Paris Peace Accords 23 Oct. 1991

Friday, June 20, 2014

កម្មវិធី​សិក្សា ​មិន​ស្រប ​នឹង​ទីផ្សារ​ការងារ​ ធ្វើ​ឲ្យ​ និស្សិត​ ចប់​មហាវិទ្យាល័យ​ អត់​ការ​ធ្វើ | University curriculum not relevant to job market

កម្មវិធី​សិក្សា ​មិន​ស្រប ​នឹង​ទីផ្សារ​ការងារ​ ធ្វើ​ឲ្យ​ និស្សិត​ ចប់​មហាវិទ្យាល័យ​ អត់​ការ​ធ្វើ 

VOA | ២០ មិថុនា ២០១៤

សិស្ស​វិទ្យាល័យ​នៅ​ភ្នំពេញ។ (រូបថត​ឯកសារ)
សិស្ស​វិទ្យាល័យ ​នៅ​ភ្នំពេញ។  (រូបថត​ឯកសារ)

— អស់​រយៈ​ពេល​ បី​ឆ្នាំ ​មក​ហើយ, ​កញ្ញា​ ហ៊ុន ចិន្តា បាន​បញ្ចប់​ ការ​សិក្សា នៅ​សាកល ​វិទ្យាល័យ ​បៀល​ប្រាយ​ ផ្នែក​ទេសចរណ៍។​   ប៉ុន្តែ ​អតីត​ និស្សិត ​អាយុ​ ២៦​ឆ្នាំ​ រូប​នេះ ​នៅ​តែ ​មិន​ទាន់ ​រក​ការងារ​ បាន​ធ្វើ ​នៅ​ឡើយ។​

កញ្ញា​ ចិន្តា និយាយ​ ថា៖​ «ជំនាញ ​វា​ មិន​សូវ​ ច្បាស់​លាស់​ដែរ​ ពី​ព្រោះ ​អី ​នៅ​សាលារៀន ​តែ​ ទ្រឹស្តី​ អត់​មាន ​ការ​អនុវត្ត,​ ចុះ​ បណ្តុះ​បណ្តាល ​នៅ​តាម​សណ្ឋាគារ​ទេ។​  រៀន​តែ ​ទ្រឹស្តី,​ វា អត់​សូវ​ ស៊ី​ជាមួយ​ ការងារ​ ដែល​យើង ​ត្រូវ ​រក​ទេ។​»


កំពុង​ឈរ ​ក្បែរ​ម៉ូតូ ​នៅ​ស្ថានីយ​ ចាក់​ប្រេង ​មួយ​កន្លែង ​ក្នុង​ទី​ក្រុង​ ភ្នំពេញ ​ កញ្ញា​ ហ៊ុន ចិន្តា ​ត្អូញ​ត្អែរ​ ថា,​ សហគ្រាស ​និង​ក្រុម​ហ៊ុន​ ឯកជន​ ជា​ច្រើន ​ត្រូវការ ​ជ្រើស​រើស ​តែ ​បុគ្គលិក​ ដែល​មាន​បទ​ពិសោធន៍ ​ស្រាប់​តែ​ ប៉ុណ្ណោះ។   ​រីឯ​ ការ​សិក្សា​ នៅ​តាម​សាលា​ មិន​សូវ​បាន​ អនុវត្ត​ជាក់ស្តែង ​នោះ​ទេ។​

យោង​តាម ​របាយ​ការណ៍​ របស់​ វិទ្យាស្ថាន​ស្ថិតិ​ ឲ្យ​ដឹង​ថា,​ មាន​យុវជន​កម្ពុជា ​ប្រមាណ ​ជាង​៣​សែន​នាក់ ​ត្រូវ​ការ​ ការ​ងារ​ធ្វើ​ ជារៀល​រាល់​ឆ្នាំ។​  ក៏​ប៉ុន្តែ​ធនាគារ​ពិភព​លោក​បាន​បង្ហាញ​ថា ​កំណើន​ការងារ​សម្រាប់​កម្រិតអប់​រំ​ក្រោយ​ឧត្តម​សិក្សា​មាន​ចំនួន​តែ​ពី​២​ ទៅ​៣​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ។​

