មន្ត្រីទូត វៀតណាម អះអាងថា មិនសុំទោស តាមការទាមទារ របស់ សមាគមខ្មែរក្រោម
RFA | ២៥ មិថុនា ២០១៤
អ្នកនាំពាក្យ ស្ថានទូត វៀតណាម ប្រចាំកម្ពុជា ថ្លែងថា នឹងមិនធ្វើ ការសុំទោស តាមការទាមទារ របស់ អង្គការ សមាគមខ្មែរ កម្ពុជា ក្រោម ឡើយ, ហើយ ថា, ការលើកឡើង របស់ អង្គការ សមាគមខ្មែរ កម្ពុជាក្រោម កាលពីពេល កន្លងមក ដែលថា បារាំង បានកាត់ទឹកដី កម្ពុជាក្រោម ទៅឲ្យស្ដេច យួននោះ គឺ ជាការប្រឌិត មួលបង្កាច់ និងជាការ ចោទប្រកាន់ ដោយមិនមាន មូលដ្ឋានច្បាប់។
ចំណែក ខាងខ្មែរក្រោម វិញ ជំរុញ ឲ្យវៀតណាម បង្ហាញឯកសារ ភស្តុតាង ជុំវិញ ការបដិសេធនេះ។ ជាមួយគ្នានេះ សមាគម គំរាម ថា នឹងធ្វើបាតុកម្ម ប្រសិនបើ មិនមាន ការសុំទោស ជាសាធារណៈ នោះទេ។
អ្នកនាំពាក្យ ស្ថានទូត វៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាំង ថុង នៅថ្ងៃ ទី២៥ ខែមិថុនា បង្ហាញជំហរ ថា, លោក មិនអាចទទួលយក ការចោទប្រកាន់ របស់ អង្គការ សមាគម ខ្មែរក្រោម ដែលគ្មាន មូលដ្ឋានច្បាប់ និងភស្តុតាង ប្រវត្តិសាស្ត្រ ច្បាស់លាស់ នោះទេ។
មន្ត្រីវៀតណាម ដែលនិយាយ ភាសាខ្មែរ បានល្អ គួរសមរូបនេះ ថ្លែងបន្ត ថា, ការលើកឡើង របស់ ខ្មែរក្រោម ដែលថា បារាំង បានកាត់ទឹកដី កម្ពុជាក្រោម ដែលមន្ត្រី នាំពាក្យ រូបនេះ ហៅថា ទឹកដី វៀតណាម ខាងត្បូង ឬទឹកដី ណាមបូ (Nam Bo) ទៅឲ្យ ស្ដេចយួន នៅឆ្នាំ ១៩៤៩ នោះ ថា, ជាការមួលបង្កាច់ និងបោកប្រាស់ ប្រជាពលរដ្ឋ មួយចំនួន ប៉ុណ្ណោះ។
លោក ត្រឹង វ៉ាំង ថុង ថែមទាំង ចំអក ថា, ទោះជាយ៉ាងណា គ្មាន នរណា គេ ជឿទៅលើ ការមួលបង្កាច់ ឬការបោកប្រាស់ នេះឡើយ៖ «បងប្អូនខ្មែរ ណាមបូ មួយចំនួនហ្នឹង, បងប្អូនខ្មែរ នៅភាគខាងត្បូង មួយចំនួនហ្នឹង -- គាត់ លើកឡើងថា, ទឹកដីហ្នឹង អីនា ថ្ងៃណាបារាំង កាត់ដីហ្នឹង ប្រគល់ ឲ្យវៀតណាម។ អាហ្នឹង គឺ ជាការប្រឌិតពាក្យ, ការមួលបង្កាច់, ការចោទប្រកាន់ ដោយគ្មាន មូលដ្ឋានច្បាប់ អីទេ។ ដូចគ្មាន ភស្តុតាង តឹកតាង ជាប្រវត្តិសាស្ត្រទេ។ មុនឆ្នាំ ១៨៥៨ ហ្នឹង, ទឹកដីហ្នឹង គឺ វៀតណាម គ្រប់គ្រង របស់ វៀតណាម ហើយ។»
មែនទែនទៅ លោក ត្រឹង វ៉ាំង ថុង ព្យាយាមមិនប្រើពាក្យទឹកដីកម្ពុជាក្រោម ឬក៏ខ្មែរក្រោមនោះឡើយ តែលោកហៅទឹកដីនោះថា ជាទឹកដីវៀតណាមខាងត្បូង ឬទឹកដីណាមបូ និងចាត់ទុកប្រជាពលរដ្ឋខ្មែរនៅទីនោះ ថាខ្មែរនៅវៀតណាមខាងត្បូង ឬខ្មែរណាមបូ ទៅវិញ។
