ហានេះ លោក កែវ ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម មើលឃើញថា ផ្អែកតាមការអង្កេតនៅទីផ្សារ ក្នុងចំណោមមនុស្សសរុប ៧នាក់ ក្នុងនោះមានជនជាតិវៀតណាម ម្នាក់ទៅហើយ។ ជាងនេះទៅទៀត លោក កែម ឡី ពន្យល់ថា ដើម្បីគ្រប់គ្រងស្ថានភាពនេះគេចចេញពីការចោទប្រកាន់ រដ្ឋាភិបាលគប្បីពង្រឹងរដ្ឋបាលឲ្យបានម៉ឺងម៉ាត់ ជាពិសេសអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានលក្ខណៈល្អប្រសើរ។ លោកចាត់ទុកថា កាលណាច្បាប់អនុវត្តអន្តោប្រវេសន៍ត្រូវបានពង្រឹងឲ្យមានប្រសិទ្ធភាព នោះ ជាផ្នែកមួយនៃការទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទៅវិញទេ។
លោក កែម ឡី៖ «រដ្ឋាភិបាល ត្រូវ រៀបចំ យុទ្ធសាស្ត្រ យ៉ាងហោចណាស់ បី។ យុទ្ធសាស្ត្រ ទីមួយ គឺ គាំទ្រ រៀបចំ សម្រួល ដោយសហការ ជាមួយ នឹងអង្គការ យូអ៊ិនអេច្ឆស៊ីអ (UNHCR) ដើម្បី ឲ្យគេ ស្វែងរកសិទ្ធិ ជ្រកកោន នៅប្រទេស ទីបី ប្រសិនបើ គេ មានបំណង។ ទីពីរ រដ្ឋាភិបាល ត្រូវ អនុវត្តច្បាប់ អន្តោប្រវេសន៍។ អ្នក ដែលមក រស់នៅ ខុសច្បាប់ ត្រូវតែ បញ្ជូនទៅវិញ ឬក៏ជាប់ពន្ធនាគារ។ ទីបី រដ្ឋាភិបាល ត្រូវតែ ហ៊ានទទួលស្គាល់ ថា, ប្រសិនបើ អ្នកហ្នឹង រស់នៅយូរមែន, និយាយខ្មែរបាន, អាចប្រឡង ធ្វើនីតិវិធី ប្រឡង។ ក្នុងហ្នឹង យើង មាន៧ចំណុច ដែលយើង ត្រូវ ពិនិត្យមើល, ទាំងការចេះ និយាយភាសាខ្មែរ ទាំងការស្គាល់ វប្បធម៌ខ្មែរ អីហ្នឹង។ យើង ត្រូវ ទទួលស្គាល់ ព្រះរាជក្រឹត្យ។ ត្រូវតែ ហ៊ានធ្វើ, ហើយ យើង មិនធ្វើ អាក្រក់អាក្រី ដូចថៃ, ចាប់បញ្ជូន ឥតមាន ការគោរព សិទ្ធិមនុស្សទេ។ យើង ត្រូវតែ ធ្វើឲ្យស្របទៅ នឹងការគោរព សិទ្ធិមនុស្ស។»
គិតមកដល់ពេលនេះ ភាគីរដ្ឋាភិបាលពុំដែលបានបញ្ចេញតួលេខពិតប្រាកដពីជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ម្ដងណាទេ៕
No comments:
Post a Comment