របាយ​ការណ៍របស់ធនាគារ​ពិភព​លោក​ដែល​ចេញ​ផ្សាយកាល​ពី​ខែ​ឧសភា​បាន​រក​ឃើញ​ថា​ កម្ពុជា​ខ្វះ​ពលកម្ម​ជំនាញ​ដែល​ចាំ​បាច់​សម្រាប់​បង្កើន​សេដ្ឋកិច្ច​ជាតិ​ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​រក​មធ្យោបាយ​ដើម្បី​បង្កើត​ការ​ងារ​ឲ្យមាន​តម្លៃ​ ជាង​ពេល​នេះ​ ខណៈ​ពេល​ដែល​ប្រទេស​ជិត​ខាង​កំពុង​ប្រកួត​ប្រជែង​ក្នុង​តំបន់​អន្តរជាតិ​ យ៉ាង​ស្រួច​ស្រាវ។​

លោក​ដាវ យ៉ានភិរម្យ​ អាយុ​៣០​ឆ្នាំ​ ជានិស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​គណនេយ្យ​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​ គ្រង​ បាន​បញ្ជាក់​ថា​ លោក​បាន​សម្រេចចិត្តទៅ​ជួយ​លក់​ដូរ​ឪពុក​ម្តាយ​ ពេល​បញ្ចប់​ការ​សិក្សា។​

ភិរម្យ​បញ្ជាក់​ថា​ មាន​និស្សិត​ជាច្រើន​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ហើយ​បាន​ទៅ​បម្រើការ​ងារ​មិន​ទៅ​តាម​ជំនាញ​ពិត​ប្រាកដ។​

លោក​បាននិយាយ​ថា៖​ «ពី​ព្រោះ​សង្គម​ខ្មែរ​យើង​ភាគ​ច្រើន ​អ្នក​ដែល​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​យើង​ វា​កម្រ​ទៅ​តាម​ជំនាញ។​ តែ​គ្រាន់​ថា​ វាមាន​អ្នក​ទៅ​តាម​ជំនាញ ​គ្រាន់​តែ​ថា​ វា​មាន​មួយ​ចំនួន​ធំ​ដែល​មិន​ត្រូវ​តាម​ជំនាញ»។​

លោក​នួន សោភ័ណ្ឌ​ មន្ត្រី​សម្រប​សម្រួល​ថ្នាក់​ជាតិ​នៃ​អង្គការពលកម្ម​អន្តរជាតិ​ប្រចាំ​ កម្ពុជា​ដែល​ហៅ​កាត់​ថា​ ILO​ ឲ្យដឹង​ថា​ តាម​ការ​ស្រាវ​ជ្រាវ​មួយ​របស់​អង្គការILO​ ឆ្នាំ​២០១៣​បាន​ឲ្យដឹង​ថា ​ក្នុង​ចំណោម​មនុស្ស​ប្រហែល​១០០០​នាក់​ មាន​ប្រមាណ​២០%​ដែល​មាន​ជំនាញ​ដែល​មិន​ត្រូវ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ ឧស្សាហ​កម្ម ​និង​សហគ្រាស។​