ចំពោះបញ្ហានេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងរៀបចំវេទិកាសាធារណៈមួយនៅថ្ងៃទី២៨ មិថុនា ខាងមុខ ដើម្បីប្រមូលយកអនុសាសន៍នានា និងឯកសារផ្សេងៗ ដែលទាក់ទងនឹងទឹកដីកម្ពុជាក្រោម ដើម្បីចងក្រងជាឯកសារផ្លូវការដាក់ជូនរដ្ឋាភិបាលវៀតណាម ដើម្បីឲ្យរដ្ឋាភិបាលកុម្មុយនីស្តមួយនេះទទួលស្គាល់ការពិត នៃប្រវត្តិសាស្ត្រទឹកដីខ្មែរកម្ពុជាក្រោម។
ឆ្លើយតប នឹងការលើកឡើង របស់ លោក ត្រឹង វ៉ាំង ថុង, ប្រធាន សហគមន៍ ខ្មែរ កម្ពុជា ក្រោម លោក ថាច់ សេដ្ឋា ថ្លែងថា, ក្នុងនាម ជាអ្នកនាំពាក្យ ស្ថានទូត ដែលជាតំណាង ឲ្យរដ្ឋាភិបាល វៀតណាម លោក ត្រឹង វ៉ាំង ថុង ត្រូវតែ ទទួលខុសត្រូវ ចំពោះ ការថ្លែង របស់ខ្លួន កាលពីពេល កន្លងមក, ហើយថា ប្រសិនបើអ្នកនាំពាក្យរូបនេះមិនបង្ហាញឯកសារដែលបញ្ជាក់ថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម ជាយូរមកហើយទេនោះ លោកត្រូវតែសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ លោក ថាច់ សេដ្ឋា ថា ការថ្លែងរបស់ លោក វ៉ាំង ថុង នេះ គឺជាការប្រមាថមើលងាយចំពោះប្រជាពលរដ្ឋខ្មែរខ្លាំងណាស់។
លោក ថាច់ សេដ្ឋា៖ «វា ជាចេតនា បំភ្លៃប្រវត្តិសាស្ត្រ តែម្តង របស់ ប្រទេស ជិតខាង។ អាហ្នឹង ដែលយើង ឃើញថា, មិនមែន មិនដឹងទេ។ ក្នុងឋានៈ ជាអ្នកនាំពាក្យហើយ, ហើយ ខ្មែរក្រោម នៅច្រើនណាស់។ ហើយ វត្តអារាម ភស្តុតាង ឈ្មោះភូមិ ស្រុក ខេត្ត នៅទាំងអស់ ចាងោៗ នៅមុខ។ ហើយ គាត់ ហ៊ានបំភ្លៃបំផ្លើស យ៉ាងនេះ, ហើយ ដូចជាច្បាប់ ដែលកាត់ ទឹកដីហ្នឹង នៅមាន។ យើង បានលើកយកមក សរសេរ, មកផ្សព្វផ្សាយ, ឃើញជាក់ស្តែងហើយ។ ច្បាប់ លេខ៤៩-៧៣៣ ហ្នឹង ដែលបារាំង កាត់ទឹកដី នៅគាត់ ថា មិនមាន ការកាត់ ឲ្យអី។ អាហ្នឹង ជាការបំផ្លើស ខ្លាំងមែនទែន។»
វេទិកាសាធារណៈដែលអង្គការសមាគមខ្មែរកម្ពុជាក្រោម រៀបចំនៅថ្ងៃទី២៨ មិថុនា នោះ នឹងធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ។
បើតាម លោក ថាច់ សេដ្ឋា អង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងធ្វើបាតុកម្មទាមទារឲ្យប្រទេសវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រពិតប្រាកដរបស់កម្ពុជា ដែលអាចនឹងប្រព្រឹត្តទៅនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៤ ប្រសិនបើវៀតណាម មិនបង្ហាញឯកសារប្រវត្តិសាស្ត្រ និងមិនធ្វើការសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ បន្ទាប់ពីវេទិកាសាធារណៈនេះ៕
No comments:
Post a Comment