លោក ​បាន​និយាយ​ ថា៖​ «មាន​ ករណី​ ពីរ។  ទីមួយ ​យុវជន​យើង​ ដែល​បញ្ចប់​ ការ​សិក្សា​ ហ្នឹង​ហើយ​ គឺ​ ថា ​មក​ដាក់​ពាក្យ​ ធ្វើ​ការ​ហ្នឹង​ គឺ​ ជំនាញ​គាត់​ មិន​សូវ​ត្រូវ​ ហ្នឹង​អ្វី​ ដែល​និយោជក​ ចង់​បាន​ទេ។​  ទី​ពីរ​ គឺ​ សហគ្រាស​ខ្លះ ​កុង​ត្រា​នេះ​ គឺ​ ថា​ មិន​ទាន់​ បំពេញ​បាន ​នូវ​អ្វី​ ដែល​គាត់​ គិត​ថា​ អ្នក​ជំនាញ​ ដែល​គាត់​ រើស​មក​ មាន​ជំនាញ​ គ្រប់​គ្រាន់​ ដើម្បី​ ធ្វើ​ការ​ងារ​ សម្រាប់​ រោង​ចក្រ​ សហ​គ្រាស​ របស់​ គាត់​ទេ»​

របាយ​ការណ៍​របស់​ធានាគារ​ពិភព​លោក​បាន​ឲ្យដឹង​ថា​ តាម​ការ​ស្ទង់​មតិ​មួយ​របស់​និយោជក​ទាក់​ទិន​នឹង​ការ​អប់រំ ​និង​ជំនាញ​របស់​បុគ្គលិក​និង​កម្លាំងពលកម្ម​ជារួម​ មាន​ប្រមាណ​៧៦​ភាគរយ​នៃ​និយោជក​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា ​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្មីៗ​មិន​ត្រូវ​បាន​បំពាក់​ជាមួយ​បណ្តុំ​នៃ​ ជំនាញ​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។​

លោក​រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ​ មាន​ប្រសាសន៍​ថា​ ការ​បណ្តុះ​បណ្តាល​សព្វ​ថ្ងៃនេះ​ បញ្ហា​សិស្ស​ និង​និស្សិត​មិន​មាន​ការ​តម្រង់​ទិស​ទៅ​ដល់​ពួក​គាត់​ទេ។ ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ការ​ចូល​រៀន​នៅ​តាម​វិទ្យាល័យ ​និង​មហា​វិទ្យាល័យ​គឺ​រៀន​តាម​បក្ខ​ពួក​ និង​ទៅ​តាម​ចិត្ត​ចង់​ មិន​មាន​ការ​ចង្អុល​បង្ហាញ​ពី​ក្រសួង​អប់រំ​ ក៏​ដូច​ជា​ខាង​រដ្ឋាភិបាល​ទេ។​

លោក​បាន​និយាយ​ថា៖​ «ការ​អប់​រំរបស់​យើង​ហ្នឹង​មិន​បាន​ធ្វើ​ការ​កែ​លម្អ​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ហើយ​បើ​សិន​ជា​ការ​អប់រំ​នៅ​ដូច​បច្ចុប្បន្ន​ហ្នឹង ​វា​ប៉ះពាល់​ធ្ងន់​ធ្ងរ​ណាស់​ចំពោះ​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ហ្នឹង។ បើ​សិន​ជា​គុណ​ភាព​នៃ​ការ​អប់រំ ​ហើយ​ដែល​យើង​ចង់​ធ្វើ​ការ​កែ​លម្អការ​អប់​រំហ្នឹង​ យើង​ត្រូវ​ដោះ​ស្រាយ​នូវ​បញ្ហា​គ្រូ​បង្រៀន​នោះ​បាទ»។​

លោក​ឌៀប សុភិរៈ​ នាយករង​នៃ​សាកល​វិទ្យាល័យ​ចម្រើនពហុ​បច្ចេក​វិជ្ជា​ បាន​បញ្ជាក់​ថា ​ជារៀង​រាល់​ឆ្នាំ​មាន​និស្សិត​ប្រមាណ​ជាង​៥០០​នាក់​បាន​បញ្ចប់​ការ​សិក្សា​ នៅ​សាកល​វិទ្យាល័យ​របស់​លោក។ តែមាន​ប្រមាណ​តែ​ជាង​១០%​តែ​ប៉ុណ្ណោះ​ដែល​មិន​បាន​ទៅ​ធ្វើ​ការ​តាម​ជំនាញ​ របស់​ខ្លួន។​

លោក​បាន​និយាយ​ថា៖​ «ពេល​គាត់​រៀន​ គាត់​ចង់​បាន​ជំនាញ​គណនេយ្យ ឬ​ក៏​ជំនាញ​គ្រប់​គ្រង។ ​តែ​ពេល​គាត់​បាន​សញ្ញាប័ត្រ​គាត់​ថា ​ចង់​ដូរ​មុខ​ជំនាញ​វិញ​ ឬ​ចង់​សាក​ល្បង​ជំនាញ​ខុស​ពី​ហ្នឹង»។​

លោក​កែម ឡី អ្នក​ស្រាវ​ជា្រវ​សង្គម​ បាន​រក​ឃើញ​ថា​ បើ​កាល​ណា​ប្រទេស​មួយ​ដែល​គ្មាន​ជំនាញ​វិជ្ជា​ជីវៈ​ច្បាស់លាស់​នោះ​ពិបាក​ ក្នុង​ការ​រក​ការ​ងារ​ធ្វើ។​ លោក​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​អាចរីក​ចម្រើនទៅ​បាន​ លុះ​ត្រា​តែ​សម្បូរ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ច្បាស់​លាស់។​

លោក​និយាយថា៖ ​«ប្រទេស​មួយ ​ដែល​កំពុង​អភិវឌ្ឍ​ គេ​បារម្មណ៍​ពី​សមត្ថភាព​ធន​ធាន​មនុស្ស។​ ​ហើយ​យើង ​ធនធាន​មនុស្ស​សុទ្ធតែជាអ្នកអត់ជំនាញ ​ វា​អត់​មាន​អ្នក​ដែល​មាន​ជំនាញ​ពិត​ប្រាកដ។អញ្ចឹង​ការ​រីក​ចម្រើនក៏​វា​យឺត​ ដែរ»។​

លោក​ហៃ ហ៊ុនឡេង​ អនុប្រធាន​ទីភ្នាក់​ងារ​ជាតិ​ ​មុខរបរ​ និង​ការ​ងារ​ របស់​ក្រសួង​ការ​ងារ ​មាន​ប្រសាសន៍​ថា​ សិស្ស​ និស្សិត​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ រំពឹង​ថា ​ពួកគេ​មាន​ជំនាញ​គ្រប់​គ្រាន់​តែ​មួយ​មុខ​មិន​ត្រឹម​ត្រូវ​ទេ។​ ​តែ​ធាតុ​ពិត​និយោជក​នៅ​ក្នុង​បរិបទ​ការ​ងារ​ គេ​ត្រូវ​ការ​ជំនាញ​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​បំពេញ​ការ​ងារ​បាន​ដោយ​ជោគ​ជ័យ។​

វីអូអេ​បានព្យាយាម​សុំ​ការ​ឆ្លើយតប​ពី​លោក​អ៊ុំ មាន​ រដ្ឋលេខាធិការ​ក្រសួង​ការ​ងារ ​តែ​លោក​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួររបស់​វីអូអេ​ទេ​ ដោយ​លោក​បង្វែ​សំណួរនេះ​ទៅ​អ្នក​នាំពាក្យ​វិញ។​

វីអូអេ​បានព្យាយាម​ទាក់ទង​លោក​ហេង សួរ​ និង​លោក​សេង​ សក្កដា​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារដែរ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​ ​ដោយ​ទូសរស័ព្ទ​គ្នាន​អ្នក​ទទួល។​

ដូចគ្នា​នេះ​ដែរ ​វីអូអេ​បានព្យាយាម​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺពី​លោក​ហង់ ជួនណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ តែ​មិន​អាច​ទាក់ទងបាន​ឡើយ៕


No comments:

Post a Comment